ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ប្រឆាំង​បញ្ចប់​ពហិការ​មួយ​ឆ្នាំ​និង​ងាក​មក​ចែក​អំណាច​នៅ​សភា​ជាតិ

  • ហេង រស្មី

វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជាបាន​ឈាន​ដល់​ទី​បញ្ចប់ហើយ បន្ទាប់​ពី​ជំនួប​កំពូល​បិទទ្វារ​រយៈ​ពេល​ជិត​៥ម៉ោង​នៅ​ថ្ងៃ​អង្គារ​នេះ រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ខាង​គណបក្ស​គ្រប់​គ្រង​អំណាច​ និងគណបក្ស​សង្គ្រោះជាតិ​ដឹក​នាំ​ដោយ​ លោក​ សម រង្ស៊ី​ និង​ ​លោក​ កឹម សុខា។​ (​ចុច​មើល​រូបថត​ជំនួប​កំពូល)

ក្រោយ​ពី​ជំនួប​កំពូល​បាន​បិទ​បញ្ចប់​មេដឹក​នាំទាំង​ពីរ​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​លោក​ សម​ រង្ស៊ី ​បាន​ញញឹម​ដាក់​គ្នា​ក្រោយ​មក​បាន​ចាប់​ដៃ​លា​គ្នា​ដោយ​សម្តែង​នូវ​ភាព​ត្រូវ​រ៉ូវដាក់​គ្នាយ៉ាង​ខ្លាំងក្រោយ​ពី​កិច្ច​ប្រជុំ។

លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដោយ​មាន​ទឹក​មុខ​ញញឹម​ដាក់​អ្នក​កាសែត​ លោក​បាន​អះអាង​យ៉ាង​ខ្លី​ថា​ ជំនួប​ថ្ងៃ​នេះ​ជាជោគ​ជ័យ​មួយ។​

លោក​និយាយថា៖​ «ជោគជ័យ​ហើយ​ ទៅ​នាំគ្នា​ទះ​ដៃ​បាន​ហើយ»។​

ចំណែក​លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិមិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ក្នុង​ខណៈ​ពេល​ដែល​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​បាន​បញ្ជាក់​ថា​ លោក​គ្មាន​ជម្រើស​ទេ​ក្នុង​ការ​ទទួល​យក​គោល​នយោបាយ​សម្រប​សម្រួល​នេះ។​

លោក​និយាយ​ថា៖ ​«គឺ​ថា​យើង​អត់​មាន​ជម្រើស​ទេ​ ជម្រើស​ដ៏​សមរម្យ​តែមួយ​គឺ​បញ្ចប់​វិបត្តិ​នយោបាយ​ហើយ​បញ្ចប់​ស្ថាន​ភាព​តានតឹង»។​

ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែកក្កដា​ឆ្នាំ​២០១៣​ប្រទេស​កម្ពុជា​បាន​ជួប​ប្រទះ​វិបត្តិ​នយោបាយ​បាន​អូស​បន្លាយអស់​រយៈពេល​ជិត​មួយ​ឆ្នាំ។​

គណបក្ស​គូ​ជម្លោះ​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​ចំនួន​បី​លើក​ដើម្បី​រក​វិធីសាស្ត្រ​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក​ក៏ប៉ុន្តែ​ជំនួប​ចុង​ក្រោយ​នេះបាន​ធ្វើ​ឱ្យ​វិបត្តិ​ដែល​បាន​ជាប់​គាំង​បាន​ត្រូវ​បិទ​បញ្ចប់។​

ក្រោយ​ពី​បាន​បញ្ចប់​ការ​ចរចា​ភ្លាម​អ្នក​តំណាង​រាស្ត្រជាប់​ឆ្នោតគណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​រូប​និង​សកម្មជន​គណបក្ស​មួយ​រូប​ផ្សេង​ទៀត​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស។​ក៏ប៉ុន្តែ​សួន​ប្រជាធិបតេយ្យ​មិន​ទាន់​បើក​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​ទេ​ដរាប​ណា​គណបក្ស​សង្គ្រោះជាតិ​មិន​ទាន់​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​សមាជិក​សភា​តំណាង​រាស្ត្រ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ ព្រំ សុខា​ សមាជិកក្រុម​ចរចា​ថ្នាក់​កំពូលខាង​គណបក្ស​ប្រជាជន​បាន​ប្រាប់​ក្នុង​អង្គសន្និសីទ​កាសែត​ថា​នៅ​ពេលដែល​ណា​សមាជិក​សភា​ខាងគណបក្ស​សង្គ្រោះ​ជាតិ​ចូល​ស្បថ​សច្ចា​ប្រណិធាន​រដ្ឋាភិបាល​នឹង​ពិចារណា​ដោះ​លែង​សួន​ប្រជាធិបតេយ្យឡើងវិញ។​

