ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​​ទាមទារ​សារជា​ថ្មី​ឲ្យ​បោះឆ្នោត​ឡើង​វិញ


លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​បក់​ដៃ​ដាក់​អ្នក​គាំទ្រ​នៅ​មុខ​ពេល​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៤។
លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​បក់​ដៃ​ដាក់​អ្នក​គាំទ្រ​នៅ​មុខ​ពេល​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៤។
លោកសម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ចេញ​មុខ​ម្តង​ទៀត​ប្រកាស​ទាមទារ​សារជា​ថ្មីថា ​ត្រូវ​តែ​ឲ្យមាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​មួយ​ដើម្បី​ស្វែង​រក​ភាព​មិន​ប្រក្រតី​ក្នុងការ​បោះ​ឆ្នោត​កាល​ពី​ខែកក្កដា​ និង​ទាមទារ​ឲ្យបោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ។​

លោកសម រង្ស៊ី​បាន​បញ្ជាក់​នៅ​ក្នុង​គេហទំព័រ​តាម​បណ្តាញ​សង្គម​ហេ្វសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ដែល​ទើប​នឹង​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ​នេះ។​ លោក​មាន​ប្រសាសន៍ថា​ ការ​ទាមទារ​នេះ​ស្រប​តាម​គោល​ជំហរ​របស់​សហគមន៍អន្តរជាតិ​ដែល​ចង់​ឃើញ​ឲ្យមាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣។​

លោក​បាន​បញ្ជាក់​ថា​ បើ​សិនជា​មិន​មាន​ការ​ស៊ើប​អង្កេត​ឲ្យបាន​ត្រឹម​ត្រូវ​និង​ឆាប់​រហ័ស​គឺ​ត្រូវ​តែ​បោះ​ឆ្នោត​ឡើង​វិញ។​

លោក​និយាយ​ថា៖​ «ត្រូវ​តែ​មាន​ការ​បោះ​ឆ្នោត។​ បោះ​ឆ្នោត​ពេល​ណា​គឺ​អាស្រ័យ​ទៅ​លើ​ការ​ចរចាលើក​ក្រោយ​ តំណាក់​កាលមួយ​ទៀត។​ បោះ​ឆ្នោត​កាន់​តែឆាប់​ កាន់​តែ​ល្អ​គឺ​មុន​ចប់​អាណត្តិ​ គឺថា ​អត់​មាន​ចាំ​៥​ឆ្នាំ​ ឬនៅ​សល់​៤ឆ្នាំ​កន្លះ​ គឺ​អត់​មាន​ចាំ​ទេ​ ត្រូវ​បោះ​ឆ្នោត​មុន»។​

ការ​ប្រកាស​ទាមទារ​សារជាថ្មី​របស់​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​បាន​កើត​មាន​ឡើង​ក្រោយ​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​ក្រុម​ការ​ងារ​បច្ចេក​ទេស​មកពី​ ​គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជួប​ចរចាគ្នា​កាល​ពី​ថ្ងៃ​អង្គារដើម្បី​ស្វះស្វែង​ទម្លុះ​ទម្លាយភាព​ទាល់​ច្រក​នយោបាយ​ក្នុង​ការ​បោះ​ឆ្នោត។​

កាល​ពី​ថ្ងៃ​អង្គារ គណបក្ស​គូជម្លោះទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា​ នឹង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ ដោយ​មាន​សមាស​ភាព​ស្មើគ្នា​មក​ពី​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ដើម្បី​សិក្សា ​និង​រៀប​ចំ​ក្រប​ខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ នា​ពេល​ខាង​មុខ។

លោកព្រំ សុខា​ ប្រធាន​ក្រុម​ការងារ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទារ​របស់​លោក​សម រង្ស៊ី​ទេ​ ដោយ​លោក​ទុក​លទ្ធ​ភាព​ឲ្យថ្នាក់​ដឹកនាំ​កំពូល​ជាអ្នក​បក​ស្រាយ​វិញ។​

លោក​និយាយ​ថា៖​ «ខ្ញុំ​មិន​គួរ​និយាយ​ទេ​ ទុក​ឲ្យ​ថ្នាក់​ដឹកនាំកំពូល​របស់​គណបក្ស។ ​ដូច្នេះក្នុង​នាម​ខ្ញុំ​ជាក្រុម​ការ​ងារ ​ខ្ញុំ​មិន​ហ៊ាន​ឆ្លើយ​ជាមួយ​គាត់​ទេ»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំការ​ឆ្លើយ​តប​ពី​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​អ្នក​ដឹក​នាំ​ថ្នាក់​កំពូល​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ តែមិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ។​

ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី​បាន​កើត​ឡើង​ចំពេល​ដែល​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​គឺ​សម្តេច​ព្រះ​បរម​នាថ​ នរោត្តម​សីហមុន្នី​ និង​សមេ្តច​ម៉ែ​ នរោត្តម​ មុន្នីនាថ​ សីហនុ​ ​បាន​យាងចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ប្រជាមានិត។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ លោក​ហេង សំរិន​ ប្រធាន​រដ្ឋសភា​ និង ​មន្ត្រី​ជាន់​ខ្ពស់​សំខាន់ៗ​របស់​រដ្ឋាភិបាល​ជាច្រើន​នាក់​បាន​ជួន​ព្រះ​រាជ​តំណើរ​ចាក​ចេញ​របស់​ព្រះ​អង្គនៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរ​ជាតិ​ចំណែក​ឯ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​និង​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មិន​មាន​វត្តមាន​ទេ។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​បាន​ឲ្យដឹង​ថា​អវត្តមាន​របស់លោកសម រង្ស៊ី​ ប្រធាន​ និង​ លោកកឹម សុខាអនុប្រធាន​គណបក្ស​ គឺ​ដោយ​សារតែ​អស់​លោក​បាន​ធ្វើ​តំណើរ​ទៅ​សួរ​សុខទុក្ខ​និង​ជួប​ជាមួយក្រុម​អ្នក​គាំទ្រ​គណបក្ស​នៅ​ខេត្ត​ព្រៃ​វែង។​

មន្ត្រី​ព្រះ​បរម​រាជ​វាំង ​និង ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាលសំខាន់​ៗ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ជាមួយ​និង​អ្នក​សារ​ព័ត៌មាន​ទេ។​នៅពេល​ដែល​អស់​លោក​បាន​ទៅ​ជួន​ព្រះ​រាជ​ដំណើរ​យាង​ចាកចេញ​របស់​ព្រះ​អង្គទៅ​កាន់​ប្រទេស​ចិន៕
XS
SM
MD
LG