ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​​ជាន់ខ្ពស់​ហុងគ្រី៖​ មិន​​ប្រាកដ​ថា​រដ្ឋមន្រ្តី​ការ​បរទេស​ជា​​អ្នក​ចម្លង​ជំងឺ​កូវីដ១៩ ​​នៅ​​​កម្ពុជា


លោក Peter Szijjarto រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី ជួបគួរសមជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្ដិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​របស់​ប្រទេសហុង​គ្រី​ បាន​លើក​ឡើង​ថា ​រដ្ឋមន្រ្តី​ការ​បរទេស​ខ្លួន​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​បាន​ធ្វើ​តេស្ត​ ហើយ​មិន​មានជំងឺ​កូវីដ​១៩​ ទេ ដោយ​ច្រាន​ចោល​ការ​លើក​ឡើង​ថា ​រដ្ឋមន្រ្តី​ការបរទេស​រូប​នោះ​ជាអ្នក​ចម្លង​ជំងឺនេះទៅអ្នកដទៃ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​មួយ​ឈ្មោះ​ថា​ Hungary Today ដែល​ចេញ​ផ្សាយ​អត្ថបទ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

បើ​តាម​សារព័ត៌មាន​នោះ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ហុង​គ្រី លោក Tamás Menczer មាន​ប្រសាសន៍​ថា​រដ្ឋមន្រ្តី​ការបរទេស​លោក Péter Szijjártó បាន​ធ្វើ​តេស្ត​ជំងឺ​កូវីដ​១៩ មុន​ពេល​មក​ប្រទេស​កម្ពុជា ហើយ​លទ្ធផល​គឺ​អវិជ្ជមាន។

លោក​មាន​ប្រសាសន៍​ថា៖ «ដោយ​សារ​តែ គាត់​ធ្វើ​ដំណើរ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​អវិជ្ជមាន​ដូច្នេះ​ពុំ​មាន​នរណា​ម្នាក់​អាចអះអាង​ត្រឹម​ត្រូវ​ថា​លោក​ Szijjártó ចម្លង​ជំងឺ​នរណា​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា ឬ​ថៃ​ឡើយ។ យើង​មិន​ដឹង​ថា ​អ្នកណា​ចម្លង​អ្នក​ណា​នោះទេ»។

លោក​បន្ត​ថា​ រដ្ឋមន្រ្តី​ការបរទេស​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ប្រទេស​នីមួយៗ ដែល​ទទួល​ស្វាគមន៍​រូប​លោក ហើយ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ប្រជុំ​ខ្លះ មិន​តម្រូវ​ឲ្យលោក​ពាក់​ម៉ាស់​នោះ​ទេ ដោយសារ​គេ​មិន​ពាក់​ម៉ាស់​ដែរ។

លោក​បន្ថែម​ថា៖ «គាត់​[រដ្ឋមន្រ្តី​ការបរទេស]​មិន​ពាក់​ម៉ាស់​ នៅ​ពេល​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សារ​មានការ​ស្នើ​សុំ​ពី​ភាគីម្ចាស់​ប្រទេស​យ៉ាង​ច្បាស់​ថា​ ភាគី​កម្ពុជា​មិន​បាន​ពាក់​ម៉ាស់​ដែរ»។

ពេល​រដ្ឋមន្រ្តី​ការ​បរទេសហុងគ្រី បាន​មក​ដល់កម្ពុជា​ភ្លាម លោក​បានចូលរួម​កិច្ច​ប្រជុំ​នានា ដោយ​មិន​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩ ដូច​អ្នក​ធ្វើ​ដំណើរ​ផ្សេងៗ​ទៀត ដែល​តម្រូវ​ឲ្យ​យក​វត្ថុ​សំណាក​ទៅធ្វើ​តេស្ត​ហើយ​ត្រូវ​រង់​ចាំ​យ៉ាង​តិច​ ២៤ ​ម៉ោង។

រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី លោក Peter Szijjarto បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ហើយ​លោកត្រូវ​បាន​រាយការណ៍​ថា​ មាន​ជំងឺ​កូវីដ​១៩ ពេល​លោក​បាន​ទៅ​ដល់​ប្រទេស​ថៃ។ មិន​មាន​របាយការណ៍​លម្អិត​នោះ​ទេ​ថា​រដ្ឋមន្រ្តី​ការបរទេស​រូប​នោះ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ តាំង​ពី​ពេល​ណា ​និង​នៅ​ទី​ណា។ នៅ​ប្រទេស​ថៃ មន្រ្តី​ហុងគ្រី​ម្នាក់​ដែលបំពេញ​ការងារ​ប្រចាំ​នៅ​ទីនោះ​ក៏​មាន​ជំងឺ​កូវីដ១៩ ​នេះ​ដែរ ក្រោយ​ជួប​ជាមួយរដ្ឋមន្រ្តី​ការបរទេស​ហុង​គ្រី​រូប​នោះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​ពិធី​ចែក​ស្រូវ​ពូជ​ដល់​កសិករ​ក្នុង​ខេត្ត​ព្រៃ​វែង លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា ​រដ្ឋមន្រ្តី​ការ​បរទេស​ហុងគ្រី មាន​ជំងឺ​កូវីដ​១៩ មុន​ចូល​មក​ប្រទេស​កម្ពុជា។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ភស្តុតាង​អ្វី​លើ​អំណះ​អំណាង​របស់​លោក។

លោក​មាន​ប្រសាសន៍ថា៖ «ប៉ុន្តែ​មក​ដល់ខែ​១១​នេះ ប្រែ​ប្រួល​បន្តិច ដោយសារមាន​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​មួយ​ប្រទេស​មួយ គឺ​ ​ហុងគ្រី។ គាត់​មាន​ជំងឺ​ហ្នឹង តែ​គាត់​មក​កម្ពុជា។ ដល់​ពេល​អញ្ចឹង អ្នក​ធ្វើ​ការ​ជាមួយ បាន​ឆ្លង​មួយ​ចំនួន។ ប៉ុន្តែ​មួយ​ចំនួន​ទៀត​អត់​ឆ្លង​ទេ។ ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ក៏​ត្រូវ​តែ​នៅ​មួយ​កន្លែង គេ​ហៅ​ថា​ចត្តា​ឡីស័ក»។

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ដែល​កំពុង​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ដែរ បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ហុង​គ្រី ដោយ​រដ្ឋមន្រ្តី​រូប​នោះ​បាន «សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង និង​សុំ​ផ្ញើ​នូវ​ការ​សុំ​ទោស​របស់​លោក​ចំពោះ​ការ​លំបាក​ដែល​បង្ក​ឡើង​ដោយ​រូប​លោក»។

លោក ​ប្រាក់​សុខុន សរសេរ​បន្ត​ថា៖ «យ៉ាង​ណា​ក៏​ដោយ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា លោក Szijjártó ជា​រដ្ឋមន្ត្រី​ការ បរទេស​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ ​ដែល​តែង​ហ៊ាន​ចេញ​មុខ​ការពារ​យុត្តិធម៌​ចំពោះ​កម្ពុជា។ គាត់ គឺ​ជា​អ្នក​ក្រោក​ឡើង​បន្លឺ​សំឡេង​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា។ គាត់​គឺ​ជា​អ្នក​តវ៉ា​ប្រឆាំង​នឹង​ការ​ព្យួរ​ភាព​អនុគ្រោះ​ពន្ធ ក្រោម​ក្រប​ខ័ណ្ ឌ​EBA ២០%​ ពី​កម្ពុជា»។

VOA ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំពាក្យ​របស់​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។

ក្រោយ​ហេតុ​ការណ៍​នេះ​កើត​ឡើង ក្រសួង​សុខាភិបាល​កម្ពុជា​បានឲ្យ​ដឹង​ថា​មនុស្ស​៤នាក់​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​នោះ​មាន​ខ្មែរ ​៣ ​នាក់ រួម​មាន​សមាជិក​រដ្ឋ​សភា អគ្គ​លេខាធិការ​រង​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេ​សាទ អង្គរក្ស​ការពារ​ឲ្យ​ប្រតិភូ​ហុងគ្រី និង​ជនបរទេស​ម្នាក់​ជន​ជាតិ​ហុងគ្រី ដែល​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ហុងគ្រី​ប្រចាំ​កម្ពុជា។

ប្រជាពលរដ្ឋ​កម្ពុជាជាង ​១.៧០០​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​ជំងឺ​កូវីដ​១៩​ នេះ ហើយ​នឹង​ត្រូវ​ធ្វើ​តេស្ត​ជា​បន្តបន្ទាប់​ទៀត តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាល​ដើម្បី​ធានា​ថា ​ពួកគេ​មិន​មាន​ជំងឺ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG