ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ចង់​ឃើញ​ការ​បែង​ចែក​វ៉ាក់​សាំង​កូវីដ​១៩​ដោយ​សមធម៌ ខណៈ​កម្ពុជា​ចាក់​វ៉ាក់​សាំង​បាន​​ច្រើន​ជាងប្រទេស​អាស៊ាន


រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់រៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន នៅក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់រៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន នៅក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ច័ន្ទ បាន​អំពាវនាវ​ឲ្យ​មាន​ការ​បែង​ចែក​វ៉ាក់សាំង​ដោយ​សមធម៌ និង​កុំ​យក​វ៉ាក់សាំង​ជា​ឧបករណ៍​នយោ​បាយ ខណៈ​កម្ពុជា​ជា​ប្រទេស​ដែល​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​បាន​ច្រើនជាង​ប្រទេស​ផ្សេង​ទៀត​ដែល​ជា​សមាជិកអាស៊ាន។

នៅ​ក្នុង​សារថ្លែង​ទៅ​កាន់​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​៧៧​របស់​UN-ESCAPស្តីពី​«ការ​ស្តារឡើង​វិញ​ក្រោយ​វិបត្តិ​តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់ នៅ​ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក» ដែល​ធ្វើ​តាម​រយៈ​ប្រព័ន្ធ​វីដេអូ កាល​ពី​ថ្ងៃទី​២៦ ខែ​មេសា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ថ្លែង​ថា​ ​គម្លាតនៃការ​ទទួល​បាន​វ៉ាក់សាំង​នៃប្រទេស​អភិវឌ្ឍន៍​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ បង្ក​ជា​«ហានិ​ភ័យ​»​និង«​រាំង​ស្ទះ​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋ​កិច្ច​តំបន់​និង​សាកល​។ លោក​បាន​អំពាវនាវ​ដល់​ប្រទេសមួយ​ចំនួន​«កុំ​ប្រមូល​ទិញ​វ៉ាក់​សាំង​លើស​តម្រូវ​ការ​របស់​ខ្លួន»និង«​សូម​កុំ​ឲ្យ​ប្រើប្រាស់​វ៉ាក់​សាំង​ជាឧបករណ៍​នយោបាយ​»។

លោក​ ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «កម្ពុជា​សូម​គូស​បញ្ជាក់​ពី​សារៈ​សំខាន់នៃ​ភាព​បន្ទាន់​នៃ​ការ​បែង​ចែក​និង​ប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ប្រកប​ដោយ​សមធម៌និង​ថ្លៃ​សមរម្យ ជាពិសេស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍»។

បើ​ប្រៀប​ធៀប​ទៅ​នឹងប្រទេស​ដែល​ជា​សមាជិក​អាស៊ាន កម្ពុជា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ប្រជាពលរដ្ឋរបស់​ខ្លួន​ច្រើន​ជាង​ប្រទេស​ផ្សេង ដែល​រហូត​មក​ដល់​ពេល​នេះ បាន​ប្រមាណ​១លាន៣​សែន​នាក់ ទាំង​អ្នក​ចាក់​លើក​ទីមួយ​និង​លើក​ទីពីរ​បញ្ចូល​គ្នា។ ចំនួន​នេះ​ស្មើ​ប្រមាណ​៨%​នៃប្រជា​ជនកម្ពុជា​សរុប​ជាង​១៦​លាន​នាក់។ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ​គោល​ដៅ​នៃ​ការ​ចាក់​វ៉ាក់​សាំង​ដល់​ប្រជាជន គឺ​មាន​ជាង​១០​លាន​នាក់​។ នេះបើ​តាម​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​កន្លង​មក។

វ៉ាក់​សាំង​ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​ភាគ​ច្រើន គឺ​វ៉ាក់​សាំង​ស៊ីណូហ្វាម(Sinopharm) ដែល​ផលិត​ដោយ​រដ្ឋ​ចិន និង​ស៊ីណូវ៉ាក់​ (Sinovac) ដែល​ផលិត​ដោយ​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន។ វ៉ាក់សាំង​ទាំង​នោះ កម្ពុជា​ទទួល​បាន​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ចិន និង​ទិញ​ពី​ក្រុម​ហ៊ុន​ចិន ដោយ​មាន​ការ​សម្រប​សម្រួល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពីរដ្ឋាភិបាលចិន ដែល​ជា​«មិត្ត​ដែក​ថែប»​របស់​កម្ពុជា។ ប្រទេស​ចិន​ក៏​បាន​សន្យា​ថា​នឹង​ជួយ​កម្ពុជា​បន្ថែម​ទៀត​សម្រាប់វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩។

ក្រោម​យន្ត​ការ​កូវ៉ាក់​ដែល​ទទួលស្គាល់​ដោយ​អង្គ​ការ​សុខភាព​ពិភព​លោក ប្រទេស​កម្ពុជា​ទើប​តែ​ទទួល​បាន​វ៉ាក់សាំ​ងជាង​៣០​ម៉ឺន​ដូស​ក្នុង​ចំណោម​ជាង​១​លាន​ដូស ដែល​អាច​ចាក់មនុស្ស​បាន​ជាង១៥​ម៉ឺន​នាក់​។ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​តើ​វ៉ាក់​សាំង​ក្រោម​យន្ត​ការ​កូវ៉ាក់​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​លើក​ទីពីរ​នៅ​ពេល​ណានោះ​ទេ ខណៈ​ពិភព​លោក​កំពុង​ខ្វះ​វ៉ាក់សាំង ហើយ​ប្រទេស​ឥណ្ឌា​ដែល​ផលិត​វ៉ាក់​សាំង​ ​ហើយ​បញ្ជូន​មក​កម្ពុជា​ក្រោម​យន្តការ​កូវ៉ាក់​នេះ កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ខ្លាំង ដោយ​មាន​មនុស្ស​ជាង​៣០​ម៉ឺន​នាក់​ឆ្លង​ក្នុង​មួយ​ថ្ងៃ និង​ស្លាប់​ជាង​២​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ។

រូបឯកសារ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថចិន Sinopharm ដល់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថចិន Sinopharm ដល់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១ វ៉ាក់​សាំង​ស៊ីណូ​ហ្វាម​ចំនួន​៤០ម៉ឺន​ដូស​ទៀត ដែល​ជាជំនួយ​របស់​ចិន ក៏​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​ផង​ដែរ។

រដ្ឋាភិបាលរបស់​លោក ហ៊ុន សែន បាន​ចាក់​វ៉ាក់​សាំង​ច្រើនជាង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ដោយ​សារ​ទំនាក់ទំនង​ជិតស្និទ្ធិ​ជាមួយ​ប្រទេស​ចិន​ដែល​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។ ប្រព័ន្ធ​ទិន្នន័យ​ Our World in Data របស់​សាកល​វិទ្យា​ល័យ Oxford បង្ហាញ​ថាបើ​គិត​ជា​អត្រា​អ្នក​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន ប្រទេស​សិង្ហបុរី​ចាក់​វ៉ាក់​សាំង​បាន​អត្រា​ខ្ពស់​ជាង​គេ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន គឺ​ប្រមាណ​២៦%​។ កម្ពុជា​ចាក់​បាន​ប្រមាណ​៨% គឺ​លើស​ឥណ្ឌូណេស៊ី ដែល​ចាក់​បាន​ប្រមាណ​៥% ហ្វីលីពីន ថៃ វៀតណាម​និង​ឡាវ ដែល​ចាក់​មិន​ទាន់​បា​ន​១%​ផង​។

នៅ​អាស៊ី​អាគ្នេយ៍​ ឥណ្ឌូណេស៊ី​ដ្បិត​តែ​មាន​អត្រា​ចាក់​រួច​រាល់​នៅ​ទាប​ជាង​កម្ពុជា​និង​សិង្ហបុរី តែ​ប្រទេស​មួយ​នេះ ចាក់​បាន​ក្នុង​ទំហំ​ជាក់​ស្ដែង​ច្រើន​ជាង​គេ បើ​គិត​ពី​ចំនួន​ដូស​និង​ចំនួន​ប្រជាជន​ដែល​បាន​ចាក់ ពោល​គឺ​មាន​បណ្ដា​ជនជាតិ​ឥណ្ឌូណេស៊ី​ជិត​១២​លាន​នាក់​ហើយ​ដែល​បាន​ទទួល​វ៉ាក់​សាំង ក្នុង​ចំណោ​មប្រជាជន​សរុប​ជាង២៧០​លាន​នាក់។