លោក​និយាយ​ថា​៖ ​«ស្មារតី​ជំនួប​កំពូល​អំបាញ់​មិញ​ហ្នឹង​លោក​បាន​សម្រេចថា​ខិតខំពន្លឿន​នីតិវិធី​ដើម្បី​បើក​ទីលាន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះជាតិ​ចូល​ស្បថ​កាន់​តំណែង»។​

លោក​ យឹម សុវណ្ណ​ សមាជិកក្រុម​ចរចា​ថ្នាក់​កំពូល​ខាង​គណបក្ស​សង្គ្រោះជាតិ​វិញ​មាន​ប្រសាសន៍​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​សមាជិក​សភា​តំណាង​រាស្ត្រ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

លោក​និយាយ​ថា៖​«គណបក្ស​នឹង​សម្រេច​នៅ​ពេល​ក្រោយ»។​

ការ​បញ្ចប់​វិបត្តិ​នយោបាយ​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​នេះ​បាន​នៅ​ត្រឹមតែគណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បែង​ចែក​អំណាច​ក្នុង​ស្ថាប័ន​រដ្ឋសភា​និង​យល់​ព្រម​ឱ្យ​ការ​បោះ​ឆ្នោតជ្រើស​រើស​សមាសភាព​គ.ជ.ប​តាម​រូប​មន្ត​៤​ ៤​ ១។ នេះ​មាន​ន័យ​ថា​សមាសភាព​បួន​នាក់​ជ្រើស​រើស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បួន​រូប​ជ្រើស​រើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​មួយ​រូប​ទៀត​គឺ​ត្រូវ​ជ្រើស​រើស​ដោយ​ព្រម​ព្រៀង​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ត្រូវ​ដំណើរ​ការ​រៀប​ចំឱ្យមាន​ការ​ជ្រើស​រើស​ដោយ​បើក​ចំហរ​និង​តម្លាភាព​នូវ​សមាស​ភាព​គជប​ដាក់​ជូន​រដ្ឋសភា​ដើម្បី​បោះ​ឆ្នោត​ទុកចិត្ត​ដោយ​សំឡេង​ដាច់​ខាត៥០%​បូក​មួយ។​ ក្នុង​ករណី​ដែល​ខក​ខាន​មិន​បាន​រៀប​ចំ​សមាសភាព​រៀប​ចំ​គណៈកម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោត ​សមាសភាព​គ.ជ.ប​ដែល​មាន​ស្រាប់​ត្រូវ​បន្ត​ការ​ងារ​របស់​ខ្លួន​និង​មាន​សមត្ថកិច្ច​រៀប​ចំការ​បោះ​ឆ្នោត​តាម​ច្បាប់។​

នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ស្តីពី​ដំណោះ​ស្រាយ​នយោបាយ​រវាង​គណបក្ស​ប្រជាជនកម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​មាន​ចុះ​ហត្ថលេខា​រួម​គ្នា​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ លោក​ សម រង្ស៊ី​ និង លោក​ កឹម សុខា​នោះ​ បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀប​ចំ​បែង​ចែក​អំណាច​រវាង​អំណាច​នីតិប្បញ្ញត្តិ​ និង​អំណាច​នីតិ​ប្រតិបត្តិ។​

គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​រៀប​ចំក្បាល​ម៉ាស៊ីន​រដ្ឋសភា​ដោយ​បែង​ចែក​តួនាទី​ថ្នាក់​ដឹក​នាំ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​តាម​រូប​មន្ត​៧​ទល់​នឹង​៦​ ដោយ​ត្រូវ​បង្កើត​បន្ថែម​គណៈ​កម្មាធិការ​ជំនាញ​មួយ​បន្ថែម​ទៀត​ត្រូវ​គ្រប់​គ្រង​ដោយ​គណបក្ស​សង្គ្រោះជាតិ។​

ចំណែក​ប្រធាន​រដ្ឋសភា​មក​ពីគណបក្ស​ប្រជាជន​ អនុប្រធាន​ទីមួយ​ត្រូវ​គ្រប់​គ្រង​ដោយគណបក្ស​សង្គ្រោះ​ជាតិ​ និង​អនុប្រធាន​ទី២​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា។​

គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ពិនិត្យ​រៀប​ចំ​ឡើង​វិញ​នូវ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ព្រឹទ្ធសភា​ផង​ដែរ។​ចំណែក​ឯថ្ងៃ​បោះ​ឆ្នោត​ឡើងវិញ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ។​ ក៏ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ថា​និង​សើ​រើ​ការ​ចុះ​បញ្ជី​បោះ​ឆ្នោត​ឡើង​វិញ៕

XS
SM
MD
LG