ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ការពារ​អ្នក​កាសែត​ថ្កោលទោស​ការបង្ក្រាប​លើ​ការតវ៉ា​របស់​លោក​ម៉ម សុណង់ដូ

  • ហេង រស្មី

កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ជាច្រើន​រយ​នាក់​ប្រដាប់​ដោយ​អាវុធ​ខែល​ ​ដំបង​ឆក់​ និង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​ឈរ​រារាំង​ក្រុមបាតុករ​ដែល​​តវ៉ា​ដោយ​សន្តិវិធី​នៅ​ពី​មុខ​ក្រសួង​ព័ត៌មាន​ដែល​ដឹក​នាំ​ដោយ​លោក​ ម៉ម សូណង់​ដូ។​
អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​អ្នកកាសែត​ចំនួន​ពីរ​គឺ​អង្គការ​Freedom House ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​និង​អង្គការ​Reporters Without Borders​ មាន​ទីតាំង​ នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ​បាន​ថ្កោល​ទោស​យ៉ាង​ម៉ឺង​មាត់​ ចំពោះ​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ប្រឆាំង​នឹង​លោក​ម៉ម សូណង់​ដូ​ នាយក​ស្ថានីយ​វិទ្យុសំបុក​ឃ្មុំ។​

ឆ្លើយ​តាម​សារ​អេឡិក​ត្រូនិក​ឬ​អ៊ីមែល​ជាមួយ​នឹង​VOA​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ​អង្គការ​ Reporters Without Borders​ បានវាយ​ប្រហារ​យ៉ាង​ធ្ងន់ៗ​ចំពោះ​ការ​បង្ក្រាប​លើ​ក្រុម​បាតុករ​ដែល​ឈរ​តវ៉ា​ដោយ​សន្តិ​វិធី​ដែល​ដឹក​នាំ​ដោយ​លោក​ ម៉ម សូណង់​ដូ។​

អង្គការ​នេះ​បាន​និយាយ​ថា​យើង​សូម​ថ្កោល​ទោស​យ៉ាង​ម៉ឺង​មាត់​ចំពោះ​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ដែល​ទាមទារ​ក្នុងការ​ផ្តល់​មធ្យោបាយ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដោយ​សេរី​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន។​

អង្គការ​ដដែល​បាន​ចាត់​ទុក​ថា​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​ដែល​ខ្វះ​តម្លាភាព​ក្នុង​ការ​ផ្តល់​ហ្រ្វេកង់​និង​បញ្ញត្តិ​ច្បាប់​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​បាន​ទាមទារឱ្យរដ្ឋាភិបាល​បញ្ឈប់​ជាបន្ទាន់​ក្នុង​ការ​ប្រព្រឹត្ត​ទង្វើ​រាំង​ខ្ទប់​គោល​នយោបាយ​របស់​ខ្លួន​របៀប​នេះ​តទៅ​ទៀត។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ​ កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ជាច្រើន​រយ​នាក់​ប្រដាប់​ដោយ​អាវុធ​ខែល​ ​ដំបង​ឆក់​ និង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​បាន​មក​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​មួយ​ប្រឆាំង​នឹង​ការ​តវ៉ា​ដោយ​សន្តិវិធី​នៅ​ពី​មុខ​ក្រសួង​ព័ត៌មាន​ដែល​ដឹក​នាំ​ដោយ​លោក​ ម៉ម សូណង់​ដូ។​

ការ​វាយ​បង្ក្រាប​ដោយ​មិន​រើស​មុខ​ទៅ​លើ​ក្រុម​អ្នក​កាសែត បាតុករ​ ព្រះ​សង្ឃ​និង​អង្គការ​សង្គម​ស៊ីវិល​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​បណ្តាល​ឱ្យមាន​មនុស្ស​ដួល​សន្លប់​និង​រងបួស​យ៉ាង​ធ្ងន់​ធ្ងរប្រមាណ​៩​នាក់ក៏ប៉ុន្តែ​លោក​ម៉ម សូណង់​ដូ​មិន​បាន​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ទេ។​

លោក​ស្រី​ កាលីន​ កាលីកា​ អ្នកស្រាវ​ជ្រាវ​ជាន់​ខ្ពស់​និង​ជា​នាយក​គ្រប់​គ្រង​ផ្នែក​សារព័ត៌មាន​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​និង​សេរីភាព​ដ៏ធំមួយ​របស់​ស.រ.អា​ហៅ​ថា​Freedom House ​បាន​បញ្ជាក់​ថា​លោក​ម៉ម​សូណង់​ដូ​គឺ​ជា​បុគ្គល​សំខាន់​ម្នាក់​ក្នុង​ផ្នែក​សារព័ត៌មាន​ ហើយ​កន្លង​មក​គាត់គឺ​ជា​គោល​ដៅ​មួយ​របស់​ក្រុម​អាជ្ញាធរ។​

លោក​ស្រី​បាន​បញ្ជាក់​ថា៖​

«អញ្ចឹង​វា​គ្មាន​អ្វី​គួរឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​ថា​គាត់​ក្លាយ​ជាមុខ​សញ្ញារបស់​គេ។ ដូច​ដែល​អ្នក​ដឹង​ហើយ​ថា​គាត់​ធ្លាប់​ប្រឈម​នឹង​សំពាធ​នយោបាយ​ ការ​គំរាម​កំហែង ​និង ​ត្រូវ​បាន​គេ​កាត់​ទោស​ពីរ​ឆ្នាំមុន​ពី​បទ​បង្ក​ឲ្យ​មាន​ការ​បះ​បោរ»។

​លោក​ស្រី​បានបន្ថែម​ទៀត​ថា៖​

«ការ​គ្រប់​គ្រង​ការ​ផ្សព្វផ្សាយ​ព័ត៌មានគឺ​នៅតែ​ស្ថិត​នៅ​ក្រោម​អាជ្ញាធរ​របស់​រដ្ឋស្ទើរ​តែ​ទាំងស្រុង ​បើទោះ​បី​ជា​មាន​ស្ថានីយ៍​មួយ​ចំនួន​មាន​ឯករាជ្យ​ភាព​ក៏ដោយ។​ ការ​តវ៉ា​លើក​នេះ​គឺ​ជា​ការ​ព្យាយាម​ឲ្យ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ការ​បើក​ចំហ​ជាងមុន។​ អញ្ចឹង​ វា​ជា​បញ្ហា​សំខាន់ ​តែ​ជាក់​ស្តែងរដ្ឋាភិបាល​ពិតជា​គ្មាន​ចំណាប់​អារម្មណ៍​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ​ហើយ​នឹង​ការ​បើក​ចំហ​ឲ្យ​ទូលាយ​លើ​វិស័យ​សារព័ត៌មាន»។​

លោក​ ខៀវ កាញ៉ារិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​លោក​ ផៃ ស៊ីផាន​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។​

លោក​ មឿន ឈានណារិទ្ធ​ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័តមាន​បាន​បញ្ជាក់​ថា​ការ​បង្ក្រាប​នេះ​បាន​ប៉ះពាល់​ទៅ​លើ​សេរីភាព​ការ​បញ្ចេញ​មតិ​និង​សេរីភាព​សារព័ត៌មាន។​

លោក​និយាយ​ថា៖

«ការ​វាយ​ប្រហារ​ទៅ​លើបាតុករ​អហិង្សា។ ​តើ​ការ​ធ្វើ​ហ្នឹង​វា​សមរម្យ​ដែរ​ឬអត់។ ​តើ​គេ​គិត​ថា​ការ​ធ្វើ​នេះ​រួច​ខ្លួន​ដែរ​ឬអត់?»។​

លោក​ បាន​បញ្ជាក់​ទៀត​ថា​ឥឡូវ​នេះ​ទាំង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ក៏​ដូច​ជា​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​កំពុង​ចាំ​ឃ្លាំ​មើល​យ៉ាង​ជិតដិត។​ដូច្នេះ​ដល់​ដំណាក់​កាល​ណាមួយ​គេ​នឹង​ធ្វើ​ការ​វែក​ញែក​នូវ​ទោស​កំហុស​ដែលពួក​អាជ្ញាធរ​ដែល​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជាពលរដ្ឋ​កន្លង​មក​នេះ៕
XS
SM
MD
LG