មនុស្សប្រមាណជាង៣០០នាក់ខ្លះទទូរអាវភ្លៀង ខ្លះទទឹកជោគដោយសារទឹកភ្លៀងមួយមេធំ បានស្រែកអបអរការដោះលែងតំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិចំនួនប្រាំពីររូប រួមទាំងសកម្មជនគណបក្សនេះមួយរូប ចេញពីពន្ធនាគារព្រៃសនៅល្ងាចថ្ងៃអង្គារនេះ។
ការដោះលែងនិងទម្លាក់ចោលការចោទប្រកាន់ធ្វើឡើងភ្លាមៗក្រោយពីការចរចាត្រូវរ៉ូវគ្នាទាំងស្រុងរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលជាគូជម្លោះនយោបាយយ៉ាងតានតឹងអស់រយៈពេលមួយឆ្នាំក្រោយពីការបោះឆ្នោតខែកក្កដាឆ្នាំមុន។
តំណាងរាស្រ្តទាំងប្រាំពីររូបរួមមានលោកស្រី មូរ សុខហួរ លោក ឡុង រី លោក នុត រំដួល លោក កែវ ភីរម្យ លោក ម៉ែន សុថាវរិន្ទ្រ លោក រៀល ខេមរិន្ទ្រ និងលោក ហូរ វ៉ាន់ បានជិះរថយន្តចេញពីច្រកពន្ធនាគារសំដៅមកខ្លោងទ្វារវត្តអង្គមេត្រីដែលស្ថិតនៅចម្ងាយពីពន្ធនាគារប្រមាណ៥០០ម៉ែត្រ។
ក្រុមអ្នកគាំទ្របានស្រែកហ៊ោនិងស្រែកហៅឈ្មោះអ្នកតំណាងរាស្ដ្រដែលពួកគេស្គាល់។
លោកស្រីមូរ សុខហួរ តំណាងរាស្រ្តមួយរូបក្នុងចំណោមតំណាងរាស្ដ្រទាំងប្រាំពីររូបបានថ្លែងទៅកាន់អ្នកយកព័ត៌មានក្នុងចំណោមហ្វូងមនុស្សជុំជិតស្ទើរស្តាប់គ្នាមិនបាន។
«សូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកស្នេហាជាតិ សូមរួបរួមជាកម្លាំងដើម្បីឲ្យជាតិយើងឈានទៅមុខ ដើម្បីសន្តិភាពជូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ខ្ញុំសូមអរគុណដល់គ្រប់ភាគីទាំងអស់ជាពិសេសខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់ចូលរួមជាមួយយើងក្នុងការកសាងលទ្ធិប្រជាធិបតេយ្យ»។
តំណាងរាស្ត្រនិងសកម្មជនរបស់គណបក្សសង្គ្រោះជាតិត្រូវចាប់ខ្លួនជាបន្តបន្ទាប់ក្រោយពីការប៉ះទង្គិចយ៉ាងហិង្សាកាលពីថ្ងៃអង្គារទី១៥ខែកក្កដារវាងបាតុករគាំទ្រគណបក្សជំទាស់ជាមួយកងសន្តិសុខនៅក្បែរស្ពាននាគខាងមុខវត្តភ្នំដើម្បីទាមទារឲ្យមានការបើកទីលានប្រជាធិបតេយ្យសម្រាប់ធ្វើការតវ៉ាឡើងវិញ។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ចាត់ទុកការដោះលែងនេះជារឿងនយោបាយ។
«ការដោះលែងនេះជាផ្នែកមួយនៃការព្រមព្រៀងក្នុងការចរចាតែយើងក៏មានការសោកស្តាយដែរដែលថាគេតែងតែយករឿងនយោបាយ រឿងចាប់ប្រជាជន ចាប់មនុស្សយកមកធ្វើជាលក្ខខណ្ឌនយោបាយ។យើងគិតថាថ្ងៃក្រោយឈប់ឲ្យមានទៀតព្រោះវាមិនមែនជាដំណោះស្រាយល្អផ្នែកនយោបាយទេ»។
ដោយឡែកអ្នកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យយល់ថាការដោះលែងតំណាងរាស្រ្តជំទាស់នេះបង្ហាញពីការតស៊ូមួយសម្រាប់លទ្ធិប្រជាធិបតេយ្យ។
«ដូចលោកណែលសុន មែនដែលឡា (អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង)ជាប់គុកជាង២០ឆ្នាំឯណោះ។ក្នុងមាគ៌ាទៅរកលទ្ធិប្រជាធិបតេយ្យនេះជាតម្លៃមួយដែលត្រូវប្រើអស់តម្លៃប៉ុណ្ណឹងចំពោះអ្នកតស៊ូ។នេះជាតម្លៃដែលត្រូវចាយ»។
ក្រោយពីដោះលែងក្រុមតំណាងរាស្ដ្រនិងសកម្មជនគណបក្សសង្រ្គោះជាតិបានធ្វើដំណើរទៅកាន់ទីស្នាក់ការនយោបាយរបស់ខ្លួនដើម្បីជួបជាមួយក្រុមអ្នកគាំទ្រនៅទីនោះ៕