ប្រទេសកម្ពុជាបានរងគ្រោះទឹកជំនន់ដែលបំផ្លាញស្រែរបស់ប្រជាកសិកររាប់ម៉ឺនហិកតា។ បញ្ហាក្រោយទឹកជំនន់ គឺទាក់ទងនឹងគុណភាពស្រូវ ខណៈការប្រមូលស្រូវមានភាពយឺតយ៉ាវ ដោយសារកង្វះម៉ាស៊ីនច្រូតកាត់។ ការណ៍នេះនាំឲ្យតម្លៃស្រូវធ្លាក់ចុះ។
មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មនិងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញការព្រួយបារម្ភអំពីគុណភាពស្រូវរបស់ប្រជាកសិករខ្មែរ ដែលនាំឲ្យតម្លៃទាប ក្រោយកម្ពុជារងគ្រោះដោយសារជំនន់ទឹកភ្លៀងចុងក្រោយនេះ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្តីការគណៈរដ្ឋមន្រ្តី ថ្ងៃព្រហស្បតិ៍នេះ លោក ងិន ឆាយ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មមានប្រសាសន៍ថាប្រទេសកម្ពុជាបានរងគ្រោះដោយសារភាពរាំងស្ងួតនៅរដូវប្រាំងនិងចុងក្រោយនេះជំនន់ទឹកភ្លៀងដែលបានបំផ្លាញដីធ្វើស្រែរាប់ម៉ឺនហិកតា។ លោកបន្តថាតម្លៃស្រូវរបស់ប្រជាពលរដ្ឋនាពេលនេះ ក៏ធ្លាក់ចុះផងដែរដោយសារស្រូវមិនមានគុណភាពល្អ ខណៈកង្វះខាតម៉ាស៊ីនច្រូតកាត់ផងដែរ។
លោកមានប្រសាសន៍ថា៖ «ឥឡូវនេះ យើងកំពុងជួបប្រទះបញ្ហាខ្វះម៉ាស៊ីនច្រូត។ នៅខេត្តឧត្តរមានជ័យ នៅខេត្តបន្ទាយមានជ័យ ផ្នែកខាងលើ ដែលគាត់កំពុងតែប្រមូលផលនេះ គឺរកម៉ាស៊ីនច្រូតមិនគ្រប់គ្រាន់ទេ។ ហើយតម្លៃម៉ាស៊ីនច្រូតធ្លាប់តែមួយហិកតា គាត់យកតែ២៥ម៉ឺន(រៀល) ២៦ម៉ឺន។ ឥឡូវវាឡើងទៅដល់៤៥ម៉ឺនក្នុងមួយហិកតាហើយរកអត់បានទៀត»។
លោកបន្ថែមថា៖ «តែកាលណាគាត់ទិញថ្លៃ ហើយយើងមកកិនទៅហើយគាត់លក់ទៅវិញ គាត់ខាតដែរ។ គាត់អត់ចំណេញដែរ។ ប៉ុន្តែកន្លងមក ខ្ញុំសង្កេតឃើញថាមានក្រុមហ៊ុនមួយចំនួន គាត់ព្យាយាមជួយប្រមូលទិញពីប្រជាកសិករយើង»។
មន្រ្តីកសិកម្មរូបនោះ ឲ្យដឹងថាស្រូវផ្ការំដួល បានដួលនៅពេលភ្លៀងធ្លាក់ ហើយបានប៉ះពាល់គុណភាពស្រូវដែលនាំឲ្យតម្លៃធ្លាក់ចុះគឺទៅដល់៨០០រៀលឬ៩០០រៀលក្នុងមួយគីឡូក្រាម។
លោក ងិន ឆាយ បានច្រានចោលការលើកឡើងថាក្រសួងកសិកម្មមិនផ្តល់បច្ចេកទេសនិងពូជស្រូវល្អដល់កសិករដោយថានេះ«មិនត្រឹមត្រូវទាំងស្រុងទេ»។
លោកសុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថ្លែងប្រាប់ VOAថា គុណភាពស្រូវរបស់ប្រជាកសិករធ្លាក់ចុះដោយសាររងគ្រោះជំនន់ទឹកភ្លៀងនិងការច្រូតកាត់យឺតពេលខណៈកង្វះខាតម៉ាស៊ីនស្រូវច្រូតកាត់ហើយកន្លែងខ្លះមិនអាចច្រូតកាត់បានផង។
លោកមានប្រសាសន៍ថា៖ «ឆ្នាំហ្នឹងចុះ ដោយសារតែគុណភាពវាចុះ។ ទឹកជំនន់លិចស្រូវគាត់ផង ស្រូវហ្នឹងវាផ្អាប់ភាគច្រើន។ ទីពីរ វាបាក់ ទុំហួសជ្រុលនៅក្នុងស្រែ ដោយសារខ្វះម៉ាស៊ីនច្រូតកាត់ទាន់ពេលវេលា។ ការប្រមូលស្រូវទូទាំងប្រទេស កើតឡើងក្នុងពេលតែមួយ ទាំងស្រូវប្រាំង និងរដូវវស្សា»។
បើតាមលោកសុង សារ៉ុន ជាធម្មតាស្រូវទុំ១០០គីឡូក្រាមនៅពេលនេះអាចកិនបានស្រូវតែប្រមាណ២០គីឡូក្រាមប៉ុណ្ណោះដែលកាលពីមុនអាចទៅដល់យ៉ាងតិច៤០គីឡូក្រាម។ លោកអំពាវនាវឲ្យប្រជាកសិករព្យាយាមហាលស្រូវតាមលទ្ធភាពដែលអាចធ្វើបាន និងត្រៀមលក់នៅក្នុងខែធ្នូ និងខែមករា ឆ្នាំ២០២១ដែលលោកថាតម្លៃអាចថ្លៃជាងមុន។ លោកបន្តថាតម្លៃទីផ្សារអន្តរជាតិក៏មានការធ្លាក់ចុះជាង២៥ភាគរយសម្រាប់ស្រូវក្រអូបផងដែរ។
លោកបន្ថែមថា៖ «ក្រែងលោតម្លៃហ្នឹងងើបឡើងវិញខ្លាំងជាងហ្នឹងបន្តិចពីព្រោះសម្ពាធទីផ្សារយើងនៅក្រៅប្រទេសស្របពេលដែលប្រទេសថៃឡង់ដ៍ហ្នឹងគេច្រូតដែរពេលហ្នឹង។អញ្ចឹងគាត់កំពុងប្រញាប់បញ្ចេញស្តុករបស់គាត់។ អញ្ចឹងធ្វើឲ្យតម្លៃទីផ្សារអន្តរជាតិវាមានការចុះខ្លាំង»។
បើតាមលោកសុង សារ៉នកម្ពុជារឹពឹងថាអាចលក់អង្ករទៅក្រៅប្រទេសទៅដល់ជិត៨០ម៉ឺនតោនក្នុងឆ្នាំ២០២០ខណៈក្នុងរយៈពេល១០ខែឆ្នាំ២០២០នេះ មានចំនួនប្រមាណ៥៤ម៉ឺនតោនរួចទៅហើយ។ លោកបន្តថាកាលពីឆ្នាំ២០១៩ការនាំចេញអង្ករទៅក្រៅប្រទេសមានប្រមាណ៦២ម៉ឺនតោន។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថាចាប់ពីដើមខែកញ្ញា ដល់ថ្ងៃទី២៧ ខែតុលាស្រូវលិចទឹកមានប្រមាណ២៨៥.០០០ហិកតានិងដំណាំរួមផ្សំលិចទឹកប្រមាណ៩៧.០០០ហិកតា។
លោកបណ្ឌិតយ៉ង សាំងកុមារអ្នកជំនាញខាងកសិកម្មនិងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្លែងប្រាប់VOAថាកសិករខ្មែរបានផ្លាស់ប្តូរទម្លាប់ពីដើមដែលច្រូតស្រូវដោយដៃ មកប្រើប្រាស់ម៉ាស៊ីនច្រូត ហើយពួកគេលក់ភ្លាមៗដោយមិនបានសម្ងួតនោះទេ ដែលធ្វើឲ្យគុណភាពស្រូវធ្លាក់ចុះ ហើយតម្លៃស្រូវក៏ធ្លាក់ទៅតាមនោះដែរ។
លោកហ៊ីប ឃាមអាយុ៤៨ឆ្នាំជាកសិករម្នាក់រស់នៅក្នុងឃុំពន្លៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថាម្ចាស់ម៉ាស៊ីនច្រូតកាត់ មិនចង់ច្រូតស្រូវដែលមិនងើបល្អ ដែលត្រូវការពេលច្រើន។
លោកមានប្រសាសន៍ថា៖ «ស្រូវវាលិចទឹកទៅ វាដួល គេអត់ចង់មកច្រូត។ គេថាស្រូវវាដួលទៅ ច្រូតយូរគេ។ ស្រូវវាអត់សូវបានផលទេ។ ជួនកាលស្រែណាទៅ មិនបានរួចថ្លៃម៉ាស៊ីន(ច្រូតកាត់)ផង»។
កសិករម្នាក់ទៀតនៅខេត្តបាត់ដំបងវិញ លោក មិត្ត ឈឿ អាយុ៦៥ឆ្នាំ មានប្រសាសន៍ថាជំនន់ទឹកភ្លៀងបានបំផ្លាញស្រូវរបស់លោកលើដីប្រមាណ១,៧ហិកតាដែលនាំឲ្យលោកខាតបង់ប្រមាណ៣០០ដុល្លារ។ លោកបន្តថាស្រូវមានតម្លៃធ្លាក់ចុះ ដោយសារឈ្មួញថាគុណភាពស្រូវមិនល្អ ហើយកសិករមិនអាចរង់ចាំស្តុកស្រូវលក់ពេលក្រោយនោះទេ។
លោកថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា៖ «មេឃវាភ្លៀងផង ស្រូវយើងវាស្ទើរទឹកខ្លះ។ អាទឹកប្រផាប់ចាប់ប្រភីងមកសម្រុកច្រូតទៅ។ នាយទុនពេលហ្នឹង គេបានដៃហើយ។ ស្រេចគេថា វាចង់យកៗ។ យើងច្រូតដាច់ពីដើមហើយ រឿងអីមិនទៅ។ ប៉ុន្មានក៏លក់ដែរ។ មានថ្ងៃណាហាល បើមេឃភ្លៀង»។
ជាទូទៅ កសិករខ្មែរមិនដឹងអំពីទីផ្សារ និងតម្លៃស្រូវនោះទេ។អ្វីដែលគេអាចធ្វើបានគឺស្តាប់តាមឈ្មួញហើយលក់ស្រូវទាំងនោះបើទោះជាតម្លៃទាបក៏ដោយ។ កសិករអះអាងថាពួកគេអាចត្រឹមតែសួរនាំគ្នាទៅវិញទៅមកតាមបណ្តាញរបស់ពួកគេហើយក៏សម្រេចលក់ទៅតាមហ្នឹងដោយមិនទុកយូរ៕