ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​ហ៊ុន សែន ​បដិសេធ​ថា​លោក​មិនបាន​ព្យាយាម​បំបែក​គណបក្ស​សង្គ្រោះជាតិ​ទេ

  • នៅ វណ្ណារិន

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធានទី​១​នៃ​រដ្ឋសភា​ជាតិ (ឆ្វេង) និង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។ (ប្រភព៖ VOA/Reuters)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ មាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​សារជា​ថ្មី​ម្តង​ទៀត ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ចំពោះ​ការ​រិះគន់​ដែល​ថា ​គណបក្ស​កាន់​អំណាច​កំពុង​តែ​ព្យាយាម​បំបែក​គណបក្ស​ប្រឆាំង​ និង​គំរាម​បោះ​ឆ្នោត​ទម្លាក់​លោក កឹម សុខា ​អនុប្រធាន​គណបក្ស​រូប​នេះ​ចេញ​ពី​តំណែង​អនុប្រធាន​រដ្ឋសភា​នា​ពេល​ខាង​មុខ​នេះ។​ លោក​នាយក​រដ្ឋមន្ត្រី​សំអាង​ថា​ គូភាគី​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បំពាន​លើ​កិច្ច​ព្រមព្រៀង​នយោបាយ។

ដោយ​មិន​បញ្ចេញ​ឈ្មោះ​លោក កឹម សុខា​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន នៃ​កម្ពុជា​បាន​ប្រកាស​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​នៅ​សកលវិទ្យាល័យ​មួយ​នាទី​ក្រុង​ភ្នំពេញ​ថា​ លោក​អនុប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នយោបាយ ដែល​មាន​ឈ្មោះ​ថា​«វប្បធម៌សន្ទនា»​ដែល​បាន​បង្កើត​ឡើង​រវាង​គណបក្ស​ទាំងពីរដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​គំរាម​ដដែលៗ​ថា ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អាច​បោះ​ឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញ​ពី​តំណែង​អនុប្រធាន​សភា​ជាតិ ​ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​រក​ឃើញ​ថា ​លោក​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ដូច​នេះ​មែន។​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​នៅ​ក្នុង​អំឡុង​ពិធី​សម្ពោធ​ស្ពាន​អ្នកលឿង​ដ៏​វែង​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥។ (រូបថត៖ AP/ហេង ស៊ីនិត)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​នៅ​ក្នុង​អំឡុង​ពិធី​សម្ពោធ​ស្ពាន​អ្នកលឿង​ដ៏​វែង​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥។ (រូបថត៖ AP/ហេង ស៊ីនិត)

«ខ្ញុំ​បាន​ប្រាប់​ទៅ​រង្ស៊ី។​ ខ្ញុំថា​ ឡើង​តាម​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​ ហើយ​ធ្លាក់​ចុះ​មក​វិញ​ក៏​តាម​រយៈ​សន្លឹក​ឆ្នោត​គណបក្ស​ប្រជាជន​ដែរ។​ វប្បធម៌​សន្ធនា​តម្រូវ​ឲ្យ​ធ្វើ​អញ្ចឹង? ​ដោយ​សារ​ខ្លួន​ចូល​ចិត្ត​កេះ​គេ​អញ្ចឹង​ គេ​នៅ​សុខៗ​ ទៅ​កេះ​គេ​ ទៅ​ជេរ​គេ»។​

ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ​លោក​និង​ធ្វើ​ការ​ស៊ើប​ឡើ​វិញ​ឲ្យ​ជាក់​លាក់​មុន​នឹង​មាន​ចំណាត់​ការ​ណា​មួយ​នោះ។​

ការ​ថ្លែង​របស់​លោក ហ៊ុន សែន​ គឺ​កើត​ឡើង​ពីរ​ថ្ងៃ​ក្រោយ​ពេល ​ដែល​លោក កឹម សុខា ​អនុ​ប្រធាន​គណបក្ស​ជំទាស់​បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​របស់​ខ្លួន​នា​ខេត្ត​កំពត​ ដោយ​លោក​ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​បំបែក​បំបាក់​របស់​គូ​ប្រជែង​ខ្លួន​ដែល​មាន​ជំនាញ​បំបែក​បំបាក់​គណបក្ស​ជា​ច្រើន​រួចមក​ហើយ​រួម​ទាំង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម ​រណ​ឫទ្ធិ​ និង​គណបក្ស​ប្រជា​ធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា​របស់​លោក​តា សឺនសាន​ជា​ដើម។​

