ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​កម្ពុជា​បណ្តេញ​សកម្មជន​ការពារ​បរិស្ថាន​ចេញ​ពី​ប្រទេស

  • គង់ សុឋានរិទ្ធ

នៅ​ក្នុង​រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​មាតា​ធម្មជាតិ (Mother Nature) លោក Alex Gonzalez-Davidson សកម្មជន​ការពារ​បរិស្ថាន​ជាតិ​អេស្ប៉ាញ​ដែល​និយាយ​ភាសា​ខ្មែរ​ស្ទាត់​ជំនាញ​នោះ ត្រូវ​គេ​ឃើញ​ថ្លែង​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​ត្រូវ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ថា រូប​លោក​អាច​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ហើយ​បាន​សាកសួរ​អ្នក​តាមដាន​ថា​តើ​រូប​លោក​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ? (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក Mother Nature)

សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង ជនជាតិ​អេស្ប៉ាញ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ ក្រោយ​ពី​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ច័ន្ទ​នេះ​ដែរ។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោងក្រោយ​ពី​មាន​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

ប៉ូលីស​ក្រសួង​មហាផ្ទៃ​បាន​ឃាត់​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង​លោក​Alex Gonzalez Davidson ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ក្រោយ​ពី​ទិដ្ឋាការ​របស់​លោក​ផុត​សុពល​ភាព​បាន​ចំនួន​បី​ថ្ងៃ។

​លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា​សកម្មជន​បរិស្ថាន​រូប​នេះ​អាច​នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ដដែល​នេះ។​

«យើ​ងបាន​ប្រើប្រាស់​វិធានការ​រដ្ឋបាល វិធានការពី​នោះ​ច្រើន​ហើយ។ នេះ​គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យភាព ដែល​មាន​មោទនភាព​ទឹក​ដី ហើយ​ដូច​បណ្តា​ប្រទេស​ផ្សេងៗ​ចឹងមិន​ចំពោះ​អ្នក​ណា​មាន​ឋានៈ​អ្វី​ទេ​កាល​ណា​ផុត​ទិដ្ឋាការ​ហើយ​ត្រូវ​តែចេញ​ (ពី​ប្រទេស​ស្នាក់​នៅ)។»

​លោក​ Alex Gonzalez Davidson ប្រធាន​អង្គការ​មាតាធម្មជាតិ​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុ​ងភោជនីយដ្ឋាន​មួយ​ ក្បែរមាត់​ទន្លេ ម្តុំ​ផ្សារចាស់ ខ័ណ្ឌ​ដូន​ពេញ។​ លោក​ត្រូវ​បញ្ជូន​ខ្លួន​ភ្លាមៗ​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​ដែល​មាន​ទីតាំង​នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ភ្នំពេញ។

​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​រូប​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពីលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ប្រតិកម្ម​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ចំៗ​លើ​លោក​អាឡិក​និងប្រតិកម្ម​ចំពោះ​ការ​ស្វែង​រក​អន្តរាគមរបស់​គណបក្ស​ជំទាស់​រួម​ទាំង​ប្រតិកម្ម​របស់​សង្គម​ស៊ីវិល​ដើម្បី​គាំពារ​ឲ្យ​លោក​អាឡិក​អាច​បន្ត​ស្នាក់​នៅ​កម្ពុជា​បន្ត​ទៀត។​ការ​បញ្ចេញ​ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋា​ភិបាលដែល​ទំនង​ជាបង្កប់​ដោយ​ការ​ដាក់​បញ្ជា​ផងដែរ។

«ក្រសួង​មហាផ្ទៃ​គេ​ទន់​ភ្លន់​អស់​ប៉ុណ្ណឹង​ហើយ។​ ដូច្នេះ​យើង​ចេញ(​ពី​ប្រទ​សកម្ពុជា)សិន​ទៅ​រួច​ហើយ​ចំ​ត្រឡប់​មក​វិញ។ ​មាន​ទៅ​ទាស់​ខុស​អី។​ ចាំបាច់​បង្កើត​ឲ្យ​មាន​ស្ថានភាព​បែប​នេះ​ធ្វើ​អ្វី?​ ស្ថានភាព​បែប​នេះ​គឺបាន​សេចក្តី​ថា​កាល​ណា​គេ​បណ្តេញ​ចេញ​ហើយ​ត្រូវ​ចូល​ក្នុ​ង​បញ្ជី​ខ្មៅ​គឺ​ចប់​ហើយ។ ឯកឧត្តម ស ខេង មុខ​ជា​ធ្វើ​ភារកិច្ច​របស់​គាត់​ហើយ។ ​តាម​ដឹង។»

លោក​Alex Gonzalez Davidson ​ជា​ជនជាតិ​អេស្ប៉ាញ ដែល​និយាយ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ។​ក្រសួង​មហា​ផ្ទៃ​របស់​ប្រទេស​កម្ពុជា​បាន​បដិសេធ​ផ្តល់​ទិដ្ឋាការ​ថ្មី​ដល់​រូប​លោក​នៅ​ពេល​ដែល​ទិដ្ឋាការ​ចាស់​របស់​លោក​ផុត​កំណត់​នៅ​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ។ ​ហើយ​ការ​បដិសេធ​នេះ​ក្រោយ​ពី​លោក​ដឹក​នាំ​ឲ្យ​មាន​ការ​ប្រឆាំង​តវ៉ា​ទល់​នឹង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​ស្ទឹង​អារ៉ែង​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Sinohydro របស់​ប្រទេស​ចិន។

​លោក អាឡិក បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១២​ឆ្នាំហើយ។​ លោក​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ដើម្បី​ការពារ​តំបន់​អារ៉ែង​ដែល​លោក​អះអាង​ថា​ គឺជា​ជង្រុក​ធន​ធាន​ធម្មជាតិ​និង​ជីវ​ចម្រុះ​ធំ​បំផុត​ចុង​ក្រោយ​គេ​នៅ​តំបន់​អាស៊ី។​

​អ្នក​បរិស្ថាន​រូប​នេះ​មិន​ព្រម​ចាក​ចេញ​ពី​ប្រទេស​កម្ពុជាដោយ​បាន​ដាក់​ការ​ខ្លួន​ជា​ជន​ជាតិ​ខ្មែរ​និង​ដើម្បី​ការ​គាំទ្រ​ដល់​ការ​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​អារ៉ែង។

លោក អំ សំអាត ប្រធាន​គ្រប់​គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ចាប់​ខ្លួនសកម្ម​ជន​តំបន់​អារ៉េង​រូប​នេះ។

«យើង​មាន​ការ​សោក​ស្តាយ​ខ្លាំង​ណាស់​ចំពោះ​ការ​ចាប់​ខ្លួន​អាឡិក​នេះ។»

​យោង​តាម​លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភគ័​ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ ​លោក​ Alex Gonzalez Davidson ប្រហែល​ជា​មិន​អាច​វិល​ត្រឡប់​មក​កាន់​ប្រទេសកម្ពុជា​វិញ​បាន​ទេ​ដោយ​សារ​តែ​កម្ពុជា​នឹង​ដាក់​រូប​លោក​ក្នុង​បញ្ជី​ខ្មៅ។

សូម​បញ្ជាក់​ថា ​ក្នុង​ការ​ចាប់​ខ្លួន​នេះ​សហការី​ម្នាក់​របស់​លោក​អាឡិក​ក៏​ត្រូវ​នាំ​ខ្លួន​ទៅ​កាន់​នាយកដ្ឋាន​ជន​អន្តោប្រវេសន៍​ផង​ដែរ៕

XS
SM
MD
LG