ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពន្ធនាគារ​ត្រពាំង​ថ្លុង​បង្កើន​សន្តិសុខ


លោក​ អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្កការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​បញ្ជាក់​​​ថា លួស​បន្លា​ត្រូវ​បាន​ដាក់​ពង្រាយ​ជាច្រើន​ជាន់​មុន​នឹង​ដល់​ចំណុច​ត្រួត​ពិនិត្យ​នៅ​ខាង​ក្នុង​របង​ពន្ធនាគារ។
លោក​ អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្កការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​បញ្ជាក់​​​ថា លួស​បន្លា​ត្រូវ​បាន​ដាក់​ពង្រាយ​ជាច្រើន​ជាន់​មុន​នឹង​ដល់​ចំណុច​ត្រួត​ពិនិត្យ​នៅ​ខាង​ក្នុង​របង​ពន្ធនាគារ។
មន្ត្រី​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា​ ពន្ធនាគារ​ត្រពាំង​ថ្លុង​ខេត្តកំពង់​ចាម​កំពុង​រិត​បណ្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ពីមុន​មក ខណៈ​ដែល​ក្រុម​អ្នក​តំណាងរាស្ត្រ​ សមាជិក​ព្រឹទ្ធសភា​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​គ្រោង​ទៅ​សួរ​សុខទុក្ខ​សកម្មជន​សហជីព​និង​កម្មករ​ទាំង​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ថ្ងៃ​អង្គារ​នេះ។​

លោក​ អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្កការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា ក្រុម​អនុរក្ស​ពន្ធនាគារ​ជាច្រើន​នាក់​បាន​បំពាក់​ដោយ​អាវុធ​ស្វ័យ​ប្រវត្តិ​គ្រប់​ដៃ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​បរិវេណ​ពន្ធនាគារ​ម៣​ខេត្ត​កំពង់​ចាម។​

លោក​ បាន​បញ្ជាក់​ទៀត​ថា លួស​បន្លា​ត្រូវ​បាន​ដាក់​ពង្រាយ​ជាច្រើន​ជាន់​មុន​នឹង​ដល់​ចំណុច​ត្រួត​ពិនិត្យ​នៅ​ខាង​ក្នុង​របង​ពន្ធនាគារ។ លោក​និយាយ​ថា​៖ «កម្លាំង​នេះ យើង​អត់​ដែល​ឃើញ​ពី​មុន​មក​ដែល​មាន​ដាក់​ច្រើន​អញ្ចឹង​ទេ»។

មន្ត្រី​អង្កការ​សិទ្ធិមនុស្ស​លីកាដូ​និង​មេធាវី​ការ​ពារ​ក្តី​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ទៅ​ជួប​សកម្មជន​សហជីព​ដែល​រួម​មាន​លោក​ វន់​ ពៅ​និង​ក្រុម​កម្មករ​២២​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង។

លោក​ អំ​ សំអាត​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្កការ​លីកាដូ​ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ។ មាន​តែ​មេធាវី​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប។​ ក្រុម​កម្មករ​ទាំង​២៣​នាក់​ត្រូវ​បាន​កង​សម្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​ចាប់​ខ្លួនកាល​ពី​ដើម​ខែ​មករា​នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​ហឹង្សា​បែប​បង្ហូរ​ឈាម​មួយ​នៅ​សួន​ឧស្សាហកម្មកា​ណាឌីយ៉ា​និង​នៅ​រោង​ចក្រ​យ៉ាក ជីង​មាន​ទី​តាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤។​

តំណាង​សហជីព​និង​ក្រុម​កម្មករ​ទាំង​២៣​នាក់​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សារធារណៈ​និង​ញុះញង់​ឲ្យ​ប្រើ​ប្រាស់​អំពើ​ហឹង្សា​រួច​ហើយ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ម៣​ខេត្ត​កំពង់​ចាម។​

លោក​ សុន ឆៃ​ អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​ដឹក​នាំ​អ្នក​តំណាង​រាស្ត្រ​ចំនួន​១២​រូប​ សមាជិក​ព្រឹទ្ធសភាចំនួន៦​ រូបមក​ពី​គណបក្ស​សង្គ្រជាតិ​ និង​សមាជិក​ក្រុម​គ្រួសារ​កម្មករទាំង​២៣​នាក់​ទៅ​ជួប​ពួក​គេ​នៅ​មន្ទីរ​ឃុំឃាំងដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​ក្នុង​ពន្ធនាគារ។

លោក​បាន​និយាយ​ថា៖ «នេះ​ជា​កាតព្វកិច្ច​យើង​ យ៉ាង​ហោច​ណាស់​យើង​ចង់​ទៅ​ឃើញ​ ទៅ​ជួប​ដើម្បី​ចង់​ដឹង​មើល​ថា​តើ​ស្ថានភាព​ពួកគាត់​យ៉ាង​ម៉េច​ហើយ​គាត់​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​ណា។ ហើយ​យើង​អាច​យក​ព័តមាន​ហ្នឹង​មក​ធ្វើ​ការ​ពិចារណា​តើ​យើង​អាច​ជជែក​ជាមួយ​អាជ្ញាធរ​មាន​សម្ថកិច្ច​យ៉ាង​ម៉េច»។​

សំណើ​ចូល​ជួប​សួរ​សុខទុក្ខ​ក្រុម​កម្មករ​ទាំង​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង​ខេត្ត​កំពង់​ចាម​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិមក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​លិខិត​ផ្លូវ​ការ​ពី​នាយក​ដ្ឋាន​ពន្ធនាគារ​នៅ​ឡើយ។​

លោក គុយ ប៊ុនសន​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា​លោក​មិន​អនុញ្ញាត​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សង្គ្រោះជាតិ​ចូល​ជួប​កម្មករ​ទាំង​២៣​នាក់ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​ លោក​បាន​បញ្ជាក់ថា​ លោក​អនុញ្ញាត​តែ​សមាជិក​ក្រុម​គ្រួសារ​ចូល​ជូប​តែ​ប៉ុណ្ណោះ។​

នៅ​ពេល​ដែល​សួរ​ថា​តើ​មូល​ហេតុអ្វី​បាន​ជា​លោក​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​តំណាង​រាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ចូល​ជួប លោក គុយ ប៊ុនសន​ បាន​និយាយ​យ៉ាង​ថា៖ «ខ្ញុំ​សួរ​ ត្រូវ​ជា​អ្វី​សិន។ អ្នក​ឯង​សួរ​មក​ខ្ញុំ​អ្នក​ឯង​ត្រូវ​ជា​អ្វី​អ្នក​ហ្នឹង។ កូន​គាត់​ ឪគាត់​ ឬក៏​ជីតា​គាត់»។

នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​អំពើ​ហឹង្សា​កាល​ពី​ដើម​ខែ​មករា​យ៉ាង​តិច​មនុស្ស​ប្រមាណ​៥​នាក់​ត្រូវ​បាន​ក្រុម​កង​សម្ថកិច្ច​បាញ់​សម្លាប់​និង​រង​របួស​ប្រមាន​៤០​នាក់។ ក្រោយ​ពីបាន​បង្ក្រាប​ការ​តវ៉ា​របស់​ក្រុម​កម្មករ​ដើម្បី​ទាមទារ​ការ​តម្លើង​ប្រាក់​បៀវត្សរ៍​ឲ្យ​បាន​១៦០​ដុល្លា​ក្នុង​មួយ​ខែ៕
XS
SM
MD
LG