ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍​គាំទ្រ​កម្ពុជា​ជា​ប្រធាន​អាស៊ាន ហើយ​កម្ពុជា​ផ្តល់​ជំនួយ​មួយ​ចំនួន​ដល់​ឡាវ


រូបថតដែលចេញផ្សាយដោយទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញពីនាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh (ឆ្វេង) ចាប់រលាក់ដៃ​ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅវិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ។ (រូបថត​ដោយ An Khoun SamAun/ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក)/AFP)

ក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​ពីរ​ថ្ងៃ​របស់​នាយក​រដ្ឋមន្ត្រី​ប្រទេស​ឡាវ​នៅ​កម្ពុជារដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​ផ្តល់​ជំនួយ​សុខាភិបាល​ និង​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​ជូន​រដ្ឋាភិបាល​ទីក្រុង​វៀងចន្ទន៍ ​ដែល​កំពុង​ប្រឈម​នឹង​សេចក្តី​ត្រូវ​ការ​ហិរញ្ញប្បទាន​ដើម្បី​ទប់ទល់​ការ​វាយ​លុក​ពី​ជំងឺ​កូវីដ១៩។​

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ​ហ៊ុន សែន កម្ពុជា​បាន​ផ្តល់​ប្រាក់​ដល់​នាយក​រដ្ឋមន្ត្រី​ឡាវ​លោក ​ផនខាំ វិផាវ៉ាន់​ (Phankham Viphavanh)​ ចំនួន​១៣​លាន​ដុល្លារ​អាមេរិក​ ដែល​ក្នុង​នោះ​ ៣​លាន​ដុល្លារ​ជា​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា ​និង​១០​លាន​ដុល្លារ​ទៀត​ គឺ​ជា​ថវិកា​របស់​ក្រុមហ៊ុន​ឯកជន។​

ក្នុង​ជំនួប​រវាង​លោក ​ហ៊ុន សែន​ និង​លោក ​ផន​ខាំ​ វិផាវ៉ាន់​ នៅ​ឯ​វិមាន​សន្តិភាព​ក្នុង​ទីក្រុង​ភ្នំពេញ​ ​ រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​៥០​ម៉ឺន​ដូស​ និង​រថយន្ត​ពីរ​គ្រឿង​ថែម​ទៀត​ជូន​ប្រទេស​ឡាវ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩​ផង​ដែរ។​

ភាគី​ឡាវ​ បាន​សម្តែង​ការ​អបអរ​សាទរ​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​បាន​ទទួល​ជោគ​ជ័យ​លើ​គ្រប់​វិស័យ​ទាំង​កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​កាល​ពី​ពេល​ថ្មីៗ​នេះ​ និង​ការ​ទទួល​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ។​

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​កត់​សម្គាល់​នូវ​ការ​គាំទ្រ​របស់​លោក​ ផនខាំ​ វិផាវ៉ាន់ ​ចំពោះ​ភាព​ជា​អ្នក​ដឹកនាំ​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​តាម​ន័យ​ដើម​ថា៖​ «ក្នុង​ន័យ​នេះ ​ឯក​ឧត្តម​ក៏​បាន​សម្តែង​នូវ​ការ​គាំទ្រ​ និង​សន្យា​សហការ​ជាមួយ​នឹង​កម្ពុជា ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា​ដឹកនាំ​កិច្ច​ប្រជុំ​អាស៊ាន​ឲ្យ​ទទួល​បាន​ជោគ​ជ័យ»។​

បើ​តាម​ហ្វេសប៊ុក​របស់​លោក ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​បន្ត​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​ទៅ​វិញ​ទៅ​មក​ដើម្បី​បញ្ចប់​ការងារ​ដែល​បាន​ព្រមព្រៀង​គ្នា ​ក្នុង​នោះ​មាន​កិច្ច​ព្រម​ព្រៀង​ ក៏ដូច​ជា​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​គ្រប់ជ្រុង​ជ្រោយ​ ការ​ជំរុញ​ឲ្យ​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​បន្ត​ធ្វើការ​យ៉ាងណា​តាម​គោល​ដៅ​ដែល​ថ្នាក់​ដឹកនាំ​បាន​សម្រេច​ និង​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជ​កម្ម​ វប្បធម៌​ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ។​

ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នាយក​រដ្ឋមន្ត្រី​ឡាវ​ ក៏​បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយ​មេ​ដឹកនាំ​កម្ពុជា​សំខាន់ៗ​ផ្សេង​ទៀត​ រួមមាន​ប្រធាន​ព្រឹទ្ធសភា​លោក ​សាយ ឈុំ​ និង​ប្រធាន​រដ្ឋសភា​លោក​ ហេង​ សំរិន។​

បន្ថែម​ពី​នេះ ​ ភាគី​ឡាវ​ដែល​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​ច្រើន​នៅ​លើ​តួ​ទន្លេ​មេគង្គ ​និង​រង​ការ​រិះគន់​ពី​អង្គការ​ជាតិ ​និង​អន្តរ​ជាតិ​ក៏​ចាប់​អារម្មណ៍​លើ​ផ្នែក​ថាមពល​ផង​ដែរ ​ក្នុង​ដំណើរ​ទស្សន​កិច្ច​មក​ប្រទេស​កម្ពុជា។​

លោក ​Daovong Phonekeo ​រដ្ឋមន្ត្រី​ថាមពល​និង​រ៉ែ​របស់​ប្រទេស​ឡាវ​ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ស៊ុយ សែម​ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ ​និង​ថាមពល​កម្ពុជា ​ដោយ​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ថាមពល​ទាំង​ក្រប​ខណ្ឌ​បច្ចេក​ទេស ​និង​ពាណិជ្ជ​កម្ម​បន្ថែម​ទៀត ​និង​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​សិក្សា​សម្រាប់​គម្រោង​វារី​អគ្គិសនី​នៃ​ប្រទេស​ទាំង​ពីរ ​គឺ​វារី​អគ្គិសនី​ដនសាហុង ​និង​វារី​អគ្គិសនី​សេសាន​ក្រោម​២​ នា​ពេល​ខាងមុខ។​ នេះ​ បើ​តាម​សេចក្តី​ប្រកាស​របស់​ទីស្តី​ការ​ក្រសួង​រ៉ែ​និង​ថាមពល​កម្ពុជា។​

ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ឡាវ ​លោក ​ផនខាំ វិផាវ៉ាន់​ (Phankham Vipha​vanh)​ កើត​មាន​ឡើង​ដំណាល​គ្នា​នឹង​ពេល​មាន​សេចក្តី​រាយ​ការណ៍​ពី​ប្រទេស​ឡាវ​មក​ថា​ រដ្ឋាភិបាល​ទីក្រុង​វៀងចន្ទន៍​កំពុង​ត្រូវការ​ការ​គាំទ្រ​ខាង​ហិរញ្ញ​វត្ថុ​ទ្រង់​ទ្រាយ​ធំ​ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល ​និង​គោល​នយោបាយ​សារ​ពើពន្ធ។ ​ទឹក​ប្រាក់​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​ត្រូវការ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​សារ​ពើ​ពន្ធ​ និង​ការ​ទូទាត់​បំណុល​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​ឲ្យ​បាន​មុន​ឆ្នាំ​នេះ ​គឺ​មាន​ចំនួន​ប្រមាណ​១,៨​ពាន់​លាន​ដុល្លារ​អាមេរិក។ ​នេះ ​បើតាម​សារព័ត៌មាន​ Vientiane Times។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​បន្ថែម​ពី​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក ​កុយ​ គួង ​និង​មន្ត្រី​ស្ថានទូត​ឡាវ​ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។​

អ្នកវិភាគ​នយោបាយ​ លោក​ សេង សារី​ យល់​ថា​ការ​ផ្តល់​ជំនួយ​របស់​កម្ពុជា​ជូន​ភាគី​ឡាវ​មាន​ទឹក​ប្រាក់​១៣​លាន​ដុល្លារ​អាមេរិក​នោះ​ ជាផ្នែក​មួយ​ជួយ​ឲ្យ​ឡាវ​អាច​ឆ្លើយ​តបទៅ​នឹង​ផល​ប៉ះពាល់​នានា​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩។ ​

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​នេះ​ថា៖ ​«ខ្ញុំ​គិត​ថា​ អំណោយ​១៣​លាន​ដុល្លារ​ហ្នឹង​ វា​អាច​ជា​អំណោយ​ដែល​ជួយ​ដោះស្រាយ​បញ្ហា​រឿង​កូវីដ​ និង​ក៏​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ជួយ​គ្នា​ទៅវិញ​ទៅ​មក​ទៅ​តាម​លទ្ធភាព​ ដើម្បី​ទប់​ស្កាត់​នឹង​កូវីដ ​ឬ​ក៏​ស្តារ​ស្ថាន​ភាព​ណាមួយ​ក្រោយ​កូវីដ​អ៊ីចឹង​ទៅ»។​

អ្នកវិភាគ​នយោបាយ​រូបនេះ​បន្ថែម​ថា​ ​កម្ពុជា​ក៏ត្រូវ​ការ​ការ​គាំទ្រ​របស់​ឡាវ​នៅពេល​ខ្លួន​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​ ជា​ពេល​ដែល​កម្ពុជា​ត្រូវ​សម្រប​សម្រួល​បញ្ហា​ជាប់​គាំង​មួយ​ចំនួន​ដូច​ជា​ការ​ប្រកួត​ប្រជែង​នយោបាយ​ភូមិសាស្ត្រ​រវាង​ចិន​ និង​សហ​រដ្ឋ​អាមេរិក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា​ និង​ការ​ចងក្រង​សម្ព័ន្ធ​មិត្ត​របស់​អូស្ត្រាលី​ ជាមួយ​អង់គ្លេស​ និង​សហ​រដ្ឋ​អាមេរិក​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ហើយ​ ខ្ញុំ​គិត​ថា​ ​អំឡុង​ពេល​ឆ្នាំ​២០២២​នេះ​ ប្រហែល​ប្រទេស​កម្ពុជា ​ត្រូវ​ការការ​ជួយ​ច្រើន​ពី​ប្រទេស​ជិត​ខាង​ ក៏ដូច​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ ដើម្បី​ធានា​ទៅ​លើ​ដំណើរការ​នៃ​ការ​ដឹកនាំ​អាស៊ាន​ផង​ ហើយ​ធានា​ទៅ​លើ​ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​តំបន់​ផង»។​

កម្ពុជា​ធ្លាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​លើក​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០១២ ​ដោយ​នៅ​ពេល​នោះ​កម្ពុជា​ត្រូវ​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​រាយ​ការណ៍​ថា​ បាន​ធ្វើ​ឲ្យ​ខកខាន​ដំណើរ​នៃ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទាមទារ​កាន់​កាប់​ស្ទើរ​តែ​ទាំង​អស់៕

ពាក្យក្នុងសារព័ត៌មាន៖ outrage
សូម​រង់ចាំ

No media source currently available

0:00 0:01:30 0:00
XS
SM
MD
LG