ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​​ថ្មី​លើ​​អ្នកដំណើរ​ពី​អាមេរិក​ម្នាក់ ដោយ​ធ្វើ​ឲ្យ​ករណី​ឆ្លង​កូវីដ​សរុប​ឡើង​ដល់​៣០៤


ស្ត្រីពរកូនដោយមានពាក់ម៉ាស់ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅមុខមន្ទីរពេទ្យមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
ស្ត្រីពរកូនដោយមានពាក់ម៉ាស់ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅមុខមន្ទីរពេទ្យមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ស្ត្រី​ខ្មែរ​ដែល​ជា​អ្នក​ដំណើរ​ម្នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ​១៩ បន្ទាប់​ពី​បាន​វិលត្រឡប់​មកពី​សហរដ្ឋ​អាមេរិក​វិញកាល​ពីថ្ងៃ​ច័ន្ទ ដោយ​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ទូទាំង​ប្រទេស​កើន​ដល់​៣០៤ គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា​ថា ស្រ្តី​ខ្មែរ​ដែល​បាន​ឆ្លង​កូវីដ​១៩​ចុងក្រោយ​បំផុត​នេះ បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា បន្ទាប់​ពី​បាន​បន្ត​ជើង​ហោះហើរ​របស់​ខ្លួន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

បច្ចុប្បន្ន​ស្ត្រី​វ័យ​៤៩​ឆ្នាំ​រូប​នេះ​ ដែល​រស់​នៅ​ក្នុង​សង្កាត់​បឹងកេងកង​៣​ ខណ្ឌ​បឹងកេងកង ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្នុង​ទីក្រុង​ភ្នំពេញ។

អ្នក​ដំណើរ​តាម​ជើង​យន្តហោះ​តែ​មួយជាមួយ​ស្ត្រី​រូប​នេះ​ចំនួន​១២៣​នាក់​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​អវិជ្ជមានកូវីដ១៩ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤​ថ្ងៃ​នៅ​តាម​ទីកន្លែង​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ ​រួម​ទាំង​ម្នាក់​នៅ​ក្នុង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ផង។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹងក្រសួង​សុខាភិបាល​ដដែល​នោះ។

ក្រៅ​ពី​អ្នក​ឆ្លង​ចុងក្រោយ​គេ​បង្អស់​នេះ មាន​អ្នក​ឆ្លងជំងឺ​កូវីដ​១៩​ចំនួន​១២​នាក់​ទៀត ​រួម​ទាំង​អ្នក​ជំងឺ​នៅ​សល់​៣​នាក់​ដែល​ពាក់ព័ន្ធ​«ព្រឹត្តិការណ៍​៣​វិច្ឆិកា»​ផង កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ក្នុង​ទីក្រុង​ភ្នំពេញ គិត​ត្រឹម​ថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា៕​

XS
SM
MD
LG