កិច្ចព្រមព្រៀងបញ្ចប់វិវាទនយោបាយជាប់គាំងជិត១ឆ្នាំត្រូវបានទទួលស្គាល់និង អបអរសាទរខ្លះមែន តែកិច្ចព្រមព្រៀងនេះនៅតែត្រូវគេចាត់ទុកថា មិនមែនជាកិច្ចព្រមព្រៀងដែលគណបក្សសង្គ្រោះជាតិគួរត្រូវទទួលបានទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគខ្លះបានអះអាងថា ក្រុមអ្នកគាំទ្រ និងពលរដ្ឋរង់ចាំមើលការពន្យល់របស់គណបក្សនយោបាយ។
បញ្ហាធំៗពីរក្នុងចំណោមបញ្ហាមួយចំនួន ដែលគណបក្សប្រជាជនកម្ពុជានិង គណបក្សសង្គ្រោះជាតិបានព្រមព្រៀងដើម្បីបញ្ចប់នយោបាយ នោះគឺមានការកែទម្រង់ស្ថាប័ន និងសមាសភាពគណៈកម្មការរៀបចំការបោះឆ្នោត (គ.ជ.ប.) តាមរូបមន្តភាគច្រើនដាច់ខាតនៃការយល់ព្រមពីសភា ដោយមានន័យថា នឹងបែងចែកសមាសភាពរវាងគណបក្សទាំងពីរគឺ៤រូបមកពីគណបក្សប្រជាជនកម្ពុជា និង៤រូបទៀតមកពីគណបក្សសង្គ្រោះជាតិដើម្បីដាក់ជូនរដ្ឋសភា។ ហើយមួយរូបតម្រូវឲ្យមានការយល់ព្រមរួមគ្នាពីគណបក្សទាំងពីរផងដែរ។ ដោយឡែកការបែងចែកសមាសភាពដឹកនាំក្នុងរដ្ឋសភា មន្ត្រីគណបក្សប្រជាជនកម្ពុជាធ្វើជាប្រធានសភា និងអនុប្រធានទី២ ហើយជាប្រធានគណៈកម្មការចំនួន៥។ ដោយឡែកគណបក្សសង្គ្រោះជាតិនឹងកាន់កាប់តំណែងអនុប្រធានសភានិងគណៈកម្មការ៥ដូចគ្នា។
លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងជា អ្នកវិភាគឯករាជ្យមួយរូបបានអះអាងថា៖
«អ្វីដែលយល់ព្រមនោះ ចំពោះខ្ញុំអត់មានអ្វីភ្ញាក់ផ្អើលទាំងអស់។ ការដែលយល់ព្រមទាំងអស់នេះប្រហែលជាយល់ព្រមតាំងពីខែ៤មកម្ល៉េះ មុនបុណ្យចូលឆ្នាំម្ល៉េះ។ អញ្ចឹងចំពោះ ខ្ញុំអត់មានអ្វីភ្ញាក់ផ្អើលទាំងអស់។ តែអ្វីដែលគួរចាប់អារម្មណ៍មែនទែនគឺគណបក្ស និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិអាចឃើញថា គណបក្សសង្គ្រោះជាតិទន់ខ្សោយ ជាពិសេស ក្រោយពេលគេចាប់សកម្មជនរបស់ខ្លួន ហើយស្រាប់តែយល់ព្រមតែម្តង»។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតឈ្មោះខុមហ្រ្វែល បានថ្លែងថា កិច្ចព្រមព្រៀងនេះគ្រាន់តែជាចំណុចចាប់ផ្តើមទេ។
«នៅមានផ្លូវវែងទៀតដែលគណបក្សទាំងពីរហ្នឹងត្រូវយកចំណុចដែលបានព្រម ព្រៀងគ្នានិងចាប់ផ្តើមព្រមព្រៀងគ្នានេះ យកទៅពិនិត្យមើលដើម្បីកែលម្អរដ្ឋធម្មនុញ្ញ ទៅកែលម្អច្បាប់ ទៅកែលម្អនីតិវិធី និងទៅកែលម្អរបៀបធ្វើការងារ ប្រតិបត្តិការឬក៏សមត្ថភាពអ្វីមួយចំនួនទៀតទាក់ទិននឹងស្ថាប័នធំៗ តាំងពីស្ថាប័នគ.ជ.ប.និងសភាអ្វីហ្នឹង»។
