ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧស្សាហកម្ម​ស្រូវ​អង្ករ​អាមេរិក​ស្នើ​ឲ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​ប្រទេស​មាន​ការអភិវឌ្ឍ​តិចតួច​រួមទាំង​កម្ពុជា


រូបឯកសារ៖ អាជីករម្នាក់កំពុងរើសសំបកស្រូវតូចៗចេញពីអង្ករ នៅតូបលក់អង្ករមួយកន្លែងនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។

សហព័ន្ធ​ស្រូវ​អង្ករ​សហរដ្ឋ​អាមេរិក បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាណិជ្ជកម្ម​អាមេរិក​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP សម្រាប់​អង្ករ​ដែល​នាំ​ចូល​ពី​ប្រទេស​ជាច្រើន រួមទាំង​កម្ពុជា​ផង ដោយ​លើក​ឡើង​ថា ការធ្វើ​បែប​នេះ នឹង​ជួយ​ឲ្យ​​​អង្ករ​ផលិត​នៅ​អាមេរិក អាច​ប្រកួត​ប្រជែង​នៅ​លើ​ទី​ផ្សារ​បាន។

សហព័ន្ធ​ស្រូវ​អង្ករ​សហ​រដ្ឋ​អាមេរិក (USA Rice Federation)​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាណិជ្ជកម្ម​អាមេរិក ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ Generalized System of Preferences​ ឬ ​ហៅ​កាត់​ថា​ GSP​ សម្រាប់​អង្ករ​ដែល​នាំ​ចូល​ពី​ប្រទេស​ជា​ច្រើន​រួម​ទាំង​កម្ពុជា​ផង ដោយ​លើក​ឡើង​ថា​ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​អង្ករ​ដែល​ផលិត​នៅ​អាមេរិកអាច​ប្រកួត​ប្រជែង​នៅ​លើ​ទី​ផ្សារ​បាន។​

​សេចក្តី​ថ្លែង​ការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​សហ​រដ្ឋ​អាមេរិក ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​រៀប​រាប់​ថា ​វា​ដល់​ពេលដែល​ត្រូវ​ទទួល​ស្គាល់​ថា អង្ករ​ដែល​ផលិត​នៅ​សហ​រដ្ឋអាមេរិក​ក៏​ជា​ផលិត​ផល​សម្រាប់​ប្រកួត​ប្រជែង​ជាមួយ​អង្ករ​នាំ​ចូល​ពី​ប្រទេស​ក្រៅ​ដែរ។​

ការ​ស្នើ​នេះ​ធ្វើ​ឡើង​ ​ ​ខណៈ​សហព័ន្ធ​ស្រូវ​អង្ករ​អាមេរិក​នេះ​បាន​ថ្លែង​ទៅ​កាន់​គណៈ​កម្មការ​ពាណិជ្ជ​កម្ម​អន្តរជាតិ​សហ​រដ្ឋ​អាមេរិក​តាម​ប្រព័ន្ធ​វីដេអូនៅ​សប្តាហ៍​មុន។

កាល​ពី​ខែ​មីនា សហព័ន្ធ​នេះ​បាន​ដាក់​ពាក្យ​ស្នើ​ឲ្យ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិកដក​មុខ​ទំនិញ​អង្ករ​ចេញ​ពី​បញ្ជី​រាយមុខ​ទំនិញ​ដែល​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នាំចូលតាម​រយៈ​ប្រព័ន្ធ ​GSP។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP របស់​សហរដ្ឋ​អាមេរិកនេះ ដែល​ផ្តល់​ដល់​ប្រទេស​ជាង​១០០​នៅ​ជុំវិញ​ពិភពលោក ​រួម​ទាំង​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៥ដែល​មាន​កម្ពុជា​មួយ​ដែរ ​គ្រោង​នឹង​អស់​សុពលភាព​នៅ​ត្រឹម​ចុង​ឆ្នាំ​២០២០​នេះ ប្រសិន​បើ​សភា​សហ​រដ្ឋ​អាមេរិក​សម្រេច​មិន​អនុញ្ញាត​ឲ្យ​បន្ត​តទៅទៀត។​

នៅ​ដើម​ឆ្នាំ​នេះ សហភាព​អឺរ៉ុប បាន​សម្រេច​ដក​មុខ​ទំនិញ​ខ្លះ​របស់​កម្ពុជា​ចេញ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«សព្វ​មុខទំនិញ​លើកលែង​សព្វាវុធ»​ ហៅ​កាត់​ថា​ EBA​ ដោយ​ចាប់​ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០២០​ នេះ ដោយ​លើក​ហេតុ​ផល​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​រឹតត្បិត​លំហ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ជាដើម។​

កាល​ពី​ឆ្នាំ​មុន​ សហភាព​អឺរ៉ុប​ ក៏​បាន​សម្រេច​យក​ពន្ធ​លើ​មុខ​ទំនិញ​អង្ករ​កម្ពុជា​ដែរ ក្រោយ​ពី​មាន​ការ​តវ៉ា​ពី​កសិករ​ក្នុង​ប្រទេស​ប្រទេស​អ៊ីតាលី​ឲ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំអង្ករកម្ពុជា ​និងអង្ករភូមា​ចូល​ទៅ​កាន់​ទី​ផ្សារ​អឺរ៉ុប។​

ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០២០​នេះ កម្ពុជា​នាំ​ចេញ​អង្ករ​សរុប​ជិត​៤០​ម៉ឺន​តោន​គឺ​កើន​ឡើង​ជាង​៤០​ភាគ​រយ ប្រៀបធៀប​នឹង​រយៈ​ពេល​៦​ខែ​ដំបូង​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩ ដោយ​ទទួល​បាន​ចំណូល​ជាង​២៦៤​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG