ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​ទន្លេ​មេគង្គ​និង​កម្ពុជា​ពន្លឿន​ឯក​សារ​គម្រោង​ព្រែក​ជីក ខណៈ​វៀតណាម​ស្នើ


សាឡង់បើកតាមដងទន្លេមេគង្គ កន្លែងដែលព្រែកជីកហ្វូណនត្រូវសាងសង់ ។ (ស៊ុន ណារិន/វីអូអេ)
សាឡង់បើកតាមដងទន្លេមេគង្គ កន្លែងដែលព្រែកជីកហ្វូណនត្រូវសាងសង់ ។ (ស៊ុន ណារិន/វីអូអេ)

គណៈកម្មការ​ទន្លេ​មេគង្គ​(Mekong River Commission ឬ MRC)​អះអាង​ថា​ខ្លួន​កំពុង​តែ​ធ្វើ​ការ​ជាមួយ​កម្ពុជា ដើម្បី​ពន្លឿន​ការ​ស្នើ​សុំ​ទិន្នន័យ និង​ការ​ចែក​រំលែក​ព័ត៌មាន​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ស្ថាបនា​ព្រែក​ជីក​ហ្វូណន ខណៈ​វៀតណាម​បាន​ជំរុញ​កម្ពុជា​ចែក​រំលែក​ព័ត៌មាន​លម្អិត និងការ​សិក្សា​ផល​ប៉ះពាល់​ឆ្លង​ដែន​រួម​គ្នា​មួយ។

ឆ្លើយ​តប​ទៅ​នឹង​សំណួររបស់វីអូអេ កាល​ពី​សប្តាហ៍​មុន គណៈកម្មការ​ទន្លេ​មេគង្គ​បញ្ជាក់​ក្នុង​សារ​អ៊ីម៉ែល​ថា​លេខា​ធិការ​ដ្ឋាន ​MRC នឹង​ពិនិត្យ​មើល​ព័ត៌មាន​បន្ថែម ឬ​ឯកសារ​ដែល​ត្រូវ​ផ្តល់​ដោយ​ប្រទេស​កម្ពុជា ហើយ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស និង​ការ​សម្រប​សម្រួលប​ន្ថែម​ទៀត​សម្រាប់​ការ​សន្ទនា​រវាង​ប្រទេស​ជា​សមាជិក រួម​មាន​ថៃ ឡាវ និង​វៀតណាម។

បើ​តាម​គណៈ​កម្មការ​ទន្លេ​មេគង្គ MRC ​ដើរ​តួនា​ទីយ៉ាង​សំខាន់​ក្នុង​ការ​សម្រ​ប​សម្រួល និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​នៃ​ទន្លេ​មេគង្គ និង​គាំទ្រ​ដល់​ប្រទេស​សមាជិក​ក្នុង​ការ​ធា​នា​ថា​គម្រោង​នេះ​បាន​គិត​ទៅ​ដល់​ផល​ប៉ះ​ពាល់​បរិស្ថាន និង​សង្គម កាត់​បន្ថយ​កាន់​តែ​តិច និង​បន្ធូរ​បន្ថយ​ផល​ប៉ះពាល់។

MRC ​បញ្ជាក់​ថា​ដើម្បី​សម្រេច​បាន​នូវ​ចំណុច​នេះ វា​ទាមទារ​ព័ត៌មាន​បន្ថែម ដើម្បី​ពិនិត្យ​បច្ចេក​ទេស​ឱ្យ​បាន​ហ្មត់​ចត់ និង​ផ្តល់​អនុសាសន៍។ បើ​តាម ​MRC គណៈ​កម្មាធិការ​ជាតិ​នៃ​ទន្លេ​មេគង្គ​កម្ពុជា និង​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​កំពុង​តែ​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​ផ្តល់​ឯកសារ​បន្ថែម​ទៀត។

​ជា​បន្ត​បន្ទាប់ ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀត​ណាម​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្តី​មន្ត្រី​ការ​ទូត​វៀតណាម​ពាក់ព័ន្ធ​នឹង​ការ​ដែល​វៀតណាម​ស្នើ​កម្ពុជា​ផ្តល់​ព័ត៌មាន និង​វាយ​តម្លៃ​លើ​ផល​ប៉ះ​ពាល់នៃ​ការ​ស្ថាបនា​ព្រែក​ជីក លើ​ធន​ធាន​ទឹក និង​បរិស្ថាន​អេកូឡូស៊ី​នៃ​តំបន់ដី​សណ្ត​ទន្លេ​មេគង្គ។

អ្នកនាំពាក្យក្រសួង​ការបរទេស​វៀត​ណាម លោក Doan Khac Viet ត្រូវ​បាន​សារព័ត៌មាន​វៀត​ណាម​នានា​ស្រង់​សម្តី​ថា៖ «វៀត​ណាម​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងចំ​ពោះ​ព័ត៌មាន​អំពី​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ។ យើង​បាន​ស្នើ​ឱ្យ​កម្ពុជា​សហ​ការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ប្រទេស​វៀត​ណាម និង​គណៈកម្មការ​ទន្លេ​មេគង្គ​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន និង​វាយ​តម្លៃ​ផល​ប៉ះពាល់​របស់​គម្រោង​លើ​ធនធាន​ទឹក និង​ប្រព័ន្ធអេកូឡូស៊ីនៅ​ក្នុង​តំបន់ដី​សណ្ដទ​ន្លេ​មេគង្គ ដើម្បីធានា​បាន​នូវ​ផល​ប្រយោជន៍​ប្រកប​ដោយ​សុខដុម​រមនា​នៃ​ប្រទេស​ជាប់​ទន្លេ និង​អ្នក​ស្រុក​ក្នុង​តំបន់»។

សារព័ត៌មាន​ Vietnamnet.vn បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា​ថា​វៀត​ណាម​បាន​ស្នើ​ឯកសារ​ផ្សេងៗ ដូច​ជា​ការ​ស្រាវ​ជ្រាវ​រួម​គ្នា​ទៅ​លើ​ផល​ប៉ះពាល់ និង​អនុវត្ត​តាម​គោល​ការណ៍​ណែនាំ​របស់​ MRC​ សម្រាប់​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ឆ្លង​ដែន។

ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​នានា​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែក​ជីក​ហ្វូណន ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា​(CDC)ដែល​ទទួល​បន្ទុក​កិច្ច​ការ​ព្រែក​ជីក​នេះ លោក ស៊ុន ចាន់ថុល លើក​ឡើង​ថា​កម្ពុជា​បាន​ជូន​ដំណឹង​ទៅ​គណៈ​កម្មការ​ទន្លេមេគង្គ ​កាល​ពីថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២៣ អំពី​ការ​ស្ថាបនា​ព្រែក​ជីក​នេះ។ លោក​បន្ថែម​ថា​កម្ពុជាមិន​មាន​កាតព្វកិច្ច​ផ្តល់​ព័ត៌មាន​ឱ្យ​ប្រទេស​ណា​ផ្សេង​ ក្រៅ​ពី​គណៈ​កម្មការ​ទន្លេ​មេគង្គ​ឡើយ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និងដឹកជញ្ជូន។

លោក​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​សប្តាហ៍​មុន​ថា៖ «អ៊ីចឹង​គ្មាន​កាតព្វកិច្ច​កម្ពុជា​បញ្ជូន​ដំណឹង​ទៅ តិច​ថា​ក្រសួង​ធនធាន​ទឹក​នៅ​ថៃ​ នៅ​ឡាវ​ កម្ពុជា​សូម​បញ្ជូន​ព័ត៌មាន​ឱ្យ​យើង​ខ្ញុំ សុំ​ទោស​ ចង់​បាន​ព័ត៌មាន​ ទៅ​យក​ពី​គណៈកម្មការ​ទន្លេមេគង្គ។ កម្ពុជា​គ្មាន​កាតព្វកិច្ច​ ភារកិច្ច​បញ្ជូន​ព័ត៌មាន​ឱ្យ​អ្នក​ណា​ទាំង​អស់​ ក្រៅ​ពី​បញ្ជូន​ទៅ​គណៈ​កម្មការ​ទន្លេ​មេគង្គអន្តរ​ជាតិ។ តែ​ប៉ុណ្ណឹង​ទេ​ សូម​បញ្ជាក់​ឱ្យ​ច្បាស់»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​លោក ស៊ុន ចាន់ថុល បាន​នៅ​ឡើយ​ទេ។ វីអូអេ​ក៏​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក សូ សុភ័ទ្ទ អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា​បាន​ដែរ។

ចំណែក​អ្នកនាំពាក្យក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ លោក ផន រឹម បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​បន្ថែម ពាក់ព័ន្ធ​នឹង​ការ​ចង់​បាន​របស់​វៀត​ណាម​ទៅ​លើ​ការ​សិក្សា​រួម​គ្នា​អំពី​ផល​ប៉ះពាល់​ឆ្លង​ដែន។

គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​(Belt and Road Initiative​ ឬ​ BRI)​ របស់​រដ្ឋាភិបាល​ចិន​ដែល​មាន​ចំណង​មិត្តភាព​ដែក​ថែប​ជាមួយ​កម្ពុជា។ គម្រោង​ដ៏​មាន​មហិច្ឆតា​របស់​កម្ពុជា​មួយ​នេះ​ក៏​កំពុង​ត្រូវ​បាន​សារព័ត៌​មាន​អន្តរជាតិ​មួយ​ចំនួន​រាយ​ការណ៍​ថា​វា​អាច​បង្ក​ជា​ក្តី​បារម្ភ​ផ្នែក​សន្តិសុខ​ដល់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ពាក់ព័ន្ធ​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន ប្រសិន​បើ​ផ្លូវ​ទឹក​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំ​ពេញ​ប្រើប្រាស់​លើស​ពី​ក្រប​ខណ្ឌ​ពាណិជ្ជ​កម្ម។

គម្រោង​ព្រែក​ជីក​នេះ​មាន​ប្រវែង​១៨០​គីឡូ​ម៉ែត្រ និង​មាន​តម្លៃ​ប្រមាណ​ ១.៧០០ ​លាន​ដុល្លារ​អាមេរិក។ បើ​តាម​គម្រោង ​ព្រែក​ជីក​នេះ​នឹង​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ ​ក្នុង​តំបន់​កំពង់ផែ​ស្វយ័ត​ស្រុក​កៀនស្វាយ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លេ​បាសាក់ ​រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់​ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប។​ រដ្ឋាភិបាល​អះអាង​ថា​ ប្រជាជន​សរុប​ប្រមាណ​១,៦​លាន​នាក់​ រស់​នៅ​អម​សង​ខាង​ផ្លូវ​ទឹក​មួយ​នេះ ​ហើយ​ព្រែក​ជីក​មួយ​នេះ​នឹង​បង្កើត​ការងារ​សម្រាប់​ពួក​គេ​ផង​ដែរ។​ ក្រុមហ៊ុន​ចិន​ជា​អ្នក​វិនិយោគ​លើ​គម្រោង​ព្រែក​ជីក​នេះ តាម​ទម្រង់ ​BOT​ (Build Operate and Transfer)​ ឬ​ហៅ​ថា​សាងសង់ ​ប្រតិបត្តិការ ​និង​ផ្ទេរ។ ​នេះ​មាន​ន័យ​ថា​ក្រុមហ៊ុន​ចិន​នឹង​គ្រប់គ្រង​ផ្លូវ​ទឹក​នេះ ​ក្នុង​រយៈ​ពេល​កំណត់​ណាមួយ ​អាច​ដល់​៥០​ឆ្នាំ ​មុន​នឹង​ប្រគល់​មក​ឱ្យ​កម្ពុជា​គ្រប់គ្រង​វិញ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG