ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សារៈមន្ទីរ​ស.រ.អា.​ Holocaust ​Memorial Museum ​ធ្វើពិធី​លាងសាយភោជន៍​​នៃពិព័រណ៍​រូបភាព​សម័យ​ខ្មែរក្រហម

  • សុខ ខេមរា

សារមន្ទីរ​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​រៀបចំ​តាំង​ពិព័រណ៍​ដ៏​កម្រមួយ​ស្តី​អំពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​នៅ​ខែ​ឧសភា​នេះ។​ ពិព័រណ៍​នេះ​រួម​មាន​រូបថត​អំពី​ទារុណកម្ម​នៅ​គុក ទួលស្លែង និង​ពិព័រណ៍​ជា​សម្ភារៈ​ផ្ទាល់​ខ្លួន​របស់​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម។ (រូបថត​ដោយ៖ ទែន សុខស្រីនិត)

សារៈមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ស.រ.អា. United States Holocaust ​Memorial Museum ​ក្នុងរដ្ឋ ធានី​វ៉ាស៊ីនតោន​នឹង​រៀបចំ​ពិធីជប់​លៀង​នៅយប់ថ្ងៃពុធនេះ​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន​សម្រាប់​ការ​បើក​ការ​តាំង​ពិព័រណ៍​រូបភាព​សម័យ​ខ្មែរក្រហម​នៅខែ​ឧសភា​នេះ។​

មន្ត្រី​សំខាន់​ជាច្រើន​គ្រោង​នឹង​ចូលរួម​ក្នុង​ពិធី​ជប់លៀងនោះ​ ដូចជា​លោក ​Scot Marciel​ ជា​ ឧបការីរង​នៃ​ក្រសួងការ​បរទេស​ស.រ.អា.ទទួល​បន្ទុក​កិច្ចការ​អាស៊ី ​ លោក ​David ​Scheffer​ អ្នក​ជំនាញ​ពិសេស​របស់អ.ស.ប.ទទួលបន្ទុក​តុលាការ​ខ្មែរក្រហម ​តំណាង​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខ្មែរ​ តំណាង​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ​(DC-Cam) ​និងភ្ញៀវ​សំខាន់​ នានា​ទៀត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ជន​រងគ្រោះ​ត្រូវ​គេ​រាយ​ការណ៍​មក​ថា​ ក៏​នឹង​ចូលរួម​ពិធី​ជប់លៀង​នេះ​ដែរ។​

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ការ​តាំង​ពិព័រណ៍​រូបភាព​សម័យ​ខ្មែរក្រហម​និង​ រឿងរ៉ាវ​របស់​ជនរង​គ្រោះ​ដែល​ចង់​បាន​យុត្តិធម៌​នោះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់​ការ​អប់រំ​ ដល់​អ្នក​ទស្សនា​ ពលរដ្ឋ​ និង​មេ​ដឹកនាំ​ក្នុងពិភពលោក​ដើម្បី​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​ ហើយ​លើក​កម្ពស់​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ។​

ផ្ទាំង​គំនូរ​ធំៗ​ដែល​មាន​រូបភាព​ជា​លលាដ៍​ក្បាល​បន្សល់​ទុក​ពី​ការ​កាប់​សម្លាប់ ​ការ​ធ្វើ​ទារុណ​កម្ម ការ​បង្ខំឲ្យ​ធ្វើការ​ហួស​កម្លាំង​និង​សកម្មភាព​ខ្មែរក្រហម​ជាច្រើន​ទៀត​ក្នុង​សម័យ​នោះ ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ​ហើយនឹង​រូបភាព​របស់​ជន​រងគ្រោះ​ ដែល​និយាយ​ពី​ការ​ទាមទារ​យុត្តិធម៌​ ត្រូវ​គេ​ដាក់​តាំង​ទាំង​ក្នុង​សារមន្ទីរ ​និង​លើ​គេហទំព័រ​ ឬវេបសាយ​របស់​សារៈមន្ទីរ​របស់​ ​ស.រ.អា.អំពី​អំពើ​ប្រល័យ​ពូជសាសន៍​គឺ​ Holocaust Museum។ ​ការតាំងពិព័រណ៍នេះ​គឺបើក​ឲ្យ​ចូល​ទស្សនា​រហូត​ដល់​ខែ​តុលា​ឆ្នាំ​២០១៧​ដោយ​មិន​គិត​លុយ ​ហើយ​មិន​ត្រូវ​ការ​បណ្ណ​ចូល​នោះ​ទេ៕

XS
SM
MD
LG