ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល​ដាក់​ញត្តិ​ចុងក្រោយ​សុំ​អន្តរាគមន៍​ដោះលែង​សកម្មជន​និង​កម្មករ

  • ហេង រស្មី

អ្នក​ស្រី​ធីតា ​ឃឺស​ នាយិកា​អង្គការ​​លីលកា ​ដែល​បាន​ដឹក​នាំ​ក្រុម​អង្គការ​​សង្គម​ស៊ីវិល​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​ ប្រឈម​នឹង​​ការ​រារាំង​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​​កាល​ពី​ថ្ងៃ​ពុធ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៤។ (ហេង រស្មី VOA)​
កង​កម្លាំង​មាន​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល​និង​ដំបង​ឆក់​នៅ​ថ្ងៃ​ពុធ​នេះ​បាន​រាំង​ខ្ទប់​មិន​ឱ្យក្រុម​អង្គការសង្គម​ស៊ីវិល​ដើរ​ដង្ហែរ​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​ដើម្បី​ទាមទារ​ឱ្យដោះ​លែង​កម្មករ​និង​សកម្មជន​សហជីព​ចំនួន​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​ឱ្យមាន​សេរីភាព​វិញ​ទេ។​

ការ​រារាំង​របស់​កង​កម្លាំង​មាន​សមត្ថកិច្ចមិន​បណ្តាល​ឱ្យមាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​ដូច​លើក​មុនៗ​ទេ ​បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​បាន​គំរាម​ថា​ទុក​រយៈ​ពេល​ឱ្យ​១៥នាទី​ដើម្បីរំសាយ​ ក្រោយ​មក​ក្រុម​អង្គការសង្គម​ស៊ីវិល​បាន​ដក​ថយ​មក​ធ្វើ​ដំណើរ​ដាក់​ញត្តិ​តាម​រយៈ​ម៉ូតូ​និង​រ៉ឺម៉ក​វិញ។​

ក្រុម​អង្គការសង្គម​ស៊ីវិល​ចំនួន​ជិត​២០០​បាន​ដង្ហែរ​ញត្តិ​ទៅ​កាន់​ស្ថានទូត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ឱ្យជួយ​អន្តរាគមន៍​ដល់​រដ្ឋាភិបាល​ឱ្យដោះ​លែង​សកម្មជន​សហជីព​ចំនួន​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំ។

សកម្មជន​សហជីព​និង​កម្មករទាំង​២៣​នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ដើម​ខែមករា​នេះ​ដោយ​ចោទ​ប្រកាន់​ពី​បទ​បង្កឱ្យមាន​អំពើ​ហិង្សា​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​និងតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​បួន។​

ការ​ដង្ហែរ​ញត្តិ​របស់​អង្គការសង្គម​ស៊ីវិល​កាល​ពី​សប្តាហ៍មុន​មិន​មាន​ការ​រារាំង​ពី​កង​កម្លាំងមាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ទេក៏​ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ជាប់ៗ​គ្នា​ដោយ​អំពើ​ហិង្សា​ទៅ​លើ​បាតុកម្ម​របស់​ក្រុម​សហជីព​និង​ការតវ៉ា​របស់​លោក​ម៉ម សូណង់ដូដែល​ទាមទារ​សុំ​ដំឡើង​ការ​ផ្សាយ​វិទ្យុ​របស់​លោក ​កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ចាប់​ផ្តើម​រឹត​បណ្តឹង​តែ​ម្តង។​

អ្នក​ស្រី​ធីតា ​ឃឺស​ នាយិកា​អង្គការលីលកា​ដែល​បាន​ដឹក​នាំ​ក្រុម​អង្គការសង្គម​ស៊ីវិល​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​មាន​ប្រសាសន៍​ថា​ការ​រារាំង​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​មក​លើ​សិទ្ធិ​ពលរដ្ឋ។​

លោកស្រី​និយាយ​ថា៖​ «ប៉ះពាល់​ដល់​ការ​រំលោភ​សិទ្ធិ​ដែរ​អត់​ឱ្យយើង​ប្រើ​មធ្យោបាយ​ជើង​របស់​យើង ​ជាជើង​របស់​ម៉ែ​ឪ​យើង​ឱ្យមក។ ​យើង​បាន​សន្យា​ជាមួយ​គាត់​ដែរ​ថា​យើង​មិន​បង្ក​បញ្ហា​អ្វី​ទេ​ ហើយ​ឱ្យទុក​ចិត្ត​នៅ​លើ​យើង។ ​អញ្ចឹងយើង​អាច​ចាប់​ផ្តើម​ថា​ទុក​ចិត្ត​គ្នា​សិន​ទៅ»។​

កង​កម្លាំង​មាន​សមត្ថកិច្ច​មិន​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​នឹង​អ្នក​កាសែត​ពាក់ព័ន្ធ​នឹង​ការ​រារាំង​នេះ​ទេដោយ​គ្រាន់​តែ​និយាយ​តាម​ឧគ្ឃោសនស័ព្ទ​បំពង​សំឡេង​ថា​ពួក​គេ​មិន​អនុញ្ញាត​ឱ្យ​អង្គការសង្គម​ស៊ីវិល​ទាំង​នោះ​ដើរ​ហែរ​ក្បួន​ទេ​ដោយ​សារ​តែ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។​

មន្ត្រី​ម្នាក់​បាន​បញ្ជា​ថា៖ «មាន​ការ​ចង់​ដាក់​ញត្តិ​អី​មេត្តា​ឡើង​យាន​ជំនិះ​ឬ​រ៉ឺម៉ក​ម៉ូតូ​ បើ​កាល​ណា​បង​ប្អូន​យើង​ហែរ​ក្បួន​ដោយ​ថ្មើរ​ជើង​គឺ​បង្ក​ដល់​ការ​បាត់​បង់​សណ្តាប់​ធ្នាប់​ របៀប​រៀប​រយ​នៅ​លើ​ទ្រូង​ផ្លូវ។​ដូច្នេះ​គឺ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យដើរ​ហែរ​ក្បួន​ដោយ​ថ្មើរ​ជើង​ទេ»។​

លោក​ សឿង សារឿន​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​បាន​សម្តែង​ការ​សោក​ស្តាយ​ដែល​ការ​ដង្ហែរ​ញត្តិ​ត្រូវ​បាន​រារាំង​ពី​កងកម្លាំង​មាន​សមត្ថកិច្ច។​

លោក​និយាយ​ថា៖​ «សម្រាប់​យើង​គិត​ថា​វាជាការ​បិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​កម្ពុជា​ដែល​រដ្ឋធម្មនុញ្ញ​ ព្រះ​រាជាណាចក្រ​កម្ពុជា​គាត់​បាន​លើក​ទឹក​ចិត្ត​និង​លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​ប្រជាជន»។​

ក្រុម​អង្គការសង្គម​ស៊ីវិល​ទាំងនោះ​បាន​បន្ត​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​ចំនួន​៧​ដែល​ជា​ការ​ដង្ហែរ​ញត្តិ​ចុង​ក្រោយ​ក៏​ប៉ុន្តែ​នៅ​តាម​ស្ថានទូត​នីមួយៗ​កង​កម្លាំង​មាន​សមត្ថកិច្ច​បាន​តាម​ឃ្លាំមើល​សកម្មភាព​អង្គការសង្គម​ស៊ីវិល​ទាំង​នោះ​តែ​គ្មាន​ការ​ប៉ះ​ទង្គិច​គ្នា​ទេ៕
XS
SM
MD
LG