ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​មើល​ឃើញ​ពី​ការ​វិវត្ត​ល្អ​ខាង​ផ្នែក​នយោបាយ


លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ និង​លោកសម រង្ស៊ី ចាប់​ដៃ​​ក្រោយ​​ជំនួប​ចរចា​មួយ​កាល​ពី​​ខែ​កញ្ញា​ឆ្នាំ​មុន (២០១៣)។
លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ និង​លោកសម រង្ស៊ី ចាប់​ដៃ​​ក្រោយ​​ជំនួប​ចរចា​មួយ​កាល​ពី​​ខែ​កញ្ញា​ឆ្នាំ​មុន (២០១៣)។
ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ការ​ចរចា​នយោបាយ​រវាង​គណបក្សប្រជាជន​កម្ពុជា​និងគណបក្ស​សង្គ្រោះ​ជាតិដើរ​បាន​ជឿន​លឿន​ទៅ​មុខ​ជាវិជ្ជមាន​ ថ្វី​បើ​មាន​សេចក្តី​អះអាង​មិន​ស្រប​គ្នា​ខ្លះ​រវាង​មេដឹក​នាំ​កំពូល​នៃ​គណបក្ស​គូជម្លោះ​ទាំង​ពីរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​នី ​ចរិយា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក បាន​កត់​សម្គាល់​ការ​រីក​ចម្រើន​ចុង​ក្រោយ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ដោះ​ស្រាយ​ភាព​ជាប់​គាំង​នយោបាយ​ តាមរយៈជំនួប​កំពូល​តាម​ទូរស័ព្ទ​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​នី ចរិយា ​យល់​ថា​ផលវិជ្ជមាន​ធំ​នោះ​គឺ​ការកែទម្រង់​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គជប)។​

​«យើង​ឃើញ​ថា​មាន​ការវិវត្តន៍​ជាវិជ្ជមាន​ខ្លះដែរ​ដូចជា​គណៈកម្មាធិការជាតិ​រៀប​ចំ​ការបោះ​ឆ្នោត​ឲ្យ​នៅ​ក្នុង​ស្ថាប័ន​ធម្មនុញ្ញ​ហើយ​នឹង​ឲ្យ​មាន​ការ​អនុម័ត​ដោយ​មាន​ការ​ឯកភាព​គ្នា​ពី​គណបក្ស​នៅ​ក្នុង​រដ្ឋ​សភាចំពោះ​សមាស​ភាព​នៃ​គ.ជ.ប​ជាដើម»។​

​នៅ​ថ្ងៃ​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បានទម្លាយ​អាថ៌កំបាំង​ខ្លះៗ​នៅ​ក្នុង​ការចរចា​រយៈ​ពេល​៤៤​នាទី​រវាង​រូប​លោក​និង​លោកសម រង្ស៊ី ​កាល​ពី​ថ្ងៃ​ពុធ។

​លោក​ហ៊ុន ​សែន ​និយាយ​ថាមាន​ការ​ឯកភាព​គ្នា​មួយ​ចំនួននិង​ត្រៀម​ចុះ​កិច្ច​ព្រម​ព្រៀង​រួម​ជា​ពិសេស​លើកាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ។

​លោក​ហ៊ុន សែន​ អះអាង​ថា​លោកសម រង្ស៊ី ​បានយល់​ព្រម​លើ​ចំណុច​នេះ ​ប៉ុន្តែ​លោកកឹម​ សុខា ​ដែល​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិមិន​យល់​ព្រម។​

​ត្រង់​ចំណុច​នេះលោកសម រង្ស៊ី ​បានបដិសេធ​ថា​លោក​មិន​បាន​ឯកភាពលើ​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នោះ​ទេ។
​ការ​បោះ​ឆ្នោត​នេះ​ដែល​គណបក្ស​សង្គ្រោះជាតិទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​អណត្តិប៉ុន្តែ​បើ​តាម​លោក​ហ៊ុន សែន ​ការ​បោះឆ្នោត​នេះ​ទំនង​ជា​នឹង​ត្រូវ​ធ្វើ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៨។

​ការ​ខ្វែង​យោ​បល់​គ្នា​នេះ​ដែល​លោក​នី ចរិយា​ គិតថា​អ្នក​នយោបាយ​មិន​ទាន់​បាន​ប្រើ​ប្រាស់​សុឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​ឡើយ។

«អ្វីដែល​យើង​មាន​ការសោក​ស្តាយ​គឺ​ថា​អ្នកនយោបាយ​បាន​ឆ្លៀត​ការ​ចរចា​គ្នា​នេះ​ដើម្បី​វាយ​ប្រហារ​គ្នា​ហើយ​នេះ​ជា​ចំណុច​អវិជ្ជមាន​ដែល​មិន​គួរ​កើត​ពីព្រោះ​បើ​យើង​ចរចា​គ្នា​យើង​ត្រូវ​ជជែក​ដោយ​ឆន្ទៈ​ស្មោះ​ស ​ទាំងអស់​គ្នា​ហើយ​ជជែក​ដើម្បី​រក​ដំណោះ​ស្រាយ​វិញ»។

​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នកវិភាគ​នយោបាយ​ឯករាជ្យក៏​បាន​មើល​ឃើញ​ថា​ដំណើរ​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​មាន​សន្ទុះ​ទៅមុខ​ក៏ប៉ុន្តែលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ឆ្លៀត​ប្រើ​ប្រាស់​ចំណោទ​ដែល​លោកសម រង្ស៊ី ​និង​លោកកឹម សុខា ​មិន​ទាន់​បានជជែក​គ្នា​អំពីកាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​សកល​នោះ​ធ្វើ​ជាគោល​ដៅ​បំបែក​គណបក្ស​ជំទាស់។

«ខ្ញុំ​ឃើញ​ថា​វិជ្ជមាន​បោះទៅមុខ​បាន​ច្រើន​ដែរហើយ។​ហើយ​ការ​លើក​យក​ករណី​លោក​កឹម សុខា ជាយុទ្ធសាស្ដ្រ​បំបែក​បំបាក់​ដើម្បីត្រួតត្រា»។

​ដោយឡែក​លោកអ៊ូ វីរៈ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​មាន​សុទិដ្ឋិ​និយម​ថា​មេដឹក​នាំ​គណបក្ស​គូជម្លោះ​បាន​បង្ហាញ​ពី​ភាព​រលូន​នៅ​ក្នុង​ការចរចា។ ​លោក​យល់ថា​ លោកសម រង្ស៊ី ​និង​កឹម សុខា ​ទំនងជា​មិនទាន់​ត្រូវត្រូវ​គ្នា​លើ​ចំណុច​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ។ប៉ុន្តែ​លោកអ៊ូ វីរៈ ​គិត​ថា​លោក​សង្ស័យ​ថា​កត្តា​នេះ​អាច​ជា​គន្លឹះ​ឆ្កឹះ​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។

សូម​បញ្ជាក់​ថា​វិបត្តិ​នយោបាយ​កម្ពុជាបាន​អូស​បន្លាយ​ជិត​៩​ខែ​មក​ហើយ ​ហើយ​មេ​ដឹកនាំ​កំពូល​គណបក្ស​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា​ចំនួន​ពីរ​លើក។

ក៏ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​នយោបាយ​កម្ពុជា​ជឿថាគណបក្ស​ទាំង​ពីរ​នៅ​មិន​ទាន់​អាច​ដោះ​ស្រាយ​ដោះ​ស្រាយ​វិបត្តិ​នយោបាយបាននៅមុន​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរបាន​នៅឡើយ។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ៕
XS
SM
MD
LG