មន្រ្តីជាន់ខ្ពស់កម្ពុជាអះអាងថាគម្រោងព្រែកជីកហ្វូណនដែលក្រុមហ៊ុនចិនវិនិយោគក្នុងតម្លៃទឹកប្រាក់ប្រមាណ១.៧០០លានដុល្លារ ភ្ជាប់ពីទន្លេមេគង្គទៅឆ្នេរសមុទ្រក្នុងខេត្តកែបនឹងកាត់បន្ថយការដឹកជញ្ជូនទំនិញតាមកំពង់ផែវៀតណាម ប្រមាណ៧០%។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដែលបានដកស្រង់សម្តីរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រែកជីកនេះ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters ហើយអត្ថបទត្រូវបានចុះផ្សាយកាលពីថ្ងៃអង្គារ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអតីតរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន លើកឡើងថាបច្ចុប្បន្ននេះ ទំនិញនាំចូលនិងនាំចេញពីកម្ពុជាឆ្លងតាមកំពង់ផែវៀតណាម សម្រាប់ពាណិជ្ជកម្មអន្តរជាតិ មានប្រហែល៣៣% ដោយដឹកជញ្ជូនតាមផ្លូវទឹកទន្លេមេគង្គ។ លោកបន្ថែមថាព្រែកជីកនេះនឹងអាចកាត់បន្ថយទំនិញដឹកជញ្ជូនឆ្លងកាត់កំពង់ផែវៀតណាមពីជាង៣០%មកនៅត្រឹម១០% ដែលតំណាងឱ្យការធ្លាក់ចុះ៧០%លើបរិមាណនៃការដឹកជញ្ជូនបច្ចុប្បន្ននេះ។
លោក ស៊ុន ចាន់ថុល ក៏បានការពារថាគម្រោងព្រែកជីកហ្វូណននេះមិនបង្កផលប៉ះពាល់ដល់បរិស្ថានឡើយ ហើយគម្រោងនេះគ្រោងនឹងសាងសង់នៅចុងឆ្នាំនេះ។
បើតាមសារព័ត៌មាន Reuters លោក ស៊ុន ចាន់ថុល បានច្រានចោលចំពោះការលើកឡើងថា គម្រោងសាងសង់ព្រែកជីកហ្វូណននេះ ដើម្បីអនុញ្ញាតឱ្យនាវាចម្បាំងចិនចូលដល់ដែនទឹកកម្ពុជាថាជាការចោទមួយដែល«គ្មានមូលដ្ឋាន»។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងថាព្រែកជីកហ្វូណនជាគម្រោងប្រវត្តិសាស្រ្តមួយរបស់ប្រទេសកម្ពុជាក្នុងការកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន និងសម្រួលពាណិជ្ជកម្ម ដើម្បីកុំឱ្យមានភាពយឺតយ៉ាវក្នុងការឆ្លងកាត់។
លោកថ្លែងថា៖«ចង់ជម្រាបជូនថាព្រែកជីកនេះមានលក្ខណៈសេដ្ឋកិច្ចសុទ្ធសាធ គឺគាំទ្រនូវវិស័យពាណិជ្ជកម្មរបស់កម្ពុជាយើង សម្រាប់ភ្ជាប់ទៅនឹងកំពង់ផែធំៗរបស់អន្តរជាតិ...យើងរំពឹងទុកថាមានព្រែកជីកនេះចរន្តនៃការនាំចេញនាំចូលទំនិញនឹងកើនឡើងជាលំដាប់អាស្រ័យដោយចរាចរណ៍នៃការដឹកជញ្ជូនមានការងាយស្រួលជាងមុន...ហើយអាចនឹងជួយឱ្យប្រជាពលរដ្ឋចូលរួមក្នុងការធ្វើពាណិជ្ជកម្មនេះឱ្យកាន់តែច្រើនទៅទៀត»។
ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមមានតម្លៃប្រមាណ៦.៥៨០លានដុល្លារ ក្នុងឆ្នាំ២០២៣។ កម្ពុជាបាននាំចូលពីវៀតណាមប្រមាណ៣.៦១០លានដុល្លារអាមេរិក។ ចំណែកកម្ពុជានាំចេញទៅវៀតណាមប្រមាណ២.៩៧០លានដុល្លារ ដែលទាបជាងតម្លៃវៀតណាមនាំចូលប្រមាណ៦៤០លានដុល្លារអាមេរិក។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា លោក គិន ភា ប្រាប់វីអូអេនៅថ្ងៃពុធនេះថាលោកយល់ស្របតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ព្រោះរាល់ទំនិញផ្សេងៗរបស់កម្ពុជាដែលនាំទៅក្រៅប្រទេសនានា តែងតែមានការឆ្លងកាត់កំពង់ផែវៀតណាម។ ដូច្នេះលោកថាគម្រោងព្រែកជីកហ្វូណននេះអាចជួយកាត់បន្ថយភាពអាស្រ័យពីប្រទេសវៀតណាមបានច្រើនទាំងពេលវេលានិងតម្លៃទំនិញ។
លោកបញ្ជាក់ថា៖ «ព្រែកជីកនេះនឹងរួមចំណែក ជាកត្តាទាក់ទាញនូវការវិនិយោគហើយក៏ជាឧត្តមជាតិនៃការប្រកួតប្រជែង សម្រាប់ទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិដែរ ពីព្រោះពេលដែលយើងអាចកាត់បន្ថយបាននូវចំណាយថ្លៃដើមលើការដឹកជញ្ជូនគឺធ្វើឱ្យតម្លៃទំនិញសរុបហ្នឹងវាមានការធ្លាក់ចុះដែរ។ អ៊ីចឹងវាជាកត្តាមួយដែលត្រូវរួមចំណែកក្នុងការធ្វើឱ្យកម្ពុជាមានឧត្តមភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង»។
លោកបន្ថែមថាវៀតណាមគួរតែសាទរចំពោះគម្រោងនៃការសាងសង់ព្រែកជីកនេះ ក្នុងនាមជាប្រទេសជិតខាងល្អរបស់កម្ពុជា។
លោក គិន ភា បញ្ជាក់ថា៖ «ខ្ញុំគិតថាវាមិនគួរជាកម្មវត្ថុឬមិនគួរជាការបង្កឧបសគ្គរារាំងទៅដល់ទំនាក់ទំនងកម្ពុជា និងវៀតណាមទេ។ វៀតណាមខ្លួនឯងតែងតែលើកឡើងអំពីភាពជាអ្នកជិតខាងល្អ ដៃគូរយុទ្ធសាស្រ្តយូរអង្វែងជាប្រពៃណី។ ដូច្នេះគេគួរតែសប្បាយចិត្តជាមួយនឹងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាហ្នឹង។ ខ្ញុំគិតថាវាផ្តល់ផលប្រយោជន៍ទៅវិញទៅមកវិញទេ ព្រោះពិភពលោកមិនមែនជាពិភពលោកដែលបិទជិតទេ ជាពិភពលោកដែលប្រទេសទាំងអស់មានភាពអាស្រ័យ និងអន្តរទំនាក់ទំនងគ្នាទៅវិញទៅមក»។
ចំណែកអ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី យល់ស្របទៅនឹងការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ដូចគ្នាដែរ។ ប៉ុន្តែលោកថាព្រែកជីកហ្វូណននេះក៏មិនប្រាកដថាអាចជួយកម្ពុជាបាន១០០% ដែរ ប្រសិនបើកម្ពុជាមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងនោះ។
លោកបានឱ្យដឹងថាអំឡុងពេលកម្ពុជាអាចទាញយកផលប្រយោជន៍ពីការដឹកជញ្ជូន កម្ពុជាក៏អាចនឹងមានភាពមិនចុះសម្រុង ឬភាពចម្រូងចម្រាសមួយចំនួនជាមួយភាគីវៀតណាមផងដែរ។
លោកបញ្ជាក់ថា៖ «បើរឿងសម្ពាធពីវៀតណាមនេះ ខ្ញុំគិតថាវាមិនអាចជៀសរួចទេ គ្រាន់តែថាតើវានៅក្នុងលទ្ធភាពដែលរដ្ឋាភិបាលអាចគ្រប់គ្រងបាន ឬអាចចរចា អាចនិយាយគ្នាបាន។ ប៉ុន្តែវៀតណាមគេនឹងអាចរកមធ្យោបាយផ្សេងទៀត ដើម្បីដាក់សម្ពាធមកលើយើង»។
សារព័ត៌មាន Vietnamnet.vn បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី៣ ខែឧសភាថាវៀតណាមបានស្នើឯកសារផ្សេងៗ ដូចជាការស្រាវជ្រាវរួមគ្នាទៅលើផលប៉ះពាល់ និងអនុវត្តតាមគោលការណ៍ណែនាំរបស់ MRC សម្រាប់ការវាយតម្លៃផលប៉ះពាល់ឆ្លងដែនពាក់ព័ន្ធនឹងគម្រោងព្រែកជីកនេះ។ វៀតណាមបានស្នើសុំឯកសារទាំងនេះតាមរយៈយន្តការនៃគណៈកម្មការទន្លេមេគង្គ(Mekong River Commission ឬ MRC)ដែលវៀតណាមនិងកម្ពុជាជាសមាជិក។
គម្រោងព្រែកជីកហ្វូណនតេជោនេះ ជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម(Belt and Road Initiative ឬ BRI) របស់រដ្ឋាភិបាលចិនដែលមានចំណងមិត្តភាពដែកថែបជាមួយកម្ពុជា។
គម្រោងដ៏មានមហិច្ឆតារបស់កម្ពុជាមួយនេះក៏កំពុងត្រូវបានសារព័ត៌មានអន្តរជាតិមួយចំនួនរាយការណ៍ថាវាអាចបង្កជាក្តីបារម្ភផ្នែកសន្តិសុខដល់រដ្ឋាភិបាលទីក្រុងហាណូយ ពាក់ព័ន្ធនឹងការពង្រីកឥទ្ធិពលរបស់ចិន ប្រសិនបើផ្លូវទឹកមួយនេះត្រូវបានរដ្ឋាភិបាលទីក្រុងភ្នំពេញប្រើប្រាស់លើសពីក្របខណ្ឌពាណិជ្ជកម្ម។
គម្រោងព្រែកជីកនេះមានប្រវែង១៨០គីឡូម៉ែត្រ និងមានតម្លៃប្រមាណ១.៧០០ លានដុល្លារអាមេរិក។ បើតាមគម្រោង ព្រែកជីកនេះនឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ ក្រុមហ៊ុនចិនជាអ្នកវិនិយោគលើគម្រោងព្រែកជីកនេះ តាមទម្រង់ BOT (Build Operate and Transfer) ឬហៅថាសាងសង់ ប្រតិបត្តិការ និងផ្ទេរ។ នេះមានន័យថាក្រុមហ៊ុនចិននឹងគ្រប់គ្រងផ្លូវទឹកនេះ ក្នុងរយៈពេលកំណត់ណាមួយ អាចដល់៥០ឆ្នាំ មុននឹងប្រគល់មកឱ្យកម្ពុជាគ្រប់គ្រងវិញ៕
វេទិកាបញ្ចេញមតិ