ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ្មាន​ការ​ចរចា​នយោបាយ​ដូច​គ្រោង​ទុក​ក្រោយ​ចូល​ឆ្នាំ

  • គង់ សុឋានរិទ្ធ

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក សម រង្ស៊ី កាល​ពី​ការ​ប្រជុំ​ចរចា​នៅ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣។
អវត្តមាន​នៃ​មេដឹក​នាំ​កំពូល​នៃ​គណបក្ស​មាន​ជម្លោះ​ទំនង​ជា​មូលហេតុ​មួយ​នៃ​ការខក​ខាន​នៅ​ក្នុង​ការ​ចរចា​គ្នា​ឡើង​វិញ​ក្រោយ​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

លោកហ៊ុន សែន ដែល​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អ្នក​គ្រប់​គ្រង​នឹង​សម្រេច​ការ​ចរចា​នានា​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​កំពុង​បំពេញ​ទស្សកិច្ច​នៅ​ប្រទេស​អាស៊ែបៃហ្សង់​(Azerbaijan) និង​ប្រទេស​បេឡារុស​ (Belarus)​ ដែល​ស្ថិត​នៅ​ចន្លោះ​ទ្វី​ប​អាស៊ី​ខាង​លិច​និង​ទ្វីប​អឺរ៉ុប​ខាង​កើត។ រីឯ​មេដឹក​នាំ​ទាំង​ពីរ​របស់​គណបកក្ស​សង្គ្រោះជាតិ​គឺ​លោក សម រង្ស៊ី ​កំពុង​ស្ថិត​ទ្វីប​អឺរ៉ុប​និង​លោក កឹម សុខា កំពុងស្ថិត​នៅសហរដ្ឋ​អាមេរិក។

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ទាំង​ពីរ​សុទ្ធ​តែ​បាន​អះអាង​ដូចគ្នា​នៅ​ថ្ងៃ​ពុធ​នេះ​ថា គណបក្ស​គូជម្លោះ​មិន​ទាន់​បាន​ទាក់​ទង​គ្នា​ឡើងវិញ​ដើម្បី​ចរចា​លើ​មូលដ្ឋាន​បែប​ណា​មួយ​នោះ​ទេ។

លោក ជាម យៀប តំណាង​រាស្ដ្រ​និង​ជា​សមាជិក​ក្រុម​ការងារ​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ដឹង​ថា មូលហេតុ​មួយ​នៃ​ការ​មិន​ភ្ជាប់​ការ​ចរចា​ឡើងវិញ​នេះដោយសារ​លោក ហ៊ុន សែន កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។

«នៅ​ទេ។ ទើប​ចូល(ឆ្នាំ)​មកវិញ ហើយ​សម្តេច​អគ្គសេនា​បតី​ដែល​លោក​ជា​ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ លោក​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បរទេស​ផង»។

ទោះ​ជា​យ៉ាង​ណា​លោក ជាម យៀប មាន​ប្រសាសន៍​ថា មេដឹក​នាំកំពូល​គណបក្ស​ទាំង​ពីរ​អាច​នឹង​ជួប​ចរចា​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ។ ដោយ​ឡែក​លោក យ៉ែម ប៉ុញ្ញារិទ្ធ អ្នកនាំ​ពាក្យ​និង​ជា​សមាជិក​ក្រុម​ចរចា​បច្ចេកទេស​របស់​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ថា ការ​ចរចា​គ្នា​ឡើងវិញ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹក​នាំ​នយោបាយ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​ទេ។

«មិន​ពាក់ព័ន្ធនឹង​មេដឹក​នាំ​ទាំង​ពីរ​លោក​នៅ​ក្រៅ​ប្រទេស​ឬយ៉ាង​ណា​ទេ។ ប៉ុន្តែបញ្ហា​សំខាន់​នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជាមិន​ព្រម​កំណត់​ឲ្យ​ច្បាស់​លាស់​នូវ​កាល​បរិច្ឆេទ​បោះ​ឆ្នោត​ឡើង​វិញ​តាម​ការ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ និង​ទី​២​អំពី​បញ្ហា​កែទម្រង់​គជប​ជា​ដើម»។

កាល​ពី​ថ្ងៃ​អង្គារ​នេះ​ក្រុម​មន្ត្រី​គណបក្សប្រជាជន​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​មួយ​ដើម្បី​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​នូវ​របាយការណ៍​ស្តី​ពី​ការចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ជាម យៀប មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​នោះ​ដើម្បី​រង់​ចាំ​ទទួល​មក​វិញ​នូវ​ការ​សម្រេច​របស់​មេ​ដឹក​នាំ​កំពូល​គណបក្ស​ប្រជាជន​នូវ​គោលការណ៍​សម្រាប់​ការ​ចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ។​

ការ​ចរចា​គ្នា​ចុង​ក្រោយ​រវា​ង​គណ​បក្ស​ទាំង​ពីរ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត​ខែ​ កក្កដា ឆ្នាំ ២០១៣ គឺ​ជា​ការ​ចរចា​កម្រិត​កំពូល​រវាង​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន និង​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ដើមខែ​មេសា។

ការ​ចរចា​នោះ​ដែល​ក្រុម​អ្នក​វិភាគ​នយោបាយ​កម្ពុជា​វាយ​តម្លៃ​ថា ជា​ជំហាន​ជឿន​លឿន​ទៅ​មុខ​ជា​វិជ្ជមាន​មួយ។ ប៉ុន្តែមេដឹក​នាំ​កំពូល​នៃ​គណបក្ស​ទាំងពីរ​មាន​ការបក​ស្រាយ​មិន​ស្រប​គ្នា​នោះ​ទេ។លោក ហ៊ុន ​សែន ​ធ្លាប់​បាន​លើក​ឡើង​ថា មាន​ការ​ឯកភាព​គ្នា​មួយ​ចំនួននិង​ត្រៀម​ចុះ​កិច្ច​ព្រម​ព្រាង​រួម​ជា​ពិសេស​លើកាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​និង​ការ​បោះឆ្នោត​តំណាងរាស្ដ្រ។

ត្រង់​ចំណុច​នេះ​លោក​សម រង្ស៊ី បានបដិសេធ​ថា លោក​មិន​បាន​ឯកភាពលើ​កាល​បរិច្ឆេទ​នៃ​ការ​បោះ​តំណាង​រាស្ដ្រ​ដែល​គណបក្ស​សង្គ្រោះ​ជាតិទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​អាណត្តិ​នោះ​ទេ។ ប៉ុន្តែ​បើ​តាម​លោក ហ៊ុន សែន ការ​បោះឆ្នោត​នេះ​ទំនង​ជា​នឹង​ត្រូវ​ធ្វើ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៨។

មន្ត្រី​នៃ​គណបក្ស​ជំទាស់​ធា្លប់​បាន​បង្ហើប​ឲ្យ​ដឹងថា មេដឹក​នាំគណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរបាន​ព្រម​ព្រាង​ដាក់ស្ថាប័នរៀប​ចំ​ការ​បោះឆ្នោត​គជប ទៅ​ជា​ស្ថាប័នធម្មនុញ្ញ​និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ស្ថានីយ៍​ទូរទស្សន៍​និង​វិទ្យុ​ដោយ​ឯក​រាជ្យ​របស់​ខ្លួន។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​មួយ​ឈ្មោះ​ថា អង្គការ​និកហ្វិក ​កត់​សម្គាល់​ថា ក្រុម​មេដឹកនាំ​គណបក្ស​នយោបាយ​ទាំង​ពីរហាក់​ដូច​ជា​មាន​ការ​ហត់​នឿយ​ជា​មួយ​នឹង​ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ហើយ​បាន​ងាក​ទៅ​រក​ការងារ​ការទូត​អន្តរជាតិ​វិញ។

«ប្រហែល​ជា​ក្នុង​រយៈ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការងារ​ការ​បរទេស។ ដូច្នោះ​ហើយ​បាន​ជា​យើង​មិន​ឃើញ​មាន​ការ​ណាត់​ចរចា​រវាង​គណបក្ស​ទាំង​ពីរ។ ប៉ុន្តែ​សម្រាប់​ពល​រដ្ឋ​កំពុង​តែ​តាម​ឃ្លាំ​មើល​ថា​តើ​គណ​បក្ស​ទាំង​ពីរ​បាន​ធ្វើ​អ្វី​ខ្លះ​ក្រោយ​ពី​ជាប់​ឆ្នោត​ហើយ»។

សូម​បញ្ជាក់​ថា នៅ​សល់​តែ​បួន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​វិបត្តិ​នយោបាយ​កម្ពុជាបាន​អូស​បន្លាយ​អស់​រយៈ​ពេលប្រាំបួន​ខែ​ហើយ៕
XS
SM
MD
LG