ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ព្រមាន​ឈប់​ចរចា​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា

  • គង់ សុឋានរិទ្ធ

លោក កឹម សុខា និង​ លោក សម រង្ស៊ី នៅ​ក្នុង​​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៤។
មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រមាន​បញ្ឈប់​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​សំអាង​ថា​ មាន​បរិយាកាស​គំរាម​កំហែង​ដែល​ខ្លួន​មិន​អាច​ទទួល​យក​បាន។​

ជំហរ​នេះធ្វើ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ដាក់​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។​

ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានលើក​នូវ​ករណី​រំខាន​របស់​អាជ្ញាធរ​ប្រដាប់​អាវុធ​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​លើ​ការ​ជួប​ជុំ​របស់​មេ​ដឹកនាំ​គណបក្ស​ជំទាស់​ជាមួយ​សកម្មជន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ។​

«ចរចា​ក្រោម​ការ​គំរាម​កំហែង ​គេ​ភ្ជង់​យើង។ ភ្ជង់​គណបក្ស​សង្គ្រោះ​ជាតិ ​ឃើញ​ថា​ទៅ​ណា​គេ​យក​កាំ​ភ្លើង​មក​ភ្ជង់​យើង។ អញ្ចឹង​ទៅ​ចរចា​របៀប​ម៉េច​ក្នុង​បរិយាកាស​នេះ?​ មិន​អាច​ទៅ​ទៀត​បាន​ទេ ​ដរាប​ណា​គណបក្ស​ប្រជាជន​នៅ​ប្រើ​ល្បិច​ និង​ទង្វើ​ដ៏​អាក្រក់​បែប​នេះ​ទៀត»។​

នៅ​ក្នុង​សន្និ​សីទកាសែតនេះ​ដែរ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​រូបភាព​វីដេអូ​ដែល​ថត​ក្នុង​ឱកាស​ដែល​លោក​សម​ រង្ស៊ី ​និង​លោក​កឹម​ សុខា​ ប្រធាន​ និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ក្នុង​វត្ត​មួយ​នៃ​ស្រុក​កញ្ច្រៀច​ ខេត្ត​ព្រៃវែង។​

មាន​កង​កម្លាំង​ប្រដាប់​អាវុធ ​ប៉ូលិស និង​កងរាជ​អាវុធ​ហត្ថ​បាន​ចូលពង្រាយ​ក្នុង​វត្ត​នោះ។ ​ហើយ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នេះ​បាន​ចាក់​ប្រដាប់​បំពង​សំឡេងមួយ​បែរ​មុខ​ទៅ​រក​កិច្ច​ប្រជុំ​របស់​គណបក្ស​ជំទាស់។​ រីឯ​នៅ​ផ្នែក​ខាង​ក្រៅ​របងវត្ត​ មាន​ប្រដាប់​បំពង​សំឡេងមួយ​ទៀត​ដាក់​នៅ​លើ​រថយន្ត​យោធា​ធុន​ធំ​មួយ​គ្រឿង​ បែរ​មក​រក​បរិវេណ​ក្នុង​វត្តដែរ។​ ប្រដាប់​បំពង​សំឡេងទាំង​នេះ​ត្រូវ​គេ​បើកសំឡេងចម្រៀង​ខ្លាំងៗ។​ នេះ​បើ​តាម​រូបភាព​វីដេអូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

បរិយាកាស​នេះ​កើត​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​គ្នា​ជា​ថ្មីក្រោយ​ពី​ចរចា​មិន​ត្រូវ​គ្នា​លើ​ចំណុច​មួយ​ចំនួន​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។

លោក​កឹម​ សុខា​ ចោទ​ប្រកាន់​ថា​ នេះ​ជា​ការ​គំរាម​ដល់​គណបក្ស​របស់​លោក។​

«គំរាម​កំហែង​ម្សិលមិញ​ អាម៉េកាំ​ភ្លើង​នៅ​ក្បែរ​ខ្ញុំ​ពីរនាក់​ទៀត​ (សម រង្ស៊ី ​និង​កឹម សុខា)។ ​ខ្ញុំ​លើក​ពី​ករណី​ពេល​ចរចា​ រៀប​ចរចា​ ស្រាប់​តែ​បាញ់​ប្រជា​ពលរដ្ឋ​នៅ​ផ្លូវ​វ៉េង​ស្រេង​ បាញ់​កម្មករ។ ​វាមិន​មែន​ជា​រូបភាព​ចរចា​ទេ​ ប៉ុន្តែ​ជា​រូបភាព​គំរាម​ឲ្យ​ចុះ​ចូល។ បើ​ចរចា​គឺ​បរិយាកាស​ស្មើ​ភាព​គ្នា»។​