លោក ឯម សុវណ្ណារ៉ា អ្នក​អត្ថាធិប្បាយ​នយោបាយ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា​ ពី​ដំបូង​ឡើយ ប្រជា​ពលរដ្ឋកម្ពុជា​មាន​ភាព​ស្ទាក់​ស្ទើរ​លើ​ប្រសិទ្ធភាព​វ៉ាក់​សាំង​របស់​ប្រទេស​ចិន ដោយ​សារមិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក ប៉ុន្តែក្រោយ​មក​ដោយ​សារ​មាន​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ ​ចរន្ត​នៃ​ការ​ចាក់​វ៉ាក់​សាំងបាន​កើន​ឡើង​ខ្លាំង​។ លោក​បន្ត​ថា​កម្ពុជា​ធ្វើ​បាន​ប្រសើរ​សម្រាប់​ចំនួន​អ្នក​ចាក់​វ៉ាក់​សាំង​ច្រើន​បើ​ធៀប​នឹង​ប្រទេស​ផ្សេង ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​មាន​ការ​តាម​ដាន​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​នេះ។

លោក​ ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថាយន្ត​ការ​នៃ​ការ​ចាក់ ជំហាន​យើង​ធ្វើ​បន្ទាន់ៗ ពុំ​ទាន់​បាន​គិត​រឿង​ឲ្យ​បាន​ស៊ី​ជម្រៅ ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​នៃ​ការ​ចាក់ ការ​ប្រើប្រាស់វ៉ាក់សាំង​ហ្នឹង​នៅ​ឡើយ​ទេ ព្រោះ​យើង​ទទួល​របស់​ចិន វា​អត់​ទាន់​អង្គការ​សុខ​ភាព​ពិភព​លោក​ទទួល​ស្គាល់​ផង​ហ្នឹង។ ទីពីរ​ទាក់​ទង​នឹង​មធ្យោបាយ​ផ្ទៀង​ផ្ទាត់ គេ​ហៅ​ថា​សាក​ល្បង​តេស្ត​មើល​ប្រសិទ្ធភាព ឬ​ក៏​អ្នក​ដែល​ប្រើប្រាស់​ហើយ​ហ្នឹង​ថា​តើ​ប៉ុន្មាន​ភាគរយអីហ្នឹង យើង​អត់​មាន​កម្លាំង ​ឬ​ក៏​ទិន្នន័យ​គ្រប់គ្រាន់​នៅ​ក្នុង​ការ​បញ្ជាក់ថា​យើង​មាន​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​វ៉ាក់សាំង​កម្រិតណាៗ​នៅ​ឡើយ​ទេ»។

លោក​បន្ត​ថា​ប្រទេស​ចិន​នឹង​ជួយ​កម្ពុជា​បន្ថែម​ទៀត ប្រសិន​បើ​ត្រូវ​ការ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩។

លោក​បណ្ឌិ​ត អ៊ា សុផល​ ដែល​ជា​សាស្ត្រា​ចារ្យ​នៃ​មហា​វិទ្យាល័យ​ Occidental College ​ក្នុង​ទីក្រុង ​Los Angeles​ រដ្ឋ​កាលីហ្វ័រញ៉ា​សហរដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ថា​ កម្ពុជា​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩​ដល់​ប្រជាជន​ប្រមាណ​១​លាន​៣សែន ក្នុង​ចំណោម​ប្រជាជន​ប្រមាណ​១៦​លាន​៥សែន​នាក់ គឺ​ប្រមាណ​៨% ដែល​លោក​ថា​ជា​រឿង​ល្អ​មួយ ដែល​លើស​ប្រទេស​សមាជិក​អាស៊ាន លើក​លែង​តែ​ប្រទេស​សិង្ហ​បុរី​ប៉ុណ្ណោះ។

លោកបណ្ឌិ​ត អ៊ា សុផល​ ​ប្រាប់​ VOA ​តាម​សារ​អ៊ីមែល​នៅថ្ងៃ​អង្គារ​នេះ​ថា៖ «ខ្ញុំ​ជឿ​ថា​អាជ្ញាធរ​[កម្ពុជា]​នឹង​មាន​អំនួត​អំពីការ​ចាក់​នេះ ដោយសារ​តែ​ប្រទេសចិន​ដែល​ជា​បង​ប្អូន​បាន​ជួយ​»។ ​លោក​បន្តថាការ​បិទ​ខ្ទប់​ទីក្រុងភ្នំពេញនា​ពេល​នេះ នាំ​ឲ្យ​មាន​បញ្ហា​អាក្រក់​នៃអ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា។

គួរ​បញ្ជាក់​ថា​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ដែល​មាន​រយៈ​ពេល​ជាង​២​ខែ​មក​ហើយ រហូត​ដល់​ថ្ងៃ​អង្គារ​នេះ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​សរុប​ជាង​១​ម៉ឺន​នាក់ ហើយ​មាន​ករណី​ស្លាប់​ប្រមាណ​៨០​នាក់៕

XS
SM
MD
LG