ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​នៅ​កម្ពុជា​គ្រោង​រៀបចំ​ជំនួប​កំពូល


លោក​ហ៊ុន សែន​ និង​លោក សម រង្ស៊ី ចាប់​​ដៃ​គ្នា​នៅ​​មុន​កិច្ច​ប្រជុំ​​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣។ (សាយ មុន្នី/វីអូអេ)
លោក​ហ៊ុន សែន​ និង​លោក សម រង្ស៊ី ចាប់​​ដៃ​គ្នា​នៅ​​មុន​កិច្ច​ប្រជុំ​​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣។ (សាយ មុន្នី/វីអូអេ)
គណបក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រៀបចំ​ជំនួប​កំពូល​នៃ​មេដឹក​នាំ​គណបក្ស​គូ​ជម្លោះ​ទាំង​ពីរ ​ស្រប​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​ការ​ជប៉ុន​កំពុង​សិក្សា​ពី​លទ្ធភាព​ជួយ​កែ​ទម្រង់​ការ​បោះឆ្នោត​សម្រាប់​ប្រទេស​កម្ពុជា។​

ភាព​ចម្រូង​ចម្រាស់​នយោបាយ​បាន​កើត​មាន​ឡើង​រយៈ​ពេល​១០ខែ​មក​ហើយ ​ក្រោយ​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ។​

លោក​ជាម យៀប ​តំណាងរាស្ដ្រ​និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជាឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ លោក​បាន​ទទួល​ការ​បញ្ជាក់​ពី​លោក​ស ខេង ​ឧបនាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ខាង​គណបក្ស​កាន់​អំណាច​ថា​ គណបក្ស​សង្គ្រោះជាតិ​នឹង​បញ្ជូន​ឥស្សរជន​ពីរ​រូប​សម្រាប់​រៀបចំ​កិច្ច​ប្រជុំ​កំពូល​នៃ​មេដឹក​នាំ​គណបក្ស​ទាំងពីរ។​

«លោក​បាន​លើក​ឡើង​ថា​ លោក​បាន​ទទួល​ទូរស័ព្ទ​ពី​ឯក​ឧត្តម​សម រង្ស៊ី ​ដែល​លើក​ឡើង​ថា​ គណបក្ស​សង្គ្រោះជាតិ​នឹង​ចាត់​តាំង​ឯក​ឧត្តម​សុន ​ឆ័យ​ ​និង​ឯកឧត្តម​គួយ ​ប៊ុនរឿន​ដើម្បី​រៀបចំ​ប្រធាន​បទ​ និង​កម្មវិធី​សម្រាប់​ជំនួប​កំពូល​នៅ​ពេល​ខាង​មុខ​នេះ»។​

កាល​ពី​រសៀល​ថ្ងៃអង្គារ​ម្សិល​មិញ​នេះ​ លោក​សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​តាម​ទូរស័ព្ទ​ជា​មួយ​លោក​ស ​ខេង​ដើម្បី​ជជែក​អំពី​ការ​រៀបចំ​ការ​ចរចា​ទ្វេ​ភាគី​ឡើង​វិញ។​

លោក​យ៉ែម ​បុញ្ញារិទ្ធ​ តំណាងរាស្ត្រ​ និង​ជា​អ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា ​ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​ពីរ​នឹង​ផ្លាស់​ប្តូរ​ឯកសារ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។​

«ការ​ប្តូរ​ឯកសារ​គ្នា​មួយ​ចំនួន​នឹង​អាច​ធ្វើ​នៅ​ពេល​ស្អែក​មុន​នឹង​កំណត់​ថ្ងៃ​ជជែក​គ្នា​លម្អិត»។​

យ៉ាង​ណា​ក៏ដោយ​ ជំនួប​កំពូល​នៃ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​មិន​ទាន់​ត្រូវ​បាន​កំណត់​ថ្ងៃ​នៅ​ឡើយ​ទេ។​

