ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​អន្តរជាតិ​សុំ​ឱ្យ​កម្ពុជា​កែ​លម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស


លោក​ សុរិយា​ ប្រាសាទ​ ស៊ូប៊ែឌី​ (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​​ ​​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤។
លោក​ សុរិយា​ ប្រាសាទ​ ស៊ូប៊ែឌី​ (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​​ ​​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤។
តំណាង​ប្រទេស​នៃ​ទ្វីប​អឺរ៉ុប ​ប្រទេស​អាស៊ី​និង​តំបន់​អាស៊ី​ប៉ាស៊ីភិកបាន​លើក​ពី​កង្វល់​របស់​ខ្លួន​ចំពោះ​អំពើ​ហិង្សា​ថ្មីៗ​ប្រឆាំង​ទៅ​នឹង​បាតុករ​ដោយ​អហិង្សារបស់​គណបក្ស​ជំទាស់​និង​របស់​កម្មករ​រោងចក្រ​កាត់ដេរ។​

កង្វល់​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១៨​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិនៅ​ទី​ក្រុង​ហ្ស៊ឺ​ណែវ ​ប្រទេស​ស្វីស​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

តំណាង​របស់​ប្រទេស​អូស្រ្តា​លី​បាន​លើក​ឡើង​ចំៗ​អំពី​បញ្ហា​នេះ៖

«ប្រទេស​អូស្រ្តាលីព្រួយ​បារម្ភ​ជាសំខាន់​អំពី​ការរឹតត្បិត​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​និង​សេរី​ភាព​នៃ​ការជួប​ប្រជុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​អូស្ត្រាលី​ព្រួយបារម្ភ​ជាពិសេស​ចំពោះ​អំពើ​ហិង្សា​ថ្មីៗ​នេះ​លើ​បាតុករ​និង​ការឃុំ​ខ្លួន​ក្រុម​អ្នកតវ៉ា​មួយ​ចំនួន​ដោយ​មិន​មាន​ការ​ជម្រះ​ក្តី។ ប្រទេស​អូស្ត្រាលីផ្តល់​អនុសាសន៍​ឲ្យ​ប្រទេស​កម្ពុជា​ធានា​ដល់​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​និង​ការជួប​ប្រជុំ​ដោយ​សន្តិវិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់​អន្តរជាតិ»។

នៅ​ក្នុងកិច្ច​ប្រជុំ​រយៈ​ពេល​ជាង​ពីរម៉ោង​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ប្រទេស​ជា​សមាជិក​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​មាន​រយៈ​ពេល​យ៉ា​ងខ្លី​នៅ​ក្នុង​ការសម្តែង​យោបល់​របស់​ខ្លួន​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​និង​ផ្តល់​អនុសាសន៍​ដល់​ប្រទេស​កម្ពុជា។

ជាមួយ​គ្នា​នេះ​តំណាង​របស់​ប្រទេស​ប៉ូឡូញ​នៃ​សហ​ភាព​អឺរ៉ុប​បាន​កត់​សម្គាល់​អំពី​ការ​បង្រ្កាប​បាតុករ​នេះ​ដែរ៖ «យើង​នៅ​តែ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជារួម​ទាំង​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ហួសហេតុក្នុង​អំឡុង​ពេល​បាតុកម្មក្រោយ​ពីការ​បោះ​ឆ្នោត​ដ៏​ប្រទាំង​ប្រទើស​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​និង​ការប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​អំឡុង​ពេល​កូដ​កម្ម​របស់​ក្រុម​កម្មករ»។

កាល​ពី​ដើម​ខែ​មករា​នេះ​កម្លាំ​ងប្រដាប់​អាវុធ​របស់​រដ្ឋា​ភិបាល​បាន​បង្រ្កាប​យ៉ាង​ហិង្សា​ទៅ​លើ​ក្រុម​បាតុករ​ដែល​ជា​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដោយ​បាន​បាញ់​សម្លាប់​កម្មករ​ចន្លោះ​ពី​៤​ទៅ​៥​នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​ជា​៤០​នាក់​ផ្សេង​ទៀត​រង​របួស។

ក្រុម​កម្មករ​និង​តំណាង​សហជីព​ចំនួន​២៣​នាក់​ត្រូវ​ចាប់​ខ្លួន​និង​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង។​ ដំណាល​គ្នា​នោះ​ក្រុម​អាជ្ញា​ធរ​បាន​បំបែក​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ជំទាស់​ផង​ដែរ។

លោក​ ម៉ក់ សម្បត្តិ​ អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​ដែល​បាន​ដឹក​នាំ​គណៈប្រតិភូ​មួយ​ក្រុម​ចូល​រួម​កិច្ច​ប្រជុំ​នេះ​បាន​ឆ្លើយ​តប​ថា​កម្ពុជា​គាំទ្រ​សិទ្ធិ​សម្តែង​មតិ​ក៏ប៉ុន្តែ​ការគាំ​ទ្រ​នេះ​ត្រូវ​តែស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់។

«ពាក់​ព័ន្ធ​នឹង​ការបញ្ចេញ​មតិ​រដ្ឋាភិបាល​អបអរ​ណាស់​ក្នុង​ការ​បញ្ចេញ​មតិ​ប៉ុន្តែ​យើង​សុំទី១​គឺ​ការ​បញ្ចេញ​មតិ​កុំឲ្យ​ផ្ទុយ​ច្បាប់​ជាតិ​និង​ច្បាប់​សិទ្ធិ​មនុស្ស។ ​ទី​២​កុំឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ។​ ទី​៣​កុំ​បង្ក​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា»។

ដោយ​ឡែក​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍បាន​សម្តែង​កង្វល់​ចំពោះ​បញ្ហា​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្រប​ពេល​ដែល​ប្រទេស​ជប៉ុន​បាន​ស្វាគមន៍​ការ​ផ្អាក​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ថ្មីៗ​ទៀត។ ​ហើយ​ប្រទេស​ជប៉ុន​ក៏​បាន​ផ្តោត​ទៅ​លើ​កង្វល់​អំពី​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។

«ចំពោះ​សិទ្ធិ​ដីធ្លី​ប្រទេសថៃ​ទទួល​ស្គាល់​ការ​ប្តេជ្ញាចិត្ត​របស់​ប្រទេស​កម្ពុជា​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី។​ហើយ​ប្រទេស​ថៃ​សង្ឃឹមថា​ករណី​ដែល​នៅ​សេសសល់​នឹង​ត្រូវ​ដោះ​ស្រាយ​ដោយ​មាន​តម្លាភាព​ត្រឹមត្រូវ​និង​ដោយ​និរន្តភាព»។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​សហគមន៍​អន្តរជាតិ​ក៏​បាន​ស្នើ​សុំ​ដល់​ប្រទេស​កម្ពុជា​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ ការគោរព​សិទ្ធិ​ប្រជា​ពលរដ្ឋ​និង​បញ្ឈប់​ការ​រឹប​អូស​ដី​ធ្លី​និង​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ពី​លំនៅ​ដ្ឋាន។

លោក​ម៉ក់ សម្បត្តិ​បាន​សន្យា​ថា​ ប្រទេស​កម្ពុជា​នឹង​បន្ត​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ចៀស​វាង​ការ​រំលោភ​បំពាន​គ្នា​រវាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពេល​អនាគត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG