ក្រុមអ្នកឃ្លាំមើលសភាពការណ៍នយោបាយរបស់កម្ពុជាបានទទូចឲ្យប្រមុខដឹកនាំនៃគណបក្សជាប់ឆ្នោតគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិឈានដល់ចំណុចត្រូវរ៉ូវគ្នាជាវិជ្ជមាននៅក្នុងកិច្ចចរចានយោបាយកម្រិតកំពូលនៅថ្ងៃអង្គារស្អែកនេះ។
លោកហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិគ្រោងនឹងជួបពិភាក្សាគ្នានៅព្រឹកថ្ងៃអង្គារទី២២ខែកក្កដាដើម្បីទម្លាយភាពទាល់ច្រកផ្នែកនយោបាយ ដែលបានអូសបន្លាយអស់រយៈពេលមួយឆ្នាំមកហើយ។
លោកសួន ប៊ុនសាក់ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹតិ្តកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្ស ស្នើឲ្យអ្នកនយោបាយកំពូលទាំងពីរចរចាឲ្យបានជោគជ័យដើម្បីផ្តល់ឱកាសដល់ការកសាងប្រទេសពេញលេញ។
«មេដឹកនាំនយោបាយទាំងសងខាងគឺ(ត្រូវ)សម្រេចឲ្យបាននូវដំណោះស្រាយនយោបាយដើម្បីឲ្យមានការរៀបចំរដ្ឋាភិបាលឲ្យបានស្រួលបួល ទៅជារដ្ឋាភិបាលពេញច្បាប់ និងដើម្បីបញ្ចប់វិបត្តិនយោបាយដើម្បីឲ្យប្រទេសយើងមានឱកាសកសាងតទៅទៀត ហើយប្រជាពលរដ្ឋក៏បានធូរស្រាល រកស៊ីដោយមិនចាំបាច់ខ្វល់ពីរឿងវិបត្តិនយោបាយតទៅទៀត»។
មេដឹកនាំកំពូលនៃគណបក្សទាំងពីរបានជួបចរចាគ្នាតាមទូរស័ព្ទកាលពីខែមេសា ប៉ុន្តែមិនបានឈានដល់ការព្រមព្រៀងដើម្បីបញ្ចប់ជម្លោះនយោបាយនោះទេ។
ការចរចាកម្រិតកំពូលលើកនេះធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួនតំណាងរាស្ដ្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិជាសេរីចំនួន៧រូបក្រោយពីមានអំពើហិង្សានៃការប៉ះទង្គិចរវាងក្រុមអ្នកគាំទ្រគណបក្សនេះជាមួយក្រុមកងសន្តិសុខក្រុងភ្នំពេញ។
លោកសួន ប៊ុនសាក់រៀបរាប់ថា ប្រទេសកម្ពុជានៅមានកិច្ចការជាច្រើនត្រូវបំពេញក្នុងរដ្ឋាភិបាលអាណត្តិទី៥នេះ ដូចជាផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនិងស្ថាប័នរដ្ឋសភាជាដើម។
មន្ត្រីអង្គការសិទ្ធិមនុស្សដដែលយល់ថា មេដឹកនាំនយោបាយទាំងពីរគណបក្សគួរតែសង្កត់ធ្ងន់លើការជជែកអំពីកំណែទម្រង់ការបោះឆ្នោត និងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅថា ខុមហ្វ្រែល យល់ដូចគ្នានេះដែរ។
ហើយលោកគិតថា ការធ្វើឲ្យសម្រេចនូវកំណែទម្រង់ការបោះឆ្នោតគឺជាអាទិភាពនៅថ្ងៃស្អែកនេះ។
«គួរតែគេជជែកឲ្យបានត្រឹមត្រូវដើម្បីធ្វើម៉េចធានាថា ការបោះឆ្នោតខាងមុខមិនមានការរាំងស្ទះ ដូចពេលនេះ។ ទំនាស់បោះឆ្នោតនេះនឹងនាំឲ្យកើតទំនាស់នយោបាយ បើសិនជាការបោះឆ្នោតមិនសេរី និងយុត្តិធម៌»។
