ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​ប្រកាស​ជ័យ​ជម្នះ​លើ​រលក​ថ្មី​នៃ​ជំងឺ​​កូវីដ​១៩


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ម៉ាស់ ខណៈលោកចូលរួមទទួលព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំេពញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ម៉ាស់ ខណៈលោកចូលរួមទទួលព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំេពញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

ក្រោយ​ស្ថិត​ក្នុង​ភាព​អាសន្នរយៈ​ពេល​ពីរ​សប្ដាហ៍ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជ័យជម្នះ​លើ​រលក​ថ្មី​នៃ​ការ​រាល​ដាល​ជំងឺ​កូវីដ​១៩ ដែល​ផ្ទុះ​ឡើង​ក្រោយ​ទស្សនកិច្ច​របស់​ក្រុម​ប្រតិភូ​ហុងគ្រី កាល​ពី​ដើម​ខែ​វិច្ឆិកា។

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា រលក​ចម្លង​ថ្មី ដែល​លោក​ប្រសិទ្ធ​នាម​ថា«ព្រឹត្តិការណ៍​៣​វិច្ឆិកា» បាន​បិទ​បញ្ចប់ ដោយ​សារ​លទ្ធផល​តេស្ត​ចុង​ក្រោយ​រក​វីរុស​កូរ៉ូណា​នេះ គឺ​អវិជ្ជមាន។

ក្នុង​សារ​សំឡេង​បទបញ្ជា​បញ្ជូន​ទៅ​ឱ្យ​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក និង​ដែល​ត្រូវ​បាន​ចែក​ចាយ​នៅ​ព្រលប់​ថ្ងៃ​ពុធ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «រយៈ​ពេល​កន្លង​ទៅ​ហ្នឹង យើង​មាន​ការ​ប្រុង​ប្រយ័ត្ន គឺ​ជា​រឿង​ត្រឹម​ត្រូវ​ហើយ ប៉ុន្តែ​ឥឡូវ​នេះ​គឺ​សភាពការណ៍​បាន​ធូរ​ស្រាល ដោយ​យើង​ប្រកាស​បញ្ចប់​ព្រឹត្តិការណ៍ ​៣ ​វិច្ឆិកា»។

សាលារៀន បូជនីយដ្ឋាន​សាសនា សារមន្ទីរ រោងកុន​ និង​រោង​ល្ខោន ដែល​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​កាល​ពី​ពីរ​សប្ដាហ៍​មុន ក៏​ត្រូវ​ប្រកាស​ឱ្យ​ដំណើរ​ការ​ឡើង​វិញ ក្នុង​អ្វី​ដែល​ក្រសួង​សុខាភិបាល​ហៅ​ថា​ជា«ការ​រស់​នៅ​ធម្មតា​តាម​បែប​គន្លង​ថ្មី»។

រលក​កូវីដ​១៩​ថ្មី​នេះ​កក្រើក​ឡើង ក្រោយ​ទស្សនកិច្ច​ដ៏​មមាញឹក​នៅ​កម្ពុជា​នា​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា របស់​លោក ភីធឺ ហ្សីចាតូ (Peter Szijjarto) រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី ដែល​ក្រោយ​មក​ត្រូវ​ធ្វើតេស្ដ​ឃើញ​វិជ្ជមាន​កូវីដ​១៩ ក្រោយ​ពី​ចេញ​ពី​ប្រទេស​កម្ពុជា។

អ្នក​ប៉ះ​ពាល់​ផ្ទាល់​ជាមួយ​លោក សុទ្ធ​តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈ​រដ្ឋមន្ត្រី បូក​រួម​ទាំង​លោក ហ៊ុន សែន ផង​ដែរ ដែល​លោក​ស្ថិត​ក្នុង​ចត្តាឡីស័ក​ពីរ​សប្ដាហ៍ និង​ទើប​បញ្ចប់​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អ្នក​ពាក់ព័ន្ធ​នឹង​ករណី​រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី​ប្រមាណ​១.៨០០​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ដែល​បង្ក​ជា​ជំងឺ​កូវីដ​១៩​ នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល។

បន្ទាប់ពី​រយៈ​ពេល​ពីរ​សប្ដាហ៍​មាន​មនុស្ស​៤​នាក់​ក្នុង​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី ដែល​មាន​តេស្ដ​វិជ្ជមាន​កូវីដ​១៩ រួមមាន​លោក សួស យ៉ារ៉ា តំណាង​រាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​ប្រកាស​ថា​ជា​សះ​ស្បើយ​វិញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក សរ ចិត្រា អគ្គលេខាធិការ​រង​នៃ​ក្រសួង​កសិកម្ម លោក​ឯក​អគ្គរដ្ឋទូត​ហុងគ្រី សាបា អូរី (Csaba Ory) និង​កង​ការពារ​ម្នាក់​ជន​ជាតិ​កម្ពុជា។

កាល​ពី​សប្ដាហ៍​មុន​លោក ថាម៉ាស់ មិនហ្សឺ (Tamas Menczer) រដ្ឋលេខាធិការក្រសួង​ការបរទេសហុងគ្រី បានលើក​ថា លោក Peter Szijjarto ត្រូវបាន​ភាគី​ពិធីការ​ម្ចាស់​ផ្ទះកម្ពុជា ស្នើមិនឱ្យ​ពាក់​ម៉ាស់។​