ទាំង​លោកសម រង្ស៊ី ​ទាំង​លោក​កឹម​ សុខា ​ចោទ​ប្រកាន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​មិន​មាន​ចេតនា​ចរចា​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ទេ។​

ផ្ទុយ​ទៅ​វិញ​លោក​ព្រុំ សុខា ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ ​ដែល​ដឹក​នាំក្រុម​អ្នក​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ ​បាន​ឆ្លើយ​បក​ទៅ​វិញ​ថា​ គណបក្ស​សង្គ្រោះ​ជាតិទេ​ដែល​មាន​ចេតនា​មិន​ចង់​បន្ត​ការ​ចរចា។​

លោក​ព្រុំ សុខា​លើក​ឡើង​ថា​ សកម្មភាព​របស់​គណបក្ស​ជំទាស់​នៅ​តាម​បណ្តា​ខេត្តជា​រឿង​ដាច់​ដោយ​ឡែក​ពី​ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​ហើយ​មិន​ត្រូវ​ភ្ជាប់​គ្នា​នោះ​ឡើយ។​

«ដូច​អ្វី​ដែល​គណបក្ស​ប្រជាជន​ប្រកាន់​ជំហរ​តាំង​ពី​ដើម​គឺ​គ្មាន​មធ្យោបាយ​ណា​ល្អ​ជាង​ការ​ចរចា​ទេ។​ អញ្ចឹង​មិន​គួរ​ធ្វើ​សកម្មភាព​អ្វី​នៅ​ក្នុង​ពេល​ចរចា​ទេ។​ ប្រហែល​ជា​អ្នក​ចោទ​ប្រកាន់​ថា ​មិន​ចង់​ឲ្យ​មាន​ការ​ចរចា​វិញ​ទេ​ដែល​យក​ឡេស​បញ្ហា​នេះ​ដើម្បី​មិន​ចង់​ចរចា។ ​បើ​សិន​ជា​មាន​ការ​អុកឡុក​ យើង​គួរ​តែ​ធ្វើ​ការ​ស្រាវជ្រាវ​មើល​ថា​ តើ​មាន​ការ​អុកឡុក​មែន​ ឬ​គ្រាន់តែ​ជា​ការ​ចោទ​ប្រកាន់»។​

លោក​ ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ថា​ និកហ្វិក ​យល់​ថា ​សកម្មភាព​ណាមួយ​ដែល​គំរាម​ឬ​រារាំង​ដល់​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​ការ​រំខាន​ដល់​ការ​ចរចា​នៃ​គណបក្ស​ទាំង​ពីរ។​

«បើ​សិន​ជា​ការ​ចរចា​ទើប​ចាប់​ផ្តើម​អញ្ចឹង​វិបត្តិ​អាច​នឹង​កើត​មាន​ឡើង​ជា​បន្ត​ទៀត។​ វា​ធ្វើ​ឲ្យ​រារាំង​ដល់​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ដែល​រង់ចាំ​មើល​លទ្ធផល​នៃ​ការ​ចរចា​នេះ»។​

នៅ​សល់​តែ​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​បាន​អូស​បន្លាយ​អស់រយៈ​ពេល​គ្រប់​ប្រាំពីរខែ​ហើយ រហូត​មក​ទល់​ពេល​នេះ។​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​រដ្ឋា​ភិបាល​ និង​រដ្ឋ​សភា​ជា​ឯកបក្ស​ដោយ​សារ​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​គណបក្ស​នេះ​ចោទ​ថា​ មាន​ការ​លួច​បន្លំ​ជា​ច្រើន។​

មាន​អំពើ​ហិង្សា​មួយ​ចំនួន​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ចលនា​តវ៉ា​របស់​គណបក្ស​ជំទាស់។​ មនុស្ស​ពី​៦​ទៅ​៧​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​បាញ់​ពី​ក្រុម​សមត្ថកិច្ច។

នៅ​ថ្ងៃ​នេះ​ដែរ​ ក្រុម​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​បំបែក​ហ្វូង​យុវជនចំនួន​ប្រាំបួន​នាក់​ ដែល​ប្រមូល​ផ្តុំ​គ្នាប្រារព្ធ​ទិវា​ពិភពលោក​ស្តី​ពី​យុត្តិធម៌​សង្គម។​ ហើយ​យុវជន​ម្នាក់​ត្រូវ​ចាប់​ខ្លួន​មួយ​រយៈ​ ដោយ​សារ​តែ​បាន​រិះគន់​ការ​រារាំង​នេះ។​ យុវជន​ទាំង​នេះ​ត្រូវ​គេ​ស្គាល់​ថា​ ជា​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី ​និង​លោក​កឹម​ សុខា៕
XS
SM
MD
LG