ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រំពឹង​ថា​ការ​នាំ​អង្ករ​​ចេញ​មាន​កំណើន​ខ្លាំង​ ​ខណៈ​តម្រូវ​ការ​ច្រើន​ពេល​មាន​ជំងឺ​កូវីដ


រូបឯកសារ៖ ប្រភេទអង្ករជាច្រើនត្រូវបានលក់នៅតូបមួយ ក្នុងផ្សារអូរឬស្សី កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)
រូបឯកសារ៖ ប្រភេទអង្ករជាច្រើនត្រូវបានលក់នៅតូបមួយ ក្នុងផ្សារអូរឬស្សី កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)

ការ​នាំ​អង្ករ​របស់​កម្ពុជា​ចេញ​ទៅ​ក្រៅ​ប្រទេស​អាច​នឹង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ឆ្នាំ​នេះ ​បើ​មើល​ទៅ​លើ​សន្ទុះ​នៃ​កំណើន​នាំ​ចេញ​ក្នុង​រយៈ​ពេល ​៤ ​ខែ ​ឆ្នាំ​ ២០២០ ​និង​ស្របពេល​ដែល​រដ្ឋា​ភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​អង្ករ​ស​ចេញ​ទៅ​លក់​ទីផ្សារ​ក្រៅ​ប្រទេស​ឡើង​វិញ។ ​នេះ​បើ​តាម​មន្រ្តី​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។​

កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឲ្យ​នាំ​អង្ករ​ស​របស់​ខ្លួន​ចេញ​ទៅ​លក់​ទីផ្សារ​ក្រៅ​ប្រទេស​ឡើង​វិញ​ ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ បន្ទាប់​ពី​បាន​ផ្អាក​ការ​នាំ​ចេញ​អង្ករ​ប្រភេទ​នេះ​អស់រយៈ​ពេល​ជាង ​១ ​ខែ ​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ១៩​ ហើយ​រដ្ឋាភិបាល​ចង់​រក្សា​អង្ករ​ក្នុង​ប្រទេស។​ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​បិទ​ការ​នាំ​ចេញ​អង្ករ​ក្រអូប​នោះ​ទេ។

បើ​តាម​ទិន្ន័យ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​រយៈពេល ​៤ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២០​ នេះ​ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជាង​ ៣០ ​ម៉ឺន​តោន ដែល​មាន​កំណើន​ជាង​ ៤០​ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ​ក្នុង​ឆ្នាំ​២០១៩។ ​ក្នុង​អង្ករ​នាំចេញ​ ៣០​ ម៉ឺន​តោន​នេះ ​មាន​អង្ករ​ស​មានចំនួន​ ១៥​ ភាគ​រយ។​ បច្ចុប្បន្ន​នេះ ​កម្ពុជា​មាន​អង្ករ​ស​ប្រមាណ​ ១៣ ​ម៉ឺន​តោន​ កំពុង​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ស្តុក​ ដែល​ភាគ​ច្រើន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ​និង​ថៃ។​

អគ្គ​លេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ លោក​ លន់ យេង​ ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​អាច​មាន​ទៅ​ដល់​ប្រមាណ​ ១ ​លាន​តោន​ ឬ​ក្រោម​នេះ​បន្តិច។​

«ឆ្នាំ​នេះ​ បើ​សិន​ស្ថានភាព​ដូច​រាល់​ថ្ងៃ​នេះ​ ការ​នាំ​ចេញ​អាច​សឹង​ទៅ​ដល់​មួយ​លាន​តោន​ ឬ​ក៏​ប្រហាក់​ប្រហែល​ ពីព្រោះ​ល្បឿន​បី​ខែ​ហ្នឹង​ យើង​បាន ​៣០ ​ម៉ឺន​តោន។ ​បាទ​បួន​ខែ​ វា​ ៣០ ​ម៉ឺន​តោន​ហើយ។ ​ អ៊ីចឹង​ យើង​មើល​ទៅ​ល្បឿន​ និង​អត្រា​កំណើន​នេះ​ វា​អាច​សមស្រប​ហើយ​ សម​ស្រប​នឹង​បរិមាណ​ស្តុក​ដែល​យើង​នៅ​មាន ​ហើយ​នឹង​ដល់​រដូវ​កាល​ប្រមូល​ផល​[ច្រូត​កាត់​នឹង​ចូល​មក​ទៀត]...ហើយ​ទីផ្សារ​យើង​ចំណែក​ថ្មីៗ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ​ទាំង​នៅ​សហគមន៍​អឺរ៉ុប​ និង​ទីផ្សារ​ថ្មីៗ​ហ្នឹង​ក៏​បាន​កំពុង​តែ​ប្រសើរ​ឡើង​ដែរ»។​

លោក​បន្ថែម​ថា ​កាល​ពី​ឆ្នាំ​ ២០១៨ ​និង​ ២០១៩ ​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ក្រអូប ​និង​អង្ករ​ស ​ប្រមាណ​ ៦២ ​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។​ លោក​ថា​ កំណើន​នៃ​ការ​នាំ​អង្ករ​ចេញ​នៅ​ឆ្នាំ​ ២០២០ ​នេះ ​អាច​មក​ពី​កត្តា​សំខាន់ៗ​ ៣ ​យ៉ាង ​ដែល​ទាក់​ទង​នឹង​ការ​រើបឡើង​វិញ​នៃ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ ការ​ថយចុះ​តម្លៃ​ពន្ធ​នាំ​ចូល​ពី​កម្ពុជា​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ និង​កំណើន​តម្រូវ​ការ​អង្ករ​ពី​ប្រទេស​ចិន។​ លោក​បន្ត​ថា​ កំណើន​តម្រូវ​ការ​អង្ករ​នៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​អាច​បណ្តាល​មក​ពីការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ដែល​ប្រជាជន​ត្រូវ​ការ​ស្បៀង​អាហារ​ជា​ចាំបាច់។​

«កំណើន​ទីផ្សារ​អឺរ៉ុប​ ក៏​វា​ងើប​ឡើង​វិញ​ ដោយ​សារ​តម្រូវការ​ប្រហែល​ជា​ដោយ​សារ​កូវីដ​ផង​ ហើយ​ទីពីរ​ ដោយ​សារ​ពន្ធ​នៅ​អឺរ៉ុប​ក៏ធ្លាក់។​ ចូល​ឆ្នាំ​ទីពីរ​នេះ​ វា​ថយ​ពី​ ១៧០ ​អឺរ៉ូ​ នៅ​សល់​ ១៥០​ អឺរ៉ូ​វិញ។​ហើយ...ចិន​ កំណើន​ទីផ្សារ​ចិន​ គាត់​ផ្តល់​ទាំង​កត្តា​នយោបាយ​ ទាំង​កត្តា​ទីផ្សារ។​ គុណភាព​អី​ហ្នឹង​ វា​សម​ប្រកប​ជា​មួយ​គ្នា។ ​អ៊ីចឹង​ ធ្វើ​ឲ្យ​មាន​កំណើន​លក់​នៅ​ទីផ្សារ​ចិន​ច្រើន​គួរ​សម»។​

ចាប់​តាំង​ពី​ខែ​មករា​ ឆ្នាំ​ ២០១៩ ​មក​ ​ សហភាពអឺរ៉ុប​បាន​កំណត់​ពន្ធ​រយៈ​ពេល ​៣ ​ឆ្នាំ ​លើ​អង្ករ​នាំ​ចូល​ពី​កម្ពុជា ​និង​ភូមា ​ក្នុង​គោល​បំណង​ការពារ​អ្នក​ផលិត​អង្ករ​ក្នុង​សហភាព​អឺរ៉ុប ​ដូចជា​អ៊ីតាលី ​បន្ទាប់ពី​មាន​ការ​កើន​ឡើង​នៃ​ការ​នាំ​អង្ករ​ពី​ប្រទេស​នៅ​អាស៊ី​ទាំង​ពីរ​នេះ ​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប។​ ពន្ធ​នេះ​នឹង​ថយ​ចុះ​បន្តិច​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​

