ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧស្សាហ​កម្ម​កាត់ដេរ​កម្ពុជា​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​ទេ?


កម្មករ​​កំពុង​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​មួយ​នៅ​ក្រុង​ភ្នំពេញ។ (រូបថត​ឯកសារ)
កម្មករ​​កំពុង​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​មួយ​នៅ​ក្រុង​ភ្នំពេញ។ (រូបថត​ឯកសារ)

ខណៈ​ដែល​ការ​ទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​សម្រាប់​វិស័យ​កាត់ដេរ​កម្ពុជា​កំពុង​អូស​បន្លាយ​នោះ​ មាន​សំណួរ​​ថា ​តើ​កម្មករ​កម្ពុជា​មាន​ផលិត​ភាព​ខ្ពស់​ដល់​កម្រិត​ណា?​

ខណៈ​ដែល​ការ​ទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​សម្រាប់​វិស័យ​កាត់ដេរ​កម្ពុជា​កំពុង​អូស​បន្លាយ​នោះ​ មាន​សំណួរថា ​តើ​កម្មករ​កម្ពុជា​មាន​ផលិត​ភាព​ខ្ពស់​ដល់​កម្រិត​ណា?​ អ្នក​ជំនាញ​ខាង​វិស័យ​កាត់ដេរ​ សេដ្ឋកិច្ច ​និង​នយោបាយ​យល់​ឃើញ​ខុសៗ​គ្នា​ជុំវិញ​បញ្ហា​នេះ។​

ប្រាក់​ឈ្នួល​អប្បបរិមា​សម្រាប់​កម្មករ​កាត់ដេរ ​ដែល​ទើប​តែ​ចូល​ជា​ធរមាន​នា​ពេល​ថ្មីៗ​នេះ ​មាន​ចំនួន​១៤០​ដុល្លារ​ក្នុង​មួយ​ខែ​ ក្រោយ​ពី​មាន​បាតុកម្ម​ទាំង​អហិង្សា ​និង​ហិង្សា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ ដែល​បាន​បណ្តាល​ឲ្យ​កម្មករ​មួយ​ចំនួន​បាន​បាត់បង់​ជីវិត ​និង​ជា​ច្រើន​នាក់​ទៀត​រង​របួស។​

លោក ​Ken Loo ​អគ្គលេខាធិការ​នៃ​សមាគម​ឧស្សាហ​កម្ម​កាត់ដេរ​នៅ​កម្ពុជា​ បាន​អះអាង​ថា ​កាល​ណា​ប្រាក់​ឈ្នួល​ខ្ពស់ ​មាន​ន័យ​ថា ​កម្មករ​ត្រូវតែ​បង្កើន​ផលិតភាព​ឲ្យ​កាន់​តែ​ខ្ពស់​ដែរ។ ​ទាក់​ទង​នឹង​ផលិតភាព​នេះ​ ​លោក ​Ken Loo យល់​ថា ​ផលិតភាព​របស់​កម្មករ​កម្ពុជា​មាន​កម្រិត​ទាប។​

«‍ធ្វើការ​យឺត! ​បើ​និយាយ​ពី​ផលិតភាព​វិញ ​ពួក​គេ​ធ្វើការ​យឺត។ ​ម្ចាស់​រោងចក្រ​ពិបាក​រក​ចំណូល ​បើ​សិន​ជា​ផលិតភាព​របស់​កម្មករ​មិន​កើន​ឡើង​នោះ»។​

លោក​ក៏​បាន​បន្ថែម​ថា ​បច្ចុប្បន្ន​នេះ​ការ​បណ្តាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ថយ​ចុះ​ហើយ។​

យ៉ាង​ណា​មិញ ​យោង​តាម​ព្រឹត្តិប័ត្រ​ព័ត៌មាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ​(ILO)​ ឲ្យ​ដឹង​ថា ​កម្ពុជា​ទទួល​បាន​ចំណូល​ចំនួន​បី​ប៊ីលាន​ ឬ​បី​ពាន់លាន​ដុល្លារ​ក្នុង​ការ​នាំ​ចេញ​ផលិតផល​ស្បែកជើង ​និង​សម្លៀក​បំពាក់​កាត់ដេរ​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​ ដែល​បាន​កើន​លើស​ឆ្នាំ​មុន​ក្នុង​អត្រា​១២,៧​ភាគរយ។​

លោក ​អាត់ ធន់ ​ប្រធាន​សហភាព​កម្មករ​កាត់​ដេរ​កម្ពុជា ​បាន​សង្កត់​ធ្ងន់​ថា ​ផលិតភាព​របស់​កម្មករ​កម្ពុជា​អាច​ប្រកួត​ប្រជែង​នឹង​កម្មករ​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ដែរ។​

«‍បន្ទាប់​ពី​និយោជក​ចំណាយ​លើ​វត្ថុ​ធាតុ​ដើម​ អន្តរការី ​និង​ចំណាយ​ផ្សេងៗ​ហើយ ​កម្មករ​ម្នាក់​អាច​រក​ចំណូល​ដល់​និយោជក​ដល់​២៥០​ដុល្លារ​ជាង។​ ហើយ​ក្នុង​នោះ​កម្មករ​យើង​រក​បាន​តែ​១០០​ជាង​ទេ។ ​ម្នាក់​ក្នុង​មួយ​ថ្ងៃ​ដេរ​ឲ្យ​និយោជក​បាន​ជាង​ហាហុក​សិប​អាវ​ បើ​គិត​ម្នាក់ៗ»។​

ក៏​ប៉ុន្តែ ​លោក​ថា ​ភាព​ខុស​គ្នា​នៃ​ប្រាក់​ឈ្នួល​អប្បបរិមា​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ផ្សេង​ទៀត​ ដូចជា​ វៀតណាម ​និង​មីយ៉ាន់ម៉ា ឬភូមា​ គឺ​ការ​ចំណាយ​លើ​ថ្លៃ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ។​

«‍ប្រជា​ពលរដ្ឋ​គេ​ការ​ចំណាយ​រស់នៅ​ប្រចាំ​ថ្ងៃ ​យើង​គិត​មើល​ទៅ​វា​ទាប​ជាង​ប្រទេស​ខ្មែរ​ទេ​ គឺ​ទំនិញ​គ្រប់​ប្រទេស​នាំ​ចូល​ពី​វៀតណាម​បន្ថែម​ទៀត។ ​ចំណែក​នៅ​ភូមា ​យើង​ដឹង​ថា ​ទោះបី​ជា​ប្រាក់​ឈ្នួល​គេ​មាន​កម្រិត​ទាប​ បើ​យើង​ប្រៀប​ធៀប​ទៅ​ វា​ទាប​ជាង​កម្ពុជា​មែន ​ប៉ុន្តែ​តម្រូវការ​ការ​ចាយ​វាយ​របស់​កម្មករ​របស់​គេ​ហ្នឹង ​គឺ​វា​ធូរ​ជាង​កម្ពុជា​យើង ​តាម​អ្វី​ដែល​ខ្ញុំ​បាន​ទៅ​ទីនោះ»។​

លោក​ អាត់ ធន់ ​បាន​បន្ថែម​ថា ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរិមា​ត្រូវ​តែ​ស្រប​ទៅ​តាម​ការ​ចំណាយ​លើ​ថ្លៃ​រស់នៅ​ប្រចាំ​ថ្ងៃ។​

«‍ការ​ផ្តល់​ប្រាក់​បៀវត្សរ៍​អប្បបរិមា​គឺ​គេ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជីវភាព​នៃ​ប្រជា​ពលរដ្ឋ​របស់​ប្រទេស​នោះ។ ​គេ​មិន​អាស្រ័យ​ទៅ​លើ​ចំនួន​ច្រើន ​ចំនួន​តិច​នោះ​ទេ»។​

នៅ​ពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ ឬ​ភូមា​បាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរិមា​ដល់​កម្មករ​ប្រមាណ​៦៧​ដុល្លារ​ក្នុង​មួយ​ខែ​ ​លោក​ Thomas Rhoden ​អ្នក​ជំនាញ​ខាង​នយោបាយ​នៅ​មីយ៉ាន់ម៉ា ឬ​ភូមា ​បាន​ឲ្យ​ដឹង​ថា ​អ្នក​វិនិយោគ​ទុន​មើល​ឃើញ​ប្រទេស​នេះ​ថា​ ជា​ប្រទេស​ដែល​មាន​ភាព​ប្រកួត​ប្រជែង​ល្អ​ក្នុង​វិស័យ​កាត់ដេរ។​

«‍ឧស្សាហ​កម្ម​កាត់ដេរ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ទទួល​បាន​ការ​វិនិយោគ​ទុន​ដ៏​ធំ»។​

