រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនិងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃចន្ទអំពីការចែករំលែកព័ត៌មាននិងបច្ចេកវិទ្យាសម្ងាត់ផ្នែកយោធា នៅពេលដែលសម្ព័ន្ធមិត្តទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីតតាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយនឹងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Gilberto Teodoro នៅពេលចាប់ផ្ដើមដំណើរទស្សនកិច្ចនេះទៅកាន់ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន ដែលនៅក្នុងដំណើរទស្សនកិច្ចនេះក៏មានផងដែរនូវជំនួបបិទទ្វារជាមួយនឹងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos។
កិច្ចព្រមព្រៀងសន្តិសុខទូទៅនៃព័ត៌មានផ្នែកយោធា (The General Security of Military Information) នេះអនុញ្ញាតឱ្យមានការចែករំលែកព័ត៌មានសម្ងាត់ដែលអាចផ្ដល់ប្រយោជន៍ដល់ផ្នែកការពារជាតិរបស់ហ្វីលីពីន និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការលក់បច្ចេកវិទ្យាសម្ងាត់មួយចំនួន។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រី។
កិច្ចព្រមព្រៀងនេះនឹងផ្ដល់ឱ្យហ្វីលីពីននូវលទ្ធភាពក្នុងការទទួលបាន «សព្វាវុធចម្បងៗដែលមានសមត្ថភាពខ្ពស់» ពីសហរដ្ឋអាមេរិក និង «បើកឱកាសឱ្យបន្តសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយនឹងបណ្ដាប្រទេសដែលមានគំនិតដូចគ្នា»។ នេះបើតាមការបញ្ជាក់របស់ឧបការីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Arsenio Andolong។
លោក Austin និងលោក Teodoro ក៏បានចូលរួមនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបញ្ជាការនិងសម្របសម្រួលរួមនៅក្នុងទីស្នាក់ការកណ្ដាលយោធាហ្វីលីពីនក្នុងទីក្រុងម៉ានីលផងដែរ៕
វេទិកាបញ្ចេញមតិ