ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​ប្រឆាំង​ថា​ថវិកា​ឆ្នាំ​២០១៣​ចាយវាយ​ខ្ជះខ្ជាយ​និង​ពុករលួយ

  • ម៉ែន គឹមសេង

​លោក​ កឹម សុខា (កណ្តាល) អនុ​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ។

អនុប្រធាន​សភា​កម្ពុជា​គឺ​លោក​កឹម សុខា ​បានរិះគន់​ដល់ការចំណាយថវិកា​រដ្ឋ​ ក្នុង​ ឆ្នាំ​២០១៣​ថា​មាន​លក្ខណៈ ​«ពុករលួយ‍» ​និង​ ចំណាយ​ «ខ្ជះខ្ជាយ‍» ​ដែល​នេះ​ជា​មូលហេតុ​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​មិន​ព្រម​អនុម័ត​យល់ព្រម​តាម​ការចង់​បាន​របស់​រដ្ឋាភិបាល​កម្ពុជា​ទេ។

សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់អំណាច​ចំនួន​៦៧រូប​បាន​អនុម័ត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ទទួល​យក ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​«ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​គ្រប់គ្រង​ឆ្នាំ២០១៣‍»​មក​ពិចារណា​ដោយ​មិន​មាន​ការយល់​ព្រម​ពី​គណបក្ស​មិន​កាន់​អំណាច​ឡើយ។

លោក កឹម សុខា ​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​ប្រកាស​នៅលើ​ទំព័រ​ Facebook​ របស់​លោក​នៅ​ថ្ងៃច័ន្ទ​ដែរ​ថា៖

​«មូលហេតុ ​តំណាងរាស្រ្ដ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថា ​បើខ្លួន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ មាន​ន័យ​ថា ​យើង​ចូលរួម​គាំទ្រ​អំពើ​ពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​មតិ​ជាតិ ​និង​អន្ដរជាតិ​ បាន​រក​ឃើញ​នៅ​កម្ពុជា ​ព្រោះ​ចំណូល​ថវិកា​ជាតិ​បាន​បាត់បង់​ច្រើន ​និង​ ចំណាយ​ថវិកា​ជាតិ​ មិន​សមស្រប​និង​ខ្ជះខ្ជាយ»។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំមណ្ឌល​ពោធិ៍សាត់​គឺ​លោក​ងឹម ញេង ​បាន​លើក​ឡើង​ថា​ ក្នុង​ឆ្នាំ​២០១៣​ រដ្ឋាភិបាល​បាន​ខ្ចី​លុយ​ពី​បរទេស​លើស​ពី​ច្បាប់​កំណត់​រហូត​ជាង​៥០​ភាគរយ​ដែល​នឹង​ក្លាយ​ជា​បន្ទុក​សម្រាប់​ពលរដ្ឋ​កម្ពុជា​ជំនាន់​ក្រោយ​ត្រូវ​សង​បំណុល​នេះ​វិញ។

«ការខ្ចី​បុល​បរទេស​ច្បាប់​បាន​អនុម័ត​ឱ្យ​យើង​ខ្ចី​គេ​តែ​១៨០.០០០​លាន​លានរៀល​ទេ​ប៉ុន្តែ​យើង​ខ្ចី​ទេ​រហូត​ដល់​២៨០.៦៧៤​លាន​លាន​រៀល​ដែល​លើស​ច្បាប់​រហូត​ដល់​១៥៥,៩ភាគរយ។ អញ្ចឹង​យើង​អាច​ទាញ​មក​វិញ​ថា​ចំណូល​យើង​មាន​ការកើន​ឡើង​ហើយ​អញ្ចឹង​វា​គ្រប់​សម្រាប់​ការចំណាយ​នៅក្នុង​ប្រទេស​ហើយ​រួច​យើង​ខ្ចី​គេ​ខ្ចី​រហូត​ដល់​ទៅ​លើស​ច្បាប់​កំណត់​ដល់​ទៅ ​១៥៥,៩​ភាគរយ‍។ ជា​ទស្សនៈ​វិស័យ​ជំនួយ​បរទេស​ជា​បន្ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ‍»។

សម្រាប់​ការពិភាក្សា​លម្អិត​សភា​បាន​អនុម័ត​តែ​ជំពូក​ទីមួយ​នៃ​ច្បាប់​ដែល​មាន​បី​ជំពូក​ហើយ​នឹង​បន្ត​ការពិភាក្សា​នៅ ​ថ្ងៃអង្គារ​ទៀត។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា៕

XS
SM
MD
LG