ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រាយ​ការណ៍​ថា​​ក្រុម​ហ៊ុន​​​ឥណ្ឌា​មួយ​​ប្រើ​​ឈ្មោះ​និង​រូប​ប្រាសាទ​អង្គរ​វត្ត​លើ​ផលិត​ផល​អង្ករ ដោយ​ពុំ​មាន​ការ​អនុញ្ញាត


ផលិតផល​អង្ករ​ដែល​ក្រសួង​ការបរទស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ស្នើ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ឈ្មោះ និង​រូប​ប្រាសាទ​អង្គរវត្ត​នេះ​ នៅ​តែ​ត្រូវ​បាន​ដាក់បង្ហាញ​នៅ​លើ​វេបសាយ​របស់​ក្រុមហ៊ុន Voyage India នៅ​ឡើយ កាល​ពី​ថ្ងៃ​អង្គារ ទី​១៣ ខែ​កក្កដា ឆ្នាំ២០២១។ (Web Screenshot)
ផលិតផល​អង្ករ​ដែល​ក្រសួង​ការបរទស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ស្នើ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ឈ្មោះ និង​រូប​ប្រាសាទ​អង្គរវត្ត​នេះ​ នៅ​តែ​ត្រូវ​បាន​ដាក់បង្ហាញ​នៅ​លើ​វេបសាយ​របស់​ក្រុមហ៊ុន Voyage India នៅ​ឡើយ កាល​ពី​ថ្ងៃ​អង្គារ ទី​១៣ ខែ​កក្កដា ឆ្នាំ២០២១។ (Web Screenshot)

ក្រសួង​ការបរទេស​កម្ពុជា​បាន​ឲ្យដឹង​ថា​ក្រុម​ហ៊ុន​ឥណ្ឌា​មួយ​បាន​ប្រើ​ប្រាស់​ឈ្មោះ​ និង​រូប​ប្រាសាទ​អង្គរ​វត្ត​កម្ពុជា​នៅ​លើ​ផលិត​ផល​អង្ករ​របស់ខ្លួន​ ដោយ​ពុំ​មាន​ការ​អនុញ្ញាត​នោះ​ទេ​។

ក្រសួង​ការបរទេស​បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ ចុះ​ថ្ងៃ​ទី១២ ខែ​កក្កដា ​ដោយ​លើក​ឡើង​ថា​ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ការ​ប្រើប្រាស់​នេះ ក្រសួង​បាន​ឲ្យ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា​ចាត់​វិធាន​ការ​ភ្លាមៗ ដោយ​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ឥណ្ឌានោះ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​ប្រាស់​ឈ្មោះ និង​រូប​ប្រាសាទ​អង្គរ​វត្ត​លើ​កញ្ចប់​វេច​ខ្ចប់​របស់​ខ្លួន​។

សេចក្តី​ជូន​ព័ត៌មាន​លើក​ឡើង​ថា​ក្រសួង​ការ​បរទេស​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម​បាន​រក​ឃើញ​ផលិត​ផល​អង្ករ​បរទេស​ ប្រើ​ឈ្មោះ ​Angkor Wat Thai Horn Mali Jasmine Rice ដែល​ត្រូវ​បាន​ដាក់​លក់​តាម​ប្រព័ន្ធ​អនឡាញ និង​បាន​ប្រើ​ប្រាស់​រូប​ប្រាសាទ​អង្គរ​វត្ត​ ដោយ​ពុំ​មាន​ការ​អនុញ្ញាត។ ក្រសួង​បាន​រក​ឃើញ​ថា​ផលិតផល​អង្ករ​នេះ​ គឺ​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ឥណ្ឌា​ឈ្មោះ ​Voyage India ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ Maharashtra នៃ​ប្រទេស​ឥណ្ឌា។

ក្រសួង​បញ្ជាក់​ថា​ជា​លទ្ធផល​នៃ​ការ​ស្នើ​សុំ​ខាង​លើ ក្រុម​ហ៊ុន​ឥណ្ឌា​បាន​បញ្ឈប់​ការ​ប្រើ​ប្រាស់​ឈ្មោះ និង​រូប​ប្រាសាទ​អង្គរវត្ត​នៅ​លើ​សំបក​វេច​ខ្ចប់​របស់​ខ្លួន។

ក្រសួង​ការបរទេស​បាន​ចាត់​ទុក​ទង្វើ​នេះ​ថា​ខុស​នឹង​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជកម្ម និងការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់ ព្រម​ទាំង​រំលោភ​លើ​អនុ​សញ្ញា​ទីក្រុង​ប៉ារីស​ស្តី​ពី​កិច្ច​ការពារ​កម្មសិទ្ធិ​ឧស្សាហកម្ម​។

កន្លង​ទៅ គេ​ឃើញ​រូប​ថត​ផលិត​ផល​អង្កររបស់​ក្រុម​ហ៊ុន​ឥណ្ឌា​ខាង​លើ ត្រូវ​បាន​ចែករំលែកនៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដោយ​មាន​អ្នក​ប្រើប្រាស់​បណ្តា​ញ​សង្គម​នេះ​មួយ​ចំនួន​បាន​បង្ហាញ​ប្រតិកម្ម​ខឹង​សម្បា​ចំពោះ​ការ​ប្រើប្រាស់​ឈ្មោះ​ និង​រូបភាព​មិន​ត្រឹម​ត្រូវ​ ដែល​បង្ក​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ពី​បេតិកភណ្ឌ​របស់​កម្ពុជា និង​ប្រទេស​ថៃ។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ ​ក្រុមហ៊ុន​មិន​ទាន់​ដក​ឈ្មោះ និង​រូប​ប្រាសាទ​អង្គរ​វត្ត​ពី​លើ​ផលិត​ផល​របស់​ខ្លួន​នៅ​ឡើយ​ទេ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ ស៊ាង ថៃ ​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​នៅ​ឡើយ​ទេ នា​ថ្ងៃ​អង្គារ​នេះ។ វីអូអេ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុម​ហ៊ុន​ឥណ្ឌា និងស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា តាម​សារ​ Email​ បាន​ទេ។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការ​ដាក់​ឈ្មោះ ឬ​រូប​ភាព​បេតិកភណ្ឌ​ជាតិ​នៅ​លើ​ផលិត​ផល​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ គឺ​ជា​កំហុស​ដ៏​ធំ​មួយ ដែល​ក្រសួង​ពាក់​ព័ន្ធ​ត្រូវ​ចាត់​វិធានការ ដើម្បី​ធានា​ថា​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា ត្រូវ​បាន​ប្រើ​ប្រាស់​ឲ្យ​ស្រប​ច្បាប់ និង​ដើម្បី​ផល​ប្រយោជន៍​របស់​កម្ពុជា។ លោក​បន្ត​ថា​មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​ប្រើប្រាស់​ឈ្មោះ​បេតិកភណ្ឌ​របស់​កម្ពុជា​នេះ ​គឺ​ដោយ​សារ​តែ​កេរ្តិ៍ឈ្មោះល្បី​នៃបេតិកភណ្ឌ​របស់​កម្ពុជា ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មួយ​ចំនួន​ឆ្លៀត​កេង​ចំណេញ។

«ហើយ​កន្លង​មក​ ក៏​មាន​ឱកាស​ឲ្យ​ក្រុមហ៊ុន​បរ​ទេស​ខ្លះ​ប្រើប្រាស់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា ទៅ​រក​ស៊ី ឬ​ទៅ​ធ្វើ​ការ​ប្រព្រឹត្ត​រក​ផល​ចំណេញ​ជា​ច្រើន​។ អញ្ចឹង​យើង​ចង់​ឲ្យ​មាន​ការ​ពង្រឹង​ទៅ​លើ​ ការ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ផលិត​ផល​ ក៏​ដូច​ជា​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ធានា​បាន​នូវ​កេរ្តិ៍​ឈ្មោះ ​ក៏​ដូចជា​ធានា​បាន​នូវ​ទីផ្សារ​សេដ្ឋកិច្ច ហើយ​ធ្វើ​ឲ្យ​ពិភព​លោក​ស្គាល់​នូវ​ផលិតផល​របស់​ប្រទេស​កម្ពុជា»។

លោក​បញ្ជាក់​ថា​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ខ្វះ​ចន្លោះ ដែល​អាច​បង្ក​លទ្ធភាព​ដល់​ក្រុមហ៊ុន​ឆ្លៀត​ឱកាស​មួយ​ចំនួន។

លោក​បន្ថែម​ថា៖ «យើង​ឃើញ​ថា​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​កម្រិត​កន្លង​មក​ហ្នឹង​ វា​មាន​ភាព​ស្រពេចស្រពិល​ មាន​ន័យ​ថា​ទាក់ទង​នឹង​ច្បាប់​អនុញ្ញាត​ ក៏​ដូច​ជា​អាជ្ញាបណ្ណ​របស់​កម្ពុជា​ហ្នឹង យើង​អត់​បាន​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​លើ​ក្រុមហ៊ុន​រក​ស៊ី​ហ្នឹង​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ជា​ហេតុ​ធ្វើ​ឲ្យ​វា​មាន​ការ​ឆក​ល្វែង និង​បង្កើត​ឲ្យ​មាន​បាតុភាព​ទាំង​អស់​នេះ​កើត​ឡើង​»។

យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​រយៈ​ពេល​៦​ខែ​ក្នុង​ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​គោល​ដៅ​ចំនួន​៤៩​នៅ​លើ​សាកល​លោក ក្នុង​បរិមាណ​សរុប​ជាង​២៨​ម៉ឺន​តោន គិត​ជា​ទឹក​ប្រាក់ ស្មើ​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក​។

ការ​នាំ​ចេញ​ក្នុង​ឆមាស​ទី១​នេះ​បាន​ធ្លាក់​ចុះ​ប្រមាណ​៣០% បើ​ប្រៀប​ទៅ​រយៈ​ពេល​ដូចគ្នាក្នុង​ឆ្នាំ​២០២០។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បញ្ជាក់​ថា​ការ​ធ្លាក់​ចុះ​នេះ គឺ​ដោយ​សារ​តែ​បញ្ហា​ប្រឈម​លើ​ការ​ដឹក​ជញ្ជូន កង្វះ​ទូរ​កុងតឺន័រ ជា​ពិសេស​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ធ្វើ​ឲ្យ​តម្រូវ​ការ​និង​តម្លៃ​លក់​នាំ​ចេញ​នៅ​ត្រឹម​កំពង់​ផែ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ពី​តម្លៃ​មធ្យម​ប្រមាណ​៩០០​ដុល្លារ មក​ត្រឹម​ប្រហែល​៧៣០​ដុល្លារ​ ក្នុង​មួយ​តោន​ប៉ុណ្ណោះ៕

XS
SM
MD
LG