ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​អាមេរិក៖​សេចក្តី​ព្រាងច្បាប់​អង្គការ​គួរ​ដាក់​ឲ្យ​ដឹង​ជា​សាធារណៈ​ដើម្បី​បញ្ចប់​ក្តី​បារម្ភ​​នានា


លោក​ស្គុត បើសប៊ី​ (Scott Busby) ឧបការី​រង​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជាអំពី​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ ​របស់​លោក​នៅ​កម្ពុជា ដែល​បញ្ចប់​នៅ​​ថ្ងៃអង្គារ​​ ទី២ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថត៖ នៅ វណ្ណារិន/VOA Khmer)

លោក ​ស្គុត បើសប៊ី​ (Scott Busby)​ ឧបការី​រង​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ​ បាន​ទទូច​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គិត​ពិចារណា​ឡើង​វិញ​ឲ្យ​បាន​ហ្មត់ចត់​លើ​ដំណើរ​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ស្តីពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល​ដោយ​លោក​យល់​ថា​ ច្បាប់​នេះ​មិន​មាន​ការ​ចាំ​បាច់​ក្នុង​ការ​បង្កើត​នោះ​ទេ។​

ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ស្ថានទូត​សហ​រដ្ឋ​អាមេរិកប្រចាំ​កម្ពុជា​ មុន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ ​ដែល​បញ្ចប់​នៅថ្ងៃអង្គារ​នេះ​ លោក​ ស្គុត បើសប៊ី​ (Scott Busby) ​បាន​ឲ្យ​ដឹង​ថា ​វា​ជា​ការ​សំខាន់​ណាស់​ដែល​រដ្ឋាភិបាល​កម្ពុជា​បញ្ចេញ​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​ជា​សាធារណៈ​ ដើម្បី​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា ​និង​ផ្តល់​យោបល់​ពី​ភាគី​ដែល​ពាក់ព័ន្ធ​ ដែល​កំពុង​តែ​បារម្ភ​អំពី​ផល​វិបាក​នៃ​ច្បាប់​ថ្មី​នេះ។​ ហើ​យ​វា​ជា​ការ​ល្អ​សម្រាប់កម្ពុជា​ដែរ ​ដើម្បី​បញ្ចប់​ក្តីបារម្ភ​ទាំង​នោះ។​

«យើង​មាន​កា​រចាប់​អាម្មណ៍​ចង់​ឃើញ​ដូច​អង្គការ​សង្គម​ស៊ីវិល​ដែរ។​ អញ្ចឹង​សំណូម​ពរ​បឋម​របស់​យើងចំពោះ​រដ្ឋាភិបាល​កម្ពុជា​គឺ​ថា ប្រសិន​បើ​រដ្ឋាភិបាល​យល់​ថា​ មាន​ភាព​ចាំបាច់​ក្នុង​ការ​បន្ត​ជំរុញ​ច្បាប់​នេះ​ ក៏​ប៉ុន្តែ​ យើង​មិន​យល់​ថា​ វា​មាន​ភាព​ចាំបាច់​នោះ​ទេ។​ តែ​បើ​រដ្ឋាភិបាល​គិត​ថា​ វា​សំខាន់​នោះ​ នោះ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ចែក​រំលែក​អត្ថបទ​នៃ​ច្បាប់​មួយ​នេះ​ជា​សាធារណៈ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន»។​

រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​ព្រាងច្បាប់ដ៏​ចម្រូង​ចម្រាស​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០១០ ហើយ​បាន​ដាក់​ឲ្យ​មាន​កិច្ច​ពិភាក្សា​ពីរ​លើក​នា​ឆ្នាំ​២០១១។​ នា​ពេល​ថ្មីៗ​នេះ ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​បាន​ជំរុញ​ឱ្យយក​សេចក្តី​ព្រាង​ច្បាប់​នេះ​មក​ធ្វើបន្ត​ ហើយដោយចង់ឱ្យ​មាន​ការ​អនុម័ត​ច្បាប់​នេះ ​ឲ្យ​បាន​មុន​ដំណាច់​ខែ​ឧសភា​កន្លង​ទៅជា​កំហិត។​ ជំហរ​ចុងក្រោយ​របស់​លោក​បានបង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ជាច្រើន​ ដោយ​គេ​យល់​ថា​ ច្បាប់​នេះ​អាច​ជា​ការ​រឹតត្បិត​លើ​សេរីភាព ​និង​ដំណើរ​ការ​បស់អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ជាង​នេះ​ទៅ​ទៀត​ សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​ច្បាប់​នេះ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ឃើញ​ជា​សាធារណៈ​នៅ​ឡើយ​ទេ។​

