វ៉ាស៊ីនតោន៖ អ្នកបោះឆ្នោតកម្ពុជាប្រហែលជាអាចនឹងមានឱកាសទៅបោះឆ្នោតជាតិបានច្រើនជាងមុនដោយមិនមានការរារាំងពីឧបសគ្គធម្មជាតិដូចពេលកន្លងមកទៀតហើយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាជាតិនិងជាសមាជិកក្រុមការងារចរចាកែទម្រង់ការបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទថា៖
«កន្លងមកការបោះឆ្នោតថ្នាក់ជាតិរបស់យើងនេះបានបង្កការលំបាកដល់ប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានទៅបោះឆ្នោតគឺដោយសារកាលបរិច្ឆេទនៃការបោះឆ្នោតយើងធ្លាក់ចំពេលរដូវភ្លៀងគឺចំពេលខែកក្កដា។ ខែកក្កដានេះគឺជារដូវភ្លៀងហើយទឹកជំនន់ទៀតហើយទឹកឡើងផង»។
លោកបានបន្ថែមទៀតថា៖ «អញ្ចឹងហើយពលរដ្ឋយើងមួយចំនួនធំដោយសារទឹកភ្លៀងទឹកជំនន់ឡើងនេះមិនបានទៅបោះឆ្នោត»។
ការបោះឆ្នោតជាតិកម្ពុជាជារឿយៗត្រូវរៀបចំឡើងនៅខែកក្កដាដែលជាខែវស្សាមានតែការបោះឆ្នោតលើកទីមួយដែលរៀបចំដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣ទេដែលបានធ្វើឡើងនៅខែឧសភា។
ក្រុមការងារគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានជួបប្រជុំគ្នាចុងក្រោយកាលពីថ្ងៃទី១៧ខែមិនាហើយបានសម្រេចលើកយកបញ្ហាចំនួន១៤ដើម្បីកែទម្រង់ការបោះឆ្នោតកម្ពុជាក្នុងនោះមានការរៀបចំបញ្ជីអ្នកបោះឆ្នោតឡើងវិញ ការកែទម្រង់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងរក្សាអព្យាក្រិតភាពនៃមន្ត្រីរាជការជាដើម។
យ៉ាងណាក៏ដោយលោកឈាង វុន នៅ បន្តការពាររូបមន្តក្នុងការអនុម័តសមាសភាពថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយសំឡេង៥០បូកមួយដោយបដិសេធរូបមន្តពីរភាគបីដូចដែលគណបក្សសង្គ្រោះជាតិបានស្នើឡើងនិងដាក់ផ្តល់ធម្មនុញ្ញភាពដល់ស្ថាប័ននេះ។
លោកបានបញ្ជាក់ថា៖ «នៅលើសាកលលោកគឺគ្មានប្រទេសណាសរសេរដូច្នេះទេ»។
លោកឈាង វុន បានបន្តរិះគន់គណបក្សសង្គ្រោះជាតិថា៖ «ការលើកឡើងនេះគឺដើម្បីបង្កឱ្យមានការរាំងស្ទះសម្រាប់ដំណើរការរដ្ឋទៅថ្ងៃក្រោយទេ»។ លោកបានពន្យល់ថាអាចមានសមាជិកសភាខ្លះមិនស្តាប់តាមបញ្ជារបស់មេដឹកនាំគណបក្សហើយបោះឆ្នោតតាមតាមការព្រមព្រៀងគ្នារវាងមេបក្សទាំងពីរទេ។
«ត្រង់នេះហើយបើយើងចង់ដូរក្បាលម៉ាស៊ីនគ.ជ.បយើងដាក់ពីរភាគបីដូចជាយើងធ្វើយ៉ាងណាមិនឱ្យគ.ជ.បដូរក្បាលម៉ាស៊ីនបានអញ្ចឹង» ដែលក្នុងករណីនេះគឺគ.ជ.បចាស់ត្រូវនៅដំណើរការដដែល។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលរងការរិះគន់ជាច្រើនក្នុងរយៈពេលនៃការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ២០១៣កន្លងមកនេះហើយគណបក្សប្រឆាំងបានបដិសេធមិនទទួលស្គាល់លទ្ធផលឆ្នោតដែលគណៈកម្មាធិការនេះប្រកាសទេ៕