ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍៖ សារៈសំខាន់​នៃ​ការ​កសាង​សមត្ថភាព​ស្ថាប័ន (ភាគ១)


កសិករ​ម្នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វាល​ស្រែ​មួយ​ក្នុង​អំឡុង​រដូវ​ច្រូត​កាត់​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ (រូបថត៖ Reuters)

កំណត់​និពន្ធ៖ បទ​ពិសោធន៍​របស់​ប្រទេស​ជា​ច្រើន បង្ហាញ​ថា គុណភាព​ស្ថាប័នមាន​សារៈសំខាន់​ដល់​កំណើន​សេដ្ឋកិច្ច និង​ការ​អភិ​វឌ្ឍន៍។ នៅ​កម្ពុជា​សព្វថ្ងៃ មាន​ការ​ពិភាក្សា​ច្រើន​អំពីភាពចាំបាច់​ក្នុងការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​រដ្ឋ និង​កិច្ចសហការ​រវាង​ស្ថាប័ន​នីមួយៗ ដែល​ជា​គន្លឹះ​ក្នុងការ​តាក់តែង និង​អនុវត្ត​គោល​នយោបាយ​ឲ្យ​ប្រសិទ្ធិភាព ដើម្បី​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា។ ដូច្នេះ ក្នុង​កម្មវិធី​ស្វែង​យល់​អំពី​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ក្នុង​សាកល​លោក​ជាមួយ​លោក ហេង ឌីណា សម្រាប់​សប្តាហ៍​នេះ លោក​នឹង​បកស្រាយ​ជុំវិញ​ស្ថាប័ន​និង​ការ​កសាង​សមត្ថភាព​ស្ថាប័ន​នេះ។

សូមស្តាប់ភាគ១នៃប្រធានបទ​នេះ​ដូច​តទៅ៖

VOA៖ តើស្ថាប័ន​សំដៅ​លើ​អ្វី​ខ្លះ?

លោក ហេង ឌីណា៖ ស្ថាប័ន​ជាទូទៅ​សំដៅ​លើ​អង្គភាព ឬរចនាសម្ព័ន ដែល​បង្កើត​ឡើង​ក្នុង​គោលដៅ​ជាក់លាក់​មួយ ហើយ​អាច​ជា​ស្ថាប័ន​រដ្ឋ ឬ​ឯកជន។ ភាគច្រើន យើង​ពិភាក្សា​អំពី​អង្គភាព​រដ្ឋាភិបាល និង​សេវា​សាធារណៈ។ ក៏ប៉ុន្តែ បើ​យើង​និយាយ​អំពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ស្ថាប័ន​សំដៅ​លើស​ពី​រចនាសម្ព័ន្ធ​នៃ​អង្គភាព​រដ្ឋ​ទៅ​ទៀត ពោល​គឺ​រួម​បញ្ចូល​ទាំង​ច្បាប់ របៀប​គ្រប់គ្រង រដ្ឋបាល និង​កត្តា​លើក​ទឹក​ចិត្ត ដែល​មាន​សារៈសំខាន់ ដល់​បុគ្គល ឬ​ក្រុម​មនុស្ស​។ ឧទាហណ៍ ស្ថាប័ន​ដូចជា​ប្រព័ន្ធ​តុលាការ អជ្ញាធរ និង​ច្បាប់ដីធ្លី និង​ច្បាប់​ផ្សេងៗ​ ដែល​ការពារ​កម្មសិទ្ធ​ឯជន​បាន​ល្អ​ជួយ​ឲ្យ​ប្រទេស​មួយ​រីកចំរើន ពោល​គឺ បើ​អ្នក​ខំ​ធ្វើ​ការ​ នោះ​អ្នក​គួរ​តែ​ទទួល​បាន​ផល​លាភ​ពី​ការងារ​នោះ។

គ្មាន​បុគ្គល ឬ​រដ្ឋ​អំណាច​ណា​អាច​មក​រំលោភបំពាន ឆក់​យក​ស្រែ​ចម្ការ ឬ​ទ្រព្យសម្បត្តិ​ដែល​បុគ្គល ឬ​ពាណិជ្ជករ ដែល​ខំ​ប្រឹងប្រែង​ដាំដុះ និង​កសាង​នោះ​ទេ។ស្ថាប័ន​ដែល​ផ្តល់​ទំនុក​ចិត្ត​លើ​កម្មសិទ្ធិ និង​ផល​លាភ​បែបនេះ ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន និង​អ្នក​វិនិយោគ​ខំ​ប្រឹងប្រែង​បង្កបង្កើន​ផល និង​ច្នៃ​បង្កើត ដែល​ជួយ​ឲ្យ​មាន​ការ​រីកចំរើន។ ក្នុង​ន័យ​ម្យ៉ាង​ទៀត ស្ថាប័ន​រដ្ឋ​ក៏​ឆ្លុះ​បញ្ចាំង​ពី​របៀប ដែល​ធនធាន​ត្រូវបាន​គ្រប់គ្រង និង​បែងចែក​ ដើម្បី​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធិភាព និង​ទទួល​បាន​លទ្ធផល​ល្អ ដើម្បី​ផ្តល់​តម្រូវ​ការ​ជា​មូលដ្ឋាន និង​សេវា​សាធារណៈ​របស់​ប្រជាជន។

VOA៖ តើ​អ្វីទៅ​ជា​ស្ថាប័ន​នយោបាយ ហើយ​អ្វីទៅ​ជា​ស្ថាប័ន​សេដ្ឋកិច្ច?