លោក​នាយក​រដ្ឋមន្ត្រី​ ដែលកាន់​អំណាច​ជាង​៣០​ឆ្នាំ​នេះ បាន​បដិសេធ​ថា ​លោក​ហើយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​កំពុង​តែ​ព្យាយាម​បំបែក​លោក កឹម សុខា​ និង​លោក​ប្រធាន​គណបក្ស​គឺ​លោក ​សម រង្ស៊ី នោះ​ទេ។​

«មាន​ពេល​វេលា​ឯណា​ទៅ​បំបែក!​ បើ​អ្នក​ឯង​មិនចង់​បែក។​ អា​ហ្នឹង​គ្មាន​នរណា​គេ​ទប់​ជាប់​ទេ​ បើ​អ្នក​ឯង​ចង់​បែក​នោះ។​ ​ ប្រៀប​ដូចជា​ប្តី​ប្រពន្ធ​អញ្ចឹង ​បើទោះ​ជា​ម្តាយក្មេក​ធ្វើ​បាប​យ៉ាង​ណា​ក៏ដោយ បើ​វា​មិន​បែក​ វានៅ​មិន​បែក​ហ្នឹង​ កុំ​ឆ្ងល់​ពេក​អ្នក​ធ្វើ​នយោបាយ។​ ហើយ​ម៉េច​បើ​មិន​បាន​ដៀមដាម​ឲ្យ​គេ​ វា​រន្ទះ​បាញ់​យ៉ាង​ម៉េច?»

គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ធ្លាប់​មាន​អរិភាព​នឹង​គ្នា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​កាល​ពី​ដើម​ខែ​ឧសភា​នេះ​ បាន​ឯកភាព​ធ្វើជា​ដៃ​គូសន្ទនា ​ហើយ​ឲ្យសមាជិក​របស់​ខ្លួន​បញ្ឈប់​ការ​លាប​ពណ៌​គ្នា ​ចៀស​វាង​ការ​ញុះ​ញង់​ និង​ការ​ប្រើ​ពាក្យ​អសុរស​ ការ​ជេរ​ប្រមាថ​ ដោយ​ប្រើពាក្យ​ដូចជា​ «ពួក​កុម្មុយ​នីស្ត​ផ្តាច់ការ»​ ​«អាយ៉ង​យួន» ​«អាក្បត់​ជាតិ»​ «អា​លក់​ជាតិ» ​«អា​មេ​ចោរ»​និង​«អា​កូន​ចោរ»​ជា​ដើម។​ ហើយ​ក៏​មាន​ការ​ឈប់​ឱ្យ​មាន​ការ​គំរាម ​និង​បំភិត​បំភ័យ​ថា ​នឹង​មាន​សង្គ្រាម ​និង​ការ​គំរាម​ចាប់​ដាក់​ពន្ធនាគារ​ជាដើម។​

VOA​ មិន​អាច​ទំនាក់​ទំនង​លោក កឹម សុខា ដើម្បី​សុំ​អត្ថាធិ​បាយ​បាន​ទេ​ ប៉ុន្តែ​ លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ គណបក្ស​ទាំងពីរ​គួរ​តែមាន​ការ​ណាត់​ជួប​ចរចា​ សន្ទនា​គ្នា​ជា​ជាង​ការ​ឆ្លើយ​ឆ្លង​តាម​រយៈ​ប្រព័ន្ធ​ឃោសនា​ជា​សាធារណៈ​ ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ធ្វើ​នេះ។​ ក៏​ប៉ុន្តែ​លោក យឹម សុវណ្ណ​ បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ជំនួស​លោក​ប្រធាន​ស្តីទី​គឺ​លោក កឹម សុខា ចំពោះ​អ្វី​ដែល​លោក​បាន​ថ្លែង​នោះទេ។

«ការ​ជជែក​គ្នា​គឺ​ជា​ការ​ចាំបាច់។​ យើង​មិន​ចង់​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ឆ្លើយឆ្លង​ទៅ​វិញ​ទៅ​មក​នោះ​ទេ។​ ប៉ុន្តែ​អ្វី​ដែល​យើង​គួរ​តែ​ជ្រើសរើស​គឺ​អង្គុយ​ជជែក​គ្នា។​ ហើយ​បើសិន​ជា​មិន​ពេញ​ចិត្ត​នឹង​លោក​ប្រធាន​ស្តីទី​ ខ្ញុំ​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ជំនួស​លោក​នោះ​ទេ ពីព្រោះ​នេះ​ជា​មតិ​របស់​លោក​ប្រធាន​ស្តីទី។​ ក៏​ប៉ុន្តែ​ខ្ញុំ​អាច​នឹង​ជូន​យោបល់​ថា​ ភាព​ខុសគ្នា​នឹង​អាច​ដោះស្រាយ​បាន​តាម​រយៈ​ការ​អង្គុយ​ជជែក​គ្នា»។​

ដោយ​ឡែក ​លោក កែម ឡី​ អ្នក​វិភាគ​សង្គម​ មើល​ឃើញ​ថា ​ការ​គំរាម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​ក្នុង​ន័យ​បំបែក​សំឡេង​គណបក្ស​នេះ​ ហើយ​គ្រាន់​តែ​វា​ជា​ជំហ៊ាន​ដំបូង​តែ​ប៉ុណ្ណោះ។​

«អា​ហ្នឹង​គ្រាន់​តែ​ជា​យុទ្ធ​សាស្ត្រ​របស់​គាត់​ យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ។ ​ប៉ុន្តែ​សំខាន់​តើ​គណបក្ស​សង្គ្រោះ​ជាតិ​គាត់​មាន​ភាព​រឹងមាំប៉ុ​ណ្ណា​ នៅពេល​ដែល​មាន​ខ្យល់​ព្យុះ ​ភ្លៀង​ផ្គរ​បែប​នេះ។​ ហើយ​មេរៀន​នេះ​មិនមែន​ថ្មី​ទេ​ គាត់​ធ្លាប់​ប្រើ​ដៃ​នរោត្តម​នរណឫទ្ធិ កាល​ឆ្នាំ១៩៩៣ ​ ឆ្នាំ​១៩៩៥​ដក​ឯក​ឧត្តម សម រង្ស៊ី ចេញ​ពី​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ»។​

លោក​យល់​ថា ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​មាន​បទ​ពិសោធន៍​ចាស់​ទុំ​ផ្នែក​នយោបាយ​នោះ​ អាច​នឹងមាន​គោល​ដៅ​បន្ត​ទៀត ​ដូច​ជាការ​បញ្ចូល​គណបក្ស​មួយ​នេះ​ទៅ​ក្នុង​រដ្ឋាភិបាល​ជាដើម។​

ក្នុង​រយៈពេល​ពីរ​ខែ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការ​ព្រមាន​ដល់​លោក កឹម សុខា ​ដដែលៗ​ ដោយ​ចោទ​ថា ​លោក​អនុ​ប្រធាន​គណបក្ស​ជំទាស់​នេះ​បាន​បំពាន​«វប្បធម៌សន្ទនា»​ រវាង​គណបក្ស​ទាំង​ពីរ។​ កាល​ពី​ដើម​ខែ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​លុប​ចោល​កិច្ច​ព្រមព្រៀង​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ ដោយ​ចោទ​ថា ​លោក កឹម សុខា បាន​ប្រើ​ពាក្យ​«កុម្មុយ​និស្ត​ផ្តាច់ការ»​ វាយ​ប្រហារ​លើ​គណបក្ស​នយោបាយ​របស់​លោក ​និង​បាន​ព្យាយាម​ប្រើ​សង្គ្រាម​ចិត្ត​សាស្ត្រ​ទៀត​ផង៕

XS
SM
MD
LG