ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បច្ចេកវិទ្យាបង្ក​ភាពងាយស្រួល​ដល់​យុវជន​យុវតី​កម្ពុជាខ្លះ​ក្នុង​ការ​មើល​រឿង​អាសអាភាស​


មក​ទល់​ពេល​នេះ ទំនោរ​នៃ​ការ​មើលរូប​អាសអាភាស​របស់​យុវជន​មាន​ការ​កើន​ឡើង​កាន់​តែ​ច្រើន ដោយសារ​តែ​ភាព​ប្រសើរ​ឡើង​នៃ​បច្ចេកវិទ្យា។

ក្រុម​យុវជន​កម្ពុជា ជាពិសេស​នៅ​តាម​វិទ្យាល័យ បាន​ឆ្លៀតពេល​កំពុង​រៀន​សូត្រ​ដើម្បី​មើល​រូប និង​វីដេអូ​អាសអាភាស​នៅ​ក្នុង​ថា្នក់​រៀន​ទៀត​ផង។

ភ្នំពេញ៖ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ទំនើប​ដូចជា​ទូរសព្ទដៃ​ដែល​គេ​អាច​ប្រើប្រាស់​ក្នុង​មុខងារ​ជា​ច្រើន និង​អាច​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធើណែត​ដោយ​មាន​ល្បឿន​លឿន​ទៀតផង​នោះបាន​នាំ​យុវជន​ខ្មែរ​មួយ​ចំនួន​ងាក​ទៅ​រក​ផ្លូវ​ខុស។
ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា ក្រុម​យុវជន​កម្ពុជា ជាពិសេស​នៅ​តាម​វិទ្យាល័យ បាន​ឆ្លៀតពេល​កំពុង​រៀន​សូត្រ​ដើម្បី​មើល​រូប និង​វីដេអូ​អាសអាភាស​នៅ​ក្នុង​ថា្នក់​រៀន​ទៀត​ផង។
លោក ងោ ម៉េង​ហួង ដែល​ជា​នកស្រាវជ្រាវ​មួយ​រូប​ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​លើ​ប្រធានបទ​ស្តីអំពី​ទំនោរ​នៃ​អ្នក​មើល​រូប ឬ​វីដេអូ​អាសអា​ភាស​របស់​យុវវ័យ​រយៈពេល​ជិត​មួយ​ឆ្នាំ បាន​បញ្ជាក់ថា មក​ទល់​ពេល​នេះ ទំនោរ​នៃ​ការ​មើលរូប​អាសអាភាស​របស់​យុវជន​មាន​ការ​កើន​ឡើង​កាន់​តែ​ច្រើន ដោយសារ​តែ​ភាព​ប្រសើរ​ឡើង​នៃ​បច្ចេកវិទ្យា។
«អ្នក​ដែល​បាន​មើល​រូបភាព​អាសអាភាស​របស់​យុវវ័យ​ហ្នឹង​វា​មាន​ទំនាក់ទំនង​គ្នា​ដូចម្តេច​ដែរ? ស្ថានភាព​នៃ​រូបភាព​អាសអាភាស​ហ្នឹង​មាន​ការី​សុះសាយ​គ្រប់​តែ​ម្តង​ដូចជា​នៅតាម​ហ៊ាង​អ៊ីនធឺណេត លើ​ទូរសព្ទ​ដៃ​ជាដើម»។
លោក ងោ ម៉េង​ហួង បាន​ជួប​សម្ភាស​ជាមួយ​យុវជន​អាយុ​ចន្លោះ​ពី១៨​ទៅ​២៩​ឆ្នាំ​ចំនួន​៣០​នាក់។បន្ទាប់​ពី​ចំណាយ​ពេល​មួយ​ម៉ោង​ជាមួយ​ពួកគេ​ម្នាក់ៗ លោក​អា​ចសនិ្នដ្ឋានថា​មាន កត្តា​ពីរ ដែល​នាំ​ឲ្យ​យុវវ័យ​មើលរូប​អាសអាភាស។ ទី១ ដោយសារ​មិត្ត​ភក្តិ​អូសទាញ និងទី​២​គឺ​ការ​ចង់​ដឹង​ផ្ទាល់​របស់​យុវវ័យ​តែ​ម្តង។
អ្នកស្រាវជ្រាវ​ដដែល​បញ្ជាក់​ថា​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​សម្ភាស ពួកគេ​សុទ្ធតែ​បាន​អះអាង​ថា បាន​ចំណាយ​ពេល​ពី​១០​ទៅ​១៥​នាទី​ដើម្បី​មើលរូប​អាសអាភាស​ម្នាក់ឯង ឬ​ជា​ក្រុម។
«ប្រសិន​បើ​មិត្តភក្តិ​គាត់​បាញ់​ប៊្លូធូប​រូបភាព​អាសអាភាស អញ្ចឹង​គឺ​គាត់​មើល​ហើយ​ពេល​ចេញ​លេង ហ្នឹង មើល​ជុំៗ​គ្នា ប្រុសៗ​មើល​ខាង​ប្រុងៗ​ទៅ​ហើយ​ស្រីៗ​ក៏​មើល​ខាង​ស្រីៗ​ដែរ។ ពេល​ខ្លះ​គ្រូ​របស់​គាត់​កំពុង​តែ​បង្រៀន​ហ្នឹង​ពួគ​គាត់​បាន​លួច​មើល​ដែរ»។
ទូរសព្ទ​ដៃ​គឺ​ជា​ម​ធ្យោបាយ​ដ៏​ពេញ​និយម​បំផុត​ដែល​យុវវ័យ​និយម​ប្រើ​ក្នុង​ការ​មើល​រូប ឬ​វីដេអូ​អាសអាភាស។
«ទាំង​សិស្ស​សាលា​គ្រប់គ្នា​ហ្នឹង​ពេញ​និយម​ជាង​គេ​គឺ​គាត់​ប្រើ​ទូរសព្ទ​ដៃ​ក្នុង​ការ​មើល​រូបភាព​អាសអាភាស។ វា​មាន​រាង​ទូច ងាយ​ស្រួល​កាន់។ គាត់​អាច​មើល​ពេល​ណា​ក៏បាន។ ហើយ​និយាយ​ទៅ​អត់​មាន​ភាព​ភ័យ​ក្លាច​ដោយសារ​មនុស្ស​ផ្សេង​គេ​អត់​ចាប់​អារម្មណ៍»។
លោក ងោ ម៉េង​ហួង បាន​បញ្ជាក់​ថា​បន្ទាប់​ពី​បាន​មើល​រូប​អាសអាភាស យុវជន​ខ្លះ​ស្វែងរក​សេវាកម្ម​ផ្លូវ​ភេទ​ដោយ​ត្រូវ​ចំណាយ​ប្រាក់​ពី​៥​ទៅ​២០​ដុល្លារ​អាមេរិក។ ការប្រព្រឹត្តិ​នេះ​អាច​នាំ​ឲ្យ​មានការ​ឆ្លង​ជំងឺ​ផ្សេងៗ​ទៀត​ផង។
យុវជន​ម្នាក់​កំពុង​រៀន​ក្នុង​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​និយាយ​ថា មិត្ត​ភក្តិ​របស់​គាត់​ធ្លាប់​បាន​ប្រាប់​គាត់​ពី​ការមើល​រូប​អាសអាភាស​នៅ​ក្នុង​ថ្នាក់​ពេល​ដែល​គ្រូ​កំពុង​បង្រៀន។
«ពួក​ម៉ាក់​ធ្លាប់​ប្រាប់​ដែរ​ថា​ម៉ោង​គ្រូ​ភូម​វិទ្យា​ហ្នឹង​រៀន​អត់​ចូល​សោះតែ​ម្តង។ ពួក​ឯង​នាំគ្នា​មើល​រឿង ចិន កូរ៉េ។ រឿង​ទាំង​អស់ហ្នឹង​គឹ​ចង់​សំដៅលើ​រឿង​អាស​អាភាស​ហ្នឹង​ឯង»។
យុវតី​ម្នាក់ទៀត​ជា​និស្សិត​ឆ្នាំ​ទី១​នៅ​មហាវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
គាត់​និយាយ​ប្រាប់​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា​វា​ស្ទើរ​ក្លាយជា​ដូចជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​សិស្ស​នៅ​ក្នុង​ថ្នាក់​របស់​គាត់​កាល​នៅ​វិទ្យាល័យ​មើល​រូប​អាស​អាស​អាភាស និង​ចែក​ចាយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។
«និយាយ​រួម​ដំបូង ចំពោះ​ខ្ញុំ និយាយ​ត្រង់​តែម្តង ដំបូង​ខ្ញុំ​អត់​ហ៊ាន​មែ​ល​ទេ។ តែ​ហេតុថា​ ក្មេង ចង់ដឹង ថា​ វា​យ៉ាង​ដូច​ម្តេច​ក៏​មើល​ទៅ​តាម​គេ​ដែរ​ទៅ»។
ក៏ប៉ុន្តែ​គាត់​បាន​បញ្ជាក់​ដែរ មិន​មែន​សិស្ស​ទាំង​អស់​សុទ្ធ​តែ​មើល​រឿង​អាសអាភាស​ទេ។
«និយាយ​រួម​ទៅ​នៅ​ក្នុង​ថា​គឺ​មាន​អ្នក​រៀន អ្នក​រៀន​ខ្លះ និង​អ្នក​មិន​រៀន។ ដូច​ពួក​ខ្ញុំ​ចឹ​ង​គឺ​អ្នក​រៀន​ខ្លះ លេង​ខ្លះ។ នៅ​ពេល​ចេញ​លេង​ចឹ​ង​ទៅ​ពួគ​ខ្ញុំ​តែង​តែ​និយាយ​ចំអន់​គ្នា។ សួរ​ចុះ​សួរ​ឡើង​ទៅ​ក៏​ចេញ។ ជួនកាល​ទៅ​យក​ទូរសព្ទ​គ្នា​ទៅ​រាវ​រក​មើល ពេល​ឃើញ​រូបភាព​អីចឹង​ទៅ ក៏​មើល​ទាំង​អស់​គ្នា​ទៅ។ ពេល​ខ្លះ​កំពុង​អង្គុយៗ​មាន​គេ​យក​ទូរសព្ទ​មក​ឲ្យ​មើល​ចឹ​ង​ទៅ»។
លោក សុខ សុវណ្ណា នាយក​វិទ្យាល័យ​បាក់ទូក បាន​ឲ្យ​ដឹង​ថា​ចំពោះ​សាលា​របស់ លោក​ពុំ​ដែល​មាន​ករណី​បែបនេះ​កើត​ឡើង​ទេ។
«នៅ​សាលា​របស់​ខ្ញុំ​គឺ​មិន​ដែល​មាន​ករណី​បែប​នេះ​កើត​ឡើង​ទេ។ ប៉ុន្តែ​នៅ​កន្លែង​ផ្សេង​ទៀត​ខ្ញុំ មិន​ដឹង​ដែរ»។
យោងតាម​លទ្ធិ​ផល​នៃ​ការស្រាវជ្រាវ​ឆ្នាំ ២០០៦ របស់លោក បណ្ឌិត ហ្ក្រា​ហាម ហ្វ័​រដ​ហាម (D. Graham Fordham) តាមរយៈ​ការសម្ភាសន៍​ផ្ទាល់​ជាមួយ​ក្រុម​កុមារ​ចំនួន​៤៥៨​នាក់ លើ​បី​តំបន់​ផ្សេងៗ​គ្នា ជាយ​ទីក្រុង​ភ្នំពេញ​ចេញផ្សាយ​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា (World Vision) បញ្ហាញ​ថា យុវជន​កម្ពុជា​បាន​កំពុង​មើល​រូប និង​វិដេ​អូអាស​អាភាស​ក្នុង​កម្រិត​ធ្ងន់​ធ្ងរ​មួយ។
បណ្ឌិត ហ្ក្រា​ហាម ហ្វ័រដហាម លើក​ឡើង​ថា​មូលហេតុ​ទាំង​នេះ​បណ្តាល​មក​ពី​ការ​រីក​ចម្រើន​នៃ​ម៉ាស៊ីន​ចាក់​ស៊ីឌី នៅ​តាម​បណ្តា​ហាង​កាហ្វេ​មាន​ចាក់​អាសអាភាស​ដើម្បី​ទាក់ទាញ​អតិថិជន​ទោះជា​បង្ក្រាប​ក៏ដោយ​ក៏​នៅ​មានការ​លួច​ចាក់​លាក់លៀម​ដែរ។
លោក សោម ចាន់​សុវណ្ណារ៉ា សាស្រា្តថចារ្យ​ផ្នែក​ចិត្តវិទ្យា​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ប្រសាសន៍​ថា ការ​និយម​មើលរូប​អាសអាភាស​នឹង​ធ្វើ​ឲ្យ​ក្រុម​យុវជន​បាត់បង់​រៀនសូត្រ។
លោក​ជួណ ចំរ៉ុង ប្រធាន​ផ្នែក​សិទ្ធិ​ស្ត្រី ​និង​កុមារ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​មាន​ប្រសាសន៍ថា​វីដេអូ​អាសអាភាស​គឺជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឲ្យ​មាន​ការ​រំលោភ​ផ្លូវភេទ។

«ភាគ​ច្រើន​នៃ​ការ​ចាប់​រំលោភ​គឹ​កើត​ចេញពី​ការ​មើល​វីដេអូ​អាស​អាភាស»។
របាយការណ៍​អង្គការ​អាដហុក​បង្ហាញ​ថា ការ​ចាប់​រំលោភ​សេព​សន្ធវៈ​មាន​ការ​កើន​ឡើង​ក្នុង​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា​នេះ​ថ្វី​បើ​មាន​ការ​ថយ​ចុះ​បន្តិច​នៅ​ឆ្នាំ​កន្លង​ទៅ​នេះ។ ពោលគឺ​កើន​ពី​៤៦០​ករណី​នៅ​ឆ្នាំ២០០៩​ដល់​៥០១​ករណី​នៅ​ឆ្នាំ​២០១០​និង​៤៧៦​ករណី​នៅ​ឆ្នាំ​២០១១៕
XS
SM
MD
LG