ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ក្រុង​ភ្នំពេញ​បិទ​តូប​កាសែត​១២


​អ្នក​ស្រី​ហុក ប៊ុន​ណាត ប្រធាន​សមាគម​អាជីវករ​ចែកចាយ​កាសែត​ព្រួយបារម្ភ​ថា បញ្ហា​ដែល​គ្មាន​ការដោះដូរ​នេះ​នឹង​ក្លាយជា​ការបណ្តេញ​ជា​រៀងរហូត។​
​អ្នក​ស្រី​ហុក ប៊ុន​ណាត ប្រធាន​សមាគម​អាជីវករ​ចែកចាយ​កាសែត​ព្រួយបារម្ភ​ថា បញ្ហា​ដែល​គ្មាន​ការដោះដូរ​នេះ​នឹង​ក្លាយជា​ការបណ្តេញ​ជា​រៀងរហូត។​
ភ្នំពេញ៖ ក្រុម​អាជីវករ​លក់​កាសែត​និង​ទស្សនា​វ​ដ្តី​នៅតាម​បណ្តោយ​វិថី​ប៉ាស្ទ័រ​ជាប់​របង​វិទ្យាសា្ថន​ជាតិ​អប់រំ នា​ក្រុង​ភ្នំពេញ​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​ពួកគេ​ផ្អាក​អាជីវកម្ម​ដោយ​ពុំ​មាន​ដំណោះស្រាយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួល​រង​ផលប៉ះពាល់​ដល់​ជីវភាព។​

​អភិបាល​សាលា​រាជធានី​ភ្នំពេញ​លោក​កែប ជុតិមា នៅ​ក្នុង​លិខិត​ចំនួន​ពីរ​ដាច់​ដោយឡែក​ពី​គ្នាកាល​ពី​ខែ​កញ្ញា និង​នៅ​ដើម​ខែ​ធ្នូ​នេះ​បាន​បញ្ជា​ឲ្យ​តូប​កាសែត​ចំនួន​១២​ជាប់​របង​វិទ្យាសា្ថនជាតិ​អប់រំ ឲ្យ​រុះរើ​ចេញ​ជា​បណ្តោះអាសន្ន និង​ផ្អាក​ការ​លក់​ដូរ​ក្នុង​រយៈពេល​១២​ខែ​ដើម្បី​សាងសង់​អគារ​សិក្សា​ថ្មី​មួយ​របស់​វិទ្យាស្ថាន​នេះ។ ការ​បញ្ជា​ឲ្យ​រុះ​រើ​នេះ​ត្រូវ​បាន​ធ្វើ​តាម​សំណើ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

​លិខិត​ទាំងនោះ​មិន​បាន​កំណត់​រយៈពេល​ត្រូវ​ចាកចេញ និង​ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​ទីណា​នោះទេ។ ក៏ប៉ុន្តែ​អាជ្ញាធ​រខណ្ឌ​ដូនពេញ​បាន​បង្គាប់​ឲ្យ​តូប​លក់​កាសែត និង​ទស្សនាវដ្តី​ទាំង​នេះ​ផ្អាក​សកម្មភាព​ជួញ​ដូរ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​មក​ម្លេះ​ដោយ​ពុំ​មាន​ដំណោះស្រាយ​សម្រាប់​ទីតាំង​ថ្មី​នោះទេ។

​អ្នក​ស្រី​ហុក ប៊ុន​ណាត ប្រធាន​សមាគម​អាជីវករ​ចែកចាយ​កាសែត​ព្រួយបារម្ភ​ថា បញ្ហា​ដែល​គ្មាន​ការដោះដូរ​នេះ​នឹង​ក្លាយជា​ការបណ្តេញ​ជា​រៀងរហូត។​

«គឺ​គ្រាន់​តែ​ឲ្យ​ពួក​ខ្ញុំ​រុះរើ​ជា​បណ្តោះអាសន្ន​រយៈពេល​១២​ខែ​រួច​គេ​នឹង​រៀបចំ​ដាក់​ឲ្យ​ខ្ញុំ​វិញ។ តែ​ខ្ញុំ​ជឿ​ថា ការ​ដែល​គាត់​ឲ្យចេញ​ជា​បណ្តោះអាសន្ន​រយៈពេល​១២​ខែ​នេះ​មើល​ទៅ​យើង​រុះរើ​ចេញ​ចប់​ហើយ»។​

​អ្នកស្រី ហុក ប៊ុន​ណាត លើក​ឡើង​ថា មាន​ការ​បណ្តេញ​តូប​លក់​កាសែត​ជាច្រើន​នា​ពេល​កន្លង​មក​ហើយ​មិន​មាន​ការ​ដោះ​ផ្តល់​កន្លែង​លក់ដូរ​សម្រាប់​អាជីវករ​ឡើងវិញ​នោះទេ។​