លោក Tamas Menczer បាន​និយាយ​ថា ខណៈលោក Szijjarto មាន​តេស្ដ​អវិជ្ជមាន​កូវីដ​១៩​មុន​ធ្វើ​ដំណើរ​ទៅកម្ពុជា​«យើងមិន​ដឹង​ថានរណាចម្លងឱ្យ​នរណានោះទេ»។

ដើម្បី​បញ្ចៀស​ភាព​តានតឹង លោក ហ៊ុន សែន ដែល​ក្រសោប​ទីក្រុង​ប៊ុយដាប៉ែស​ជា​សម្ព័ន្ធ​មិត្ត​នយោបាយយល់​ចិត្ត​ថ្លើម​កម្ពុជា​នៅ​កណ្ដាល​ទ្វីប​អឺរ៉ុប បាន​បង្គាប់​ឱ្យ​គេ​ហៅ​ឧប្បទ្ទវ​ហេតុសុខភាព​សាធារណៈនេះ​ថា​ជា​«ព្រឹត្តិ​ការណ៍​៣ វិច្ឆិកា»។

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ករណី​ជំងឺ​កូវីដ​១៩​ទាប​បំផុត ដែល​កត់ត្រា​បាន៣០៤​ករណី គិតត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ទូទាំង​ពិភព​លោក​មាន​ការ​ឆ្លង​ជំងឺ​នេះ​ជាង ​៥៦​ លាន​ករណី។ នេះ​បើ​យោង​តាម​ទិន្នន័យ​នៃ​សកលវិទ្យាល័យ John Hopkins ក្នុង​សហរដ្ឋ​អាមេរិក។

វេជ្ជបណ្ឌិត លី អៃឡាន ( Li Ailan ) តំណាង​អង្គការសុខភាព​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា និយាយ​ថា​រលក​នៃ​ការ​រាល​ដាល​ថ្មី​នេះ​អាច​បង្ក្រាប​បាន ​អាស្រ័យ​ដោយ​ការ​ឆ្លើយតប​រហ័ស​និង​ដាច់​ណាត់។

លោកស្រី​វេជ្ជបណ្ឌិត​រូប​នេះ ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​ថា៖ «ព្រឹត្តិការណ៍​៣​វិច្ឆិកា​ជា​សារ​ក្រើន​រំឭក​ដាស់​តឿន​យើង​ថា ល្គឹកណា​វីរុស​នៅ​តែ​ចម្លង​គ្រប់​កន្លែង មិន​មាន​ជន​ណា ឬ​ប្រជាជាតិ​ណា​មាន​សុវត្ថិភាព​ពី​វា​ឡើយ។ ស្រប​ពេលដែលយើង​ទប់ទល់នឹង​ករណីនិង​ព្រឹត្តិការណ៍នៃការនាំ​ចូលយើងត្រូវ​បន្ត​ត្រៀម​ខ្លួន​ពេល​មាន​ការ​ចម្លង​ទ្រង់​ទ្រាយ​ធំ​ចូល​សហគមន៍»។

លោកស្រី​ Li Ailan បន្ត​ថា​ជា​មេរៀន​ក្រោយ​រលក​នៃ​ការ​រាល​ដាល​ថ្មី​នេះ កម្ពុជា​ត្រូវ​ពង្រឹង​ការ​អនុវត្ត​និង​ត្រួត​ពិនិត្យ​ការ​ធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​គត់មត់ និង​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ប្រព័ន្ធ​តាមដាន។

តំណាង​អង្គការ​សុខភាព​ពិភព​លោករូបនេះ មិន​បក​ស្រាយ​ទេ ថាគណៈ​ប្រតិភូ​ជាន់​ខ្ពស់​របស់​ប្រទេស​ហុង​គ្រី​និង​ប្រតិភូ​បរទេស​នានា​ចូល​មក​ដល់​កម្ពុជា​គួរ​ធ្វើ​តេស្ដ​និង​ធ្វើ​ចត្តាឡីស័ក​ដូច​ពលរដ្ឋសាមញ្ញ​ឬ​យ៉ាងណា។

នៅ​ពេល​រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី​មក​ដល់​កម្ពុជា​ភ្លាម លោក​បាន​ចូលរួម​កិច្ច​ប្រជុំ​នានា ដោយ​មិន​បាន​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា ដូច​អ្នក​ធ្វើ​ដំណើរ​ផ្សេងៗ​ទៀត ដែល​តម្រូវ​ឲ្យ​យក​វត្ថុ​សំណាក​ទៅ​ធ្វើ​តេស្ត​ហើយ​ត្រូវ​រង់​ចាំ​យ៉ាង​តិច​២៤​ម៉ោង។

VOA ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​អ្នក​ស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

គួរ​រំឭក​ថា​លោក ​Peter Szijjarto ជា​ប្រតិភូ​បរទេស​ទី​បី​ហើយ​ដែល​កម្ពុជា​ទទួល​នា​ដំណាក់កាល​នៃ​ការ​រាតត្បាត​ជា​សកល​ជំងឺ​កូវីដ១៩​នេះ។​

​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន តូស៊ីមិតស៊ុ ម៉ូតិហ្គិ (Toshimitsu Motegi ) បាន​មក​បំពេញ​ទស្សនកិច្ច​កាល​ពី​ខែ​សីហា ហើយ​ក្រោយ​មក​លោក វ៉ាង អ៊ី (Wang Yi) រដ្ឋមន្ត្រី​ការ​បរទេស​ចិន បាន​មក​កម្ពុជា​កាល​ពី​ខែ​តុលា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG