ភ្នំពេញ៖ នគរបាលនៅកម្ពុជាកំពុងស៊ើបអង្កេតឃាតកម្មលើអ្នកយកព័ត៌មានដែលធ្វើសេចក្តីរាយការណ៍អំពីការកាប់ឈើខុសច្បាប់ និងអំពើពុករលួយ។ ជំនួញខុសច្បាប់នៃឈើហ៊ុបដ៏មានតម្លៃគឺជាបញ្ហាដ៏ចម្បងនៅកម្ពុជា ហើយអ្នកយកព័ត៌មាន និងសកម្មជនដែលព្យាយាមផ្សព្វផ្សាយអំពីរឿងនេះ ជានិច្ចកាលទទួលរងការគំរាមកំហែង។
មន្ត្រីនគរបាលនិយាយថា សាកសពរបស់លោក ហង្ស សេរីឧត្តម អាយុ៤៤ឆ្នាំ ដែលធ្វើការឲ្យកាសែតវរជនខ្មែរ ត្រូវបានរកឃើញកាលពីថ្ងៃអង្គារ នៅក្នុងឃ្លប់ក្រោយនៃរថយន្តមួយនៅក្នុងខេត្តរតនគិរី។
លោក រិន រតនៈ គឺជានិពន្ធនាយកនៃកាសែតវីរជនខ្មែរ ដែលចេញផ្សាយពីរដងក្នុងមួយសប្តាហ៍ ថ្លែងថា៖
«គាត់សរសេរព័ត៌មានទូទៅនៅក្នុងខេត្ត តែអត្ថបទគាត់ភាគច្រើនទាក់ទងនឹងបទល្មើសព្រៃឈើ ដូចជាការដឹកជញ្ជូនឈើ និងការកាប់ឈើខុសច្បាប់ជាដើម។ គឺពាក់ព័ន្ធនឹងមន្ត្រីប៉េអឹមម្នាក់ (ដែល) គាត់ពាក់ព័ន្ធនឹងការរកស៊ីឈើ»។
ប៉ុន្តែខណៈដែលរឿងជាច្រើនរបស់គាត់ត្រូវបានសរសេរអំពីដែនដីដ៏រសើបនេះ លោក រិន រតនៈ និយាយថា គាត់មិនបានដឹងអំពីការគំរាមកំហែងពីមុនៗលើអ្នកយកព័ត៌មានរូបនេះទេ។ គាត់ជំរុញឲ្យមានការស៊ើបអង្កេតឲ្យបានឆាប់រហ័ស។
«ខ្ញុំគា្រន់តែអំពាវនាវសុំឲ្យគាត់រកឃាតករពិតប្រាកដមកផ្តន្ទាទោស ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះតែប៉ុណ្ណឹង»។
ការកាប់ឈើខុសច្បាប់គឺជាបញ្ហាដ៏លេចធ្លោមួយនៅកម្ពុជា។ សកម្មជន និងអ្នកយកព័ត៌មានមួយចំនួនប្រឈមនឹងការគំរាមកំហែងដោយអំពើហិង្សានៅពេលពួកគេព្យាយាមលាត្រដាងបញ្ហានេះ។
នៅខែមេសាកន្លងទៅនេះ លោក ឈុត វុទ្ធី ដែលជាសកម្មជនបរិស្ថានម្នាក់ ត្រូវបានសម្លាប់នៅក្នុងស្ថានភាពមួយដ៏អាថ៌កំបាំង ខណៈដែលលោកចុះទៅស៊ើបអង្កេតការកាប់ឈើខុសច្បាប់នៅខេត្តកោះកុង។
នគរបាលមូលដ្ឋាននិយាយថា វាលឿនពេកក្នុងការភ្ជាប់មរណភាពរបស់លោក ហង្ស សេរីឧត្តម ទៅនឹងសេក្តីរាយការណ៍របស់គាត់។ លោក អែម វុន គឺជាអធិការនគរបាលស្រុកនៅខេត្តរតនៈគិរី។
«ឥឡូវយើងកំពុងស៊ើបអង្កេតរឿងហ្នឹង គឺស៊ើបអង្កេតយ៉ាងស៊ីជម្រៅបំផុតអំពីចំណុចហ្នឹង ថាតើគាត់ស្លាប់ហ្នឹងគឺស្លាប់ដោយសារគំនុំ ពាក្យសម្តី ឬក៏គាត់ប៉ះពាល់នឹងវិជ្ជាជីវៈរបស់គាត់ ឬយ៉ាងម៉េច គឺយើងកំពុងស៊ើបអង្កេតហើយរឿងហ្នឹង។ ឲ្យយើងកំណត់យ៉ាងណានោះ គឺកំណត់ថាមិនទាន់បានទេ»។
កាលពីថ្ងៃពុធ អង្គការសិទ្ធិមនុស្សមួយចំនួនឲ្យដឹងថា មរណភាពរបស់លោក ហង្ស សេរីឧត្តម គឺជានិន្នាការនៃអំពើហិង្សាដ៏កើនឡើងប្រឆាំងនឹងអ្នកយកព័ត៌មាន នៅទូទាំងតំបន់។
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