លោកគល់ បញ្ញាបានបន្ថែមថា គណបក្សទាំងពីរមានបញ្ហាដូចគ្នាក្នុងពេលដែលគណបក្សទាំងពីរគិតគូរពីគណបក្សរៀងៗខ្លួន។
«មានអ្នកខ្លះ ដូចជាក្នុងគណបក្សសង្គ្រោះជាតិ គេមិនសប្បាយចិត្តទេ។ គេថា លទ្ធផលហ្នឹងវាតិចពេក។ គេចង់ឲ្យមានការផ្លាស់ប្តូរធំដុំអ្វីអញ្ចឹងទៅ។ ហើយខាងគណបក្សប្រជាជនកម្ពុជានៅក្នុងអន្តរកាលនេះ ហាក់ដូចជាមានការធ្វើសកម្មភាពមិនបានត្រឹមត្រូវអញ្ចឹងទៅ មិនបានពេញលេញក្នុងនាមរដ្ឋាភិបាលទៅ ដោយសារវានៅក្នុងអន្តរកាលមួយដែលមិនមាននីត្យានុកូលភាពពេញលេញក្នុងសភា និងរដ្ឋាភិបាល។ អញ្ចឹងទៅបរិយាកាសរបស់ប្រទេសហ្នឹងវាអត់ទាន់មានភាពហ្នឹងន។ នេះក៏មានបញ្ហាដែរ»។
លោកបញ្ញាសង្កត់ធ្ងន់ថា បញ្ហាសំខាន់មួយគឺតើគណបក្សប្រជាជនកម្ពុជាត្រៀមធ្វើកិច្ចការក្នុងបរិយាកាសថ្មី បើកឱកាសឲ្យមានសេរីភាពជួបប្រជុំ តវ៉ា បញ្ចេញមតិ ដោយសេរីឬយ៉ាងណា ក្រោយពេលគណបក្សទាំងពីរយល់ព្រមធ្វើការជាមួយគ្នាក្នុងស្ថាប័នរដ្ឋសំខាន់ៗមួយចំនួននោះ។
ទស្សនា៖ វិបត្តិនយោបាយកម្ពុជាត្រូវបញ្ចប់ (២២ កក្កដា ២០១៤)
ក្រុមអ្នកវិភាគបានអះអាងថា គណៈកម្មការជាតិរៀបចំការបោះឆ្នោតនឹងមិនមែន ជាស្ថាប័នឯករាជ្យពិតប្រាកដទេ ព្រោះថា គណបក្សទាំងពីរដាក់បេក្ខភាពរបស់ ខ្លួនដដែលគឺ៤នាក់ស្មើគ្នា ហើយបើម្នាក់ដែលតម្រូវឲ្យយល់ព្រមរួមគ្នា ឬកុងសង់ស៊ុសរវាងគណបក្សទាំងពីរនោះ ហើយត្រូវគេច្រានចោលបេក្ខភាព ដូច្នេះគ.ជ.ប.ចាស់នឹងនៅតែដំណើរការ ដែលរឿងនេះគណបក្សប្រជាជនកម្ពុជានឹងនៅតែមានប្រៀបជាង។
លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យម្នាក់ក្នុងប្រទេសកម្ពុជា បានចាត់ទុកថា មានកិច្ចព្រមព្រៀង វាប្រសើរជាងគ្មានកិច្ចព្រមព្រៀង ទោះជាកិច្ចព្រមព្រៀងនេះ គួរតែកើតមានយូរហើយក្តី។ តែលោកស្រីក៏មិនរំពឹងថា កិច្ចព្រមព្រៀងនេះអាច នឹងបញ្ចប់កំហឹងពលរដ្ឋបានភ្លាមៗដែរ។
«ទោះណាមិនបាត់ភ្លាមក៏ដោយ ក៏អាចថា ពេលវេលាហ្នឹងក៏អាចថា ជាថ្នាំសម្រាប់ជួយរម្ងាប់អំពើហិង្សាឲ្យមកភាពសុខដុមរមនា ជានានឹងគ្នាវិញ។ តែវាត្រូវការពេលវេលាយូរដើម្បីប្តូរពីកំហឹងមកជាសន្តិភាព មកជាអហិង្សា មកជាសុខដុមរមនា នោះត្រូវការពេលវេលាយូរ»។
លោកស្រីបានអះអាងបន្ថែមថា គណបក្សទាំងពីរបានបង្កើតភាពស្របច្បាប់ របស់កម្ពុជាវិញហើយ ពេលសកម្មជនជាប់ឆ្នោតទាំង៥៥នាក់ចូលស្បថដើម្បី ទទួលមុខតំណែងសភាពេញលេញ។ កិច្ចព្រមព្រៀងនេះក៏ធ្វើឲ្យទំនាក់ ទំនងជាអន្តរជាតិបើកទូលំទូលាយជាងមុន ទទួលបានជំនួយដែលព្យួរខ្លះសម្រាប់កម្ពុជាបញ្ចប់អំពើហិង្សា ដោះលែងមន្ត្រីគណបក្សជំទាស់៨រូប ក្នុងនោះមានបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត៧រូប ស្តារទំនុកចិត្តពីអ្នកវិនិយោគ និងបន្ថយការខឹងសម្បារពីប្រជាពលរដ្ឋមួយចំនួន បន្តិចម្តងៗផងដែរ។
