អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យធានាដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក្រោយពីរកឃើញថា បញ្ហាទាំងពីរកំពុងស្ថិតនៅក្នុងការប្រឈមក្នុងប្រទេសកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃពុធនេះ ចំពេលដែលលោកស្រីត្រូវថ្លែងការណ៍ពីរបាយការស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទៅកាន់កិច្ចប្រជុំលើកទី៤២នៃក្រុមប្រឹក្សាអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វ៊ីស លោកស្រី រ៉ូណា ស្មីត (Rhona Smith) លើកឡើងថា «វាដល់ពេលត្រូវកំណត់ឡើងវិញអំពីសិទ្ធិនិងសេរីភាពនៅកម្ពុជា»។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងខណៈដែលលោកស្រី រ៉ូណា ស្មីត បានលើកពីកង្វល់អំពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋនៅក្នុងប្រទេសកម្ពុជា រួមទាំងកង្វល់អំពីការរារាំងគណបក្សប្រឆាំងដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា។
លោកស្រីសង្កត់ធ្ងន់ថា «សិទ្ធិមនុស្សគឺនិយាយអំពីពលរដ្ឋ មិនមែនអំពីនយោបាយនោះទេ»។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិដដែលបានយោងដោយមិនបង្ហាញចំៗទៅដល់ការឆក់យកអាសនៈនិងតួនាទីរបស់មេឃុំនិងចៅសង្កាត់រួមទាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ ក្រោយពីការរំលាយគណបក្សនេះកាលពីចុងឆ្នាំ ២០១៧។
លោកស្រីលើកឡើងថាអ្នកបោះឆ្នោតចំនួន៤២ភាគរយ បានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិនៅថ្នាក់មូលដ្ឋាន ហើយសំឡេងនេះនៅតែត្រូវទាត់ចោលនិងមិនមានដំណោះស្រាយ។
ជាមួយគ្នានេះមន្ត្រីអង្គការសហប្រជាជាតិដដែលបានជំរុញជាថ្មីម្តងទៀតឲ្យដោះលែងនិងទម្លាក់ចោល ការចោទប្រកាន់លើលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយនិងដោះស្រាយបញ្ហានៃការចាប់ឃាត់ខ្លួនសកម្មជនអតីតគណបក្សប្រឆាំងជាង១០០នាក់។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលនិងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មិនអាចទាក់ទងបានទេនៅល្ងាចថ្ងៃពុធនេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) បានប្រាប់ VOA ដោយលោកបានយល់ស្របទៅនឹងសេចក្តីថ្លែងការណ៍របស់លោកស្ រីរ៉ូណា ស្មីតដែរ។
«ខ្ញុំយល់ស្របទាក់ទងនឹងបញ្ហានេះ ពីព្រោះកន្លងមកនៅប្រទេសកម្ពុជាយើងតាមខ្ញុំកត់សម្គាល់តាំងពីក្រោយការបោះឆ្នោតឆ្នាំ ២០១៨មក គឺលំហលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សហ្នឹង វាមានកម្រិតនៅពេលដែលប្រទេសយើងហ្នឹងជាប់គាំងវិបត្តិនយោបាយ»។
ដើម្បីលើកកម្ពស់លំហលទ្ធិប្រជាធិបតេយ្យ និងលុបបំបាត់វិបត្តិនយោបាយនៅកម្ពុជា លោក អំ សំអាតបានលើកឡើងថា អ្នកនយោបាយត្រូវវិលមករកតុចរចា និងធ្វើការរួមគ្នាដោយគិតពីផលប្រយោជន៍ជាតិ និងពលរដ្ឋជាធំ។
សូមបញ្ជាក់ថាសេចក្តីថ្លែងការណ៍របស់លោកស្រី រ៉ូណា ស្មីត ធ្វើឡើងស្របពេលដែលការចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅតែបន្ត។ យោងតាមរបាយការណ៍ចុងក្រោយអ្នកគាំទ្រអតីតបក្សប្រឆាំងនេះប្រមាណ៣០នាក់ហើយត្រូវចាប់ឃុំខ្លួនរហូតមកទល់ពេលនេះ។
បន្ថែមពីនោះទៀតអតីតចៅសង្កាត់ជ្រោយចង្វារបស់អតីតបក្សនេះមួយរូបទទួលរងការវាយប្រហារឲ្យមានរបួសត្រង់ដៃដោយជនមិនស្គាល់មុខ ក្នុងពេលដែលលោកកំពុងធ្វើដំណើរ។ ហើយការវាយប្រហារនេះបានកើតឡើងក្រោយពីជនមិនស្គាល់មុខពីរនាក់ផ្សេងទៀតបានវាយសំពងបំបែកក្បាលអតីតកងការពារលោកសម រង្ស៊ី ម្នាក់កាលពីចុងសប្តាហួកន្លងទៅ៕