បើ​តាម​លោក ​លន់ យេង​ ក្នុង​រយៈ​ពេល ​៤ ​ខែ ​ឆ្នាំ​ ២០២០ ​នេះ​ ការ​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ចិន​មាន​ប្រមាណ ​៤១ ​ភាគ​រយ​ ស្មើ​នឹង​ជាង ​១២ ​ម៉ឺន​តោន​សហគមន៍​អឺរ៉ុប​ និង​ចក្រភព​អង់គ្លេស ​មាន​ប្រមាណ​ ៣២​ ភាគ​រយ​ ស្មើ​នឹង ​៩ ​ម៉ឺន ​៧ ​ពាន់​តោន​ និង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​ គឺ​ព្រុយ​ណេ និង​ម៉ាឡេស៊ី​ មាន​ប្រមាណ ​១៣​ ភាគ​រយ​ ស្មើ​នឹង ​៣ ​ម៉ឺន​ ៧​ ពាន់​តោន ​និង​បណ្តា​ប្រទស​ផ្សេង​ទៀត​មាន​ដូច​ជា​អូស្ត្រាលី​ និង​នូវេសេឡង់​ជាដើម។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេដាក​ (CEDAC)​ លោក ​សម វិទូ​ និយាយ​ថា​ ការ​នាំ​អង្ករ​ចេញ​ពី​ប្រទេស​កម្ពុជា​អាច​នឹង​កើន​ខ្លាំង​បំផុត​ចំនួន​ ៨០ ​ម៉ឺនតោន​ ​មិន​ដល់ ​១ ​លាន​តោន​ នោះ​ទេ ​ដោយ​សារ​តែ​សេចក្តី​ត្រូវការ​នៃ​ស្បៀង​អាហារ​ទូទាំង​សាកល​លោក​ក្នុង​ពេល​ប្រឈម​មុខ​ការ​ឆ្លង​វីរុស​កូរ៉ូណា។​

«វា​អាច​ដោយ​សារ​តែ​បញ្ហា​កូវីដ​ដែរ​ គឺ​ប្រទេស​មួយៗ​ត្រូវការ​រក្សា​ស្បៀង​ និង​ត្រូវ​ការ​ទិញ​ស្បៀង​ចូល​ដើម្បី​ទប់​ស្កាត់​នូវ​ គ្រោះ​ទុរ្ភិក្ស​ ឬ​ក៏​បញ្ហា​ដែល​ខ្វះ​ស្បៀង​ អ៊ីចឹង។ ​វា​មាន​តម្រូវការ​ខ្ពស់​ ហើយ​ដោយសារ​តែ​មួយ​ទៀត​ គឺទាក់​ទង​ទៅ​នឹង​ យើង​ឃើញ​ថា​ ការ​ចំណាយ​ផ្សេងៗ​ ដែល​ប្រជាជន​នៅ​លើ​ពិភព​លោក​ ចំណាយ​គឺ​រាល់​ថ្ងៃ​ហ្នឹង​គឺ​ គេ​អត់​មាន​ចំណាយ​ទៅ​លើ​សម្ភារៈ​ប្រើប្រាស់​ ចំណាយ​ទៅ​លើ​ឡាន ​ឬ​ចំណាយ​ទៅ​លើ​អី​ទេ ​គឺ​ភាគ​ច្រើន​គឺ​ចំណាយ​ធំដុំ​ សម្រាប់​ទាំង​ប្រជាជន​ខ្មែរ​ ទាំង​ពិភព​លោក​ហ្នឹង​ គឺទៅ​លើតែ​ម្ហូប​អាហារ​ ការ​ហូបចុក​ហ្នឹង»។​

កាល​ពី​ឆ្នាំ​ ២០១៥ ​កម្ពុជា​មិន​បាន​សម្រេច​គោល​ដៅ​នាំ​អង្ករចេញ​ឲ្យ​បាន ​១ ​លាន​តោន​ទេ​ គឺ​បាន​ត្រឹម​តែ​ជាង​ពាក់​កណ្តាល​តែ​ប៉ុណ្ណោះ។​ កាល​ពី​ឆ្នាំ ​២០១៦​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ លើក​ឡើង​ថា​ ការ​មិន​សម្រេច​គោល​ដៅ​នេះ​ បណ្ដាល​មក​ពី​កង្វះ​ខាត​ទុន​ក្នុង​ការ​ទិញ​ស្រូវ​ពី​ប្រជា​កសិករ ​និង​រោងចក្រ​សម្រាប់​កែ​ច្នៃ ​ក៏​ដូច​ជា​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែង​ពី​ក្រៅ​ប្រទេស៕

XS
SM
MD
LG