លោក ហេង ឌីណា៖ ស្ថាប័ន​នយោបាយ​សំដៅ​លើ​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បែងចែក​អំណាច​នយោបាយ​ ដូចជា​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិតេយ្យ និង​រដ្ឋ​ធម្មនុញ្ញ ដែល​រដ្ឋសភា ឬក៏​រដ្ឋាភិបាល​មាន​តួនាទី​សំខាន់​ក្នុង​នោះ។ ចំណែក​ឯ ស្ថាប័ន​សេដ្ឋកិច្ច​សំដៅ​លើ​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គោល​នយោបាយ និង​ច្បាប់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ការពារ​សិទ្ធិ​កាន់កាប់​ទ្រព្យ​សម្បត្តិ ការ​ពង្រឹង​ច្បាប់​ពាណិជ្ជកម្ម ការ​សម្រួល​ដល់​ដំណើរការ​បង្កើត​ក្រុមហ៊ុន​ថ្មីៗ និង​ការ​បង្កើត​ទីផ្សារ​ដ៏​ប្រកួត​ប្រជែង។ តាម​ការ​ស្រាវជ្រាវ និង​បទពិសោធន៍​របស់​ប្រទេស​ជា​ច្រើន បង្ហាញ​ថា ស្ថាប័ន​ដែល​មាន​សមត្ថភាព​ទន់​ខ្សោយ​ ដូច​ជា​ប្រព័ន្ធច្បាប់​ច្របូកច្របល់ ប្រព័ន្ធ​តុលាការ​មិន​មាន​ប្រសិទ្ធិភាព ការពារ​កម្មសិទ្ធ​ឯកជន​មិន​បាន​ល្អ និង​លក្ខន្តិកៈ​ចុះ​ឈ្មោះ​សាជីវកម្ម​ដែល​ស្មុគស្មាញ​ជាដើម​អាច​បង្កើត​ជា​ផល​វិបាក​ដល់​ប្រជាពលរដ្ឋ​ និង​ពាណិជ្ជករ ហើយ​រារាំង​ដល់​ការ​អភិវឌ្ឍន៍។

VOA៖ តើ​ការ​កសាង និង​ពង្រឹង​សមត្ថភាព​ស្ថាប័ន​មាន​សារៈសំខាន់​អ្វី​ខ្លះ​ដល់​ប្រទេស​ជាតិ​មួយ?

លោក ហេង ឌីណា៖ អ្នក​ដឹកនាំ​ជា​បុគ្គល ទោះ​បី​ជា​បុគ្គល​ដែល​មាន​សមត្ថភាព​ក៏ដោយ ក៏​អាច​នៅ​មាន​កម្រិត ដែល​ជា​ហេតុ​អាច​បណ្តាល​ឲ្យ​ប្រព្រឹត្ត​កំហុស​ដ៏​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ជាតិ។ ដោយ​ឡែក ស្ថាប័ន​ឆ្លុះ​បង្ហាញ​ពី​ការ​ធ្វើ​ការងារ​ជា​ក្រុម ច្បាប់​ដែល​អនុម័ត​រួម​គ្នា និង​កត្តា​លើក​ទឹក​ចិត្ត​ដល់​បុគ្គល​ឲ្យ​ខំ​បណ្តាក់​ទុន និង​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មី ហើយ​ប្រមូល​យក​ការ​ចូលរួម គំនិត​យោបល់ និង​ផ្តល់​តុល្យភាព​នៃ​អំណាច និង​ការ​សម្រេច​ចិត្ត។ ក្នុង​ន័យ​នេះ ​ស្ថាប័ន​ដែល​មាន​គុណភាព​ល្អ​អាច​ជួយ​លើក​កម្ពស់​សេ្ថរភាព​នយោបាយ នីតិរដ្ឋ ការ​តាក់តែង​ និង​អនុវត្ត​គោល​នយោបាយ​ដ៏​មាន​ប្រសិទ្ធិភាព និង ការ​ផ្ទេរ​អំណាច​ពី​ជំនាន់មួយ​ទៅ​ជំនាន់មួយ​ដោយ​រលូន។ ក៏​ប៉ុន្តែ កិច្ចការ​ទាំងអស់​នេះ​មិន​ងាយ​នឹង​សម្រេច​បាន​ទេ ប្រសិន​បើ​ជា​ប្រទេស​មួយ​ពឹងផ្អែក​លើ​បុគ្គល​ម្នាក់ ​ឬ​មួយ​ក្រុម​តូច។ ការ​ស្រាវជ្រាវ​ជាច្រើន​បាន​រក​ឃើញ​ថា កត្តា​ដែល​កំណត់​ភាព​ខុស​ប្លែក​គ្នា​នៃ​ភាព​រុងរឿង និង​ប្រទេស​ក្រីក្រ គឺ​ដោយ​សារ​តែ​ភាព​ខុសគ្នា​នៃ​សមត្ថភាព ស្ថាប័ន​សេដ្ឋកិច្ច។ ហេតុដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​រារំាង​ការ​អភិវឌ្ឍន៍​ គឺ​យើង​ត្រូវ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ទាំង​អស់​នេះ។

VOA៖ សូម​លោក​លើក​ជា​ឧទាហរណ៍​ខ្លះៗ​មក​បកស្រាយ​ទាក់ទិន​នឹង​ស្ថាប័ន​ខ្វះ​សមត្ថភាព​នេះ។