ក៏​ប៉ុន្តែ ​លោក​មិន​ច្បាស់​ថា ​តើ​លទ្ធផល​នៃ​កា​របោះឆ្នោត​ជ្រើស​តាំង​មេ​ដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃអាទិត្យ​នេះ​នឹង​ប៉ះពាល់​ដល់​ឧស្សាហ​កម្ម​កាត់ដេរ​របស់​ប្រទេស​នេះ​ដល់​កម្រិត​ណា​នោះ​ទេ។​

ទាក់​ទង​នឹង​បញ្ហា​ដ៏​ប្រទាក់​ក្រឡា​គ្នា​នេះ ​ លោក​ ហេង ឌីណា ​សេដ្ឋ​វិទូ​ខ្មែរ​មួយ​រូប​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​ណែនាំ​ថា ​កាលណា​កម្ពុជា​អាច​ពង្រឹង​គុណភាព​ផលិតផល​កសិកម្ម​បែប​ឧស្សាហ​កម្ម​ឲ្យ​បាន​ល្អ​នោះ​ ​នោះ​តម្លៃ​ម្ហូប​អាហារ​នឹង​ថយ​ចុះ ​ដែល​អាច​ធ្វើ​ឲ្យ​ការ​ចំណាយ​លើ​ថ្លៃ​រស់នៅ​ថយ​ចុះ។ ​ការណ៍​នេះ​នឹង​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​កម្មករ។​

«‍បើ​សិន​បើ​យើង​អាច​ផលិត​ម្ហូប​អាហារ ​បន្លែ ​សាច់ ​ម្ហូប​អាហារ​ថោក​ជាង​មុន ​វា​អាច​ជួយ​ដល់​ផលិត​ភាព​ដែរ​ ដោយសារ​ប្រជាជន​យើង​អាច​បរិភោគ​អាហារ​ថោក​ជាង​មុន។​ អញ្ចឹង​ការ​ចាយ​វាយ​ វា​អាច​ថោក​ជាង​មុន។ ​មាន​ន័យ​ថា​ គាត់​ពុំ​ចាំ​បាច់​ទាមទារ​ប្រាក់​ខែ​ខ្ពស់​ជាង​មុន​ទេ ​ដើម្បី​ឲ្យ​គាត់​ខំ​ប្រឹង​ជាង​មុន»។​

លោក​បាន​បន្ថែម​ទៀត​ថា​ អ្នក​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពង្រឹង​ផលិតភាព​ខ្ពស់​របស់​កម្មករ​គឺ​រដ្ឋាភិបាល ​ដែល​ត្រូវ​ធ្វើ​ឲ្យ​សេវា​ថែទាំ​សុខភាព​មាន​តម្លៃ​សមរម្យ​ និង​គុណភាព​ល្អ ​ហើយ​និង​ពង្រឹង​គុណភាព​អប់រំ។​

«‍បញ្ហា​ដែល​យើង​ត្រូវ​មើល​សំខាន់​តទៀត​នោះ​គឺ​ខាង​វិស័យ​អប់រំ ​និង​សុខាភិបាល ​ដែល​អាច​ជួយ​ពង្រឹង​ផលិតភាព​របស់​កម្មករ​យើង។ ​ជា​ឧទាហរណ៍ បើ​សិន​ជា​គាត់​អាច​មាន​សុខភាព​ល្អ​ជាង​មុន ​គាត់​អាច​មាន​ចំណេះ​ដឹងជា​មូលដ្ឋាន​ល្អ​ជាង​មុន​ ដែល​អាច​ចាប់​យក​ជំនាញ​ថ្មីៗ។​ ​វា​អាច​ជួយ​មួយ​កម្រិត»។​

កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទី៨​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៥​ដែល​នាំ​មុខ​គេ​ក្នុង​ការ​នាំ​ចេញ​ផលិតផល​ស្បែក​ជើង និង​សម្លៀក​បំពាក់​កាត់ដេរ​ក្នុង​ឆ្នាំ​២០១៤​ ដែល​កម្ពុជា​បាន​នាំ​មុខ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​ក្នុង​តំបន់។ ​យ៉ាង​ណា​មិញ ​អនាគត​នៃ​វិស័យ​នេះ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​នៅ​ឡើយ​ទេ៕​

XS
SM
MD
LG