លោកបណ្ឌិតពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតនិច ហ្វ៊ិច បានសាទរចំពោះលទ្ធផលចរចារវាងគណបក្សទាំងពីរ តែអះអាងថា ទោះជាគណបក្សទាំងពីរមានការត្រូវគ្នាមែន តែពលរដ្ឋនៅត្រូវតាមដានបន្តអំពីការ អនុវត្តជាក់ស្តែងរបស់គណបក្សទាំងពីរបន្ត។
«នេះជាជំហ៊ានមួយឲ្យសហគមន៍អន្តរជាតិក្រឡេកមើលមកលើទិដ្ឋភាពនយោ បាយនៅកម្ពុជាវិញ ហើយក៏ប្រហែលជាមានការផ្តល់ទំនុកចិត្តសម្រាប់សភាព ការណ៍នៅកម្ពុជាដែលថា សហគមន៍អន្តរជាតិអាចនឹងវិលមកសហការឲ្យ បានកាន់តែជិតស្និតជាមួយកម្ពុជា»។
គណបក្សទាំងពីរក៏ព្រមព្រៀងគ្នាកែប្រែស្ថាប័នព្រឹទ្ធសភាផងដែរ ហើយនឹងធ្វើ កិច្ចការលម្អិតលើបញ្ហាកែទម្រង់បទបញ្ជាក្នុងសភា និងគម្រោងការលម្អិតចំពោះ ការកែទម្រង់ស្ថាប័នបោះឆ្នោតទៀតផង។
ក្រុមអ្នកវិភាគបានបន្ថែមថា នេះជាជម្រើសល្អ ដែលអាចឲ្យពួកគេត្រូវគ្នាលឿនក្នុងបរិបទនយោបាយកម្ពុជាពេលនេះ។ តែគណបក្សជំទាស់អាចតវ៉ា ដាក់គោល នយោបាយរបស់ខ្លួន ផ្ទៀងផ្ទាត់ដំណើរការដឹកនាំប្រទេសរបស់គណបក្សកាន់អំណាចពេញលេញបានដែរ នៅពេលចូលប្រជុំសភានេះ។ គណបក្សជំទាស់ក៏អាចដើរចេញពីសភាជាថ្មី ពហិការជាថ្មីក៏អាចធ្វើបានដូចគ្នាដដែល ប្រសិនបើបញ្ហាណាមួយត្រូវគេគិតថា ប៉ះទង្គិចដល់ផលប្រយោជន៍ជាតិដែលគណបក្ស កាន់អំណាចមិនព្រមធ្វើការកែទម្រង់និងទប់ស្កាត់។
ក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ ដែលគេចាត់ទុកថា មានការគៃបន្លំសន្លឹកឆ្នោត និងប្តូរលទ្ធផលឆ្នោតនោះ គណបក្សសង្គ្រោះជាតិ ធ្លាប់ទាមទារធ្វើបាតុកម្មតវ៉ាយ៉ាងខ្លាំង សុំឲ្យមានការបោះឆ្នោតឡើងវិញ ទាមទារ ឲ្យកែទម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ដោយឯករាជ្យពិតប្រាកដ ទាមទារឲ្យមានការកែទម្រង់ស៊ីជម្រៅក្នុងសភាដើម្បីឲ្យក្រុមជំទាស់មានកម្លាំង ខ្លាំងក្នុងប្រព័ន្ធផ្ទៀងផ្ទាត់នេះ បើពុំដូច្នោះទេ ពួកគេអះអាងថា នឹងបន្តពហិការមិនចូលប្រជុំសភា មិនបំពេញភាពស្របច្បាប់ដល់សភា។ តែក្រុមអ្នកវិភាគបានអះអាងថា អ្វីដែលគណបក្សជំទាស់ទាមទារបាននោះគឺមិនគ្រប់គ្រាន់តាមអ្វីដែលខ្លួនបានទាមទារទាំងស្រុងតាំងពីដំបូងទេ៕