លោក ហេង ឌីណា៖ ឧទាហរណ៍ ទោះបី​ជា​មាន​ជំនួយ​ដ៏​ច្រើន​ក្តី ក៏​ប្រទេស​ក្រីក្រ​ជា​ច្រើន​នៅ​តែ​ប្រឈម​នឹង​ភាព​ក្រីក្រ​ដដែល ហើយ​នេះ​គឺ​ដោយសារ​តែ​ប្រទេស​ទាំ​ងនេះ​មាន​ស្ថាប័ន​រដ្ឋ ​ដែល​ខ្វះ​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​ធនធាន​ឲ្យ​មាន​ប្រសិទ្ធិភាព ដូចជា​ប្រើប្រាស់​ថវិកា​ជំនួយ​ខុសគោលដៅ​ដើម្បី​ពង្រឹង​គុណភាព​អប់រំ និង​ពង្រឹង​វិស័យ​សុខាភិបាល និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍន៍​នោះ។ សម្រាប់​ប្រទេស​ខ្លះទៀត បើ​ទោះ​បី​ជា​មាន​គោលនយោបាយ​ល្អ​យ៉ាង​ណា​ក្តី បើ​ស្ថាប័ន​អនុវត្ត​គោល​នយោបាយ​ខ្វះ​សមត្ថភាព​នោះ វា​នឹង​រារាំង​ដល់​ការ​អភិវឌ្ឍន៍ ពោលគឺ មាន​តែ​គោល​នយោបាយ​តែ​គ្មាន​ការ​អនុវត្ត ឬ​លទ្ធផល​ដែល​ចង់​បាន។ មាន​ប្រទេស​ជា​ច្រើន​ ដូចជា​នៅ​តំបន់​អាហ្វ្រិក ដែល​ខ្វះ​ស្ថាប័ន​ដែល​មាន​សមត្ថភាព​ល្អ​ក្នុង​ការ​ប្រើ​ប្រាស់​ធនធាន ដូចជា​ប្រេង និង​ធនធាន​ធម្មជាតិ ដើម្បី​អភិវឌ្ឍ​វិស័យ​សុខាភិបាល ការ​អប់រំ ជំនាញ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ដើម្បី​ផ្សារភ្ជាប់​ប្រទេស​របស់​ខ្លួន​ជាមួយ​នឹង​ទីផ្សារ​សាកលលោក។ ហើយ​បញ្ហា​នេះ​បាន​បណ្តាល​ឲ្យ​ប្រទេស​នេះ​នៅ​តែ​មិន​រីក​ចំរើន ហើយ​ថែម​ទាំង​ធ្លាក់​ក្នុង​បញ្ហា​មួយ ដែល​គេ​ហៅថា បណ្តាសា​ធនធាន។ពោលគឺ មាន​ធនធាន​ធម្មជាតិ​ច្រើន​ តែ​នៅតែក្រ។ នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន ធនធាន​មិន​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មាន​ប្រសិទ្ធិភាព​ទេ ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​ខាត​ ឬ​ការ​ពន្យា​ពេល​នៃ​ការ​បង្កើត​រចនា​សម្ព័ន្ធ​ស្ថាប័ន​ដ៏​សមស្រប​សម្រាប់​ការ​គ្រប់គ្រង​ការ​បែងចែក និង​ការ​ប្រើប្រាស់​ធនធាន។

ក្នុង​ន័យ​នេះ ស្ថាប័ន​ជា​កត្តា​កំណត់​នៃ​ជោគ​វាសនា​របស់​ប្រទេស​ជាតិ។ បទពិសោធន៍​របស់​ប្រទេស ដែល​ទទួល​បាន​ជោគជ័យ​ បង្ហាញ​ថា ជោគជ័យ​គឺ​កើត​ឡើង នៅ​ពេល​ដែល​ស្ថាប័ន​នយោបាយ និង​ស្ថាប័ន​សេដ្ឋកិច្ច​ បង្កើត​ឲ្យ​មាន​កត្តា​លើក​ទឹក​ចិត្ត និង​ផ្តល់​ផល​លាភ​ដល់​មនុស្ស​គ្រប់​គ្នា ឲ្យ​នាំ​គ្នា​បណ្តាក់​ទុន​ និង​បង្កបង្កើន​ផល​ក្នុង​ការ​កសាង​អនាគត​របស់​ប្រទេស​ជាតិ។ ផ្ទុយ​ទៅ​វិញ ប្រទេស​ជាតិ​មួយ​បរាជ័យ នៅ​ពេល​ដែល​ស្ថាប័ន​មាន​លក្ខណៈ«‍កេងប្រវ័ញ្ច» ដែល​ការពារ​អំណាច​សេដ្ឋកិច្ច និង​នយោបាយ​ ទុក​ឲ្យ​តែ​បុគ្គល​មាន​អំណាច​ និង​បក្ស​ពួក​មួយ​ចំនួន​តូច ដែល​កេង​ប្រយោជន៍​ពី​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ និង​ធនធាន​របស់​ប្រទេស​ជាតិ។​

VOA៖ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ជាតិ និង​ការ​រីក​ចំរើន តើ​ស្ថាប័ន​ណា​ខ្លះ ដែល​ចាំបាច់​ត្រូវ​មាន​សមត្ថភាព​រឹងមាំ? សូម​លោក​ផ្តល់​ជា​ឧទាហរណ៍​ខ្លះៗ។

លោក ហេង ឌីណា៖ ដំបូង យើង​ត្រូវការ​ស្ថាប័ន​នយោបាយ​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សេ្ថរភាព​នយោបាយ និង​ស្ថាប័ន​នេះ​ត្រូវ​តែ​មាន​ភាព​ចំហរ និង​ការ​រួម​បញ្ចូល ដែល​មិន​ពឹង​ផ្អែក​តែ​លើ​បុគ្គល​មួយ​ចំនួន​តូច។ ស្ថាប័ន​នយោបាយ​ទាំង​នេះ​រួម​មាន រដ្ឋធម្មនុញ្ញ ប្រព័ន្ធ​បោះឆ្នោត យន្តការ​របស់​គណបក្ស​នយោបាយ និង​ស្ថាប័ន​យោធា​រឹង​មាំ។ តាម​ពិត​ទៅ ស្ថាប័ន​នយោបាយ​ទំាំងនេះ​គឺជា​កត្តា​សំខាន់ ដែល​កំណត់​សមាសភាព​របស់​ស្ថាប័ន​សេដ្ឋកិច្ច។ បន្ថែម​លើ​នេះ ប្រទេស​ជាតិ​មួយ​ត្រូវ​ការ​ចាំ​បាច់​នូវ​ស្ថាប័ន​បច្ចេកទេស​ដ៏​ខ្លាំង​ក្លា ដូច​ជា​ខាង​វិស័យ​អប់រំ សុខាភិបាល យុត្ថិធម៌ ហិរញ្ញវត្ថុ គោល​នយោបាយ​ការ​បរទេស និង​សារព័ត៌មាន។ ហើយ​ស្ថាប័នទាំង​នេះ​អាច​ជួយ​កំណត់​សមាសភាព​នៃ​នីតិរដ្ឋ ការ​ការពារ​សិទ្ធិ​កាន់កាប់​ទ្រព្យ​សម្បត្តិ និង​ការ​ផ្តល់​យុត្តិធម៌ ដល់​សង្គម និង​ការធ្វើ​សារជីវកម្ម។ តាម​ពិត ប្រទេស​ជាតិ​មួយ​អាច​ត្រូវការ​ស្ថាប័ន​ច្រើន​ជាង​នេះ ដើម្បី​លើក​កម្ពស់​ស្ថេរភាព​នយោបាយ នីតិរដ្ឋ ការ​តាក់តែង និង​អនុវត្ត​គោល​នយោបាយ​ដ៏​មាន​ប្រសិទ្ធិភាព។ទោះ​ជា​យ៉ាង​ណា​ក្តី ស្ថាប័ន​ដែល​បាន​លើក​ឡើង​ទាំង​នេះ​គឺជា​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍន៍។

VOA៖ តើ​លោក​យល់​ថា កម្ពុជា​អាច​បន្ត​អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​ខ្លួន​បាន​ទេ បើ​ពឹង​ផ្អែក​លើ​សមត្ថភាព​ស្ថាប័ន​ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ?

លោក ហេង ឌីណា៖ សមត្ថភាព​ស្ថាប័ន​កម្ពុជា​មាន​ការ​រីកចំរើន​មួយ​កម្រិត បើ​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ប៉ុន្តែ កម្ពុជា​ត្រូវការ​ស្ថាប័ន​ដែល​មាន​សមត្ថភាព​រឹងមាំ​ជាង​នេះ ដើម្បី​បោះ​ជំហាន​ការ​អភិវឌ្ឍន៍​ទៅ​មុខ​ទៀត។ កត្តា​សន្តិភាព​នយោបាយ និង​កម្លាំង​ពលកម្ម​វ័យក្មេង ដែល​មាន​សព្វថ្ងែ​ គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ឲ្យ​កម្ពុជា​ឈាន​ដល់​ដំណាក់​អភិវឌ្ឍន៍​យូរ​អង្វែង​ទេ។ ខ្ញុំ​យល់​ថា កម្ពុជា​កំពុង​តែ​ឋិត​នៅ​ក្នុង​ដំណាក់​កាល​ដ៏​សំខាន់​មួយ ដែល​ចាំបាច់​ត្រូវការ​កសាង និង​ពង្រឹង​គុណភាព​ស្ថាប័ន​បន្ថែម​ច្រើន​ទៀត​សម្រាប់​កំណើន សេដ្ឋកិច្ច និង​សេ្ថរភាព​ដ៏​យូរ​អង្វែង​មួយ។ បើ​ទោះ​ជា​កម្ពុជា​យើង​មាន​កំណើន​សេដ្ឋកិច្ច​ល្អ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​អំឡុង​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ​ក្តី ក៏​កម្ពុជា​យើង​មាន​កិច្ចការ​ជា​ច្រើន​ ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ជំរុញ​ឲ្យ​មាន​តុល្យភាព និង​បរិស្ថាន​នយោបាយ​មួយ ដែល​ផ្តល់​ការ​យកចិត្ត​ទុកដាក់ និង​សម្រួល​ដល់​ការ​កសាង​សមត្ថភាព​ស្ថាប័ន​។

VOA៖ មុន​នេះ លោក​បាន​លើក​ឡើង​ពី​សមត្ថភាព​ស្ថាប័ន​នៅ​មាន​កម្រិត។ តើ​ចំណុច​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្តេច?

លោក ហេង ឌីណា៖ សមត្ថភាព​ស្ថាប័ន​ដែល​មាន​កម្រិត គឺ​មាន​ន័យ​ថា ក្រសួង​ខ្វះ​សមត្ថភាព និង​ការខ្វះ​ខាត​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​នីមួយៗ ដែល​ពាក់ព័ន្ធ​គ្នា​ទៅវិញ​ទៅមក​នេះ។ ហើយ​បញ្ហា​នេះ​អាចប៉ះពាល់​ដល់​សក្តានុពល​របស់​ប្រទេស​កម្ពុជា​យើង​ជា​បន្តបន្ទាប់។ តាម​ពិត​ទៅ កម្ពុជា​យើង​មាន​គោល​នយោបាយ​ដ៏​ល្អ​ជា​ច្រើន ក៏​ប៉ុន្តែ ការ​អនុវត្ត​គោល​នយោបាយ​ទាំង​នោះឲ្យ​មាន​ប្រសិទ្ធិភាព និងតាម​គោលដៅ​ដែល​ចង់​បាន​នោះ​នៅ​តែ​ជា​កត្តា​ប្រឈម​ធំមួយ​របស់​យើង​នៅ​ឡើយ។

VOA: សម្រាប់​កម្ពុជា​សព្វ​ថ្ងៃ​នេះ តើ​ស្ថាប័ន​រដ្ឋ​មាន​ស្ថានភាព​យ៉ាង​ដូចម្តេច​ដែរ?

លោក ហេង ឌីណា៖ សមត្ថភាព​ស្ថាប័ន​កម្ពុជា​មាន​ការ​រីកចំរើន​មួយ​កម្រិត បន្ទាប់ពី​សេ្ថរភាព​នយោបាយ​ពេញលេញ​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

សព្វ​ថ្ងៃ​នេះ យើង​ជួប​នឹង​បញ្ហា​ពីរ៖ ទីមួយ គឺ​គុណភាព​ស្ថាប័ន​មាន​កម្រិត ដោយ​សារ​តែ​ការ​ខ្វះ​ធនធាន​មនុស្ស ​ធនធាន​ហិរញ្ញវត្ថុ និង​ភាព​ជា​អ្នក​ដឹកនាំ។ ហើយ​ទីពីរ​គឺ កិច្ច​សហ​ប្រតិបត្តិការ​រវាង​ស្ថាប័ន​នៅ​ខ្សោយ ដូចជា​ការ​សហការ​រវាង​ក្រសួង​នីមួយៗ។ ហើយ​បញ្ហា​ទាំងពីរ​នេះ​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា ហើយ​អាច​ប៉ះពាល់​ដល់​គុណភាព​សេវា​សាធារណៈសំខាន់។ ក្នុង​ន័យ​នេះ យើង​កំពុង​តែ​ប្រឈម​នឹង​គម្លាត​រវាង​គោល​នយោបាយ​ដែល​យើង​មាន និង​ការ​អនុវត្ត​គោល​ជាក់ស្តែង។ តាម​យោបល់​របស់​ខ្ញុំ នេះ​គឺ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​យើង​ត្រូវ​តែ​ដោះស្រាយ។ ឧទាហរណ៍ កំណែ​ទម្រង់​គឺ​កំពុង​ធ្លាក់​ទៅ​លើ​អ្នក ដែល​អនុវត្ត​គោល​នយោបាយ​ថ្នាក់​ក្រោម​ដូច​ទឹកភ្លៀង ប៉ុន្តែ​សូម្បី​តែ​ការ​តាមដាន និង​ការ​វាយ​តម្លៃ​នៅ​មូលដ្ឋាន​នៃ​ក្រសួង​នីមួយៗ​នៅ​មិន​ទាន់​មាន​គ្រប់គ្រាន់ និង​រលូន​នៅ​ឡើយ​ទេ។

កត្តា​លើក​ទឹក​ចិត្ត​នៃ​ប្រព័ន្ធ​គ្រប់គ្រង​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​បាន​ជំរុញ​ឲ្យ​មាន​ការ​ខំ​ប្រឹងប្រែង​ពេញលេញ និង​ការ​ផ្តល់​ព័ត៌មាន​អំពី​បញ្ហា​ក្នុង​តំបន់​ទៅ​ដល់​ថ្នាក់​ដឹក​នាំ​ថ្នាក់​លើ ដែល​អាច​បណ្តាល​ឲ្យ​មេដឹកនាំ​ថ្នាក់​លើ​មិន​បាន​ស្វែងយល់ និង​ដឹង​ពី​ស្ថានភាព​ជាក់​ស្តែង​ឲ្យ​បាន​ជាក់លាក់ ហើយ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​ជីវិត​ពិត និង​បញ្ហា​របស់​ប្រជាជន។

ខ្ញុំ​សូម​លើក​ឧទាហរណ៍​ពីរ​នៃ​កត្តា​ប្រឈម​នៃ​សមត្ថភាព​របស់​ស្ថាប័ន​របស់​យើង​មាន៖

១) ខណៈ​ដែល​យើង​កំពុង​តែ​រអ៊ូរទាំ​អំពី​ការ​ខ្វះ​ខាត​ថវិកា​ យើង​នៅ​តែ​មាន​បញ្ហា​ ក្នុងការ​ប្រើប្រាស់​ថវិកា​ដែល​មាន និង​ដែល​បាន​គ្រោង​សម្រាប់​ចំណាយ។

២) ខណៈ​ដែល​យើង​កំពុង​តែ​រអ៊ូ​រទាំង​ពី​ការ​ខ្វះ​គ្រូ​បង្រៀន​តាម​ស្រុកខ្លះ ស្រុក​មួយ​ទៀត​មាន​គ្រូ​លើស​ចំនួន។ យើង​មាន​គ្រូ​បង្រៀន​លើស​ពី​៨០​នាក់​នៅ​តាម​ស្រុក​តែ​មួយ និង​លើស​ពី១៥០នាក់​ដែល​ធ្វើការ​នៅ​ក្បែរ​ស្រុក​នោះ។

នេះ​ឆ្លុះ​បញ្ចាំង​ថា កម្ពុជា​ចាំបាច់​ត្រូវការ​កសាង និង​ពង្រឹង​គុណភាព ស្ថាប័ន ក៏​ដូចជា​សមត្ថភាព​សហការ​រវាង​ស្ថាប័ន​សំខាន់ៗ បន្ថែម​ច្រើន​ទៀត​ដើម្បី​ប្រើប្រាស់​ធនធាន ដែល​យើង​មាន និង​ដើម្បី​គៀងគរ​ធនធាន​បន្ថែម ។

VOA៖ តើ​លោក​អាច​បកស្រាយ​បន្ថែម​បាន​ទេ ថា​តើកត្តា​ប្រឈម​ទាំង​ពីរ​ដែល​លោក​បាន​លើក​ឡើង​ខាង​លើ​នេះ​កើត​ឡើង​នៅ​ក្នុង​បរិបទ​កម្ពុជា​យើង​ដោយ​របៀបណា?លោក ហេង ឌីណា៖ កម្ពុជា​យើង​ឆ្លង​កាត់​ប្រវត្តិសាស្រ្ត​លំបាក ដែល​ធ្វើ​ឲ្យ​បាត់បង់​ធនធាន​មនុស្ស​នា​សម័យ​សង្គ្រាម និង​ខាត​ពេលវេលា​សម្រាប់​អភិវឌ្ឍ​ស្ថាប័ន។

ខ្ញុំ​ចង់​លើក​យក​ពីរ​ចំណុច​ ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា​ពិចារណា៖

១) បញ្ហា​របស់​យើ​ង​គឺ​មិន​មាន​ភាព​ស្មុគស្មាញ​ណាស់​ណា​ទេ ហើយ​បុគ្គលិក​ដែល​មាន​សមត្ថភាព​ និង​ដែល​ជា​អ្នក​អនុវត្ត​គោល​នយោបាយ ឬ​ប៉ះពាល់​ដោយ​សារ​តែ​បញ្ហា​ទាំង​នេះ ភាគ​ច្រើន​ដឹង​ថា​ត្រូវ​ដោះស្រាយ​បញ្ហា​ឲ្យ​មាន​ប្រសិទ្ធិភាព​តាម​របៀបណា។ ប៉ុន្តែ អ្នក​ទាំង​នោះ​មិន​មាន​សិទ្ធិ​ក្នុងការ​ធ្វើ​សេចក្តី​សម្រេច ឬ​ពុំ​ទទួល​ការ​ទុកចិត្ត​ពី​ថ្នាក់លើ ហើយ​មតិយោបល់​របស់​ពួក​គាត់​មិន​ត្រូវ​បាន​ទទួល​ស្គាល់។ សំណួរ៖​តើ​ហេតុអ្វីបាន​ជា​អញ្ចឹង?

​២) ទីពីរ គឺ​ការ​ទទួល​ខុស​ត្រូវ។ ស្ថាប័ន​របស់​យើង​ត្រូវ​ពង្រឹង​ស្មារតី និង​ការ​ទទួល​ខុសត្រូវ​ឲ្យ​បាន​ខ្ពស់។ មនុស្ស​មួយ​ភាគមិន​ត្រូវ​បាន​ចាត់​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន​ឡើយ ហើយ​នេះ​គឺជា​ឧទាហរណ៍​ការ​ខ្វះ​ការ​ទទួល​ខុសត្រូវ និង​ភាព​ជា​អ្នក​ដឹក​នាំ។ យើង​ត្រូវ​តែ​ពង្រឹង​ការ​ទទួល​ខុសត្រូវ​របស់​ស្ថាប័ន តាមរយៈ​បង្កើត និង​ពង្រឹង​យន្តការ​តាមដាន និង​វាយ​តម្លៃ​សកម្មភាព​នៃ​ថ្នាក់​ដឹកនាំ​ស្ថាប័ន ក្រសួង ខេត្ត និង​ក្រុង។

VOA: នាងខ្ញុំ​ឆ្ងល់​ថា​តើ ពីមុន​មក​កម្ពុជា​យើង​ធ្លាប់​មាន​ស្ថាប័ន​ដែល​មាន​គុណភាព​ដែរ​ឬ​ទេ?

លោក ហេង ឌីណា៖ បាទ មាន។ហើយ​នេះ​ជា​សំណួរ​មួយ ដែល​យើង​ត្រូវ​សួរ និង​ស្វែងរក​ចម្លើយ​ទាំងអស់​គ្នា ដើម្បី​ទាយ​យក​មេរៀន និង​បទពិសោធន៍។ អាជ្ញាធរ​ផ្គត់ផ្គង់​ទឹក​នៅ​ទីក្រុង​ភ្នំពេញ គឺជា​ឧទាហរណ៍​ដ៏​ល្អ​ដែល​បង្ហាញ ពី​មេដឹកនាំ​ដ៏​ប្តេជ្ញាចិត្ត​ម្នាក់​ ដែល​ខិតខំ​បង្កើត​ប្រព័ន្ធ​ស្ថាប័ន​ដ៏​មាន​គុណភាព​ល្អ​មួយ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដ៏​ល្អ។ ករណី​នៃ​ការ​កសាង​ស្ថាប័ន​ដ៏​ជោគជ័យ​កាល​ពីទសវត្សរ៍​ឆ្នាំ៩០ និង​ឆ្នាំ២០០០​របស់​អាជ្ញាធរ​ផ្គត់ផ្គង់​ទឹក និង​ជោគជ័យ​នៃ​កំណែទម្រង់​របស់​ក្រសួង​មួយ​ចំនួន​តូច​គួរតែ​ផ្តល់​ការ​ជឿទុកចិត្ត​ និង​គំរូ​ដល់​យើង​ទាំង​អស់​គ្នា ដើម្បី​ដើរឆ្ពោះទៅ​មុខ​ហើយ​ឲ្យ​យើង​គិត​រួម​គ្នា និង​និយាយ​ពិភាក្សា​គ្នា​អំពី​ដំណើរការ​ និង​ពង្រឹង​សមត្ថភាពរបស់​ស្ថាប័ន​យើង។ ខ្ញុំ​ជឿ​ថា កម្ពុជា​យើង​អាច​ធ្វើ​បាន នៅពេល​ដែល​យើង​មាន​ឆន្ទៈនយោបាយ និង​ការ​ដាក់​មនុស្ស ដែល​មាន​សមត្ថភាព និង​ឆន្ទៈ​ជា​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័ន​ទាំង​នោះ។

VOA: តើ​យើង​គួរ​តែ​ចាប់​ផ្តើម​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ពី​ត្រង់​ចំណុច​ណា និង​ដោយ​របៀប​ណា?

