ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមសិទ្ធិមនុស្ស​ទទូចឲ្យ​រដ្ឋាភិបាល​ពិចារណា​របាយការណ៍​​របស់មន្ត្រី​អ.ស.ប.​


លោក​ ស៊ូយ៉ា ស៊ុបឺឌី (Surya P Subedi) ​អ្នក​រាយការណ៍​ពិសេស​ អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​
វ៉ាស៊ីនតោន៖ ក្រុមអ្នក​ឃ្លាំមើល​ក្នុង​ប្រទេស​កម្ពុជា​ទទូចដល់​រដ្ឋាភិបាល​ឲ្យ​ពិចារណា​ចំពោះ​របាយ​ការណ៍​សិទ្ធិ​មនុស្ស​របស់មន្ត្រី​អ.ស.ប.​ជាជាង​ការ​បដិសេធ​ភ្លាមៗ។​

អ្នក​រាយ​ការណ៍​ពិសេស​របស់អ.ស.ប.​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ លោក ស៊ូយ៉ា ស៊ូបេឌីបានចេញ​របាយ​ការណ៍​ចុង​ក្រោយ​មួយ​ទាក់ទង​នឹង​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​ និង​ដំណើរការ​
ប្រជាធិបតេយ្យ​ នីតិរដ្ឋ​នៅ​កម្ពុជា​ដោយ​ចង់​ឲ្យ​រដ្ឋាភិបាល​កែ​ទម្រង់​នៅ​ចំណុច​មួយ​ចំនួន។​

របាយ​ការណ៍​នោះ​ត្រូវ​បាន​ច្រានចោល ​ហើយ​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពីក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ភ្លាមៗ​ថា​ ជា​របាយការណ៍​មិន​ឆ្លុះ​បញ្ចាំង​ពីស្ថាន​ការណ៍​ពិត​ជាក់ស្តែង​ទេ។​ ក៏ប៉ុន្តែ​ក្រុមមន្ត្រី​សង្គមស៊ីវិល​ឯករាជ្យ​និងអ្នកវិភាគ​ឯករាជ្យ​នៅកម្ពុជា​និយាយ​ថា ​របាយ​ការណ៍​ចុង​ក្រោយ​របស់លោក​ ស៊ូយ៉ា ស៊ូបេឌី​ ឆ្លុះ​បញ្ចាំង​ពីការណ៍​ពិត​ជាក់ស្តែង​ ហើយទទូច​ឲ្យ​រដ្ឋាភិបាល​ពិចារណា។​

របាយ​ការណ៍​កាលពីចុង​ខែ​សីហា​របស់លោក​ស៊ូយ៉ា ស៊ូបេឌី​បាន​បង្ហាញ ឲ្យ​ឃើញ​ពីការ​រំលោភ​សិទ្ធិ​មនុស្ស​ ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ ការ​រិតត្បិត​សេរីភាព​បញ្ចេញ​មតិ​ ប្រព័ន្ធបោះឆ្នោត​មាន​បញ្ហា​ជាច្រើន​ដែល​មិន​អាច​ឲ្យអ្នក​បោះឆ្នោត​ជឿ​ទុកចិត្ត​បាន​ ដែល​គួរកែទម្រង់។​

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា ​បាន​អះអាង​ថា ​របាយ​ការណ៍​របស់​លោក​ ស៊ូយ៉ា ស៊ូបេឌី​ គួរ​ជា​របាយ​ការណ៍​ពិត​ជាក់ស្តែង​ដែល​រដ្ឋាភិបាល​គួរ​ពិចារណា​កែ​ទម្រង់។​

«បើតាម​ខ្ញុំ​ មួយឆ្នាំ​ ពីរឆ្នាំនេះ​ដែល​ខ្ញុំមក​ផ្ទាល់​តាមដាន​ព្រឹត្តិការណ៍​ជា​ហូរហែរ​មក​ វាដូច​ជា​របាយ​ការណ៍​នេះ​ឆ្លុះ​បញ្ចាំង​នូវ​ស្ថានភាព​ជាក់ស្តែង​នៅ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​សិទ្ធិមនុស្ស​ នីតិរដ្ឋ​ ប្រជាធិបតេយ្យ​ ហើយនិង​អ្វី​ដែល​របាយ​ការណ៍​ហ្នឹង​ផ្តោត​អារម្មណ៍ ​គឺ​ការ​បោះឆ្នោត​និង​យន្តការស្ថាប័ន​រៀបចំការ​បោះឆ្នោត​ ហ្នឹងដែរ ​បាទ»។​
លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​
របាយ​ការណ៍​របស់​មន្ត្រី​អ.ស.ប.​ដដែល​បាន​អះអាង​ថា​ ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​មាន​បញ្ហា​ឆ្គាំឆ្គង​ច្រើន​ផ្នែក​រដ្ឋបាល​ដែលមន្ត្រី​រាជការ​មាន​សកម្មភាព​សកម្មខាង​នយោបាយ​ មានការ​បំភិត​បំភ័យ​លើ​សកម្មជន​គណៈបក្ស​នយោបាយ​ ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ​ដើម្បី​ចូលរួម​ប្រតិបត្តិ​ការ​ឃោសនា​ ឬ​សកម្មភាព​នយោបាយ​ មាន​ការ​ប្រើប្រាស់​ប្រព័ន្ធឃោសនា​មិន​ស្មើភាព​ សមាជិក​គណៈ​កម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​មិន​ឯករាជ្យ​ និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​ធ្វើឲ្យ​អ្នក​បោះឆ្នោតបាត់​ជំនឿ។​ ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​ របាយ​ការណ៍​លោក​ស៊ូបេឌី​បាន​និយាយ​ពីការ​បង្ក្រាប​ដោយ​អំពើហិង្សា​និង​ការ​ខកខាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​បូរីកីឡា​និង​តំបន់​បឹងកក់​ដែល​លោកស៊ូបេឌី​បាន​អះអាង​ថា​ ករណី​បឹងកក់​ជា​«និមិត្ត​សញ្ញា​នៃ​ការ​អស់​សង្ឃឹម» ​ដែល​ថា​សហគមន៍​នានា​នៅទូទាំង​ប្រទេស​ប្រឈម​មុខ​នៅ​ក្នុងការ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួកគេ។​ មួយវិញ​ទៀត​ បញ្ហា​បញ្ចេញ​មតិវិញ ​លោក​ស៊ូបេឌី​បាន​អះអាង​ថា​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅតែ​ជា​ក្តី​បារម្ភ​ដ៏​សំខាន់។​

លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា ​ពលរដ្ឋ​ជាច្រើន​ខ្លាច​មិន​ហ៊ាន​បញ្ចេញ​មតិ​ដោយ​សារ​ខ្លាច​ត្រូវ​គេ​ចាប់ខ្លួន​និង​ឃុំខ្លួន​ក្រោម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ស្តីពី​ការ​ញុះញង់ ​និង​បរិហារ​កេរ្តិ៍​ព្រហ្មទណ្ឌ។​ របាយ​ការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ចាប់​តាំងពី​ដើម​ឆ្នាំមក​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ មន្ត្រី​សង្គម​ស៊ីវិល​ អ្នក​សារ​ព័ត៌មាន​ត្រូវ​រង​ការ​គម្រាម​កំហែង​ បំភិត​បំភ័យ​ ការ​បាញ់​ប្រហារ​កម្មករ​រោងចក្រ​នៅ​ខេត្ត​ស្វាយរៀង​ ការ​បាញ់​ប្រហារ​ពលរដ្ឋ​នៅខេត្ត​ក្រចេះ​ស្លាប់​និង​របួស​ដោយ​សារ​ការតវ៉ា​រឿងដីធ្លី​ ការ​បាញ់​សម្លាប់​សកម្មជន​ឆ្នើម​ផ្នែក​ការពារ​ធនធាន​ធម្មជាតិ​គឺ​លោក​ឈុត វុទ្ធី​នៅខេត្ត​កោះកុង​ជាដើម។​

លោក​អំ សំអាត​ ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីការដូគាំទ្រ​របាយ​ការណ៍​របស់​លោក​ស៊ូយ៉ា ស៊ូបេឌី​ ថា​ជា​របាយ​ការណ៍​ដែល​កើត​ចេញ​ពី​ការ​បាន​ទទួល​និង​ពិនិត្យ​ឃើញ​នៅពេល​លោក​បាន​មក​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​ ដែល​លោក​ថា ​រដ្ឋាភិបាល​គួរទទួល​យក​ចំណុច​នានា​មក​កែ​តម្រូវនិង​ពន្យល់​ចំណុចខ្លះ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ដោយ​ជៀសវាង​ការ​បដិសេធ​ជា​ទម្លាប់​នោះ។

«រាជ​រដ្ឋាភិបាល​ លោក​គួរតែ​ពិនិត្យ​ហើយពិចារណា​ ហើយ​គិត​ថា​អ្វី​ដែល​យើង​បានធ្វើ​គឺយើង​ឆ្លើយ​តប​ថា ​យើង​បានធ្វើ​អ្វីដែល​យើង​ខ្វះ​ចន្លោះ​គឺ​យើង​នឹង​ខិតខំ​បំពេញ​បន្ថែម​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​យើង​នឹង​ក្លាយ​ទៅជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ មាន​នីតិ​រដ្ឋ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដ៏​ត្រឹមត្រូវ​មួយ​នោះ​បាទ»។​

លោក​សំអាត​បន្ថែម​ថា​ ការត្រួត​ពិនិត្យ​មើល​មុន​ការ​បដិសេធ​គឺ​ជា​រឿង​មួយ​ដែល​គេ​អាច​មើល​ឃើញ​ថា​ កម្ពុជា​មាន​ឆន្ទៈ​ចំពោះការ​គោរព​សិទ្ធិ​មនុស្ស​ ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​ បើ​ពុំដូច្នោះ​ទេ​លោក​ថា​ ​រឿង​ដែល​ខ្វះ​ចន្លោះនានា​នឹង​លែង​កែប្រែ​បាន។​
លោក ​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​របស់រដ្ឋាភិបាល​និង​ជា​រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ថ្លែង​ការពារ​ជំហរ​រដ្ឋាភិបាល​ ដោយ​អះអាង​ថា​របាយ​ការណ៍​របស់​លោកស៊ូបេឌី ​ជា​របាយ​ការណ៍​មិន​សមរម្យ​តាម​ស្ថាន​ការណ៍​កម្ពុជា​ទេ។​

«អ្វីដែល​លោកស៊ូបេឌី​លោក​មើល​ឃើញ​ហ្នឹង​គឺ​ជាអ្វី​នៅ​ក្នុង​តម្លៃ​សកល​ទេ​តែ​វា​មិនអាច​យក​តម្លៃ​សកល​យក​មក​អនុវត្ត​នៅ​លើអ្វី​ដែល​កម្ពុជា​ត្រូវតែ​ធ្វើ​បាន​ទាំង​អស់​នោះ​ឡើយ។​ យើង​មើល​ទៅតើនៅ​ក្នុង​ឆ្នាំណា​ដែល​រដ្ឋ​ធម្មនុញ្ញ​ស.រ.អា.បាន​សរសេរ​ ហើយ​១០០​ឆ្នាំ​ក្រោយមក​ទើប​បាន​នារី​មាន​សិទ្ធិ​ទៅ​ចូលរួម​ការ​បោះឆ្នោត។ ​ដូច្នេះអ្វីៗ​វា​ទាមទារ​នូវ​សមត្ថភាព​ លទ្ធភាព​និង​ពេលវេលា»។​

លោក​ផៃ ស៊ីផាន​អះអាង​បន្ថែម​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​អទិភាព​របស់​ខ្លួន​ច្រើន​ក្នុង​ការ​បំពេញ​ទៅមុខ​ តែ​ការ​ធ្វើកិច្ចការ​បាន​គឺ​អាស្រ័យ​ទៅលើ​លទ្ធភាព ​និង​វប្បធម៌​របស់​ខ្លួន។​ នេះ​ជារឿង​សំខាន់។​

លោក ​ស៊ួន ប៊ុនស័ក្តិ ​នាយក​លេខាធិការដ្ឋាន​អង្គការ​ប្រព្រឹត្តិ​កម្ម​ដែល​មាន​អង្គការ​សមាគម​២០​ជា​សមាជិក​ បានអះអាង​ថា​ រាជ​រដ្ឋាភិបាល​មាន​សិទ្ធិ​នឹង​ធ្វើ​ប្រតិកម្ម​លើការ​ចោទ​ប្រកាន់​នានា។​

«អញ្ចឹង​អ្វី​ដែល​គេ​រកឃើញ​គឺ​ខ្ញុំ​យល់​ថា ​វាឆ្លុះ​បញ្ចាំង​នូវ​ការណ៍​ពិត​ច្រើន​ដែរ។ ​ មែន​ទែន​ទៅ​សម្រាប់​ប្រទេស​កម្ពុជា​យើង ​ខាងរដ្ឋាភិបាល​ក្នុង​ឋានៈ​ជា​អ្នក​ដឹកនាំ​កិច្ចការ​រដ្ឋ​ ដែល​គ្រប់គ្រង​ស្រុក​ទេស​ហ្នឹង​គឺ​គេមាន​សិទ្ធិ​ឆ្លើយ​បដិសេធ​ ឆ្លើយ​បំភ្លឺ​ពី​ជំហរ​របស់គេ​ផង​ដែរ»។
ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​បាន​អធិប្បាយ​ថា​ការ​មិន​ទទួល​ស្គាល់​របស់​រដ្ឋាភិបាល​ជា​រឿង​ធម្មតា​ដើម្បី​ការពារ​អ្វី​ដែល​រដ្ឋាភិបាល​បានធ្វើ​កន្លង​មក​ថា ជារឿង​គ្រប់គ្រាន់។​

«ខាង​រដ្ឋាភិបាល​គឺ​ប្រកាន់​យក​ថា​ អ្វីៗ​ដែល​បាន​ធ្វើ​ ហើយ​បាន​រៀបចំ​ហ្នឹង ​វា​ត្រឹម​ត្រូវ​តាម​លក្ខណៈ​ប្រជាធិបតេយ្យ ​គោរព​សិទ្ធិ​មនុស្សដឹកនាំ​ដោយ​នីតិរដ្ឋ​ហ្នឹង​ឯង។​ ក៏​ប៉ុន្តែ​ការណ៍​ពិត​ជាក់ស្តែង​មិន​អញ្ចឹងទេ។​ រួចតែ​ដល់​ពេល​មាន​ការ​ចង្អុល​បង្ហាញ​នូវកង្វះខាត​នៅ​ឡើយ​នោះ​គឺ​ចេះ​តែ​មាន​ប្រតិកម្ម»។​
លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​បាន​កត់​សម្គាល់​ថា​ ប្រតិកម្ម​របស់​រដ្ឋាភិបាល​លើ លោក​ ស៊ូយ៉ា ស៊ូបេឌី ​ពេល​នេះ​មិន​ធ្ងន់ធ្ងរ​ដូច​មុនៗ​ទេ។​ លោក​សំដៅ​ទៅ​លើ​ការ​វាយ​ប្រហារ​របស់​មេដឹកនាំ​កម្ពុជា​គឺ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ដែល​ធ្លាប់​បាន​បរិហារ​រិះគន់​ធ្ងន់ៗ​លើ​លោក ​យ៉ះ ហ្កៃ​ អតីតៈ​តំណាង​ពិសេស​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០០៦​ ដែល​លើក​ឡើង​ស្រដៀង​គ្នា​នឹង​លោក ​ស៊ូយ៉ា ស៊ូបេឌី​ ដែរ​អំពី​ស្ថាន​ការណ៍​សិទ្ធិ​ មនុស្ស​អន់ថយ​ក្នុង​ប្រទេស​កម្ពុជា៕​
XS
SM
MD
LG