ក្រោយវៀតណាមបង្ហាញក្តីបារម្ភម្តងហើយម្តងទៀតពាក់ព័ន្ធជាមួយនឹងគម្រោងព្រែកជីកហ្វូណនតេជោថា វាអាចនឹងបង្កផលប៉ះពាល់ខាងសន្តិសុខនោះ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន វាយប្រហារចំៗដោយពាក្យសម្តីទៅកាន់វៀតណាមថាកម្ពុជាមិនចរចាជាមួយវៀតណាមលើរឿងនេះឡើយ ព្រោះកម្ពុជាបានជូនដំណឹងទៅគណៈកម្មការទន្លេមេគង្គតាំងពីឆ្នាំមុន។
ប្រតិកម្មរបស់លោកហ៊ុន សែនដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកើតឡើង ក្រោយបញ្ញវន្ត និងមន្ត្រីវៀតណាមខ្លះព្យាករថា ព្រែកជីកជីកហ្វូណនតេជោដែលមានតម្លៃ១ពាន់៧លានដុល្លារនោះ អាចបង្កផលប៉ះពាល់សន្តិសុខដល់វៀតណាម និងអាចជាច្រកចេញចូលរបស់កងទ័ពចិន។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីជួបជុំក្រុមឧកញ៉ាមួយ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ថា៖ «អ៊ីចឹងសុទ្ធតែថាហៅពិគ្រោះយោបល់ ហៅស្អី ឥឡូវសួរថាអាកិច្ចព្រមព្រៀងទន្លេមេគង្គហ្នឹង វានៅមានសុពលភាពទៀតឬអត់? បើវានៅមានសុពលភាព មិនចាំបាច់ខ្វល់ ទៅចរចាជាមួយនរណាទាំងអស់។ ចង់ទៅមើលអី ទៅមើលឯកសារនៅឯគណៈកម្មការទន្លេមេគង្គ ហើយបើខ្វះខាតឯកសារអី ចង់សំណូមពរមក យើងអាចផ្ញើជូនឯកសារបន្ថែម»។
ប្រធានព្រឹទ្ធសភារូបនេះបញ្ជាក់ថា៖«ឥឡូវកម្ពុជាបានជូនដំណឹងទៅគណៈកម្មការទន្លេមេគង្គតាំងពីខែ៨ឆ្នាំទៅ។ អ៊ីចឹងសូមកុំហៅកម្ពុជាទៅពិគ្រោះយោបល់អីជាមួយនរណា។ គេសិក្សាគេចេះដឹងហើយជាង៤០នាក់នៃអ្នកបច្ចេកទេសមកសិក្សា»។
បើតាមលោក ហ៊ុន សែន ការណ៍ដែលលោកឆ្លើយតបទៅកាន់វៀតណាមជាសារណៈបែបនេះ គឺដោយសារតែមេដឹកនាំវៀតណាមបណ្តោយឱ្យមន្ត្រីរបស់ខ្លួននិយាយចោទប្រកាន់លើគម្រោងព្រែកជីកកម្ពុជាថាសម្រួលដល់កងទ័ពជើងទឹកចិនជាដើម។
លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវកាសែតវៀតណាម ស្អីវៀតណាមគឺផ្សាយ វាយប្រហារលើអានេះ ខ្ញុំត្រូវតែឆ្លើយតបជាជំហរដោយសំឡេងហ៊ុន សែន តំណាងឱ្យជាតិខ្មែរទាំងមូល»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបាននៅឡើយទេ។
ក្រោយការថ្លែងរបស់លោកហ៊ុន សែន មានញត្តិគាំទ្រជាច្រើនពីស្ថាប័នរដ្ឋនិងឯកជន បានផុសឡើងនៅលើបណ្តាញសង្គមដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោដែលលោកហ៊ុន សែនថា នឹងប្រើប្រាស់សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ មិនមែនជួយសម្រួលដល់កងទ័ពជើងទឹកចិនដូចការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួន។