លោក ហេង ឌីណា៖ តើ​កម្ពុជា​អាច​កសាង​ស្ថាប័ន​របស់​ខ្លួន​ដោយ​របៀប​ណា ហើយ​ថា​តើ​ស្ថាប័ន​មួយ​ណា​ដែល​គួរ​តែ​ចាប់​ផ្តើម​មុន​គេ? ទាំង​នេះ​គឺជា​សំណួរ​ដ៏​សំខាន់ ហើយ​តាម​ពិត ​យើង​គ្មាន​រូបមន្ត​រួម​មួយ​សម្រាប់​ដំណើរការ និង​ដំណាក់កាល​នៃ​ការ​កសាង​ស្ថាប័ន​ដ៏​មាន​ប្រសិទ្ធិភាព​ទេ។ បទ​ពិសោធ​របស់​ប្រទេស ដែល​ជោគជ័យ​ក៏​មាន​ភាព​ខុសគ្នា​ដែរ។ វា​អាស្រ័យ​លើ​បរិបទ​នៃ​ប្រទេស​នីមួយៗ។ ក៏​ប៉ុន្តែ ក្នុង​បរិបទ​កម្ពុជា​បច្ចុប្បន្ន និង​សម្រាប់​ចំណុច​ដ៏​សំខាន់​នៃ​ការ​កសាង​ស្ថាប័ន ខ្ញុំ​សូម​លើក​យក​ចំណុច​មួយ​ ដែល​អាច​ជា​គន្លឹះ​ជួយ​ដោះស្រាយ​បញ្ហា​ជាច្រើន ដែល​ជំពាក់​ជំពិន​គ្នា​ ហើយ​ហាក់​ដូចជា​គ្មាន​ដំណោះស្រាយ៖

កម្ពុជា​យើង​ត្រូវ​ដឹកនាំ​ស្ថាប័ន ក្រសួង ខេត្ត និង​ក្រុង​ដែល​មាន​សមត្ថភាព និង​ការ​ទទួល​ខុសត្រូវ​ឲ្យ​បំពេញ​ការងារ​ចំ​គោលដៅ។ សព្វ​ថ្ងៃ​យើង​ពឹងផ្អែក​លើ​បុគ្គល​ មិន​មែន​ប្រព័ន្ធ​នោះ​ទេ។ ចំណុច​ចាប់​ផ្តើម​ដ៏​សំខាន់​ និង​ដើម្បី​កាត់​ផ្តាច់​បញ្ហា​អនុវត្ត​គោលនយោបាយ​ដ៏​ជំពាក់​ជំពិន​គ្នា នោះ​គឺ​ការ​តែងតាំង​រដ្ឋមន្ត្រី​ និង​អភិបាល​ខេត្ត ដែល​មាន​សមត្ថភាព និង​ក្នុង​ចំនួន​គ្រប់គ្រាន់​ឲ្យ​បំពេញ​ការងារ​នៅ​តាម​ក្រសួង​ និង​ខេត្ត​សំខាន់ៗ។ បើ​សិន​ជា​យើង​សម្លឹង​មើល​បទពិសោធន៍​របស់​ប្រទេស​សិង្ហបុរី ជប៉ុន ឬកូរ៉េ​ ការ​តែងតាំង និង​ផ្តល់​ការ​ទុកចិត្ត​ដល់​បុគ្គល​ដ៏​មាន​សមត្ថភាព​ឲ្យ​ដឹកនាំ​ស្ថាប័ន​សំខាន់ៗ​ គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ចាប់ផ្តើម​កសាង​សមត្ថភាព​ស្ថាប័ន​សំខាន់ៗ។

ហើយ​រដ្ឋមន្ត្រី​ទាំង​នោះ​គួរតែ​អាច​ឲ្យ​តែងតាំង និង​ជ្រើសរើស​សមាជិក​ថ្នាក់​ដឹកនាំ​ក្នុង​ស្ថាប័ន​ ឧទាហរណ៍ ដូចជា​តែងតាំង​រដ្ឋលេខាធិការ​ និង​អនុរដ្ឋ​លេខាធិការ​របស់​ក្រសួង ។ ការ​ធ្វើ​បែបនេះ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​របស់​ពួក​គាត់​បាន​ច្បាស់​លាស់។ ពោល​គឺ​ជៀសវាង​ចង្អុល​គ្នា ឬ​លើក​លេស​ហេតុផល​ផ្សេងៗ ពេល​មាន​បញ្ហា ឬ​អាក់ខាន​មិន​បាន​អនុវត្ត​គោលនយោបាយ។

VOA៖ តើ​បុគ្គល​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​គួរ​តែ​មាន​គុណសម្បត្តិ​អ្វីខ្លះ?

លោក ហេង ឌីណា៖ ជាទូទៅ បុគ្គល​សម្រាប់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ទាំង​នេះ​ត្រូវតែ​មាន​គុណ​សម្បត្តិ​បី៖ ទីមួយ​គឺ សមត្ថភាព​ខាង​វិជ្ជាជីវៈ ឆន្ទៈ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍន៍ និង​សកម្មភាព​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ទាំង​នោះ។ ជា​ការ​ពិត ភាព​ស្មោះស្ម័គ្រ​នឹង​គណបក្យ ជា​ជិវិត​នយោបាយ​ពិត​ដែល​មិនអាច​ប្រកែក​បាន។ ប៉ុន្តែ គេ​មិន​ត្រូវ​មើល​រំលង​បុគ្គល ដែល​គួរ​ក្លាយជា​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ដែល​ត្រូវមាន​គុណ​សម្បត្តិ​ទាំងបី​នេះ អាច​ជួយ​ស្វែង​រក​ដំណោះស្រាយ​តាមរយៈ​ការ​កសាង​សមត្ថភាព​ស្ថាប័ន​របស់​ខ្លួន។

តាម​បទ​ពិសោធ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន មេដឹកនាំ​ថ្នាក់​កំពូល​អាច​នឹង​ប្រើប្រាស់​ពេលវេលា ធនធាន និង​អំណាច​នយោបាយ​របស់​ខ្លួន​ ដើម្បី​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​ និង​ភាព​ក្រិត្យក្រម​របស់​យោធា និង​កង​កម្លាំង​ប៉ូលិស ដែល​ដើរ​តួនាទី​សំខាន់​ក្នុងការ​រក្សា និង​ការពារ​សន្តិភាព និង​ស្ថេរភាព​របស់​ប្រទេសជាតិដ៏​យូរ​អង្វែង។

VOA: លោក​បាន​លើក​ឡើង​ពី​ការ​ថ្នាក់​ដឹកនាំ​ស្ថាប័ន ក្រសួង ខេត្ត និង​ក្រុង ដែល​មាន​សមត្ថភាព និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំពេញ​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ​ឲ្យ​កាន់​តែ​ច្រើន។ តើ​មាន​កត្តា​អ្វី​ខ្លះ​ក្នុង​ការ​ចាប់​ផ្តើម​កិច្ចការ​នេះ ដើម្បី​កសាង​សមត្ថភាព​ស្ថាប័ន​នៅ​កម្ពុជា​យើង?

លោក ហេង ឌីណា៖ តាម​ពិត មាន​កត្តា​ជា​ច្រើន​ដែល​ត្រូវការ​ដើម្បី​កសាង និង​អភិវឌ្ឍន៍​ស្ថាប័ន​របស់​យើង​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ក៏​ប៉ុន្តែ ការណ៍​ដែល​យើង​មាន​បុគ្គល​ ដែល​មាន​សមត្ថភាព​ធ្វើការ​ចំ​គោលដៅ អាច​ជួយ​ដល់​យើង​ច្រើន ជាពិសេស​ក្នុង​ការ​បង្កើត​ដំណើរការ ​នីតិវិធី ឬ​ប្រព័ន្ធ​ដ៏​មាន​ប្រសិទ្ធិភាព​នៅ​តាម​ស្ថាប័ន​ទាំង​នោះ ដើម្បី​ទាក់ទាញ​បុគ្គល​ដែល​មាន​សមត្ថភាព​ឲ្យ​ចូល​បម្រើ​ស្ថាប័ន​រដ្ឋ​បន្ថែម​ទៀត។

បន្ថែម​លើ​នេះ ខ្ញុំ​ចង់​លើ​កចំណុច​បីសំខាន់ៗ​មក​និយាយ អំពី​ការ​កសាង​សមត្ថភាព​ស្ថាប័ន​នេះ។

១) គុណូប​ធិបតេយ្យ៖ ពោល​គឺ​អ្នក​មាន​សមត្ថភាព និង​ខំ​ប្រឹង​បំពេញ​ការងារ​គួរតែ​ទទួល​បាន​ការ​លើក​ទឹកចិត្ត និង​ការ​លើក​តម្កើង។ ថ្នាក់​ដឹកនាំ​ស្ថាប័ន ក្រសួង ខេត្ត​និង​ក្រុង​ត្រូវតែ​ចាប់​យក និង​អនុវត្ត​គោលការណ៍​ដែល​ផ្អែក​លើ​គុណតម្លៃ​ ។ បើសិន​ជា​បុគ្គល​ម្នាក់​មាន​សមត្ថភាព ​ដែល​ត្រូវ​តាម​តម្រូវការ​របស់​ស្ថាប័ន នោះ​យើង​គួរ​តែ​ជ្រើស​យក​គាត់​មក​បំពេញ​ការងារ​ក្នុង​ស្ថាប័ន​នោះ ដើម្បី​ផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធិភាព​ដល់​ប្រជាពលរដ្ឋ។

២) ភាព​ស្មើ​គ្នា៖ ច្បាប់ វិន័យ និង​បទបញ្ជា​ត្រូវ​តែ​ជា​អ្នក​សម្រេច មិន​មែន​បុគ្គល​ទេ។
៣) ការ​ចងក្រង​ឯកសារ និង​ការ​បន្តវេន តាមរយៈ​ការ​ហ្វឹកហ្វឺន​នៅ​ក្នុង​ស្ថាប័ន៖ មាន​ន័យ​ថា យើង​ត្រូវ​តែ​រក្សា​ទុក​នូវ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​បំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ និងចិរភាព។

នៅ​ពេល​យើ​ងមាន​ស្ថាប័ន​ដែល​មាន​ប្រសិទ្ធភាព ​ដែល​មានសមត្ថភាព និង​ការ​ទទួល​ខុសត្រូវ​បំពេញ​ការងារ​ដែល​ចំ​វិជ្ជាជីវៈ ទើប​កម្ពុជា​យើង​អាច​មាន​ទំនុក​ចិត្ត​កាន់តែ​ខ្លាំង ក្នុងការ​ក្លាយ​ទៅ​ជា​ប្រទេស​ ដែល​មាន​ប្រាក់​ចំណូល​មធ្យម​បាន​ដោយ​ភាព​ជឿ​ជាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ទៅ​មុខ​ទៀត៕

XS
SM
MD
LG