ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​អរ​លាយ​ឡំ​នឹង​ខឹង​សម្បារ​ចំពោះ​គណបក្ស​សង្គ្រោះជាតិ


លោក សម រង្ស៊ី និង​លោក​ កឹម សុខា ចាប់​ដៃ​ ខណៈ​ដែល​អ្នក​គាំទ្រ​សាទរ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៣។
លោក សម រង្ស៊ី និង​លោក​ កឹម សុខា ចាប់​ដៃ​ ខណៈ​ដែល​អ្នក​គាំទ្រ​សាទរ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៣។

វិបត្តិ​នយោបាយ​នៅ​កម្ពុជាត្រូវ​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃអង្គារ​ ក្រោយជំនួប​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និងគណបក្ស​សង្គ្រោះ​ជាតិ​ហើយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សម្តែង​ការ​សាទរ​ចំពោះលទ្ធផល​នៃការ​ចរចា​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នេះ។​

​លោក​ចាន់​ រដ្ឋា​អាយុ​ ៣៥​ឆ្នាំ​គឺ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​ភ្នំពេញ។

​«ពេញចិត្ត​ខ្លះ​ដែរ​តែ​វា​មិន​បាន ១០០​ភាគរយ​តែ​មិន​ដឹង​ធ្វើ​ម៉េច​ គាត់​នៅ​តែ​ចូល​ប្រជុំ​ចឹង​ ​ចូល​ក៏ចូល​ទៅចុះ​តែ​យើង​រក​ដំណោះ​ស្រាយ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ»។

កញ្ញា​ ជា​ ឆវ័ន ​ជា​និស្សិត​ឆ្នាំ​ទី​២​ផ្នែក​គ្រប់​គ្រង​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​បាន​បញ្ជាក់​ថា៖ ​«ធម្មតា​តែមាន​ជម្លោះ​វា​អត់​ល្អ​ ប្រទេស​ខ្មែរ​យើង​ ត្រូវគ្នា​កាត់​បន្ថយ​ជម្លោះ​វា​ល្អ។ ប្រទេស​យើង​ផ្ទៃ​ក្នុង​យើង​សាមគ្គី​គ្នា​អាហ្នឹង​យើង​ពិត​ជា​រីក​ចម្រើន»។

លោក​ រឹម​ សារិទ្ធគឺ​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​៣​នៅ​ម្តុំ​គល់​ស្ពាន​ជ្រោយចង្វា។

​«អានេះ​ខ្ញុំ​ឲ្យ​តម្លៃ​អ្វី​ដែល​គាត់​ធ្វើ​បា​នត្រឹម​ត្រូវ​ ៥០​%។ ៥០%​គឺ​គាត់​បាន​ជួយ​ឲ្យ​មាន​ការ​ដោះលែង​សមាជិក​គណបក្ស​សង្គ្រោះជាតិពី​គុកព្រៃ​ស»។​

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ដែល​មាន​ទីលំនៅ​នៅ​ក្បែរ​មាត់​ទន្លេ​ហើយ​ សុំ​មិនបញ្ចេញ​ឈ្មោះបាន​បញ្ជាក់​ថា៖​ «ពេញ​ចិត្ត​មិនពេញចិត្ត​ ប្រជាជន​បន់​ឲ្យ​តែ​ឆាប់​ត្រូវ​គ្នា​ ប៉ុន្តែ​គ្រាន់​តែ​ត្រូវ​គ្នា​ហ្នឹង​ប្រជាពលរដ្ឋ​នៅមិន​ទាន់​ដឹង​ឲ្យ​បាន​ច្បាស់​តើ៧​ចំណុច​ហ្នឹង​មាន​អ្វីខ្លះ។ ប្រជាពលរដ្ឋ​គាត់​នៅ​ចង់​ដឹង​អាហ្នឹង។​ តើ​សង្គ្រោះ​ជាតិ​បាន​អ្វី​ខ្លះ»។​

​ទន្ទឹម​នឹង​គ្នា​នេះ​ដែរអ្នកខ្លះ​ទៀតបាន​សម្តែង​ការ​អាក់អន់​ចិត្ត​ចំពោះ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​សុខចិត្ត​ដើរ​ចូល​សភា​ ​ខណៈ​ការ​សន្យា​របស់​ខ្លួន​ជាមួយ​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​នៅ​មិន​ទាន់​បាន​ចេញ​ជា​ផ្លែផ្កា​នៅ​ឡើយ។​ ក៏​ប៉ុន្តែប្រជា​ពលរដ្ឋ​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថាការ​ចរចា​នេះ​ស្ថិត​នៅ​ក្រោមគំនាប​សង្កត់របស់​គណបក្ស​កាន់​អំណាច។

លោក​ ប៉ុន​ សុខខឿន​អ្នក​រត់​ម៉ូតូ​ឌុបម្តុំវត្តភ្នំ​បាន​សម្តែង​ការ​អស់សង្ឃឹម​ចំពោះ​ការ​យល់​ព្រម​ដើរ​ចូល​សភា​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង។

«អន់​ចិត្ត​ដែរ​តែមិន​ដឹងធ្វើ​ម៉េច​ បើ​គេ​បង្ខំ​យើង​ទៅ​ហើយ។ ​គេ​ចាប់​តំណាង​រាស្រ្ត​យើង​ឲ្យ​យើង​ចូល​ចរចា​ហើយ​ គេ​ប្រើ​កម្លាំង​គាប​សង្កត់​ហើយ»។

​លោក​ រឹម​ សារិទ្ធ​បន្ថែម​៖ «តាម​ខ្ញុំ​គិត​ដូច​អត់​ន័យ​តែ​ដដែល​ហ្នឹង​។ ​ចុង​បញ្ចប់ទៅ​អ្វីៗ​នៅ​ស្ថិតនៅ​ក្រោម​កណ្តាប់​ដៃរបស់គេ​ដដែល»។

ប្រជា​ពលរដ្ឋ​រស់នៅ​ម្តុំ​ផ្សារ​អូរឬស្សីថ្លែង​ថា​អ្វីៗ​ត្រូវ​រង់​ចាំមើល​ថា​តើ​គណបក្ស​នយោបាយ​ដែល​ព្រមព្រៀង​គ្នា​នេះនឹង​មាន​ឆន្ទៈពិត​ប្រាកដ​ជួយ​ដល់​រាស្រ្ត​ឬ​យ៉ាងណា។​

«អាហ្នឹង​យើង​អត់ទាន់​ប្រាកដ​ដែរ​ ដល់​រង់ចាំមើល​សិន​តើ​គណបក្ស​ទាំងពីរ​ហ្នឹង​ស្រុះស្រួល​គ្នា ធ្វើការ​មួយ​គ្នា​ យើង​ចំា​មើល​តើ​គណបក្ស​មួយ​ណា​ដែល​មាន​ចិត្ត​ចង់ជួយ​ដល់​រាស្រ្ត​ពិត​ប្រាកដ»។

ដោយឡែក​ប្រជា​ពលរដ្ឋ​ខ្លះ​ទៀត​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​គណបក្ស​សង្គ្រោះ​ជាតិទំនង​ជា​អាច​នឹង​មាន​វាសនា​ដូចគណបក្ស​មួយ​ចំនួនដែល​ធ្លាប់​ទទួល​ការ​គាំទ្រ​លើស​លប់ក្នុង​សភា។​

វិបត្តិ​ជាប់​គាំង​នយោយបាយ​នៅ​កម្ពុជា​បាន​អូស​បន្លាយ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃទី​ ២៨​ ខែ​កក្កដា​ឆ្នាំ​២០១៣។​ គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ជំទាស់​ធំជាង​គេ​នៅ​កម្ពុជា​បាន​ទទួល​អាសនៈ​ចំនួន​៥៥ ​ខណៈពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​អស់​រយៈពេល​ជាង​ ៣០​ ឆ្នាំ​បាន​ថយ​សំឡេង​ពី​ ៩០​ អាសនៈ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​មុនមក​ត្រឹម​ ៦៨​អាសនៈ។

យ៉ាងណា​ក៏ដោយ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​មិន​បាន​ដឹង​អំពី​ដំណោះស្រាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះជាតិ​កាល​ពី​ថ្ងៃ​អង្គារ​នោះទេ៕

XS
SM
MD
LG