គ្រឹះស្ថានអប់រំមួយចំនួននៅកម្ពុជា បានចាប់ផ្តើមរៀបចំកម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថល បន្ទាប់ពីក្រសួងអប់រំបានប្រកាសបន្តបិទគ្រឹះស្ថានសិក្សាទូទាំងប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសាកល។ ប៉ុន្តែអ្នកជំនាញ និងសិស្សនិស្សិតបារម្ភអំពីគុណភាព និងលទ្ធភាពដែលពួកគេមិនអាចធ្វើទៅរួច ដោយសារប្រព័ន្ធអ៊ីនធឺណិត និងកង្វះឧបករណ៍។
កាលពីថ្ងៃទី១៥ ខែមេសា ក្រសួងអប់រំបានជូនដំណឹងឲ្យគ្រឹះស្ថានឧត្តមសិក្សាបង្កើតកម្មវិធីសិក្សា ផលិតវីដេអូបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកគ្រប់មុខវិជ្ជា នៅអំឡុងខែមេសា និងឧសភា និងចាប់ដំណើរការឲ្យបានលឿន។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុនបានប្រាប់ VOA កាលពីថ្ងៃអង្គារថា គ្រឹះស្ថានអប់រំគ្រប់កម្រិតត្រូវរៀបចំកម្មវិធីសិក្សារៀងៗខ្លួន ដោយសារស្ថានភាពនៃជំងឺកូវីដ១៩នេះ អាចនឹងអូសបន្លាយយូរទៀត។
«យើងលើកទឹកចិត្តឲ្យសាលាគ្រប់កម្រិតទាំងរដ្ឋ ទាំងឯកជនហ្នឹង ចាប់ផ្តើមគិតក្នុងការបង្រៀនអនឡាញ។ ហើយចាប់ផ្តើមបានប៉ុន្មានយកប៉ុណ្ណឹងសិន។ អត់ទាន់ថា សព្វគ្រប់ទេ ព្រោះរឿងនេះគឺត្រូវវិនិយោគច្រើន។ ប៉ុន្តែចំពោះមុខ គេអាចធ្វើបានដោយប្រើប្រាស់នៅប្រព័ន្ធបណ្តាញសង្គម»។
ក្រសួងអប់រំបានផលិតជាវីដេអូតាមមុខវិជ្ជាផ្សេងៗគ្នានៅថ្នាក់មធ្យមសិក្សានិងបង្ហោះវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា«Krou Cambodia»និងតាមប៉ុស្តិ៍ទូរទស្សន៍ផងដែរ។
ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងអបរំលោក ហង់ ជួន ណារ៉ុនទទួលស្គាល់ថា ការសិក្សាតាមប្រព័ន្ធឌីជីថលនៅមានកម្រិតនិងមិនអាចទទួលបានគុណភាពសិក្សាល្អ ដូចការសិក្សាក្នុងថ្នាក់ផ្ទាល់នោះទេ។
លោកបញ្ជាក់ថា៖ «មិនមែនគ្រប់គ្រឹះស្ថានទាំងអស់ទាំងសាលារដ្ឋទាំងសាលាឯកជនអាចអនុវត្តអ៊ីចឹងបាននោះទេ ប៉ុន្តែវាជួយឲ្យសិស្សហ្នឹង បន្តរៀនសូត្រកុំឲ្យឈប់។ គ្រាន់តែថា ប្រសិទ្ធភាពវាមិនបានពេញលេញ១រយភាគរយ ដូចជាទៅរៀនធម្មតាទេ ប៉ុន្តែអាចដោះស្រាយបញ្ហាប្រឈមបាន»។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត មានប្រសាសន៍ថា ផ្អែកលើស្ថានភាពបច្ចុប្បន្ន និងគម្លាតរវាងអ្នកមាននិងអ្នកក្រ ប្រព័ន្ធសិក្សាតាមអ៊ីនធឺណិត ឬឌីជីថល អាចមានការពិបាកសម្រាប់កម្ពុជានៅពេលនេះ។
លោកមានប្រសាសន៍ថា៖ «អនឡាញធ្វើទៅកើតទាល់តែក្មេងនៅជនបទហ្នឹង គាត់មានទីតាំងស្ងាត់ស្ងៀមក្នុងការគាត់រៀន។ ទីពីរ ទាល់តែContent[មាតិកា] គាត់ហ្នឹងជោគជ័យ។ ទីបីទាល់តែគាត់មានLaptop ឬមួយកុំព្យូទ័រ ឬមួយ Tablet[កុំព្យូទ័រ បន្ទះ]នៅផ្ទះ អាចប្រើទូរស័ព្ទបាន។ ប៉ុន្តែទីបួនទាល់តែអ៊ីនធឺណិតហ្នឹងវាច្បាស់លាស់ វាល្បឿនលឿន ហើយតម្លៃថោក»។
លោកបានបន្ថែមថា ដើម្បីធ្វើឲ្យកម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលអាចដំណើរការបាន រដ្ឋាភិបាលគួរតែចែកឧបករណ៍ដូចជាTablet[កុំព្យូទ័រ បន្ទះ]សម្រាប់សិស្សនៅជនបទនិងពង្រីកការគ្របដណ្តប់របស់បណ្តាញអ៊ីនធឺណិតទៅតាមតំបន់ដាច់ស្រយាលដើម្បីឲ្យសិស្សនៅតំបន់ទាំងនោះ ទទួលបានការសិក្សាពេញលេញដូចសិស្សនៅទីក្រុងនិងតំបន់ផ្សេងៗ។
សាកលវិទ្យាល័យរដ្ឋ និងឯកជនមួយចំនួនក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់កម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលនិងខ្លះទៀតកំពុងសិក្សារៀបចំ។
លោក ឯក មនោសែន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យធនធានមនុស្ស មានប្រសាសន៍ថា សាកលវិទ្យាល័យធនធានមនុស្ស បានចាប់ផ្តើមឲ្យនិស្សិតរបស់ខ្លួនសិក្សាតាមប្រព័ន្ធឌីជីថល កាលពីថ្ងៃទី១៩ ខែមេសា បន្ទាប់ពីបានសាកល្បងតាមរយៈកម្មវិធី Zoom និងកម្មវិធី Google Classroom។
លោកបានថ្លែងប្រាប់ VOA ថា៖ «គិតមកដល់ឥឡូវនេះ ការរៀបចំបច្ចេកទេសសម្រាប់ដល់ពួកប្អូនៗនោះដូចអត់មានការលំបាកអីជាដុំកំភួនទេ។ អ្វីដែលជាឧបសគ្គតិចតួចទេទៅលើបញ្ហាអ៊ីនធឺណិត»។
ប៉ុន្តែសាកលវិទ្យាធិការរូបនោះជឿថា និស្សិតមានសមត្ថភាពនិងចំណេះដឹងគ្រប់គ្រាន់ទាក់ទិននឹងបច្ចេកវិទ្យាក្នុងការសិក្សាតាមប្រព័ន្ធឌីជីថល។
លោក កៀន តាក់ ជាព្រឹទ្ធបុរសរងមហាវិទ្យាល័យវិស្វកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការរៀបចំ កែលម្អនិងអភិវឌ្ឍវេទិកាឌីជីថល(Digital Platform)របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)មានប្រសាសន៍ថាលោកកំពុងសិក្សា និងរៀបចំកម្មវិធីសិក្សាសម្រាប់និស្សិត និងបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ការសិក្សាតាមប្រព័ន្ធឌីជីថលនេះ មុននឹងដាក់ឲ្យប្រើប្រាស់នៅសប្តាហ៍ក្រោយ។ លោកបន្តថា បញ្ហាប្រឈមដែលសាកលវិទ្យាល័យកំពុងជួបប្រទះគឺទាក់ទងនឹងមុខវិជ្ជាដែលត្រូវការការអនុវត្តផ្ទាល់ និងត្រូវប្រើប្រាស់បន្ទប់ពិសោធន៍ជាដើម។
លោកមានប្រសាសន៍ថា៖ «បញ្ហាប្រឈមនោះគឺយើងប្រឈមជាមួយនឹងមុខវិជ្ជាដែលមានពាក់ព័ន្ធជាមួយនឹង Lab [បន្ទប់ពិសោធន៍]ដែលត្រូវចូលធ្វើពិសោធន៍ធ្វើអីហ្នឹង។ យើងកំពុងតែដោះស្រាយរឿងហ្នឹង ហើយទោះយ៉ាងណាក៏ត្រូវតែទៅមុខហើយ។ វាមិនមែនជាឧបសគ្គអីដែលថា ត្រូវបញ្ឈប់ហើយបង្រៀនមិនកើតនោះទេ។ យ៉ាងហោចណាស់យើងគិតថា វាគ្រាន់បើជាងគាត់អត់មានអីសោះ»។
កញ្ញា ណូ និមល អាយុ២១ឆ្នាំ កំពុងរៀនភាសាចិនឆ្នាំទី១នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងជានិស្សិតឆ្នាំទី៣ផ្នែកគណនេយ្យនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ យុវតីរូបនេះកំពុងសិក្សាភាសាចិនតាមប្រព័ន្ធឌីជីថលដែលរៀបចំដោយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប តាមរយៈកម្មវិធី'Zoom។
កញ្ញាត្អូញត្អែរថា ការសិក្សាតាមប្រព័ន្ធឌីជីថលនេះមានការលំបាក និងមិនគ្រប់ជ្រុងជ្រោយដូចការរៀនក្នុងថ្នាក់នោះទេ។
«ពិបាកត្រង់ថា រៀនអត់បានគ្រប់គ្នា ពិបាកស្តាប់ ដូចថាសេវាខ្សោយអ៊ីចឹង សំឡេងឮអត់បានច្បាស់ហើយ រៀនក៏អត់បានដិតដល់ដូចរៀនផ្ទាល់ ពិបាកសួរពិបាកអ៊ីចឹង»។
យុវតី ណូ និមល ក៏បារម្ភអំពីការសិក្សាតាមប្រព័ន្ធឌីជីថលរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលនឹងត្រូវអនុវត្តក្នុងខែឧសភាខាងមុខដែរ ចំពោះមុខជំនាញគណនេយ្យ។
«បារម្ភបង ព្រោះនៅ NUM[សាកលវិទ្យាល័យជាតិគ្រប់គ្រង]មិនមែនដូចភាសាអី។ ភាសាយើងគ្រាន់តែមើលសៀវភៅ មើលនិយមន័យអីស្រួលរៀនអ៊ីចឹងណា៎។ អានោះមានលេខ មានលំហាត់ត្រូវការអនុវត្ត ត្រូវការសួរគ្រូច្រើន។ បើរៀនលំហាត់ ខ្លាចតែវាពិបាករៀន»។
កាលពីពេលថ្មីៗនេះ ក្រុមអាណាព្យាបាលមួយចំនួនបានតវ៉ាលើកបដានៅខាងមុខសាលាអន្តរជាតិ CIA First នៅតាមផ្លូវ២០០៤ ក្នុងខណ្ឌសែនសុខ ដោយមិនអនុញ្ញាតឲ្យកូនៗរបស់ខ្លួនរៀនអនឡាញ បើសិនជាសាលានេះគិតតម្លៃសិក្សាដដែល។ បន្ទាប់ពីការតវ៉ា និងការចរចាជាមួយអាណាព្យាបាល សាលាបានចេញលិខិតមួយកាលពីថ្ងៃអង្គារ ដោយសម្រេចចុះតម្លៃ២៥ភាគរយសម្រាប់ថ្នាក់មត្តេយ្យនិង១៥ភាគរយពីថ្នាក់ទី១ដល់ថ្នាក់ទី១២៕