ភ្នំពេញ៖ ក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយនៅថ្ងៃសុក្រនេះថា មន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់ជាង១០០.០០០នាក់កំពុងបំពេញទម្រង់បែបបទនៃរបាយការណ៍ការប្រកាសទ្រព្យសម្បត្តិនៅក្នុងដំណើរការធម្មតាដែលជាវិធីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដ៏រីករាលដាលដោយចាប់ផ្តើមពីខែមករានេះទៅ។
លោកកែវ រ៉េមី អ្នកនាំពាក្យក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា រាជរដ្ឋាភិបាលធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានប្រសិទ្ធភាពធានានូវសុវត្ថិភាពរបស់បុគ្គលនិងមិនឱ្យមានការរំជើបរំជួលនៅក្នុងសង្គម។
«ការប្រកាសទ្រព្យសម្បត្តិនេះគឺជាវិធានការមួយក្នុងការទប់ស្កាត់អំពើពុករលួយ។ ការប្រកាសទ្រព្យ សម្បត្តិនេះជាលក្ខណៈសម្ងាត់លើកដំបូងនិងប្រវត្តិសាស្ត្រដោយធានានូវសុវត្ថិភាពទាំងខាងផ្លូវកាយ និងផ្លូវចិត្តជូនមន្ត្រីដែលត្រូវប្រកាសទ្រព្យនោះ»។
ដំណើរការប្រកាសទ្រព្យសម្បត្តិនេះបានធ្វើឡើងចាប់ពីថ្ងៃទី១ខែមករាដល់ខែមិនា។ មន្ត្រីជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិមួយចំនួនបានទទួលនូវទម្រង់បែបបទនៃការប្រកាសទ្រព្យសម្បត្តិនិងកំពុងតែ បំពេញបញ្ជីទ្រព្យសម្បត្តិរបស់គាត់។
លោកអ៊ិត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងថាលោកបានបំពេញទម្រង់បែបបទប្រកាស ទ្រព្យសម្បត្តិនិងដាក់ក្នុងស្រោមសំបុត្រចំនួនពីរដូចគ្នាហើយបិទស្រោមសំបុត្រទាំងពីរនោះឱ្យជិត ដោយខ្លួនលោកហើយយកសំបុត្រនោះទៅជូនមន្ត្រីបង្គោលនៅក្នុងក្រសួងដែលជាអ្នកប្រមូលរបាយការណ៍ប្រកាសទ្រពសម្បត្តិដើម្បីយកទៅជូនអង្គភាពប្រឆាំងអំពើពុករលួយ។
លោកនូវ សុវត្ថិរ៉ូ រដ្ឋលេខាធិការក្រសួងព័ត៌មានបានបញ្ជាក់ថាដំណើរការប្រកាសទ្រព្យសម្បត្តិនេះមិន មានលក្ខណៈស្មុគស្មាញទេ។
«សំបុត្រដែលយើងបំពេញហើយនោះក្រោយពីបិទហើយយកទៅដាក់នៅអង្គភាពប្រឆាំងអំពើពុករលួយ។ ក្រោយពីទទួលបានរបាយការណ៍ប្រកាសទ្រព្យសម្បត្តិអង្គភាពប្រឆាំងអំពើពុករលួយបោះត្រាលើនៅត្រង់កន្លែងបិទស្រោមសំបុត្រទីមួយនិងទីពីរ។ ស្រោមសំបុត្រទីមួយ និងទីពីរដូចតែគ្នាទេ។ ប៉ុន្តែ ស្រោមមួយរក្សាទុកនៅកន្លែងស្ថាប័នប្រឆាំងអំពើពុករលួយនិងស្រោមសំបុត្រមួយទៀតផ្ញើ ត្រឡប់មកឱ្យសាម៉ីខ្លួនទុកនៅក្នុងគ្រួសារវិញ»។
លោកស៊ៀង បូរ៉ាត់ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងក្នុងពិធីផ្សព្វផ្សាយការប្រកាស ទ្រព្យសម្បត្តិនៅក្រសួងព័ត៌មានកាលពីថ្ងៃពុធថាគ្មាននរណាមានសិទ្ធិហែកស្រោមសំបុត្រប្រកាសទ្រព្យ នេះមើលជាដាច់ខាត ប៉ុន្តែបើទ្រព្យសម្បត្តិរបស់មន្ត្រីណាម្នាក់មានការកើនឡើងខុសប្រក្រតីនិងបើមាន ពាក្យបណ្តឹងថាមន្ត្រីណាម្នាក់មានបានដោយការគាបសង្កត់ជនណាម្នាក់នោះ អង្គភាពប្រឆាំងអំពើពុក រលួយនឹងបើកស្រោមសំបុត្ររបស់មន្ត្រីនោះដើម្បីធ្វើការស៊ើបអង្កេត។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងថាលោកចង់ឱ្យមានការប្រកាសទ្រព្យ សម្បត្តិជាសាធារណៈដើម្បីដឹងឮជាទូទៅនិងធានាឱ្យមានតម្លាភាពនិងការទទួលខុសត្រូវនៅក្នុងប្រព័ន្ធ គ្រប់គ្រងរបស់រដ្ឋ។
«ខ្ញុំជឿថា ការប្រកាសទ្រព្យសម្បត្តិសម្ងាត់នេះមានប្រសិទ្ធភាពតិចតួចណាស់ ព្រោះការប្រកាសមិន សាធារណៈនេះបើកផ្លូវឱ្យមានការរំលោភអំណាចនិងការទំនាស់ផលប្រយោជន៍។ បើ (អាជ្ញាធរ)ចង់ចាប់ អ្នកណាមួយ ឬ មិនចង់ វាស្រេចតែអង្គភាពប្រឆាំងអំពើពុករលួយ»។
លោកកែវ រ៉េមី អ្នកនាំពាក្យក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានថ្លែងថាច្បាប់ប្រឆាំងអំពើពុករលួយតម្រូវឱ្យមន្ត្រីជាប់កាតព្វកិច្ចគ្រប់រូបប្រកាសទ្រព្យសម្បត្តិជាសម្ងាត់។
«ក្នុងច្បាប់គេប្រកាសទ្រព្យសម្បត្តិជាសម្ងាត់ ហើយបើយើងប្រកាសទ្រព្យសម្បត្តិជាសាធារណៈវាជារឿងមួយខុសច្បាប់»។
រដ្ឋសភា បានអនុម័តច្បាប់ប្រឆាំងអំពើពុករលួយនេះកាលពីឆ្នាំ២០១០ ដែលតម្រូវឱ្យមន្ត្រីជាប់ពន្ធនាគារ ដល់ទៅ១៥ឆ្នាំ បើតុលាការបានរកឃើញទោសកំហុសរបស់មន្ត្រីណាម្នាក់ពីការទទួលសំណូក។
អង្គការតម្លាភាពអន្តរជាតិ (Transparency International) បាននិយាយថ្មីៗនេះថាប្រទេសកម្ពុជាបានស្ថិតនៅក្នុងលំដាប់ថ្នាក់ទី១៥៤ក្នុងចំណោមប្រទេសចំនួន១៧៨ដែលបានប្រពឹត្តអំពើពុករលួយយ៉ាងខ្លាំង៕