កម្ពុជាបានទទួលក្រុមអ្នកសុំ សិទ្ធិជ្រកកោនលើកដំបូងមកពីប្រទេសអូស្រ្តាលី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងតាំងទីលំនៅសារជាថ្មីរបស់ជនភៀសខ្លួនដែលបានត្រូវរិះគន់យ៉ាងខ្លាំងពីក្រុមអង្គការសិទ្ធិមនុស្ស។
ក្រុមមន្រ្តីនៅឯចំណតអាកាសយានដ្ឋានអន្តរជាតិទីក្រុងភ្នំពេញ បានបញ្ជាក់ថា ជនភៀសខ្លួនបានទៅដល់នៅថ្ងៃព្រហស្បតិ៍នេះ ហើយត្រូវបានគេប្រគល់ទៅឲ្យអង្គការទេសន្តរប្រវេសន៍អន្តរជាតិដែលកំពុងជួយពួកគេតាំងទីលំនៅថ្មី។
នៅក្នុងសេចក្តីថ្លែងការណ៍អង្គការទេសន្តរប្រវេសន៍បាននិយាយប្រាប់ថា ខ្លួន នឹងផ្តល់ការជួយឧបត្ថម្ភដ៏សំខាន់ រួមមានការហ្វឹកហាត់ភាសា ណែនាំឲ្យស្គាល់ពីវប្បធម៌និងសង្គម សេវាកម្មសិក្សាអប់រំ សុខភាពនិងសេវាកម្មការងារសម្រាប់ពួកអ្នកសុំសិទ្ធិជ្រកកោនទាំងនោះ។
សេចក្តីថ្លែងការណ៍នោះប្រាប់ឲ្យដឹងទៀតថា «ពួកគេនឹងបានទទួលការលើកទឹកចិត្ត និងគាំទ្រដើម្បីចូលក្នុងសហគមន៍កម្ពុជា និងពឹងពាក់លើខ្លួនឯងបានយ៉ាងឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន»។
កាលពីឆ្នាំទៅ កម្ពុជា បានឈានដល់កិច្ចព្រមព្រៀងមួយដែលមានទឹកប្រាក់៣២លានដុល្លារដើម្បីតាំងទីលំនៅរបស់ជនភៀសខ្លួន ដែលត្រូវបានប្រទេសអូស្ត្រាលីមិនព្រមទទួលយក ហើយឥឡូវនេះកំពុងឃុំឃាំងនៅក្នុងមជ្ឈមណ្ឌលឃុំឃាំងមួយកន្លែងនៅកោះNauruក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ពួកអ្នករិះគន់និយាយថា កិច្ចព្រមព្រៀងនេះប្រៀបបានថា ប្រទេសអូស្រ្តាលីដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតមួយរបស់ពិភពលោក មិនអើពើការទទួលខុសត្រូវអន្តរជាតិរបស់ខ្លួន ហើយបានចាក់ចោលជនភៀសខ្លួនទាំងនោះនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក។
យោងទៅតាមលោក Phil Robertson នៃអង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា «វាជាថ្ងៃដ៏អាម៉ាសបំផុតរបស់អូស្រ្តាលីខាងសិទ្ធិមនុស្ស» អង្គការនោះ បាននិយាយទៀតថា កម្ពុជាគ្មានបំណង ឬអាចបញ្ចូលជនភៀសខ្លួនទៅក្នុងសង្គម។
ជនជាតិអ៊ីរ៉ង់៣នាក់និងជនជាតិភាគតិច Rohingyaមកពីប្រទេសភូមាដែលបានមកដល់ទីក្រុងភ្នំពេញនៅថ្ងៃព្រហស្បត៍នេះ ស្ថិតក្នុងចំណោមពួកអ្នកស្ម័គ្រចិត្តលើកដំបូងមកពីកោះ Nauru ទៅកាន់ប្រទេសកម្ពុជា៕