ដោយឡែក នៅពេលមានការផ្តើមអនុវត្តគម្រោងសាងសង់ព្រែកជីកនេះ មានសប្បុរសជនជាច្រើន បានឱ្យដឹងពីចេតនាក្នុងផ្តល់ថវិកាដើម្បីជំរុញការអនុវត្តគម្រោងនេះ។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងថាមិនមានការបង្កើតមូលនិធិព្រែកជីកហ្វូនតេជោនោះទេ និងថារាល់គម្រោងរបស់រដ្ឋាភិបាលគឺត្រូវបានគិតគូរពីហិរញ្ញវត្ថុជាច្រើនឆ្នាំមកហើយ។
លោកថ្លែងថា៖ «រាល់គម្រោងយើងបានគិតគូរពីគម្រោងហិរញ្ញវត្ថុធានាហើយរាប់ឆ្នាំមកហើយ។ យើងស្វាគមន៍ហើយអរគុណណាស់ធំហួសទៅហើយ ក្នុងទឹកចិត្តនិងស្មារតីគាំទ្រ ក្នុងស្មារតីជាតិនិយមនេះឯងទៅហើយ។ នេះគឺជាកម្លាំងធំណាស់ ធំជាងថវិកា១០ពាន់លានទៅទៀត»។
បើតាមលោក ហ៊ុន ម៉ាណែត បើទោះមិនមានការវិនិយោគពីក្រុមហ៊ុនបរទេសក៏គម្រោងព្រែកជីកនេះនៅតែធ្វើទៅមុខ មិនថយក្រោយឡើយ។
គម្រោងព្រែកជីកហ្វូណនតេជោនេះជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម(Belt and Road Initiative ឬ BRI) របស់រដ្ឋាភិបាលចិនដែលមានចំណងមិត្តភាពដែកថែបជាមួយកម្ពុជា។ គម្រោងដ៏មានមហិច្ឆតារបស់កម្ពុជាមួយនេះក៏កំពុងត្រូវបានសារព័ត៌មានអន្តរជាតិមួយចំនួនរាយការណ៍ថា វាអាចបង្កជាក្តីបារម្ភផ្នែកសន្តិសុខដល់រដ្ឋាភិបាលទីក្រុងហាណូយ ប្រសិនបើវាត្រូវបានរដ្ឋាភិបាលទីក្រុងភ្នំពេញប្រើប្រាស់លើសពីក្របខណ្ឌពាណិជ្ជកម្ម។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ាប្រាប់វីអូអេថាកម្ពុជាមិនមានអ្វីត្រូវចរចាជាមួយនឹងភាគីវៀតណាមទេ ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ ព្រោះកម្ពុជាធ្វើនៅក្នុងដែនដី និងអធិបតេយ្យរបស់ខ្លួន ហើយគម្រោងដដែលនេះក៏មិនស្ថិតនៅក្នុងក្របខណ្ឌរបស់គណៈកម្មការទន្លេមេគង្គដែរ។
បើតាមលោក ឯម សុវណ្ណារ៉ា លោកគាំទ្រឱ្យកម្ពុជាធ្វើគម្រោងនេះដោយខ្លួនឯង ខណៈថាកម្ពុជានៅខ្វះទុនច្រើន។
លោកថ្លែងថា៖ «ប៉ុន្តែបើធ្វើក្នុងលក្ខណៈខ្លួនឯង ខ្ញុំគាំទ្រពេញទំហឹង ហើយអត់មានអីត្រូវចរចាជាមួយវៀតណាមទេ អត់មានទេ។ហើយបើសិនជាចិនជួយវិនិយោគក្នុងរូបភាពBOT ធម្មតាជាប្រទេសសាមីយើងត្រូវមានធានាថាបើសិនគេរកស៊ី៥០ឆ្នាំហ្នឹង វាអត់ចំណេញ តើយើងមានផ្តល់ឱ្យគេប៉ុន្មានទៀតដើម្បីឱ្យគេប្រមូលទុនហ្នឹងបាន?»។
បើតាមផែនការមេដែលរដ្ឋាភិបាលបានរចនារួចហើយនោះ ព្រែកជីកដែលមានប្រវែង១៨០គីឡូម៉ែត្រនេះមានចំណុចចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។
រដ្ឋាភិបាលអះអាងថា ប្រជាជនសរុបប្រមាណ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកមួយនេះ ហើយព្រែកជីកមួយនេះនឹងបង្កើតការងារសម្រាប់ពួកគេផងដែរ៕
វេទិកាបញ្ចេញមតិ