ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់អំណាច​និង​ប្រឆាំង​ព្រមព្រៀង​​​គ្នា​​រៀបចំ​ក្របខណ្ឌ​កំណែ​ទម្រង់​ការបោះឆ្នោត


លោក ព្រំ សុខា ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង លោក សុន ឆ័យ ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​វិមាន​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ២០១៤។
លោក ព្រំ សុខា ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង លោក សុន ឆ័យ ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​វិមាន​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ២០១៤។
ក្រោយ​ពី​បាន​បែរ​ខ្នង​ដាក់​គ្នា​អស់​រយៈពេល​ជាង​៥​ខែ​ ​គណបក្ស​គូ​ជម្លោះទាំង​ពីរ​របស់​ប្រទេស​កម្ពុជា​បាន​វិល​មក​ចូល​រួម​តុ​ចរចាសារជាថ្មី​ឡើង​វិញដើម្បី​ស្វែង​រក​លទ្ធភាពបន្ធូរ​បន្ថយ​ភាព​តានតឹង​ និង​ទម្លុះ​ទម្លាយភាព​ទាល់​ច្រក​ផ្នែក​នយោបាយ​ដែល​បាន​ជាប់គាំង​តាំង​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣។

ក្រោយ​ពី​បាន​បើក​កិច្ច​ប្រជុំ​អស់​រយៈពេល​ជាង​២​ម៉ោង​កន្លះ​ ក្រុម​ការងារ​បច្ចេក​ទេស​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​ភាគី​ម្ខាងៗ​ចំនួន​បី​នាក់ ​បាន​ព្រមព្រៀង​គ្នា​សារ​ជាថ្មី​ថា​ នឹង​បង្កើត​គណៈកម្មការ​ចម្រុះមួយ​ ដោយ​មាន​សមាស​ភាព​ស្មើគ្នា​មក​ពី​គណបក្ស​ដែល​មាន​អាសនៈក្នុង​រដ្ឋ​សភា​ ដើម្បី​សិក្សា ​និង​រៀប​ចំក្រប​ខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ នាពេល​ខាង​មុខ។​ ​

សេច​ក្តី​ថ្លែង​ការណ៍រួម​របស់​កិច្ច​ប្រជុំ​នៃ​ក្រុម​ការ​ងារ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ ដែល​បាន​ចែក​ជូន​ក្រុម​អ្នក​កា​សែត​ បាន​ឲ្យដឹង​ថា​ ដើម្បី​រៀប​ចំ​កំណែ​ទម្រង់ការ​បោះ​ឆ្នោត​នេះ​ គណៈ​កម្មការ​ចម្រុះ​ត្រូវ​រៀប​ចំ​ឲ្យមាន​សិក្ខា​សាលា​ជាតិ​មួយ​ ដើម្បី​បើក​ទូលាយ​ឲ្យមាន​ការ​ចូល​រួម​យោបល់​ និង​អនុសាសន៍នានា​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ រួមទាំង​ដៃ​គូអភិវឌ្ឍន៍ គណបក្ស​នយោបាយ​ ដែល​បាន​ចុះ​បញ្ជី​ សង្គម​ស៊ីវិល​ដែល​មាន​ជំនាញ​លើ​ការ​បោះ​ឆ្នោត​ ព្រម​ទាំង​តួអង្គ​ពាក់​ព័ន្ធ។​

ដំណើរ​ការ​នៃ​កំណែ​ទម្រង់ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បង្ក​លក្ខណៈឲ្យមាន​ការ​គាំទ្រ​បច្ចេក​ទេស​ ហិរញ្ញវត្ថុ​ពី​ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការ​ជាតិ ​និង​អន្តរជាតិ​នានា។​

ក្រោយ​ពី​ជំនួបនេះ​ លោក​សុន​ ឆ័យ​ ប្រធាន​ក្រុម​ការងារ​បច្ចេក​ទេស​មក​ពី​គណបក្ស​សង្គ្រោះ ជាតិ​ បាន​វាយ​តម្លៃ​ថា ​នេះ​ជា​ជោគ​ជ័យ​មួយ​ ហើយ​លោក​សង្ឃឹម​ថា​ គណបក្ស​ទាំង​ពីរ​នឹង​ឈាន​ទៅ​រក​ការ​ដោះ​ស្រាយ​វិបត្តិ​នយោ​បាយ​ធំៗ​ដែល​កំពុង​ជាប់​គាំង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

ថ្លែង​ប្រាប់​ក្នុង​អង្គសន្និសីទ​កា​សែត ​ ​លោក​សុន ឆ័យ​បាន​បញ្ជាក់​ថា៖​

«ការ​ទទួល​បាន​ជោគ​ជ័យ​នៅ​ពេល​នេះ​ យើង​មាន​សង្ឃឹម​ថា ​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ​នៅ​ឡើយ»។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​ការងារ​បច្ចេក​ទេស​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​ បាន​ជួប​គ្នា​ម្តង​កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​កញ្ញា។ ​

ការ​ជួប​គ្នា​ពេល​នោះ​បាន​ព្រមព្រៀង​គ្នា​ជា​លាយ​លក្ខណ៍​អក្សរថា​ គណបក្ស​ទាំង​ពីរ​នឹង​បង្កើត​យន្ត​ការ​កំណែ​ទម្រង់ការ​បោះ​ឆ្នោត​ តែ​គ្មាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍រួម​ទេ។​

យន្តការ​កាល​ពី​ថ្លៃទី​១៥​ខែ​កញ្ញា​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ទាត់​ចោល​ ក្រោយ​ពី​គណបក្ស​នេះ​បាន​បង្កើត​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​លើ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​មួយ​ ដោយ​មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះជាតិ។​

ចំណាត់ការ​នេះ​បាន​ធ្វើ​ឱ្យ​គណបក្ស​ជំទាស់​ខឹង​សម្បារ​ជា​ខ្លាំង​ ហើយ​ចោទ​ថា រដ្ឋាភិបាល​មិន​មាន​ចេតនា​ពិតប្រាកដ​ក្នុង​ការ​កែទម្រង់​ និង​ដោះស្រាយ​វិបត្តិ​នយោបាយ​ទេ។

លោក​ព្រំ សុខា​ ប្រធាន​ក្រុម​ការងារ​បច្ចេក​ទេស​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ក្នុង​អង្គសន្និសីទ​កាសែត​ថា ​ចន្លោះ​ពេល​ពី​ខែ​កញ្ញា​មក​ដល់​ពេល​នេះ ​គណបក្ស​ប្រជាជន​កម្ពុជាខិត​ខំធ្វើ​កិច្ច​ការ​របស់​ខ្លួន​ ហើយ​នៅ​ពេល​ណា​ដែល​មាន​យន្តការ​កំណែ​ទម្រង់បោះ​ឆ្នោត ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ចូល​រួម។​

លោក​និយាយ​ថា៖​

«រឿង​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ឬមួយ​រដ្ឋាភិបាល​ធ្វើ​មក​គឺ​ជា​សមត្ថកិច្ចរបស់​គណបក្ស​ខ្លួន​ ​ដែល​រៀប​ចំចូល​រួម​ក្នុង​ការ​កែ​ទម្រង់ការ​បោះ​ឆ្នោត​ហ្នឹង។ ហើយ​ឥឡូវ​យើងឯកភាព​គ្នា​ថា​ ទាំង​អស់​ហ្នឹង​ប្រមូល​ផ្តុំ​គ្នា​សហការ​គ្នា​ រៀប​ចំ​កសាង​ក្រម​ខណ្ឌ​កំណែ​ទម្រង់ទាំង​អស់​គ្នា»។

ការ​រៀប​ចំ​កំណែទម្រង់ការ​បោះ​ឆ្នោត​គឺ​ជា​ប្រធាន​បទ​ដ៏​សំខាន់​ជាង​គេ​សម្រាប់​គណបក្ស​ទាំង​ពីរ​យក​មក​ពិភាក្សា​ដំបូង​គេ​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​គ្រោង​នឹង​ពិភាក្សា​គ្នា​ នា​ពេល​ខាង​មុខ។​

គណបក្ស​សង្គ្រោះជាតិ​បាន​ចោទ​ប្រកាន់​ថា ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​មិនមាន​ភាព​យុត្តិធម៌ ​ហើយ​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​ តែ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​មន្ត្រី​គ.ជ.ប.​បាន​ទាត់​ចោល៕​
XS
SM
MD
LG