លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត អះអាងជាថ្មីថា គម្រោងព្រែកជីកហ្វូណនដែលនឹងត្រូវស្ថាបនាដោយក្រុមហ៊ុនចិននោះ មិនទាក់ទងនឹងរឿងភូមិសាស្រ្ដានយោបាយ ដូចការរិះគន់មួយចំនួនឡើយ។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃពុធនេះ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា គម្រោងព្រែកជីក«ហ្វូណនតេជោ»នឹងបម្រើដល់ផលប្រយោជន៍ជាតិ កសិករនៅតាមបណ្ដោយផ្លូវទឹកព្រែកជីក និងជាមធ្យោបាយផ្លូវទឹកសម្រាប់ដឹកទំនិញចូលមកភ្នំពេញនិងសម្រាប់ទេសចរណ៍។ លោកបន្ថែមថា គម្រោងព្រែកជីកនេះមិនជាប់ទាក់ទងនឹងរឿងនយោបាយ ឬកងទ័ពបរទេស ដូចអ្នករិះគន់មួយចំនួនលើកឡើងឡើយ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ហើយកុំយករឿងស្អី សេដ្ឋកិច្ចសង្គមមកភ្ជាប់ជាមួយនយោបាយ រឿងកងទ័ព […] នាវាចម្បាំងដឹកកប៉ាល់ហោះមិនអាចចូលទេព្រែកជីករាក់ប្រាំម៉ែត្រ»។
លោក ហ៊ុន ម៉ាណែត បន្តថា គម្រោងព្រែកជីកនេះមិនអាចធ្វើឱ្យទឹកទន្លេហូរចូលសមុទ្រអស់នោះទេ ព្រោះគម្រាងព្រែកជីកធ្វើឡើងដោយមានរណាំង។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «៣,៦ ម៉ែត្រគូប ក្នុង១វិនាទី។ គេហូរ ១សែនលីត្រជាងក្នុងមួយវិនាទីអត់អស់ផង។ យើងហូរម៉េចអស់? អ៊ីចឹងកុំភ័យព្រួយថា ព្រែកជីកនេះធ្វើទៅហូរទឹកចូលសមុទ្រអស់។ អត់ទេ! ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់។ ទន្លេមេគង្គទន្លេបាសាក់រាល់ថ្ងៃអត់មានរណាំង អត់មានសន្ទះហូរធម្មជាតិ។ យើងទៅមុខមានសន្ទះ»។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើង ក្រោយអតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី លើកឡើងថា គម្រោងព្រែកជីកនេះនឹងបម្រើ«ផលប្រយោជន៍យុទ្ធសាស្ត្រវាតទីនិយម»របស់ចិន ដែលត្រូវការពង្រឹងឥទ្ធិពលទៅដល់ឈូងសមុទ្រថៃ។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា យល់ថា បញ្ហាចម្រូងចម្រាសទាក់ទងនឹងគម្រោងព្រែកជីកហ្វូណននេះអាចបណ្ដាលមកពីការមិនទុកចិត្តគ្នា និងអាចពាក់ព័ន្ធនឹងរឿងការប្រជែងភូមិសាស្រ្ដនយោបាយរបស់ប្រទេសចិន ដែលជាការសង្ស័យរបស់អ្នកនយោបាយមួយចំនួន។
លោកយល់ថា គម្រាងសាងសង់ព្រែកជីកនេះស្ថិតក្រោមការវិនិយោគតាមទម្រង់ BOT (Build Operate and Transfer) ឬហៅថា សាងសង់ ប្រតិបត្តិការនិងផ្ទេរ ដែលចិននឹងគ្រប់គ្រងរយៈពេល ៥០ ឆ្នាំ។
លោក អ៊ូ ច័ន្ទរ័ត្នថ្លែងថា៖ «មួយទៀត យើងគិតថា បើសិនជាចិនជាអ្នកគ្រប់គ្រងរហូតដល់ ៥០ ឆ្នាំនោះ ប្រទេសយើងធ្វើឱ្យបាត់បង់ទំនុកចិត្តពីលោកខាងលិចច្រើន ហើយវាអាចប៉ះពាល់ដល់ជំនួយសេដ្ឋកិច្ចកម្ពុជាច្រើន ជាពិសេសដំណើរការក្នុងការលើកស្ទួយសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស»។
យ៉ាងណាមិញ លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា គម្រាងព្រែកជីកនេះពិតជាមានសារៈសំខាន់សម្រាប់ប្រទេសជាតិ។
គម្រោងព្រែកជីកនេះមានប្រវែង១៨០គីឡូម៉ែត្រ និងមានតម្លៃប្រមាណ ១.៧០០ លានដុល្លារអាមេរិក។
បើតាមគម្រោង ព្រែកជីកនេះនឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប៕
វេទិកាបញ្ចេញមតិ