លោក​ស្គុត បើសប៊ី​ (Scott Busby) ឧបការី​រង​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ស្ថានទូត​សហ​រដ្ឋ​អាមេរិកប្រចាំ​កម្ពុជាអំពី​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ ​របស់​លោក​នៅ​កម្ពុជា ដែល​បញ្ចប់​នៅថ្ងៃអង្គារ ទី២ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថត៖ នៅ វណ្ណារិន/VOA Khmer)
លោក​ស្គុត បើសប៊ី​ (Scott Busby) ឧបការី​រង​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ស្ថានទូត​សហ​រដ្ឋ​អាមេរិកប្រចាំ​កម្ពុជាអំពី​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ ​របស់​លោក​នៅ​កម្ពុជា ដែល​បញ្ចប់​នៅថ្ងៃអង្គារ ទី២ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថត៖ នៅ វណ្ណារិន/VOA Khmer)

លោក​ ស្គុត បើសប៊ី​ (Scott Busby)​ បានធ្វើ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​លោក​បាន​ជួប​ផ្ទាល់​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​សំខាន់ៗ​ រួម​ទាំង​លោក ​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ផង​ដែរ។​

លោក​ ស្គុត បើសប៊ី​ (Scott Busby)​ បាន​ឲ្យ​ដឹង​ថា​ នៅ​ជំនួប​រវាង​លោក​ និង​លោក​រដ្ឋមន្ត្រី ​ហោ ណាំហុង​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​លោក​បាន​លើក​ពី​ក្តី​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​លើ​ច្បាប់​នេះ​ ក៏​ប៉ុន្តែ​លោក ​ហោ​ ណាំហុង​ ថ្លែង​ការពារ​ច្បាប់​នេះ ​ដោយ​លើក​ឡើង​ថា ​ច្បាប់​នេះ​នឹង​ជួយ​ឲ្យកិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​រដ្ឋា​ភិបាល ​និងអង្គការ​សង្គម​ស៊ីវិល​កាន់​តែ​ប្រសើរ​ថែម​ទៀត។

លោក​ បើសប៊ី​ បាន​បន្ថែមថា៖ ​«យើង​គាំទ្រ​កិច្ច​សហ​ប្រតិបត្តិការ​បែប​នេះ​ តែ​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​គាត់​ថា​ យើង​មិន​ជឿ​ថា​ ចាំ​បាច់​ត្រូវ​មាន​ច្បាប់​ NGO​ មួយ​ថ្មី​សម្រាប់សម្រេចបំណង​នេះ​ទេ។ ​ខ្ញុំ​សង្ឃឹម​ដោយ​ស្មោះ​ថា​ បើ​គេ​សម្រេចថា​ ច្បាប់​នេះ​គួរ​តែ​ដើរ​ទៅ​មុខ​ វា​នឹង​លើក​ទឹកចិត្ត​ ហើយ​សម្រួល​ដល់​ NGO​ ក្នុង​ការងារ​ដ៏​មាន​សារៈ​សំខាន់​ដែល​អង្គការ​ទាំង​នេះ​ធ្វើ​ ដោយ​បន្ត​គោល​នយោបាយ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​របស់​ប្រទេស​កម្ពុជា​ ដែល​បាន​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​មាន​ការ​ដុះដាល​ ហើយ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស»។​

មន្ត្រី​ជាន់​ខ្ពស់​សហ​រដ្ឋ​អាមេរិក​រូប​នេះក៏​បាន​បន្ថែម​ថា៖​ «កម្ពុជា​គួរតែ​រក្សា​អ្វី​ដែល​ខ្លួន​មាន​ ជា​ពិសេស​ការ​សម្បូរ​បែប​របស់​ NGO​ ​ដែល​ជួយ​រួម​ចំណែក​ជាមួយកម្ពុជា​ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេស​ក៏​ក្រីក្រ​នេះ​ ដែល​កន្លង​មក​អង្គការ​ទាំង​នេះ​បាន​ជួយ​លើ​ការ​អភិវឌ្ឍ​ជា​ច្រើន ​រួម​មាន​ផ្នែក​សុខាភិបាល​ ការ​អប់រំ​ និង​សិទ្ធិ​មនុស្ស​ជា​ដើម»។​

ដោយ​ឡែកបន្ទាប់​ពី​កិច្ច​ប្រជុំនា​ទីស្តី​ការ​ក្រសួង​ការប​រទេស លោក ​ហោ ណាំហុង​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ដាក់​ឲ្យ​ពិភាក្សា​ពីរ​លើក​រួច​មក​ហើយ​នា​ឆ្នាំ​២០១១ ​ដែល​បាន​ប្រមូល​មតិ​យោបល់​ពី​ភាគី​ពាក់​ព័ន្ធ​ និង​ស្ថានទូត​បរទេស​នានា​ផង​ដែរ។​ លោកបន្ថែម​ថា​ សង្គម​ស៊ីវិល​មិនគួរ​បារម្ភ​នោះ​ទេ​ ដោយ​ពួក​គេ​អាច​មាន​ឱកាស​ពិភាក្សា​លើ​ច្បាប់​មួយ​នេះ ​នៅ​ពេល​ដែល​ច្បាប់​នេះ​ទៅ​ដល់​សភា​នោះ។​

«សូម​កុំ​ឲ្យ ​NGO​ យើង​អស់​សង្ឃឹម​ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ច្បាប់​នេះ។​ ច្បាប់​នេះ​នឹង​ទៅ​ដល់​រដ្ឋសភា​ ហើយ​រដ្ឋសភា​អាច​នឹង​ធ្វើ​ការ​ពិគ្រោះ​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល NGO​ នេះ​ម្តង​ទៀត ​មុន​ការ​អនុម័ត»។​

ជាមួយ​គ្នា​នោះ​ដែរ ​នៅ​ក្នុង​ពិធី​សម្ពោធន៍​ដាក់​ឲ្យ​បា្រស់​ផ្លូវ​មួយ​ខ្សែ​ក្នុងខេត្ត​កំពង់ស្ពឺ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ បាន​ប្រកាស​ថា​ ច្បាប់​ថ្មី​នេះ​ដែល​កំពុង​ធ្វើ​ការ​កែ​លម្អ ​និង​ព្រាង​នៅ​ក្រសួង​មហាផ្ទៃ គឺ​ដើម្បី​ធានា​ការ​ពារ​ពួក​គាត់​ ហើយ​វា​ធ្វើ​ស្រប​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

«យើង​អត់ចង់​សម្លាប់មាន់​យក​ពង​ទេ។​ យើង​ចង់​ចិញ្ចឹម​មាន់​យក​ពង​ យក​សាច់​ បាន​ន័យ​ថា​ ច្បាប់​ស្តីពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ គឺ​ជា​ច្បាប់​ដែល​ទ្រទ្រង់​ឲ្យ​សកម្មភាព​ទាំង​ឡាយ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​សមាគម​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ច្បាប់​ធានា​ និងការពារ»។​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​ លោក​ ស្គុត បើសប៊ី​ (Scott Busby)​ ឧបការី​រង​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិកក៏​បាន​លើក​ពី​ការ​ព្រួយ​បារម្ភ​ទាក់ទិន​នឹង​ច្បាប់​ការងារ​ និង​សេចក្តី​ព្រាងច្បាប់​ស្តី​ឧក្រិដ្ឋ​កម្ម​លើ​ប្រព័ន្ធអ៊ីន​ធឺណិត​ផង​ដែរ៕

XS
SM
MD
LG