គម្រោង​ការ​ជួប​ចរចាកម្រិត​កំពូល​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​ការ​ផ្នែក​បោះឆ្នោតមក​ពី​ប្រទេស​ជប៉ុន​ចំនួន​ដប់​រូប​កំពុង​សិក្សា​ពី​លទ្ធភាព​ជួយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ការ​កែ​ទម្រង់​ការ​បោះឆ្នោតដែលបង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស់​យ៉ាង​ច្រើន។​

គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន​៦៨​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ​ ក្រោយ​ពីការ​បោះ​ឆ្នោត​កាល​ពី​ខែកក្កដា​ឆ្នាំ​២០១៣។​ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ ​ដោយចោទ​ប្រកាន់​ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ជាច្រើន។​

ហើយ​គណបក្ស​ជំទាស់​បាន​ធ្វើ​ពហិការ​កិច្ច​ប្រជុំសភា​ដោយ​ដាក់​សម្ពាធ​ឲ្យ​មាន​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​ការ​ជឿទុក​ចិត្ត​បាន ​និង​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ​មុន​ចប់​អាណត្តិ​រដ្ឋាភិបាល។​

ការ​ចរចា​ជាច្រើន​ខែ​មក​នេះ​មាន​ការ​ជឿនលឿន​ទៅ​មុខ​មួយ​ចំនួន​ ក៏​ប៉ុន្តែ​បញ្ហា​សំខាន់​ស្តីពី​ការ​កែ​ទម្រង់​បោះឆ្នោត​ជាក់លាក់​ហាក់​ដូចជា​មិន​ទាន់ត្រូវ​បាន​ព្រម​ព្រៀង​គ្នា​នោះ​ទេ។​

លោក​យ៉ែម​ ប៉ុញ្ញារិទ្ធ​ខាង​គណបក្ស​សង្គ្រោះជាតិ​បន្ថែម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​ជំហរ​កំណត់​អំពី​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​មួយ​ច្បាស់​លាស់ ​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ឡើងវិញ​មុន​អាណត្តិ​និង​ទាមទារ​សិទ្ធិ​សេរីភាព​បើក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដូចជាវិទ្យុ​ និង​ទូរទស្សន៍​ជាដើម។​

ដោយឡែក​លោក​ជាម យៀប ​បញ្ជាក់​ថា​ គណបក្ស​ទាំង​ពីរ​មាន​ចំណុច​ត្រូវ​រ៉ូវ​គ្នា​ចំនួន​១៤​រួចទៅ​ហើយ​ ​ហើយ​ការ​ជជែក​បន្ត​នឹង​ផ្តោត​លើ​ចំណុច​ទាំង​នោះ។​

​ការ​ចរចា​កម្រិត​កំពូល​កាល​ពី​លើក​មុន​រវាង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ទូរស័ព្ទ​ជាមួយ​លោក​សម រង្ស៊ី​ ស្ថិត​នៅ​ក្នុង​ការ​បកស្រាយ​ដែល​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​នៅ​ឡើយ​ជា​ពិសេស​ទាក់ទង​នឹង​ការ​បោះឆ្នោត​ឡើងវិញ។ ​ប៉ុន្តែ​ភាគី​ទាំងពីរ​ព្រម​ព្រាង​គ្នា​ធ្វើ​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត។​

នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ​ក្រុម​អ្នក​ជំនាញ​ការ​ប្រទេស​ជប៉ុន​បាន​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ដើម្បី​សិក្សា​អំពី​ដំណើរការ​បោះឆ្នោត​និង​និតិវិធី​ រួម​ទាំង​តម្រូវ​ការ​របស់​ស្ថាប័ន​ជាតិ​នេះ។​

ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ និង​នៅ​ថ្ងៃ​សុក្រ​ ក្រុម​ប្រតិភូ​ជប៉ុន​នេះនឹងជួប​ជាមួយ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ឃ្លាំមើល​ការ​បោះឆ្នោត៕
XS
SM
MD
LG