ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ជំទាស់​ហាម​គណបក្ស​កាន់​អំណាច​កុំ​ឲ្យ​សង្ឃឹម​សម្បទាន​នយោបាយ


លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ថ្លែង​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ពុធ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៤។ (ម៉ែន គឹមសេង/វីអូអេ)
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ថ្លែង​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ពុធ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៤។ (ម៉ែន គឹមសេង/វីអូអេ)
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ មេដឹកនាំ​គណបក្ស​ជំទាស់​ថ្លែង​ថា​គណបក្ស​កាន់​អំណាច​មិន​អាច​រំពឹង​សម្បទាន​នយោបាយ​ច្រើន​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ​ក្នុង​ពេល​ជាមួយ​គ្នា​ដែល​លោក​ សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​ជួយ​គិត​គូរ​ពី​សន្តិសុខ​ក្នុង​ពេល​ផ្ទេរ​អំណាច​នៅ​ពេល​ខាង​មុខ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការ​បោះឆ្នោត​ដូច​ការ​រំពឹង​ទុក។​

នេះជា​ការ​អះអាង​របស់​លោក​ កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ពិសេស​កាល​ពី​យប់​ថ្ងៃ​ពុធ​ទី១៦​ខែ​មេសា​ឆ្នាំ​២០១៤ ​ស្តី​អំពី​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​នយោបាយ។

លោក​សុខា​ថ្លែង​ថា ​ទោះ​ជា​ការ​ចរចា​តម្រ៉ូវ​ឲ្យ​មាន​ការ​សម្រប​សម្រួល​និង​ផ្តល់​ការ​លះបង់​មែន ​តែ​គណបក្ស​របស់​លោក​មិន​អាច​ធ្វើ​អ្វី​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ បាន​ដែរ។

លោក​ថ្លែង​ថា ​លោក​បាន​ស្នើ​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​គៀងគរ​សហគមន៍​អន្តរជាតិ​ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ឡើង​វិញ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​លោក​អះអាង​ថា ​គណបក្ស​លោក​នឹង​ទទួល​បាន​ជ័យជម្នះ​ពេល​នោះ។

លោក​បាន​ប្រាប់​ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​រួមទាំង​មន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ សភា​និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​និង​មន្ត្រី​ក្រសួង​នានា​ដូច​ជា​សេតវិមាន​និង​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ឲ្យ​ធានា​ដល់​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ផងដែរ។

ជា​ការ​ឆ្លើយ​តប​ក្រុម​មន្ត្រី​អាមេរិក​មាន​ការ​ចាប់​អារម្មណ៍​អំពី​សំណើ​ទាំង​នោះ។​

គណបក្ស​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​យល់​ព្រម​គ្នា​ទៅ​លើ​បញ្ហា​សំខាន់ៗ​ដែល​អាច​ឲ្យមាន​ការ​បញ្ចប់​ពហិការ​ចូលរួម​ ប្រជុំ​សភា​ដើម្បី​ផ្តល់​ភាព​ស្របច្បាប់​ដល់​រដ្ឋសភា​និង​រដ្ឋាភិបាល​ថ្មី​ដែរ។ ​បញ្ហា​មិន​ទាន់​ត្រូវ​គ្នា​នោះ​គឺ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​ សមាសភាព​ ការ​បរិច្ឆេទ​ការ​បោះឆ្នោត។

លោក​ថា​ លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចំនួន​ពីរ​សប្តាហ៍​ហើយ​ចប់​នៅ​ចុង​ខែ​នេះ​គឺ​ដើម្បី​ជម្រាប​ពលរដ្ឋ​ឲ្យ​ដឹង​អំពី​ការ​វិវត្ត​នយោបាយ​ចុង​ក្រោយ​និង​អរគុណ​ដល់​ពួកគេ​ដែល​បាន​ផ្តល់​ការ​គាំទ្រ​ផ្នែក​ថវិកា​ និង​ធានា​ថា​នឹង​ធ្វើ​តាម​ឆន្ទៈ​ពលរដ្ឋ​ក្រៅ​ពី​ជួប​មន្ត្រី​សហរដ្ឋ​អាមេរិក​សំខាន់ៗ​នោះ៕
XS
SM
MD
LG