វ៉ាស៊ីនតោន៖ លទ្ធផលនៃការចរចារបស់គណបក្សនយោបាយធំៗទាំងពីរក្នុងប្រទេសកម្ពុជាកាលពីដើមសប្តាហ៍នេះគឺជាជំហានត្រឹមត្រូវមួយឆ្ពោះទៅបង្កើតស្ថាប័នបោះឆ្នោតមួយដែលបម្រើផលប្រយោជន៍សម្រាប់គណបក្សនយោបាយទាំងអស់ក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់អ្នកការពារសិទ្ធិមនុស្ស។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសម្តែងការអបអរសាទរដែលការចរចារបស់គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានសម្រេចហួសពីអ្វីដែលជាផលប្រយោជន៍សម្រាប់តែគណបក្សដែលឈ្នះឆ្នោតមកជាផលប្រយោជន៍រួមសម្រាប់ជាតិទាំងមូលនោះគឺការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្រិតថ្នាក់ជាតិ ខេត្តនិងឃុំ។
លោក វីរៈ បានបន្តថា៖ «បើសិនជាធ្វើការកែប្រែស្ថាប័នទាំងបី ហ្នឹងបានបានន័យថាយ៉ាងហោចណាស់យើងធ្វើម៉េចជំរុញឱ្យគណៈកម្មការទាំងបីឯករាជ្យបាន។ នេះគឺជាអ្នកដើរតួមួយសំខាន់ក្នុងការជំរុញឱ្យប្រព័ន្ធបោះឆ្នោតរបស់យើងទទួលយកបាន»។
ក្រុមការងារបច្ចេកទេសបោះឆ្នោតនៃគណបក្សទាំងពីរបានជួបចរចាគ្នាកាលពីថ្ងៃច័ន្ទហើយបានសម្រេចលើការចុះបញ្ជីអ្នកបោះឆ្នោត រៀបចំថវិកាសម្រាប់គណបក្សនយោបាយ និងការកែទម្រង់ប្រព័ន្ធបោះឆ្នោតដោយផ្តោតលើប្រព័ន្ធឃោសនានិងស្ថាប័នដោះស្រាយវិវាទទាក់ទងនឹងការបោះឆ្នោត។
លោក វីរៈ បានសង្កត់ធ្ងន់លើឃោសនាជាពិសេសប្រព័ន្ធទូរទស្សន៍នាពេលបច្ចុប្បន្នថាបើទោះបីជាមានភាពជាឯកជនប៉ុន្តែពួកគាត់ខ្លាចក្រសួងព័ត៌មានដោយខ្លាចបាត់បង់អាជ្ញាបណ្ណបើមិនធ្វើតាមអ្វីដែលគណបក្សកាន់អំណាចចង់បាន។
លោកបន្ថែមថា៖ «ដោយសារការព្រួយបារម្ភពីការដកអាជ្ញាបណ្ណធ្វើឱ្យពួកគាត់ក្លាយទៅជាបណ្តាញឃោសនារបស់គណបក្សកាន់អំណាចទាំងស្រុង។ នេះគឺជាប្រភពមួយដែលធ្វើឱ្យការបោះឆ្នោតមិនត្រឹមត្រូវ»។
ការធានាបាននូវឯករាជ្យភាពរបស់សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតាមរយៈការធ្វើច្បាប់កំណត់មិនឱ្យពួកគេចូលក្នុងគណបក្សនយោបាយក្នុងរយៈពេលកំណត់ណាមួយហើយធានានូវភាពថ្លៃថ្នូររបស់ពួកគាត់ក៏ជាជំហានបន្ទាប់ដែលអាចនឹងជួយបានផងដែរ។
អង្គការសហប្រជាជាតិធ្លាប់បានស្នើឡើងឱ្យជ្រើសរើសអតីតចៅក្រម អ្នកដែលមានអាជីពមេធាវីនិងអ្នកជំនាញច្បាប់មកបម្រើការជាសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប៉ុន្តែលោកអ៊ូ វីរៈបញ្ជាក់ថាក្នុងបរិបទប្រទេសកម្ពុជានាពេលបច្ចុប្បន្នមិនអាចយកចៅក្រមដែលចូលនិវត្តន៍មកធ្វើជាសមាជិកបានទេដោយសារតែពួកគាត់ធ្លាប់ជាសមាជិកគណបក្សនយោបាយ ហើយក្នុងរយៈពេលយូរអាចទុកឱ្យពួកគាត់នៅក្រៅនយោបាយមួយរយៈសិន។ រីឯគណៈកម្មការបោះឆ្នោតថា្នក់ឃុំមិនត្រូវឱ្យស្ថិតក្រោមឥទ្ធិពលនយោបាយហើយមន្ត្រីរាជការក៏មិនត្រូវចេញមុខឃោសនាឱ្យគណបក្សនយោបាយដែរបើទោះបីជានៅពេលទំនេរពីការងារក៏ដោយ។
«គន្លឹះសំខាន់បំផុតកុំឱ្យមន្ត្រីរាជការជាពិសេសទាហាន ប៉ូលិស ដុកទ័រ គ្រូពេទ្យ គ្រូបង្រៀន អ្នកអប់រំ គឺកុំឱ្យគាត់ទៅ ឃោសនាទោះបីជាថ្ងៃអាទិត្យក៏ដោយ»។
កត្តាហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយបើសិនជាមានការធានាបានល្អនឹងជួយឱ្យមានអ្នកដែលមានទេពកោសល្យជាពិសេសស្ត្រីអាចចូលប្រឡូកក្នុងឆាកនយោបាយបានដោយសារតែបច្ចុប្បន្នមានការគាបសង្កត់លើផ្នែកហិរញ្ញវត្ថុដល់អ្នកដែលចង់ចូលរួមជាមួយនឹងគណបក្សប្រឆាំង។ នេះបើតាមការបញ្ជាក់របស់លោកអ៊ូ វីរៈ។
«អញ្ចឹងហើយបានជាយើងអំពាវនាវប្រហែលជាគន្លឹះមួយដ៏សំខាន់ដើម្បីដូរ ក្នុងឆាកនយោបាយគឺប្រហែលជាត្រូវប្រើប្រាស់ថវិកាជាតិ....បើសិនជាគាត់បានលុយពីជាតិ គាត់ជំពាក់ជាតិប្រហែលជាគាត់គិតផលប្រយោជន៍ជាតិជាង»។
យ៉ាងណាក៏ដោយលោកទេព នីថាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថាចាប់តាំងពីឆ្នាំ១៩៩៨មកគឺគណៈកម្មាធិការនេះបានធ្វើវិសោធនកម្មកែទម្រង់គ.ជ.បចំនួនបីដងមកហើយ។
«សមាសភាពគ.ជ.បរាល់ថ្ងៃជាសមាសភាពនៃស្ថាប័នឯករាជ្យហើយមន្ត្រី ក្នុងនោះភាគច្រើនជាមន្ត្រី ដែលជំនាញគឺមន្ត្រីច្បាប់និងមន្ត្រី ជំនាញបោះឆ្នោត...អញ្ចឹងការផ្លាស់ប្តូរអ្វី ក៏ដោយក៏អាស្រ័យទៅតាមច្បាប់ដែរ»។
ប្រទេសកម្ពុជាកំពុងជាប់គាំងនយោបាយជាង៧ខែមកហើយដោយសារតែគណបក្សសង្គ្រោះជាតិមិនទទួលយកលទ្ធផលឆ្នោតដោយចោទថាមានភាពមិនប្រក្រតីច្រើនដែលប៉ះពាល់ដល់លទ្ធផលឆ្នោត៕