ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក កឹម សុខា​សុំ​ឱ្យ​អ្នកគាំទ្រ​កុំ​ចាញ់​ល្បិច​បក្ស​កាន់​អំណាច

  • ម៉ែន គឹមសេង

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចាក​ចេញ​ពី​អគារ​រដ្ឋសភា​ក្រោយ​ពី​មាន​​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។​ ​(រូបថត៖ Reuters)

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​សុំ​ឱ្យ​អ្នក​គាំទ្រ​នៅ​ថ្នាក់​មូលដ្ឋាន​បន្ត​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​បក្ស និង​នៅរួបរួម​គ្នា​ដោយ​កុំ​ចុះចាញ់​យុទ្ធសាស្រ្ត​បំបែកបំបាក់​របស់​គណបក្ស​កាន់​អំណាច។

ការ​ថ្លែង​នេះ​កើត​ឡើង​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជំរុញ​ឱ្យ​មាន​ការ​គោរព​«វប្បធម៌​សន្ទនា‍»​ដែល​មិន​មានការ​រិះគន់ ដោយ​ពាក្យ​សំដី​ធ្ងន់ៗ​ដាក់​គូ​ប្រជែង​នយោបាយ។

ថ្លែង​នៅក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​សកម្មជន និង​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​ប្រមាណ​ជា៥០០​នាក់​ នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រុង​កំពត​ ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី១៧ ខែឧសភា លោក​កឹម សុខា​បាន​បញ្ជាក់​ថា៖

«ការ​រួមគ្នា​ជា​កត្តា​សំខាន់​ណាស់​ដែល​យើង​អត់​ត្រូវ​បែកបាក់​គ្នា​ទេ ហើយ​កត្តា​ជ័យ​ជម្នះ​របស់​គូប្រកួត​របស់​យើង​នេះ​ដែល​បាន​ជោគជ័យ​កន្លងមក​នេះ​គឺ​ដោយសារ​យុទ្ធសាស្រ្ត​របស់​គេ​គឺ​យុទ្ធសាស្រ្ត​បំបែក​បំបាក់​ដើម្បី​ត្រួត​ត្រា‍»។​

បើ​ទោះបី​ជា​លោក កឹម សុខា មិន​បញ្ជាក់​ចំ​ថា​គណបក្ស​ម្ខាង​ទៀត​ជា​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ប៉ុន្តែ​លោក​បាន​លើក​យក​វិធី​ដែល​គណបក្ស​នោះ​បំបែក​សំឡេង គឺ​គណបក្ស​រាជ​និយម​ហ៊្វុនស៊ីនប៉ិច​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ និង​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ​សាសនា​របស់​លោកតា សឺនសាន ជាដើម។

លោក​បាន​បន្ថែម​ថា​៖ «មិនមែន​រឿងថ្មី​ទេ​នេះ​យុទ្ធសាស្រ្ត​របស់​គេ ហើយ​យើង​ដឹង​យុទ្ធសាស្រ្ត​គេ ហើយ​យើង​នៅ​តែ​ធ្វើ​អញ្ចឹង​ទៀត​គឺ​អន់​មែន​ទែន។ អញ្ចឹង​បើ​គេ​ចង់​បំបែក​យើង ​ហើយ​យើង​ទៅ​បុកបំបែក​គ្នា​ទៀត​នេះ​យើង​អន់​ណាស់‍»។​

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធានទី​១​នៃ​រដ្ឋសភា​ជាតិ (ឆ្វេង) និង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។ (ប្រភព៖ VOA/Reuters)
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធានទី​១​នៃ​រដ្ឋសភា​ជាតិ (ឆ្វេង) និង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។ (ប្រភព៖ VOA/Reuters)

VOA មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ ប៉ុន្តែ​ក្នុង​ពេល​កន្លង​មក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហាក់​បាន​សម្តែង​ភាព​ល្អូនល្អឺន​ជាមួយ​នឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង និង​រិះគន់​លោក កឹម សុខា ដោយ​មាន​ការ​បញ្ចេញ​ឱ្យ​ដឹង​ពី​ការ​ធ្លាប់​ព្រមាន​អនុប្រធាន​គណបក្ស​រូបនេះ​ថា​អាច​ស្លាប់​បាត់បង់​ជីវិត បើ​សិន​ជា​គាត់​ហ៊ាន​ធ្វើ​សកម្មភាព​ណា​ជ្រុល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្រប​ច្បាប់។

លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ជាច្រើន​ដង​ពី​វប្បធម៌​សន្ទនា​របស់​លោក និង​លោក សម រង្ស៊ី​ដោយ​ស្នើ​សុំ​ឱ្យ​បញ្ចប់​ការ​សងសឹក​គ្នា។​

ថ្លែង​ប្រាប់​អ្នក​គាំទ្រ​ក្នុង​ពិធី​សាធារណៈ​មួយ​កាលពី​ចុង​ខែ​មេសា លោក​ ហ៊ុន សែន បាន​បញ្ជាក់​ថា៖ «ឱ្យ​បញ្ចប់​ទៅ​នយោបាយ​ទឹក​ឡើង​ត្រី​ស៊ីស្រមោច ទឹកហោច​ស្រមោច​ស៊ីត្រី។ រឿងនេះ​វា​បាន​កើតឡើង​ច្រំ​ដែល​នៅក្នុង​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា​។ អ្នក​គាំទ្រ​ខាង​ណេះ ក៏​ទទួ​លគ្រោះថ្នាក់​ដោយ​សារ​ខាង​ណោះឈ្នះ... ពេល​ដែល​ខ្ញុំ​នៅកាន់​អំណាច​អ្នក​ណា​ក៏​នៅ​ជាមួយបាន​ទាំង​អស់‍»។​

​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​កំពុង​អនុវត្ត​នូវ​អ្វី​ដែល​គេ​ហៅ​ថា​«វប្បធម៌​សន្ទនា‍»​ បន្ទាប់​ពី​ការ​ជាប់​គាំង​នយោបាយ​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣។​

វប្បធម៌ថ្មី​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​តាម​ដាន​នយោបាយ​មួយ​ចំនួន​រិះគន់ ថា​បាន​ធ្វើ​ឱ្យ​ខូច​ដល់​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​មាន​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ក៏​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ដោយ​សារ​តែ​គេ​មើល​ឃើញ​ថា មាន​ភាព​ទន់​ភ្លន់​ខ្លាំង​ទៅលើ​គណបក្ស​កាន់​អំណាច។​

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដែល​អាច​នឹង​ពិនិត្យ​មើល​ថា តើ​វប្បធម៌​ថ្មី​នេះ​នឹង​នៅ​តែ​ជួយ​គណបក្ស​ប្រឆាំង​រក្សា​បាន​សន្ទុះ ដែល​ខ្លួន​ទទួល​បាន​កាលពី​ជិត​ពីរឆ្នាំ​មុន​ទៀត​ឬ​យ៉ាងណា៕

XS
SM
MD
LG