ការកែទម្រង់ប្រព័ន្ធបោះឆ្នោតហាក់ដូចជាកំពុងស្ថិតក្នុងភាពស្មុគស្មាញយ៉ាងខ្លាំង ដោយសារតែគណបក្សសង្គ្រោះជាតិចង់ឲ្យមានការបោះឆ្នោតបង្កើតសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយសំឡេងពីរភាគបីក្នុងរដ្ឋសភា។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាមិនយល់ព្រម។ ហើយចំណុចនេះបានធ្វើឲ្យជាប់គាំងក្នុងការចរចានាពេលកន្លងមក។
ប៉ុន្តែលោកគល់ បញ្ញានៅមានសង្ឃឹមថា មេដឹកនាំកំពូលនៃគណបក្សជាប់ឆ្នោតនឹងអាចរកដំណោះស្រាយឃើញលើបញ្ហានេះ។
ដោយឡែកអ្នកជំនួញផ្នែកអចលទ្រព្យរង់ចាំផលវិជ្ជមាននៃដំណោះស្រាយនយោបាយនៅថ្ងៃស្អែក ដែលនឹងធ្វើឲ្យស្ថានភាពពាណិជ្ជកម្មនឹងន ក្រោយពីការចាប់ខ្លួនក្រុមតំណាងរាស្ដ្រជាប់ឆ្នោតរបស់គណបក្សជំទាស់។
លោកចេង ខេង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យកម្ពុជា អធិប្បាយថា វិស័យជំនួញនេះរំពឹងលើការចរចាគ្នានៃមេដឹកនាំនយោបាយទាំងពីរ។
«រឿងវិស័យដីធ្លីនេះ ដើម្បីឲ្យវាល្អទៅបាន គឺត្រូវការស្ថិរភាពនយោបាយនិងត្រូវការអ្នកដឹកនាំទាំងពីរត្រូវរ៉ូវគ្នា»។
គណបក្សនិមួយៗមានសមាសភាពចំនួនប្រាំបី៨រូប ដែលដឹកនាំដោយលោកហ៊ុន សែនសម្រាប់គណបក្សប្រជាជនកម្ពុជា និងខាងគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខា។
ក្រុមអ្នកនយោបាយនៃគណបក្សទាំងពីរឲ្យដឹងថា មិនមានការកំណត់របៀបវារៈជាក់លាក់សម្រាប់ការចរចានៅថ្ងៃស្អែករវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៊ីទេ។ប៉ុន្តែនេះគឺជាកិច្ចចរចាបន្តលើបញ្ហាលម្អិត ជាពិសេសទាក់ទងនឹងការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកយ៉ែម ប៉ុញ្ញារិទ្ធ តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សរបស់លោកសង្កត់ធ្ងន់លើបញ្ហានេះ។
«យើងមានជំនឿថា អាចជជែកគ្នាដើម្បីដោះស្រាយវិបត្តិនយោបាយជាកញ្ចប់រួមតែម្តង។ ហើយរឿងដែលសំខាន់ ដែលយើងចង់បាននោះគឺកំណែទម្រង់គ.ជ.ប. និងកិច្ចការបោះឆ្នោត ពីព្រោះដើមចមនៃបញ្ហាគឺចេញពីគ.ជ.ប.នេះ»។
លោកជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មខាងគណបក្សប្រជាជនកម្ពុជា ក៏សម្តែងសុទិដ្ឋិនិយមដូចគ្នានេះដែរ។
ក្នុងបរិបទនៃវិបត្តិនយោបាយរយៈពេលមួយឆ្នាំមកនេះ មានអំពើហិង្សាជាច្រើនបានកើតឡើង ក្នុងនោះសិទ្ធិសេរីភាពនៃការដើរធ្វើបាតុកម្មត្រូវបានហាមឃាត់។ ក្រុមបាតុករយ៉ាងតិចប្រាំពីរនាក់ត្រូវបានបាញ់សម្លាប់ និងក្រុមតំណាងរាស្ដ្រជំទាស់ចំនួន៧រូបកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង។
អង្គការសហប្រជាជាតិ និងមន្ត្រីទូតសំខាន់ៗបានជំរុញឲ្យភាគីគូជម្លោះនយោបាយដោះស្រាយអរិភាពនឹងគ្នាឲ្យបានឆាប់និងត្រូវដោះលែងតំណាងរាស្ដ្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិឲ្យមានសេរីភាពឡើងវិញ៕