​នៅពេល​ដែល​វិស័យ​បោះពុម្ពផ្សាយ​ព័ត៌មាន​នៅមានកម្រិត​នៅ​កម្ពុជា ទីតាំង​ចែកចាយ​នៃ​បណ្តាញ​ផ្សព្វផ្សាយ​ទាំង​នោះ​ក៏​នៅ​មាន​លក្ខណៈ​តូចចង្អៀត​ផងដែរ។​

​អ្នកស្រី យូ សេរីរ័ត្ន អាជីវករ​ម្នាក់​ក្នុងចំណោម​ម្ចាស់​តូប​ទាំង​១២។ អ្នកស្រី​បាន​ត្អួ​ញ​ត្អែរ​ពី​ផល​ប៉ះពាល់​ពី​ការ​ហាម​ឃាត់​ការលក់​នេះ។​

«របរ​របស់​ខ្ញុំ​ពឹង​លើ​មុខរបរ​តែ​មួយ​គត់​ហ្នឹង។ មួយ​ថ្ងៃ​ខ្ញុំ​លក់​បាន​ពី​៤០ម៉ឺន​ទៅ​៥០​ម៉ឺន​រៀល​ទាំង​ដើម​ទាំង​ចុង​ (១០០​ទៅ​ជាង​១០០​ដុល្លារ​អាមេរិក)។ អាច​ផ្តល់​ផល​ចំណេញ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាច​រស់នៅ​បាន។ តែ​ការដេញ​ប៉ះពាល់​ខ្លាំង​មែនទែន។ គឺ​បាត់បង់​អតិថិជន ប៉ះពាល់​ដល់​ជីវភាព​ថ្លៃបង់​ទឹក ភ្លើង សាលារៀន​របស់​កូន​គឺ​គ្រប់​យ៉ាង»។

លោក​ឡុង ឌីម៉ង់ អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា នៅ​មិនទាន់​មាន​គោលការណ៍​ជាក់លាក់​ស្តីពី​ការប្តូរ​ទីតាំង​លក់​កាសែត​សម្រាប់​អាជីវករ​ខាងលើ​នៅ​ឡើយ។​

«ក៏​ប៉ុន្តែ​ខ្ញុំ​គិតថា ប្រសិន​បើ​គាត់​មាន​បំណង​ដោះដូរ​ទីតាំង​ណាមួយ​ដែល​គាត់​ចង់បាន អា​ជីករ​គួរ​ធ្វើ​លិខិត​មក​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ជូន​ឯកឧត្តម​អភិបាល​ពិនិត្យ​និង​សម្រេច​ជូន​»​។​

​ក្រុមអាជីវករ​បាន​ស្នើ​សុំ​ការ​រំកិល​ការ​តូប​របស់​ពួកគេ​ទៅ​ផ្នែក​របង​ខាងក្រោយ​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក៏ប៉ុន្តែ​មិនទាន់បាន​ដាក់​សំណើ​នេះ​នៅឡើយ។​

​លោក​ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​យល់ថា ការផ្អាក​រយៈពេល​មួយ​ឆ្នាំ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រកប​ការ​លក់ដូ​រការ​សែត និង​ទស្សនាវដ្តី​ដោយ​មិន​បាន​ផ្តល់​កន្លែ​ង​ដោះដូរ​សម្រាប់​ពួកគេ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​ទទួលពត៌​មាន​នៃ​សាធារណជន។​

«កាសែត​មិនមែន​ដូច​អង្ករ បើ​គេ​រក​មិន​បាន​នៅ​កន្លែង​មួយ​ទៅ​រក​កន្លែង​មួយទៀត​ទេ។ គឺ​កាលណា​គេ​រក​កន្លែង​មួយ​មិន​ឃើញ​គេ​ឈប់​រក​ហើយ។ ដូច្នេះ​តិច​ឬ​ច្រើន​វា​ប៉ះពាល់​ដល់​មធ្យោបាយ​នៃ​ការ​ចែកចាយ​ពត៌មាន»។

គួរ​រំលឹក​ថា នា​ពេល​កន្លង​មក​សាលា​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​តូប​លក់​កាសែត​នានា​សាងសង់​ដោយ​មាន​ក្បាច់​រចនា​ខ្លះ​ដែល​បង្ហាញ​ពី​សិល្បៈ​ខែ្មរ។ ក៏ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា ក៏​មាន​តូប​លក់​កាសែត​មួយ​ចំនួន​ត្រូវ​បាន​បណ្តេញ​ចេញ​ហើយ​មិន​មាន​ការរៀបចំ​កន្លែង​ថ្មី​ជា​ថ្នូរ​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG