ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ADB៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​​ធ្លាក់​ទាបជាង​ការ​ព្យាករណ៍​ទុក

  • ម៉ែន គឹមសេង

រូបឯកសារ៖ កសិករ​ខ្មែរ​នាំ​គ្នា​ទាញ​ក្រណាត់​តង់​ដែល​ពោរពេញ​ទៅ​ដោយ​កណ្តាប់​ស្រូវ​ចេញ​ពី​វាល​ស្រែ​លិច​ទឹក ដើម្បី​ហាល​ស្រូវ​ឲ្យ​ស្ងួត​ក្នុង​រដូវ​ច្រូត​ស្រូវ​នៅ​ភូមិ​ស្វាយ​ចេកនៃ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី៧ ខែ​ធ្នូ ឆ្នាំ២០១៤។ (AP/ហេង ស៊ីនិត)

សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នឹង​មាន​ការរីក​ចម្រើន​តិច​ជាង​ការ​ព្យាករណ៍​ទុក ប៉ុន្តែ​នៅតែ​មាន​លក្ខណៈ​រឹងមាំ។

សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នឹង​មាន​ការរីក​ចម្រើន​តិច​ជាង​ការ​ព្យាករណ៍​ទុក ប៉ុន្តែ​នៅតែ​មាន​លក្ខណៈ​រឹងមាំ។ ការ​ថមថយ​នេះ​ដោយ​សារ​តែ​ការ​ថយ​ចុះ​នូវ​សក្តានុពល​កំណើន​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍​នៅ​អាស៊ី​ និង​ការ​ងើប​ឡើង​វិញ​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ឧស្សាហកម្ម​ធំៗ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB)។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ធ្វើ​ការ​ព្យាករណ៍​ថា ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (ផសស) សម្រាប់​ប្រទេស​កម្ពុជា​គឺ​៧,០% ​សម្រាប់​ឆ្នាំ​២០១៥ ​និង​៧,២% ​សម្រាប់​ឆ្នាំ​ ២០១៦​ដែល​ទាប​ជាង​ការ​ព្យាករណ៍​ចេញផ្សាយ​ក្នុង​ខែ​មីនា​ថា ​កំណើន​ឆ្នាំ​២០១៥ ​អាច​ដល់​៧,៣% ​និង​ឆ្នាំ​២០១៦ ​ដល់​៧,៥%។

លោក Jan Hansen ​សេដ្ឋវិទូ​ជាន់​ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា៖ «ការ​ពង្រីក​ឧស្សាហកម្ម​កាត់ដេរ​ សំណង់ ​និង​សេវា​កម្ម ​ជា​ពិសេស ​សេវា​ទេសចរណ៍ ហិរញ្ញវត្ថុ ​និង​អចលន​ទ្រព្យ​នៅតែ​បន្ត​ជំរុញ​កំណើន​បន្ថែម​ទៀត។ ប៉ុន្តែ​ កំណើន​នៃ​ការ​នាំ​ចេញ ​និង​ទេសចរណ៍​មាន​ការ​ថមថយ​បន្តិច​ក្នុង​ឆមាស​ទី​១ ​នៃ​ឆ្នាំ​២០១៥ ​ខណៈពេល​ដែល​វិស័យ​កសិកម្ម​ទទួល​រង​ផល​ប៉ះពាល់ ​ដោយសារ​ភ្លៀង​ធ្លាក់​មាន​កម្រិត​ទាប​ និង​អូស​បន្លាយ​ពេលយូរ‍»។​

ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ ​និង​ស្បែក​ជើង​របស់​កម្ពុជា​កើន​ឡើង​បាន​តែ​ ១១,០% គឺ​ថយ​ចុះ​ពី​១៤,៥% ​ក្នុង​ឆមាស​ទី១ ​នៃ​ឆ្នាំ​២០១៤។ រីឯ​កំណើន​នៃ​ការ​នាំ​ចេញ​ទំនិញ​សរុប​ថយពី​១៨,៣% មក​នៅ​ត្រឹម​តែ១៤% ​វិញ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ADB​បន្ថែម​ថា៖

«ឧស្សាហកម្ម​កាត់ដេរ​ប្រឈម​នឹង​ការ​កើន​ឡើង​នូវ​ការ​ប្រកួត​ប្រជែង​ ដោយ​សារ​តែប្រាក់​ដុល្លារ​ឡើង​ថ្លៃ ​និងគូប្រកួត​ប្រជែង​ ដែល​ផ្តល់​ប្រាក់​ឈ្នួល​ទាប​ ដូចជា​ប្រទេស​មីយ៉ាន់ម៉ា​ជាដើម‍»។

កំណើន​ចំនួន​ភ្ញៀវ​ទេសចរ​ក៏​មាន​ការ​ថយ​ចុះ​ ប៉ុន្តែ​តម្រូវការ​ក្នុង​ស្រុក​មាន​ការ​កើន​ឡើង​ខ្លាំង​ដោយ​មាន​ការ​ពង្រីក​ការផ្តល់​ឥណទាន​ដល់​វិស័យ​ឯកជន​ និង​ការ​នាំ​ចូល​ក៏​មាន​កំណើន​ខ្ពស់​ផង​ដែរ។

សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មាន​កំណើន​ជា​មធ្យម​ក្នុង​កម្រិត​៧,៧%​ក្នុង​មួយ​ឆ្នាំ​នា​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​បញ្ជាក់​កាលពី​ថ្ងៃច័ន្ទ​ដែរថា កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៥​នេះ​ក៏​នឹង​មិន​ទាប​ជាង​៧%ឡើយ៕

XS
SM
MD
LG