ពេលប្រជាពលរដ្ឋខ្មែរកំពុងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិឆ្លៀតឱកាសផ្ញើសារនយោបាយមួយ ដែលរំពឹងថា គណបក្សរបស់លោកនឹងឈ្នះក្នុងការបោះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨ ពីព្រោះតែការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលទទួលរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរតាមរយៈការបណ្តេញចេញពីផ្ទះសម្បែង និងការបង្រ្កាបយ៉ាងហិង្សា នៅពេលពួកគេធ្វើការតវ៉ាទាមទាររកយុត្តិធម៌។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង៣០មកនេះ ក៏បានប្រកាសបែបចំអកដែរថា គណបក្សកាន់អំណាចរបស់លោកនឹងឈ្នះការបោះឆ្នោតអាណត្តិក្រោយៗទៀត។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានបង្ហោះវីដេអូខ្លីមួយនៅលើទំព័រហ្វ៊េសប៊ុក (Facebook) របស់លោកកាលពីថ្ងៃសៅរ៍កន្លងទៅនេះ បង្ហាញពីក្តីសង្ឃឹមក្នុងការយកឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខនេះ បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតែប្រកាសថា គណបក្សកាន់អំណាចរបស់លោកនឹងនៅតែឈ្នះការបោះឆ្នោតអាណត្តិក្រោយៗទៀតក៏ដោយ។
ការបង្ហោះវីដេអូនេះធ្វើឡើងនៅចំពេលដែលប្រជាពលរដ្ឋខ្មែរកំពុងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងត្រូវបញ្ចប់នៅថ្ងៃស្អែកនេះ។
វីដេអូ ដែលមានរយៈពេលតែ១នាទីនោះ បានបង្ហាញពីទិដ្ឋភាពនៃការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះ ដោយការបណ្តេញចេញទាំងបង្ខំដោយអាជ្ញាធរ និងបង្ហាញសកម្មភាពតវ៉ាស្វែងរកយុត្តិធម៌ផ្សេងទៀត។ នៅលើវីដេអូនេះមានសរសរជាចំណងជើងមួយថា«ការតស៊ូរបស់យើងប្រកបដោយធម៌អហិង្សា និងសន្ទនានឹងនាំមកនូវជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨»។
វីដេអូខ្លីនេះបានចាប់ផ្តើមដោយពាក្យមួយឃ្លាថា«កម្ពុជាដ៏កម្សត់» ហើយមានសរសេរជាពាក្យខ្លីៗថា«ទឹកភ្នែករបស់រាស្រ្ត» «ការឈឺចាប់ដ៏ធំ» «ការតស៊ូដើម្បីរស់» ហើយនិង «កម្លាំងសាមគ្គីបានផ្ទុះឡើង» ដែលទាំងអស់នេះគឺជាដើមចមនៃជ័យជម្នះរបស់គណបក្សប្រឆាំង។
ក៏ប៉ុន្តែលោក ហ៊ុន សែន ដែលជាដៃគូសន្ទនារបស់លោក សម រង្ស៊ី ក្រោយការស្រុះស្រួលគ្នាផ្នែកនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤ បានថ្លែងជាញឹកញាប់ថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់លោកនឹងនៅតែឈ្នះការបោះឆ្នោតដដែល។
ថ្លែងនៅក្នុងសន្និបាតស្តីពីទេសចរណ៍ដែលបានរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ កាលពីខែកញ្ញាកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏មានឥទ្ធិពលមានប្រសាសន៍ថា៖
«ម៉្ងៃៗធ្វើខ្លួនឯង ដូចចង់ទៅជាអ្នកឈ្នះហើយ ចង់ជាអ្នកគ្រប់គ្រងប្រទេសហើយ។ប៉ុន្តែអាហ្នឹងរឿងរបស់គេថា តែយើងក៏ចេះថាដែរតើ! ខ្ញុំនឹងឈ្នះទៀត ជានាយករដ្ឋមន្ត្រីក្រោយឆ្នាំ២០១៨ដល់២០២៣»។
លោកបានបន្តចំអកឲ្យគណបក្សប្រឆាំងបន្ថែមទៀតអំពីការឈ្នះឆ្នោតនេះ ដោយនិយាយថា៖
«ចាំឈ្នះនៅជាតិក្រោយចុះ! ហ៊ុន សែននៅតែជាប់ធ្វើអី ហ៊ុន សែន! បើប្រជាជនបោះឆ្នោតឲ្យធ្វើទៀត»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះអាសនៈចំនួន៦៨ ហើយគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន៥៥ពីការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៣។ តែគណបក្សសង្គ្រោះជាតិបានតវ៉ាថា លទ្ធផលនៃការបោះឆ្នោតនោះមិនឆ្លុះបញ្ចាំងឆន្ទៈរាស្ត្រ ហើយមានការលួចបន្លំ។
លោក យ៉ែម បុញ្ញាឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ប្រាប់VOAថា លោកមិនអាចសន្និដ្ឋានទុកជាមុនអំពីលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខនោះទេ ដោយលោកបញ្ជាក់ថា៖
«ខ្ញុំជឿថា ពាក្យថា ឈ្នះ ហើយអ្នកវិភាគមួយចំនួនដែលលោកនិយាយមុនការបោះឆ្នោត២០១៣ យើងបានដឹង បានឮទាំងអស់គ្នា ហើយលទ្ធផលជាក់ស្តែងថាតើគណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការរួបរួមអ្នកប្រជាធិបតេយ្យ អ្នកជាតិនិយម មកពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សហ្នឹង តើមានការកើនឡើងសំឡេងដល់ណា? រហូតដល់មានការភ្ញាក់ផ្អើលជាទីបំផុតពីគណបក្សកាន់អំណាច។ ដូច្នេះការវិភាគរៀងខ្លួន ដែលថា ឈ្នះរៀងខ្លួននេះគឺជារឿងមួយ ក៏ប៉ុន្តែគួរពិនិត្យមើលតថភាពជាក់ស្តែងក្នុងសង្គម និងទឹកចិត្តរបស់ប្រជាពលរដ្ឋ»។
VOA បានព្យាយាមទាក់ទងសុំការឆ្លើយតបពីលោក សុខ ឦសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប៉ុន្តែនៅតែមិនអាចទាក់ទងបាននៅថ្ងៃច័ន្ទនេះ។
ក្រៅពីមានការបង្ហោះវីដេអូរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទីមួយនៃរដ្ឋសភាជាតិ ធ្លាប់បានថ្លែងប្រាប់អ្នកគាំទ្រគណបក្សរបស់លោកឲ្យបញ្ឈប់ការរិះគន់គណបក្សកាន់អំណាច ហើយត្រៀមខ្លួនទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់ ដែលនឹងត្រូវធ្វើឡើងនៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិដែលនឹងត្រូវធ្វើឡើងនៅឆ្នាំ២០១៨។ លោកថា ការត្រៀមខ្លួនទុកជាមុននេះ នឹងនាំឲ្យបក្សរបស់លោកឈ្នះឆ្នោត។
អ្នកវិភាគនយោបាយខ្មែរឲ្យដឹងថា ការបន្ទន់ជំហររិះគន់របស់គណបក្សប្រឆាំង នឹងធ្វើឲ្យគណបក្សនេះចុះខ្សោយប្រជាប្រិយភាព និងងាយនាំទៅការប្រេះស្រាំ។ អ្នកវិភាគមើលឃើញផងដែរថា ការបន្ធូរបន្ថយការរិះគន់នេះគឺទំនងជាចេតនារបស់មេដឹកនាំគណបក្សប្រឆាំង ដែលចង់ជួយសកម្មជន និងមន្ត្រីនៃគណបក្សប្រឆាំងជាង១០នាក់ឲ្យរួចពីការឃុំឃាំង បន្ទាប់ពីតុលាការបានសម្រេចឃុំខ្លួនសកម្មជន និងមន្ត្រីគណបក្សប្រឆាំង នៅគ្រាដែលក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងមួយក្រុមបានកកូរកកាយរឿងបញ្ហាផែនទី និងព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាមឡើងវិញ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ថ្មីៗនេះ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានផ្តាំផ្ញើតាមលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសន្និសីទកាសែតមួយក្នុងរដ្ឋសភាជាតិ ដោយសុំឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានសន្តានចិត្តល្អក្នុងការជួយអ្នកជាប់ពន្ធនាគារឲ្យមានសិទ្ធិសេរីភាពឡើងវិញ។
ការបន្ទន់ជំហររបស់មេដឹកនាំគណបក្សប្រឆាំងនេះទំនងជាស្របនឹងសភាពការណ៍ ពីព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរឿយៗបានហៅខ្លួនលោកថា «ជាជើងយូរ» ក្នុងឆាកនយោបាយខ្មែរ ក៏បានលើកឡើងនៅក្នុងសន្និបាតទេសចរណ៍កាលពីពេលកន្លងទៅថា គណបក្សប្រឆាំងអស់សន្លឹកបៀរអាត់ហើយ នៅក្នុងការតថ្លៃនយោបាយជាមួយគណបក្សកាន់អំណាច៕